លោកុប្បត្តិ 11
11
1រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ 2ហើយកំពុងដែលគេដើរដំណើរនៅស្រុកខាងកើត នោះក៏ប្រទះឃើញវាល១នៅស្រុកស៊ីណើរ ហើយគេនាំគ្នាតាំងទីលំនៅនៅទីនោះ 3គេនិយាយគ្នាទៅវិញទៅមកថា ចូរយើងធ្វើឥដ្ឋដុតឲ្យឆ្អិនទៅ នោះគេមានឥដ្ឋទុកជាថ្ម នឹងជ័រដីទុកជាបាយអ 4រួចនិយាយគ្នាថា ចូរយើងសង់ទីក្រុង១សំរាប់យើង នឹងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ 5នោះព្រះយេហូវ៉ាទ្រង់យាងចុះមក ដើម្បីទតមើលទីក្រុង ហើយនឹងប៉មដែលពួកមនុស្សជាតិកំពុងធ្វើ 6រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល គេជាពួកតែ១ ក៏និយាយភាសាតែ១ គេចាប់ផ្តើមធ្វើអំពើយ៉ាងដូច្នេះហ្ន៎ ឥឡូវនេះ គ្មានអ្វីនឹងឃាត់មិនឲ្យគេធ្វើកើតតាមបំណងចិត្តនោះទេ 7ចូរយើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត 8ដូច្នេះព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ 9ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះ ព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយទាំងអស់ ហើយកំចាត់កំចាយគេពីទីនោះ ទៅគ្រប់លើផែនដី។
10នេះជាបញ្ជីដំណវង្សរបស់សិម គឺក្រោយទឹកជន់២ឆ្នាំ កាលសិមអាយុបាន១០០ឆ្នាំហើយ នោះគាត់បង្កើតបានអើប៉ាក់សាឌ 11ក្រោយដែលបង្កើតអើប៉ាក់សាឌមក នោះគាត់រស់នៅ៥០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
12អើប៉ាក់សាឌអាយុបាន៣៥ឆ្នាំ នោះគាត់បង្កើតបានសេឡា 13ក្រោយដែលបង្កើតសេឡាមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
14សេឡាអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានហេប៊ើរ 15ក្រោយដែលបង្កើតហេប៊ើរមក នោះគាត់រស់នៅ៤០៣ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
16ហេប៊ើរអាយុបាន៣៤ឆ្នាំ នោះគាត់បង្កើតបានផាលេក 17ក្រោយដែលបង្កើតផាលេកមក នោះគាត់រស់នៅ៤៣០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
18ផាលេកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានរេហ៊ូវ 19ក្រោយដែលបង្កើតរេហ៊ូវមក នោះគាត់រស់នៅ២០៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
20រេហ៊ូវអាយុបាន៣២ឆ្នាំ នោះគាត់បង្កើតបានសេរូក 21ក្រោយដែលបង្កើតសេរូកមក នោះគាត់រស់នៅ២០៧ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
22សេរូកអាយុបាន៣០ឆ្នាំ នោះគាត់បង្កើតបានណាឃរ 23ក្រោយដែលបង្កើតណាឃរមក នោះគាត់រស់នៅ២០០ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
24ណាឃរអាយុបាន២៩ឆ្នាំ នោះគាត់បង្កើតបានថេរ៉ា 25ក្រោយដែលបង្កើតថេរ៉ាមក នោះគាត់រស់នៅ១១៩ឆ្នាំទៀត ទាំងបង្កើតបានកូនប្រុសកូនស្រី។
26ថេរ៉ាអាយុបាន៧០ឆ្នាំ រួចគាត់បង្កើតបានអាប់រ៉ាម ណាឃរ នឹងហារ៉ាន 27នេះជាដំណវង្សរបស់ថេរ៉ាៗបង្កើតអាប់រ៉ាម ណាឃរ នឹងហារ៉ាន ហើយហារ៉ានបង្កើតឡុត 28រួចហារ៉ាន គាត់ស្លាប់ចំពោះមុខថេរ៉ា ជាឪពុក នៅក្រុងអ៊ើរ ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គាត់ទៅ 29អាប់រ៉ាម នឹងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមនោះឈ្មោះសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះមីលកា ជាកូនហារ៉ាន ដែលជាឪពុកមីលកា នឹងយីសកា 30ឯសារ៉ាយ នាងជាស្ត្រីអារ គ្មានកូនសោះ 31ថេរ៉ាគាត់យកអាប់រ៉ាម កូនគាត់ ឡុតជាកូនហារ៉ានត្រូវជាចៅគាត់ ហើយសារ៉ាយជាកូនប្រសា គឺប្រពន្ធអាប់រ៉ាមកូនគាត់ នាំគ្នាចេញពីអ៊ើរស្រុកខាល់ដេ ដើម្បីនឹងទៅឯស្រុកកាណាន លុះបានទៅដល់ខារ៉ានហើយ នោះក៏តាំងទីលំនៅនៅទីនោះ 32អាយុថេរ៉ាបាន២០៥ឆ្នាំ រួចក៏ស្លាប់នៅត្រង់ខារ៉ានទៅ។
सध्या निवडलेले:
លោកុប្បត្តិ 11: ពគប
ठळक
सामायिक करा
कॉपी करा
तुमचे हायलाइट तुमच्या सर्व डिव्हाइसेसवर सेव्ह करायचे आहेत? साइन अप किंवा साइन इन
© BFBS/UBS 1954, 1962. All Rights Reserved.