ភីលីព 3:10-21
បំណងរបស់ខ្ញុំគឺចង់ស្គាល់ព្រះគ្រិស្ត និងស្គាល់ឫទ្ធានុភាពដែលបានប្រោសព្រះអង្គឲ្យមានព្រះជន្មរស់ឡើងវិញ ព្រមទាំងចូលរួមជាមួយព្រះអង្គដែលរងទុក្ខលំបាក ហើយឲ្យបានដូចព្រះអង្គដែលសោយទិវង្គត ដើម្បីឲ្យខ្ញុំមានជីវិតរស់ឡើងវិញ ប្រសិនបើអាចរស់ឡើងវិញបាន។ ខ្ញុំមិនថា ខ្ញុំបានទៅដល់ទីដៅ ឬបានគ្រប់លក្ខណៈ ហើយនោះទេ គឺខ្ញុំកំពុងតែរត់ទៅមុខ ដើម្បីចាប់ឲ្យបាន ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ត្រូវព្រះគ្រិស្តយេស៊ូចាប់ខ្ញុំជាមុនដែរ។ បងប្អូនអើយ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំយល់ឃើញថា ខ្ញុំមិនទាន់បានទៅដល់ទីដៅនៅឡើយទេ ខ្ញុំមានបំណងតែមួយ គឺបំភ្លេចអ្វីៗទាំងអស់ដែលខ្ញុំរត់ហួសមកហើយ ដើម្បីផ្ចង់ចិត្តឆ្ពោះទៅរកអ្វីៗដែលនៅខាងមុខ។ ខ្ញុំរត់តម្រង់ទៅរកទីដៅ ដើម្បីឲ្យបានទទួលរង្វាន់ពីព្រះជាម្ចាស់ ដែលព្រះអង្គបានត្រាស់ហៅយើងពីស្ថានបរមសុខ ឲ្យទទួលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូ។ ដូច្នេះ យើងទាំងអស់គ្នាដែលជា «មនុស្សគ្រប់លក្ខណៈ» ត្រូវតែមានគំនិតបែបនេះឯង។ ប្រសិនបើបងប្អូនមានគំនិតផ្សេងត្រង់ចំណុចណាមួយ ព្រះជាម្ចាស់មុខជាបំភ្លឺបងប្អូនឲ្យដឹងមិនខាន។ ទោះបីយើងបានដល់ត្រឹមណាក៏ដោយ យើងត្រូវតែទៅមុខ ឆ្ពោះទៅរកទិសដៅដដែល។ បងប្អូនអើយ ចូរយកតម្រាប់តាមខ្ញុំ។ ចូរសម្លឹងមើលអស់អ្នកដែលរស់នៅស្របតាមគំរូ ដែលយើងបានដាក់ឲ្យបងប្អូនឃើញនោះទៅ។ ខ្ញុំធ្លាប់បានជម្រាបបងប្អូនជារឿយៗមកហើយ ហើយនៅពេលនេះទៀត ខ្ញុំក៏សូមជម្រាបបងប្អូនទាំងទឹកភ្នែកថា មានបងប្អូនជាច្រើននាក់រស់នៅជាសត្រូវនឹងឈើឆ្កាងរបស់ព្រះគ្រិស្ត*។ ដល់ទីបំផុត អ្នកទាំងនោះត្រូវវិនាសអន្តរាយ គេយកក្រពះធ្វើជាព្រះ យកកេរខ្មាសធ្វើជាកិត្តិយស ហើយគិតតែពីអ្វីៗដែលនៅលើផែនដីនេះប៉ុណ្ណោះ។ រីឯយើងវិញ មាតុភូមិរបស់យើងនៅស្ថានបរមសុខ* ហើយយើងនៅទន្ទឹងរង់ចាំព្រះសង្គ្រោះ គឺព្រះអម្ចាស់យេស៊ូគ្រិស្តយាងមកពីស្ថាននោះ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចព្រះកាយប្រកបដោយសិរីរុងរឿងរបស់ព្រះអង្គ ដោយមហិទ្ធិឫទ្ធិ ដែលធ្វើឲ្យព្រះអង្គបង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់ព្រះអង្គ។
ភីលីព 3:10-21