ម៉ាថាយ 6:25-34
«ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នា កុំឲ្យខ្វល់ខ្វាយអំពីម្ហូបអាហារសម្រាប់ចិញ្ចឹមជីវិត ឬសម្លៀកបំពាក់សម្រាប់បិទបាំងកាយឡើយ។ ជីវិតមានតម្លៃលើសម្ហូបអាហារ ហើយរូបកាយក៏មានតម្លៃលើសសម្លៀកបំពាក់ទៅទៀត។ ចូររំពៃមើលបក្សាបក្សីនៅលើមេឃ វាមិនដែលសាបព្រោះ មិនដែលច្រូតកាត់ មិនដែលប្រមូលស្រូវដាក់ជង្រុកឡើយ ប៉ុន្តែ ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ* ព្រះអង្គចិញ្ចឹមវា។ រីឯអ្នករាល់គ្នា អ្នករាល់គ្នាមានតម្លៃលើសបក្សាបក្សីទាំងនោះទៅទៀត។ ក្នុងចំណោមអ្នករាល់គ្នា ទោះបីខំខ្វល់ខ្វាយយ៉ាងណាក៏ដោយ ក៏គ្មាននរណាអាចនឹងបង្កើនអាយុរបស់ខ្លួនឲ្យវែងដែរ សូម្បីតែបន្តិចក៏មិនបានផង។ ហេតុដូចម្ដេចបានជាអ្នករាល់គ្នាខ្វល់ខ្វាយអំពីសម្លៀកបំពាក់? ចូរសង្កេតមើលផ្កានៅតាមវាល វាដុះឡើងយ៉ាងណា។ វាមិនដែលធ្វើការនឿយហត់ ឬត្បាញរវៃឡើយ ប៉ុន្តែ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន កាលពីជំនាន់ដែលស្ដេចមានសិរីរុងរឿងដ៏ប្រសើរបំផុតនោះក៏ដោយ ក៏ស្ដេចគ្មានព្រះភូសាល្អស្មើនឹងផ្កាមួយទងនេះផង។ មនុស្សមានជំនឿតិចអើយ! ប្រសិនបើព្រះជាម្ចាស់ផ្ដល់សម្រស់ឲ្យផ្កាដែលរីកនៅតាមវាលថ្ងៃនេះ តែថ្ងៃស្អែកត្រូវគេដុតចោលយ៉ាងហ្នឹងទៅហើយ តើព្រះអង្គនឹងទំនុកបម្រុងអ្នករាល់គ្នាលើសនេះយ៉ាងណាទៅទៀត? ហេតុនេះ កុំខ្វល់ខ្វាយដោយពោលថា “យើងនឹងមានអ្វីបរិភោគ មានអ្វីស្លៀកពាក់”នោះឡើយ ដ្បិតមានតែសាសន៍ដទៃប៉ុណ្ណោះទេ ដែលខំស្វះស្វែងរករបស់ទាំងនោះ។ រីឯព្រះបិតាដែលគង់នៅស្ថានបរមសុខ ព្រះអង្គជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ។ ចូរស្វែងរកព្រះរាជ្យ*របស់ព្រះជាម្ចាស់ និងសេចក្ដីសុចរិត*របស់ព្រះអង្គជាមុនសិន ទើបព្រះអង្គប្រទានរបស់ទាំងនោះមកអ្នករាល់គ្នាថែមទៀត។ កុំខ្វល់ខ្វាយអំពីហេតុការណ៍ដែលនឹងកើតមាននៅថ្ងៃស្អែកឡើយ ចាំស្អែកសឹមគិតពីរឿងថ្ងៃស្អែកទៅ! បើមានការលំបាកកើតឡើងនៅថ្ងៃណា ត្រូវដោះស្រាយសម្រាប់តែថ្ងៃនោះហើយ»។
ម៉ាថាយ 6:25-34