កំណើតពិភពលោក 14
14
អ៊ីប្រាំច្បាំងឈ្នះស្តេចជាច្រើន
1នៅគ្រានោះ អាំរ៉ាផែល ជាស្តេចស្រុកស៊ីណើរ អើយ៉ុក ជាស្តេចស្រុកអេឡាសារ កេដូឡោមើរ ជាស្តេចស្រុកអេឡាំ និងធីដាល ជាស្តេចស្រុកកូយីម 2បាននាំគ្នាលើកទ័ពទៅច្បាំងនឹងបេរ៉ា ជាស្តេចក្រុងសូដុម ប៊ីសារ ជាស្តេចក្រុងកូម៉ូរ៉ា ស៊ីណាប ជាស្តេចក្រុងអាដម៉ា សេមេប៊ើរ ជាស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ។ 3ស្តេចទាំងនេះបានមកបោះទ័ពជាមួយគ្នា នៅជ្រលងភ្នំស៊ីឌីម គឺនៅសមុទ្រប្រៃ។ 4ស្តេចទាំងនេះនៅជាអ្នកបម្រើរបស់ស្តេចកេដូឡោមើរ អស់រយៈពេលដប់ពីរឆ្នាំ ហើយនៅឆ្នាំទីដប់បីក៏នាំគ្នាបះបោរឡើង។ 5ប៉ុន្តែ នៅឆ្នាំទីដប់បួន ស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មាន ដែលនៅជាមួយគាត់ បានលើកគ្នាមកវាយជនជាតិរេផែម នៅក្រុងអាសថារ៉ូត-កើណែម ជនជាតិស៊ូស៊ីម នៅក្រុងហាំ ជនជាតិអេមីម នៅក្រុងគារយ៉ាថែម 6និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។ 7រួចហើយ ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេក នៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
8ពេលនោះ ស្តេចក្រុងសូដុម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាដម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្តេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម 9គឺតទល់នឹងស្តេចកេដូឡោមើរ ជាស្តេចស្រុកអេឡាំ ស្តេចធីដាល ជាស្តេចស្រុកកូយីម ស្តេចអាំរ៉ាផែល ជាស្តេចស្រុកស៊ីណើរ និងស្តេចអើរយ៉ុក ជាស្តេចស្រុកអេឡាសារ គឺស្តេចបួននាក់តទល់នឹងស្តេចប្រាំនាក់។ 10នៅជ្រលងភ្នំស៊ីឌីម មានអណ្តូងប្រេងជាច្រើន។ ស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ាបានបាក់ទ័ព រត់ទៅធ្លាក់ក្នុងអណ្តូងនោះ ហើយស្តេចឯទៀតៗនាំគ្នារត់ទៅតាមភ្នំ។ 11រីឯស្តេចដែលច្បាំងឈ្នះ បាននាំគ្នារឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ព្រមទាំងស្បៀងអាហារទាំងប៉ុន្មាន រួចចាកចេញទៅ។ 12គេក៏នាំឡូត ជាក្មួយអ៊ីប្រាំ ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ ឡូតរស់នៅក្នុងក្រុងសូដុម។ 13មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបអ៊ីប្រាំ ជាជនជាតិហេប្រឺ។ អ៊ីប្រាំតាំងទីលំនៅ នៅតំបន់ដើមជ្រៃរបស់តាម៉ាមរ៉េ។ តាម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់អែសកុល និងអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់អ៊ីប្រាំ។ 14កាលអ៊ីប្រាំទទួលដំណឹងថា គេបានចាប់ក្មួយរបស់គាត់យកទៅជាឈ្លើយសឹក គាត់ក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយគាត់ ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្តាន នៅក្នុងក្រុមគ្រួសាររបស់គាត់ ហើយដេញតាមស្តេចទាំងនោះ រហូតទៅដល់ក្រុងដាន់។ 15គាត់បានចែកកងទ័ពរបស់គាត់ជាក្រុមៗ រួចវាយស្តេចទាំងនោះ នៅពេលយប់។ គាត់វាយឈ្នះស្តេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ 16គាត់យកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំឡូតជាបងប្អូនរបស់គាត់ ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។
អ៊ីប្រាំ និងស្តេចម៉ិលគីស្សាដែក
17ក្រោយពេលដែលអ៊ីប្រាំត្រឡប់មកពីធ្វើសឹកឈ្នះស្តេចកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយ ស្តេចក្រុងសូដុមក៏ចេញមកទទួលគាត់ នៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំស្តេច។ 18ស្តេចម៉ិលគីស្សាដែក ជាស្តេចនៅក្រុងសាឡឹម បានឲ្យគេយកនំបុ័ង និងស្រាទំពាំងបាយជូរមកជូនអ៊ីប្រាំ។ ស្តេចជាអ៊ីមុាំបម្រើអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។ 19ស្តេចបានឲ្យពរអ៊ីប្រាំថា៖
«សូមអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត
ដែលបានបង្កើតផ្ទៃមេឃ និងផែនដី
ប្រទានពរដល់អ៊ីប្រាំ
20សូមលើកតម្កើងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត
ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ
មកក្នុងកណ្តាប់ដៃរបស់គាត់!»។
អ៊ីប្រាំបានយកអ្វីៗទាំងអស់ ដែលគាត់រឹបអូសបាន មកជូនស្តេចម៉ិលគីស្សាដែកមួយភាគដប់។
21ស្តេចក្រុងសូដុមមានប្រសាសន៍ទៅកាន់អ៊ីប្រាំថា៖ «សូមអ្នកប្រគល់ប្រជាជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់អ្នកទៅ»។ 22អ៊ីប្រាំមានប្រសាសន៍ទៅកាន់ស្តេចសូដុមវិញថា៖ «ខ្ញុំសូមយកអុលឡោះតាអាឡា ជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដីធ្វើជាសាក្សីថា 23ខ្ញុំមិនយកអ្វីៗដែលជាសម្បត្តិរបស់ស្តេចសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ខ្ញុំមិនយកដែរ កុំឲ្យស្តេចមានប្រសាសន៍ថា “យើងបានធ្វើឲ្យអ៊ីប្រាំទៅជាអ្នកមាន”។ 24ខ្ញុំមិនចង់បានអ្វីឡើយ គឺសុំតែម្ហូបអាហារសម្រាប់ពួកយុវជន ដែលមកច្បាំងជាមួយខ្ញុំ និងសុំយកអ្វីៗជាចំណែករបស់អស់អ្នក ដែលមកជាមួយខ្ញុំប៉ុណ្ណោះ គឺរបស់អាន់នើរ អេសកុល និងម៉ាមរ៉េ។ អ្នកទាំងនោះនឹងយកអ្វីៗដែលជាចំណែករបស់ខ្លួន ដោយខ្លួនឯងផ្ទាល់»។
Currently Selected:
កំណើតពិភពលោក 14: អគត
Tya elembo
Kabola
Copy

Olingi kobomba makomi na yo wapi otye elembo na baapareyi na yo nyonso? Kota to mpe Komisa nkombo
© 2014 United Bible Societies, UK.