កំណើតពិភពលោក 7
7
ណាពីណុះហ៍ចូលក្នុងទូកធំ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ណុះហ៍ថា៖ «ចូរអ្នកចូលទៅក្នុងទូកធំជាមួយក្រុមគ្រួសារទាំងមូលរបស់អ្នកទៅ ដ្បិតយើងបានឃើញថា ក្នុងចំណោមមនុស្សជំនាន់នេះ មានតែអ្នកទេដែលសុចរិត។ 2ចូរនាំសត្វប្រាំពីរគូ ពីចំណោមសត្វទាំងប៉ុន្មានដែលហាឡាល់មក គឺយកឈ្មោល និងញី ចំពោះសត្វមិនហាឡាល់វិញ ចូរនាំតែមួយគូមក គឺឈ្មោល និងញី។ 3ត្រូវនាំបក្សាបក្សីដែលហើរនៅលើមេឃ ប្រាំពីរគូមកដែរ គឺយកឈ្មោល និងញី ដើម្បីរក្សាពូជវាទុកនៅលើផែនដីទាំងមូល 4ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងធ្វើឲ្យភ្លៀងបង្អុរចុះមកលើផែនដី ក្នុងរយៈពេលសែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់សត្វលោកទាំងប៉ុន្មាន ដែលយើងបានបង្កើតមកឲ្យអស់ពីផែនដី»។ 5ណុះហ៍បានធ្វើតាមសព្វគ្រប់ទាំងអស់ ដូចអុលឡោះតាអាឡាបង្គាប់។
6នៅគ្រាទឹកជំនន់ធំលិចផែនដីនោះ ណុះហ៍មានអាយុប្រាំមួយរយឆ្នាំ។
7ណុះហ៍បានចូលទៅក្នុងទូកជាមួយកូនប្រុសទាំងបី ភរិយា និងកូនប្រសារស្រីរបស់គាត់ ដើម្បីឲ្យបានរួចខ្លួនពីទឹកជំនន់ធំ។ 8មានសត្វទាំងឡាយពីចំណោមសត្វហាឡាល់ និងសត្វមិនហាឡាល់ ហើយពីចំណោមបក្សាបក្សី និងសត្វលូនវារនៅលើដី 9ទាំងគូៗមានឈ្មោល មានញីនាំគ្នាចូលមកក្នុងទូកធំជាមួយណុះហ៍ ដូចអុលឡោះបានបង្គាប់មកណុះហ៍។
10ប្រាំពីរថ្ងៃក្រោយមក ទឹកជំនន់ធំក៏ជន់ឡើងលិចផែនដី។ 11ឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយ ដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។ 12ភ្លៀងធ្លាក់មកលើផែនដីអស់រយៈពេលសែសិបថ្ងៃសែសិបយប់។ 13នៅថ្ងៃដដែលនោះ ណុះហ៍ កូនប្រុសរបស់គាត់ គឺសិម ហាំ និងយ៉ាផេត ព្រមទាំងភរិយា និងកូនប្រសារស្រីទាំងបីរបស់គាត់ នាំគ្នាចូលទៅក្នុងទូកធំ។ 14សត្វព្រៃទាំងប៉ុន្មានតាមពូជរបស់វា សត្វស្រុកទាំងអស់តាមពូជរបស់វានីមួយៗ សត្វលូនវារទាំងប៉ុន្មាននៅលើដីតាមពូជរបស់វា បក្សាបក្សីទាំងប៉ុន្មាន តាមពូជរបស់វា ព្រមទាំងសត្វទាំងអស់ដែលហើរ និងមានស្លាប ក៏ចូលជាមួយដែរ។ 15សត្វមានជីវិតទាំងប៉ុន្មាននាំគ្នាទាំងគូៗ មករកណុះហ៍នៅក្នុងទូកធំ 16គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចអុលឡោះបានបង្គាប់មកណុះហ៍ រួចហើយអុលឡោះតាអាឡាក៏បិទទ្វារទូកនោះទៅ។
17ទឹកជំនន់ធំបានលិចផែនដី អស់រយៈពេលសែសិបថ្ងៃ។ ទឹកបានជន់ឡើង ហើយលើកទូកធំឲ្យអណ្តែតឡើងផុតពីដី។ 18ទឹកជន់កាន់តែខ្លាំងឡើងៗ កំពស់ទឹកកើនឡើងយ៉ាងខ្ពស់ ហើយទូកធំនៅអណ្តែតពីលើផ្ទៃទឹក។ 19ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។ 20ទឹកជន់លិចភ្នំទាំងឡាយ ហើយឡើងហួសភ្នំទាំងនោះ ដប់ប្រាំហត្ថ។ 21សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដី ក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ 22អ្វីៗទាំងអស់ដែលមានដង្ហើមជីវិត និងរស់នៅលើដីគោកក៏ស្លាប់អស់ទៅ។ 23អុលឡោះបានលុបបំបាត់សត្វលោកទាំងប៉ុន្មានអស់ពីផែនដី គឺចាប់ពីមនុស្ស សត្វស្រុក សត្វលូនវារ រហូតដល់បក្សាបក្សីនៅលើមេឃ ត្រូវលុបបំបាត់ទាំងអស់ នៅសល់តែណុះហ៍ និងអស់អ្នកដែលស្ថិតនៅក្នុងទូកធំជាមួយគាត់ប៉ុណ្ណោះ។ 24ទឹកជន់នៅនឹងថ្កល់លើផែនដី អស់រយៈពេលមួយរយហាសិបថ្ងៃ។
Currently Selected:
កំណើតពិភពលោក 7: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.