ម៉ាថាយ 7:13-29
ចូរនាំគ្នាចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅរកសេចក្ដីវិនាសអន្តរាយធំណាស់ ហើយផ្លូវទៅរកសេចក្ដីវិនាសក៏ទូលាយដែរ មានមនុស្សជាច្រើនចូលតាមទ្វារនោះ។ រីឯទ្វារដែលនាំទៅរកជីវិត ចង្អៀត ហើយពិបាកដើរផង មានមនុស្សតិចទេរកផ្លូវនោះឃើញ»។ «ចូរប្រយ័ត្ននឹងពួកព្យាការី*ក្លែងក្លាយ គេក្លែងខ្លួនមករកអ្នករាល់គ្នា ដោយពាក់ស្បែកចៀម តែគេមានចិត្តសាហាវដូចចចក។ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត។ ពុំដែលមាននរណាបេះផ្លែទំពាំងបាយជូរ និងផ្លែឧទុម្ពរ*ពីគុម្ពបន្លាឡើយ។ ដើមឈើល្អតែងផ្ដល់ផ្លែល្អ រីឯដើមឈើអាក្រក់តែងផ្ដល់ផ្លែអាក្រក់។ ដើមឈើល្អមិនអាចផ្ដល់ផ្លែអាក្រក់ទេ រីឯដើមឈើអាក្រក់ក៏មិនអាចផ្ដល់ផ្លែល្អបានដែរ។ ដើមឈើណាមិនផ្ដល់ផ្លែល្អ គេនឹងកាប់យកទៅដុត។ រីឯពួកព្យាការីក្លែងក្លាយក៏ដូច្នោះដែរ អ្នករាល់គ្នាអាចស្គាល់គេបាន តាមអំពើដែលគេប្រព្រឹត្ត»។ «អ្នកដែលចូលទៅក្នុងព្រះរាជ្យ*នៃស្ថានបរមសុខ* មិនមែនជាអ្នកដែលគ្រាន់តែហៅខ្ញុំថា “ព្រះអម្ចាស់! ព្រះអម្ចាស់!”ប៉ុណ្ណោះទេ គឺជាអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះបិតាខ្ញុំ ដែលគង់នៅស្ថានបរមសុខនោះវិញ។ នៅថ្ងៃនោះ នឹងមានមនុស្សជាច្រើនពោលមកខ្ញុំថា “ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! យើងខ្ញុំធ្លាប់ថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអង្គ យើងខ្ញុំធ្លាប់ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយយើងខ្ញុំក៏ធ្លាប់ធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គដែរ”។ ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់អ្នករាល់គ្នាថា “ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ! ចូរថយចេញឲ្យឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ!” »។ «អ្នកណាស្ដាប់ពាក្យខ្ញុំនេះ ហើយប្រព្រឹត្តតាម អ្នកនោះប្រៀបបានទៅនឹងមនុស្សឈ្លាសវៃម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើផ្ទាំងថ្ម។ ទោះបីភ្លៀងបង្អុរចុះមក ហើយមានទឹកជន់ មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះយ៉ាងណាក៏ដោយ ក៏ផ្ទះនោះមិនរលំដែរ ព្រោះមានគ្រឹះនៅលើផ្ទាំងថ្ម។ រីឯអ្នកដែលស្ដាប់ពាក្យខ្ញុំនេះ តែមិនប្រព្រឹត្តតាម ប្រៀបបានទៅនឹងមនុស្សឆោតល្ងង់ម្នាក់ ដែលបានសង់ផ្ទះរបស់ខ្លួននៅលើដីខ្សាច់ ពេលភ្លៀងបង្អុរចុះមក ហើយមានទឹកជន់មានខ្យល់បក់បោកប៉ះនឹងផ្ទះនោះ ផ្ទះនោះរលំបាក់បែកខ្ទេចអស់គ្មានសល់»។ កាលព្រះយេស៊ូមានព្រះបន្ទូលទាំងនេះចប់សព្វគ្រប់ហើយ មហាជនងឿងឆ្ងល់យ៉ាងខ្លាំងអំពីសេចក្ដីដែលព្រះអង្គប្រៀនប្រដៅ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*របស់ពួកគេ។
ម៉ាថាយ 7:13-29