YouVersion Logo
Search Icon

កំណើត​ពិភព​លោក 11

11
ប៉ម​នៅ​ក្រុង​បាបិល
1នៅ​គ្រា​នោះ មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​និយាយ​ភាសា​តែ​មួយ មាន​ពាក្យ​សំដី​តែ​មួយ។ 2ពេល​គេ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត​មក​ដល់​វាល​រាប​មួយ ក្នុង​ស្រុក​ស៊ីណើរ គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​តំបន់​នោះ។ 3គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តោះ​យើង​នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា»។ គេ​ប្រើ​ដុំ​ឥដ្ឋ​នោះ​ជា​ថ្ម និង​ប្រើ​ជ័រ​ខ្មៅ​ជា​បាយអ។ 4បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប៉ម​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក​ខ្ញែក​គ្នា ទៅ​ពាស​ពេញ​លើ​ផែនដី​ឡើយ»។
5 អុលឡោះ‌តាអាឡា ចុះ​មក​មើល​ទី​ក្រុង និង​ប៉ម​ដែល​មនុស្ស​លោក​បាន​សង់ 6អុលឡោះ‌តាអាឡា មាន​បន្ទូល​ថា៖ «ពួក​គេ​ទាំង​អស់​គ្នា​ជា​ប្រជា‌ជន​តែ​មួយ និយាយ​ភាសា​តែ​មួយ! បើ​គេ​ធ្វើ​ការ​នេះ​កើត គេ​ក៏​នឹង​អាច​ធ្វើ​អ្វីៗ​ផ្សេង​ទៀត តាម​តែ​គេ​ប្រាថ្នា​ចង់​ធ្វើ​នោះ​បាន​ដែរ គ្មាន​ឧបសគ្គ​ណា​រា​រាំង​ពួក​គេ​ឡើយ។ 7ដូច្នេះ យើង​ត្រូវ​តែ​ចុះ​ទៅ​បំបែក​ភាសា​របស់​គេ កុំ​ឲ្យ​គេ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទៀត»។ 8អុលឡោះ‌តាអាឡា ក៏​ធ្វើ​ឲ្យ​គេ​បែក​ខ្ញែក​គ្នា​ចេញ​ឆ្ងាយ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​គេ​ក៏​ឈប់​សង់​ក្រុង​នោះ​ទៀត។ 9ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា “បាបិល” ដ្បិត​នៅ​ទី​នោះ​ហើយ​ដែលអុលឡោះ‌តាអាឡា បាន​បំបែក​ភាសា​របស់​មនុស្ស​លោក​ទាំង​មូល ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​បែក​ខ្ញែក​គ្នា​ចេញ​ពី​ទី​នោះ ទៅ​ពាស​ពេញ​លើ​ផែនដី​ទាំង​មូល។
បញ្ជី​រាយ​នាម​បុព្វ‌បុរស​របស់​ណាពី​អ៊ីព្រហ៊ីម
10នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​សិម។ ពេល​សិម​អាយុ​មួយ​រយ​ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយ​ទឹក​ជំនន់​ធំ គាត់​បង្កើត​បាន​អើប៉ាក់‌សាឌ។ 11ក្រោយ​កំណើត​អើប៉ាក់‌សាឌ សិម​រស់​បាន​ប្រាំ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
