លោកុប្បត្តិ 15
15
សេចក្ដីសញ្ញារបស់ព្រះជាមួយលោកអាប់រ៉ាម
1ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។ 2ប៉ុន្ដែ លោកអាប់រ៉ាមទូលសួរថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីមកទូលបង្គំ បើទូលបង្គំនៅតែឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ទូលបង្គំនោះ មានតែអេលាស៊ើរ ជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ?» 3លោកអាប់រ៉ាមក៏ទូលទៀតថា៖ «មើល៍! ព្រះអង្គមិនបានប្រទានឲ្យទូលបង្គំមានកូនសោះ ហើយបាវបម្រើម្នាក់ដែលកើតនៅផ្ទះទូលបង្គំ វានឹងទទួលមត៌ករបស់ទូលបង្គំហើយ»។ 4ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់លោកថា៖ «អ្នកនោះមិនត្រូវទទួលមត៌ករបស់អ្នកទេ គឺកូនដែលនឹងកើតចេញពីអ្នកវិញ ដែលត្រូវទទួលមត៌ក»។ 5ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់បាន»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ពូជពង្សរបស់អ្នកក៏នឹងបានដូចផ្កាយទាំងនោះដែរ»។ 6លោកអាប់រ៉ាមក៏ជឿតាមព្រះយេហូវ៉ា ហើយដោយសារជំនឿរបស់លោក ព្រះអង្គបានរាប់លោកជាសុចរិត ។
7ពេលនោះ ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះយេហូវ៉ា ដែលបាននាំអ្នកចេញពីស្រុកអ៊ើររបស់សាសន៍ខាល់ដេមក ដើម្បីប្រគល់ស្រុកនេះឲ្យអ្នកទុកជាកេរអាករ»។ 8ប៉ុន្តែ លោកទូលថា៖ «ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ ធ្វើដូចម្ដេចឲ្យទូលបង្គំដឹងថា ទូលបង្គំនឹងបានស្រុកនេះជាកេរអាករទៅ?» 9ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ចូរយកគោញីមួយអាយុបីខួប ពពែញីមួយអាយុបីខួប ចៀមឈ្មោលមួយអាយុបីខួប លលកមួយ និងព្រាបចំទើរមួយមកឲ្យយើង»។ 10លោកក៏យកសត្វទាំងនោះមកថ្វាយព្រះអង្គ ដោយពុះវាជាពីរ ហើយដាក់ចំហៀងនីមួយៗប្រទល់គ្នា តែសត្វស្លាប លោកមិនបានពុះជាពីរទេ 11ពេលណាមានសត្វហើរចុះមកលើខ្មោចសត្វទាំងនោះ លោកអាប់រ៉ាមក៏ដេញវាចេញ។
12នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។ 13ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរដឹងឲ្យប្រាកដថា ពូជពង្សរបស់អ្នកនឹងទៅជាអ្នកដទៃស្នាក់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុករបស់ខ្លួន គេនឹងក្លាយជាទាសករនៅស្រុកនោះ ហើយអ្នកស្រុកនោះនឹងសង្កត់សង្កិនគេអស់រយៈពេលបួនរយឆ្នាំ 14តែយើងនឹងជំនុំជម្រះសាសន៍ដែលគេបម្រើនោះ ហើយក្រោយនោះមក គេនឹងចាកចេញមកទាំងមានទ្រព្យសម្បត្តិជាច្រើន។ 15រីឯអ្នកវិញ អ្នកនឹងទៅជួបជុំបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកមានអាយុវែងល្អហើយ។ 16នៅតំណទីបួន គេនឹងវិលត្រឡប់មកទីនេះវិញ ដ្បិតអំពើទុច្ចរិតរបស់ពួកសាសន៍អាម៉ូរី មិនទាន់ដល់កម្រិតនៅឡើយ»។
17កាលថ្ងៃលិចផុតទៅ ហើយមេឃក៏ងងឹត នោះមើល៍ មានគុកភ្លើងហុយផ្សែង និងចន្លុះដែលមានអណ្ដាតភ្លើង ឆេះទៅមកតាមចន្លោះដុំសាច់ទាំងនោះ។ 18នៅថ្ងៃនោះ ព្រះយេហូវ៉ាតាំងសញ្ញាជាមួយអាប់រ៉ាម ដោយមានព្រះបន្ទូលថា៖ «យើងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ចាប់តាំងពីទន្លេស្រុកអេស៊ីព្ទរហូតដល់ទន្លេធំ គឺទន្លេអ៊ើប្រាត 19ស្រុករបស់ពួកកែន ពួកគេនិស៊ីត ពួកកាត់ម៉ូនី 20ពួកហេត ពួកពេរិស៊ីត ពួករេផែម 21ពួកអាម៉ូរី ពួកកាណាន ពួកគើកាស៊ី និងពួកយេប៊ូស»។
Atualmente selecionado:
លោកុប្បត្តិ 15: គកស១៦
Destaque
Partilhar
Copiar

Quer salvar os seus destaques em todos os seus dispositivos? Faça o seu registo ou inicie sessão
© 2016 United Bible Societies