រ៉ូម 12:9-15
ចូរមានចិត្តស្រឡាញ់ ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឃឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិស្ឋាន*។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។
រ៉ូម 12:9-15