12ពេល​អើប៉ាក់‌សាឌ​អាយុ​សាម‌សិប​ប្រាំ​ឆ្នាំ គាត់​បង្កើត​បាន​សេឡា។ 13ក្រោយ​កំណើត​សេឡា អើប៉ាក់‌សាឌ​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 14ពេល​សេឡា​អាយុ​សាម‌សិប​ឆ្នាំ គាត់​បង្កើត​បាន​ហេប៊ើរ។ 15ក្រោយ​កំណើត​ហេប៊ើរ សេឡា​រស់​បាន​បួន​រយ​បី​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
16ពេល​ហេប៊ើរ​អាយុ​សាម‌សិប​បួន​ឆ្នាំ គាត់​បង្កើត​បាន​ផាលេក។ 17ក្រោយ​កំណើត​ផាលេក ហេប៊ើរ​រស់​បាន​បួន​រយ​សាម‌សិប​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
18ពេល​ផាលេក​អាយុ​សាម‌សិប​ឆ្នាំ គាត់​បង្កើត​បាន​រេហ៊ូវ។ 19ក្រោយ​កំណើត​រេហ៊ូវ ផាលេក​រស់​បាន​ពីរ​រយ​ប្រាំ​បួន​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
20ពេល​រេហ៊ូវ​អាយុ​សាម‌សិប​ពីរ​ឆ្នាំ គាត់​បង្កើត​បាន​សេរូក។ 21ក្រោយ​កំណើត​សេរូក រេហ៊ូវ​រស់​បាន​ពីរ​រយ​ប្រាំ​ពីរ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
22ពេល​សេរូក​អាយុ​សាម‌សិប​ឆ្នាំ គាត់​បង្កើត​បាន​ណាឃរ។ 23ក្រោយ​កំណើត​ណាឃរ សេរូក​រស់​បាន​ពីរ​រយ​ឆ្នាំ​ទៀត ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
24ពេល​ណាឃរ​អាយុ​ម្ភៃ​ប្រាំ​បួន​ឆ្នាំ គាត់​បង្កើត​បាន​ថេរ៉ា។ 25ក្រោយ​កំណើត​ថេរ៉ា ណាឃរ​រស់​បាន​មួយ​រយ​ដប់​ប្រាំ​បួន​ឆ្នាំ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។
26ពេល​ថេរ៉ា​អាយុ​ចិត‌សិប​ឆ្នាំ គាត់​បង្កើត​បាន​អ៊ីប្រាំ ណាឃរ និង​ហារ៉ាន។
27នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​ថេរ៉ា។ ថេរ៉ា​បង្កើត​អ៊ីប្រាំ ណាឃរ និង​ហារ៉ាន។ ហារ៉ាន​បង្កើត​ឡូត។ 28ហារ៉ាន​បាន​ស្លាប់ នៅ​ក្រុង​អ៊ើរ​នៃ​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់ ក្នុង​ពេល​ថេរ៉ា​នៅ​រស់​នៅ​ឡើយ។ 29អ៊ីប្រាំ និង​ណាឃរ បាន​រៀប​អាពាហ៍‌ពិពាហ៍។ ភរិយា​របស់​អ៊ីប្រាំ ឈ្មោះ​សារ៉ាយ រីឯ​ភរិយា​របស់​ណាឃរ ឈ្មោះ​មីលកា ជា​កូន​របស់​ហារ៉ាន ដែល​ត្រូវ​ជា​ឪពុក​របស់​មីលកា និង​យីសកា។ 30សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ។
31ថេរ៉ា​បាន​នាំ​អ៊ីប្រាំ​ជា​កូន និង​ឡូត​ដែល​ជា​កូន​របស់​ហារ៉ាន ហើយ​ត្រូវ​ជា​ចៅ​របស់​គាត់ ព្រម​ទាំង​នាំ​សារ៉ាយ ជា​កូន​ប្រសារ​ស្រី ដែល​ត្រូវ​ជា​ភរិយា​របស់​អ៊ីប្រាំ កូន​ប្រុស​របស់​គាត់ ចេញ​ដំណើរ​ជា​មួយ​គ្នា​ពី​ក្រុង​អ៊ើរ នៃ​ស្រុក​ខាល់ដេ ឆ្ពោះ​ទៅ​កាន់​ស្រុក​កាណាន។ ពួក​គាត់​បាន​នាំ​គ្នា​មក​ដល់​ស្រុក​ហារ៉ាន ហើយ​តាំង​ទី​លំនៅ​ក្នុង​ស្រុក​នោះ។
32ថេរ៉ា​រស់​បាន​ពីរ​រយ​ប្រាំ​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in