កិច្ចការ 14
14
លោកប៉ុល និងលោកបាណាបាសនៅក្រុងអ៊ីកូនាម
1នៅក្រុងអ៊ីកូនាម លោកប៉ុល និងលោកបាណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយមានប្រសាសន៍ រហូតដល់ពួកសាសន៍យូដា និងសាសន៍ក្រិកជាច្រើនបានជឿ។ 2ប៉ុន្តែ ពួកសាសន៍យូដាដែលមិនព្រមជឿ បានញុះញង់ ហើយចាក់រុកពួកសាសន៍ដទៃឲ្យគេទាស់នឹងពួកបងប្អូន។ 3ដូច្នេះ លោកប៉ុល និងលោកបាណាបាសក៏ស្នាក់នៅទីនោះជាយូរថ្ងៃ ហើយមានប្រសាសន៍យ៉ាងក្លៀវក្លាអំពីព្រះអម្ចាស់ ដែលទ្រង់ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រោសប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យផ្សេងៗកើតឡើងដោយសារដៃលោកទាំងពីរ។ 4ប៉ុន្តែ មនុស្សនៅទីក្រុងនោះ បានបែកបាក់គ្នា ខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក។ 5កាលពួកសាសន៍ដទៃ និងពួកសាសន៍យូដា សមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេចង់ធ្វើបាប ហើយចង់គប់លោកទាំងពីរនឹងដុំថ្ម 6ពួកលោកក៏បានដឹង ហើយរត់ភៀសខ្លួនទៅទីក្រុងនានានៅស្រុកលូកៅនា គឺក្រុងលីស្រ្តា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ 7ហើយបន្តប្រកាសដំណឹងល្អនៅទីនោះ។
លោកប៉ុល និងលោកបាណាបាសនៅក្រុងលីស្ដ្រា និងក្រុងឌើបេ
8នៅក្រុងលីស្ត្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនពីកំណើត មិនដែលដើរបានឡើយ។ 9គាត់ស្ដាប់លោកប៉ុលមានប្រសាសន៍ ហើយលោកប៉ុលក៏សម្លឹងមើលទៅគាត់ ឃើញថា គាត់មានជំនឿល្មមនឹងបានជា 10លោកក៏មានប្រសាសន៍យ៉ាងខ្លាំងថា៖ «សូមក្រោកឈរឲ្យត្រង់ឡើង!» អ្នកនោះក៏ស្ទុះឡើង ហើយដើរបាន។ 11កាលមហាជនឃើញការដែលលោកប៉ុលបានធ្វើ គេក៏ស្រែកឡើងជាភាសាលូកៅនាថា៖ «ពួកព្រះបានកាឡាខ្លួនជាមនុស្ស ចុះមករកយើងហើយ»។ 12គេក៏ហៅលោកបាណាបាស ថាព្រះសេយូស ហើយលោកប៉ុល ថាព្រះហ៊ើមេស ព្រោះលោកជាមេសម្ដែង។ 13ពួកសង្ឃរបស់ព្រះសេយូស ដែលមានវិហារនៅទល់មុខទីក្រុងនោះ បានយកគោឈ្មោល និងភួងផ្កាមកកាន់ទ្វារក្រុង ហើយចង់ថ្វាយយញ្ញបូជារួមជាមួយមហាជន។ 14ប៉ុន្តែ ពេលសាវកបាណាបាស និងសាវកប៉ុលបានឮដំណឹងនោះ លោកក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅរកមហាជន ទាំងស្រែកឡើងថា៖ 15«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។ 16កាលជំនាន់មនុស្សពីបុរាណ ព្រះអង្គបានបណ្ដោយឲ្យសាសន៍ទាំងប៉ុន្មាន ដើរតាមផ្លូវរបស់គេរៀងខ្លួន។ 17ក៏ប៉ុន្តែ ព្រះអង្គមិនដែលខាននឹងបង្ហាញទីបន្ទាល់អំពីព្រះអង្គទ្រង់ឡើយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរស ដោយប្រទានឲ្យមានភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវបង្កើតផល ដើម្បីបំពេញចិត្តយើងដោយអាហារ និងអំណរ»។ 18ទោះជាមានប្រសាសន៍ដូច្នេះក៏ដោយ ក៏ពួកលោកឃាត់ប្រជាជនមិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបាន។
19ប៉ុន្តែ មានសាសន៍យូដាមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានបញ្ចុះបញ្ចូលមហាជនឲ្យយកដុំថ្មគប់លោកប៉ុល រួចអូសលោកទៅចោលនៅក្រៅក្រុង ដោយស្មានថាលោកស្លាប់ហើយ។ 20ប៉ុន្តែ ពេលពួកសិស្សនាំគ្នាឈរជុំវិញលោក លោកក៏ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងវិញ។ ស្អែកឡើង លោកក៏បន្តដំណើរជាមួយលោកបាណាបាសទៅក្រុងឌើបេ។
ការវិលត្រឡប់មកក្រុងអាន់ទីយ៉ូកក្នុងស្រុកស៊ីរីវិញ
21ក្រោយពីបានប្រកាសដំណឹងល្អ ហើយបង្កើតសិស្សជាច្រើននៅក្រុងនោះរួចមក ពួកលោកក៏វិលត្រឡប់ទៅក្រុងលីស្ត្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ 22ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។ 23កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។
24បន្ទាប់មក ពួកលោកធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា រហូតមកដល់ស្រុកប៉ាមភីលា។ 25កាលបានប្រកាសព្រះបន្ទូលនៅក្រុងពើការួចហើយ ពួកលោកក៏ចុះទៅក្រុងអាតាលា 26ហើយចុះសំពៅពីទីនោះ ត្រឡប់ទៅក្រុងអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់លោកទាំងពីរ ក្នុងព្រះគុណរបស់ព្រះ សម្រាប់ការងារដែលទើបនឹងធ្វើសម្រេចនេះ។ 27ពេលទៅដល់ហើយ ពួកលោកក៏ហៅក្រុមជំនុំមកជួបជុំគ្នា ហើយប្រកាសប្រាប់ពីអស់ទាំងការដែលព្រះបានធ្វើ និងពីរបៀបដែលព្រះអង្គបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។ 28ពួកលោកក៏ស្នាក់នៅទីនោះជាមួយពួកសិស្សជាយូរក្រែល។
Aktualisht i përzgjedhur:
កិច្ចការ 14: គកស១៦
Thekso
Ndaje
Copy

A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© 2016 United Bible Societies