លោកុប្បត្តិ 2
2
1ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីៗទាំងអស់នៅលើមេឃ និងផែនដី ចប់សព្វគ្រប់ហើយ។ 2 នៅថ្ងៃទីប្រាំពីរ ព្រះជាម្ចាស់បង្ហើយកិច្ចការដែលព្រះអង្គបានធ្វើ គឺក្រោយពីបានបញ្ចប់កិច្ចការទាំងនោះមក ព្រះអង្គក៏ឈប់សម្រាកនៅថ្ងៃទីប្រាំពីរ។ 3ព្រះជាម្ចាស់ប្រទានពរឲ្យថ្ងៃទីប្រាំពីរ និងញែកថ្ងៃនោះឲ្យបានវិសុទ្ធ* ដ្បិតថ្ងៃនោះ ព្រះអង្គបញ្ចប់កិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានបង្កើត។
4នេះហើយជាដើមកំណើតរបស់ផ្ទៃមេឃ និងផែនដី នៅគ្រាដែលព្រះជាម្ចាស់បានបង្កើតមក។
មនុស្សដើមដំបូងបង្អស់
បុរស និងស្ត្រី នៅក្នុងសួនអេដែន
ពេលព្រះជាអម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី 5នៅលើផែនដីពុំទាន់មានកូនឈើអ្វីតាមទីវាលទេ សូម្បីតែស្មៅមួយទងក៏ពុំទាន់ពន្លកចេញមកដែរ ដ្បិតព្រះជាអម្ចាស់ពុំទាន់បានធ្វើឲ្យមានភ្លៀងធ្លាក់មកលើផែនដីនៅឡើយ ហើយក៏គ្មានមនុស្សភ្ជួររាស់ដែរ។ 6ប៉ុន្តែ មានទឹកហូរចេញពីដីមកស្រោចស្រពផ្ទៃដីទាំងមូល។
7 ព្រះជាអម្ចាស់បានយកធូលីដី មកសូនធ្វើជាមនុស្ស រួចព្រះអង្គផ្លុំដង្ហើមជីវិតតាមរន្ធច្រមុះគេ មនុស្សក៏មានជីវិតរស់ឡើង។
8 ព្រះជាអម្ចាស់បានធ្វើសួនឧទ្យានមួយ ក្នុងស្រុកអេដែន ដែលនៅខាងកើត រួចយកមនុស្សដែលព្រះអង្គបានសូន ទៅដាក់ក្នុងសួនឧទ្យាននោះ។ 9 ព្រះជាអម្ចាស់បានធ្វើឲ្យដើមឈើគ្រប់មុខដុះចេញពីដីមក មានសម្រស់គួរឲ្យទាក់ទាញចិត្ត និងមានផ្លែឆ្ងាញ់ពិសាផង។ នៅកណ្ដាលសួនឧទ្យានក៏មានដើមឈើដែលផ្ដល់ជីវិត និងដើមឈើដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ ដែរ។
10មានទន្លេមួយហូរចេញពីស្រុកអេដែន មកស្រោចស្រពសួនឧទ្យាន ហើយនៅត្រង់សួនឧទ្យានទន្លេនោះក៏បែកចេញជាបួន។ 11ដៃទន្លេទីមួយឈ្មោះ ពីសុន គឺទន្លេនេះហើយដែលហូរព័ទ្ធស្រុកហាវីឡា ជាស្រុកដែលមានមាស។ 12មាសនៅស្រុកនេះមានគុណភាពល្អ ហើយក៏មានជ័រប្តេល្លាម និងត្បូងអូនីក្សដែរ។ 13ទន្លេទីពីរឈ្មោះគីហូន ជាទន្លេដែលហូរព័ទ្ធស្រុកគូស។ 14ទន្លេទីបីឈ្មោះហ៊ីដេកែល ជាទន្លេដែលហូរនៅខាងកើតស្រុកអាស៊ើរ។ ទន្លេទីបួនឈ្មោះអឺប្រាត។
15 ព្រះជាអម្ចាស់បានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឲ្យគេភ្ជួររាស់ និងថែរក្សាសួននោះ។ 16ព្រះជាអម្ចាស់បានបញ្ជាមនុស្សដូចតទៅ៖ «អ្នកអាចបរិភោគផ្លែឈើទាំងប៉ុន្មាន នៅក្នុងសួនឧទ្យាននេះបាន 17តែមិនត្រូវបរិភោគផ្លែឈើពីដើមដែលនាំឲ្យស្គាល់ល្អស្គាល់អាក្រក់ឡើយ ដ្បិតថ្ងៃណាអ្នកបរិភោគផ្លែនោះ អ្នកមុខជាស្លាប់មិនខាន»។
18 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «បើមនុស្សប្រុសនៅតែឯងដូច្នេះ មិនល្អទេ។ យើងនឹងបង្កើតម្នាក់ទៀតឲ្យជួយ និងបានជាគ្នា»។ 19ព្រះជាអម្ចាស់បានយកដីមកសូនធ្វើជាសត្វស្រុកគ្រប់យ៉ាង និងធ្វើជាបក្សាបក្សីគ្រប់យ៉ាងដែលហើរនៅលើអាកាស រួចព្រះអង្គនាំសត្វទាំងនោះមកឲ្យមនុស្ស ព្រោះទ្រង់ចង់ជ្រាបថា គេនឹងដាក់ឈ្មោះឲ្យវាយ៉ាងណា។ ដូច្នេះ សត្វទាំងអស់មានឈ្មោះតាមដែលមនុស្សដាក់ឲ្យ។ 20មនុស្សបានដាក់ឈ្មោះឲ្យសត្វស្រុកទាំងអស់ ឲ្យបក្សាបក្សីដែលហើរនៅលើមេឃ និងឲ្យសត្វព្រៃទាំងប៉ុន្មានដែរ ប៉ុន្តែ គាត់ពុំឃើញមានសត្វណាមួយដែលអាចជួយ និងយកមកធ្វើជាគ្នាបានឡើយ។ 21ដូច្នេះ ព្រះជាអម្ចាស់បានធ្វើឲ្យមនុស្សដេកលង់លក់បាត់ស្មារតី។ ព្រះអង្គយកឆ្អឹងជំនីរមួយរបស់គាត់ចេញមក រួចភ្ជិតសាច់ទៅវិញ។ 22ព្រះជាអម្ចាស់យកឆ្អឹងជំនីរដែលទ្រង់បានហូតចេញពីមនុស្ស មកធ្វើជាស្ត្រី រួចទ្រង់នាំនាងមកជួបគាត់។ 23បុរសក៏ពោលឡើងថា៖
«លើកនេះពិតជាឆ្អឹង
ដែលកើតចេញមកពីឆ្អឹងអញ
ជាសាច់ដែលកើតចេញមកពីសាច់អញ
ត្រូវហៅនាងថា “ស្ត្រី”
ព្រោះនាងបានកើតចេញពីបុរសមក»។
24 ហេតុនេះ បុរសចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ។
25ពេលនោះ បុរស និងភរិយារបស់គាត់នៅខ្លួនទទេទាំងពីរនាក់ ប៉ុន្តែ គេមិនអៀនខ្មាសទេ។
Pašlaik izvēlēts:
លោកុប្បត្តិ 2: គខប
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Khmer Standard Version © 2005 United Bible Societies.