លូកា 6:37-45
«កុំថ្កោលទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរ។ កុំផ្ដន្ទាទោសអ្នកដទៃឲ្យសោះ នោះព្រះជាម្ចាស់ក៏មិនផ្ដន្ទាទោសអ្នករាល់គ្នាដែរ។ ត្រូវលើកលែងទោសឲ្យអ្នកដទៃ នោះព្រះជាម្ចាស់នឹងលើកលែងទោសឲ្យអ្នករាល់គ្នា។ ចូរធ្វើអំណោយដល់អ្នកដទៃ នោះព្រះជាម្ចាស់នឹងប្រទានអំណោយដល់អ្នករាល់គ្នាដែរ ព្រះអង្គនឹងប្រទានមកយ៉ាងបរិបូណ៌ហូរហៀរ។ ព្រះជាម្ចាស់នឹងវាល់ឲ្យអ្នក តាមរង្វាល់ដែលអ្នកវាល់ឲ្យអ្នកដទៃ»។ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅគេទៀតថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ។ បើធ្វើដូច្នោះមុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន។ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្តែ សិស្សដែលបានទទួលចំណេះសព្វគ្រប់អាចស្មើនឹងគ្រូបាន។ ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ? បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?”។ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បងប្អូនអ្នកបាន»។ «ដើមឈើល្អមិនដែលឲ្យផ្លែអាក្រក់ឡើយ ឯដើមឈើអាក្រក់វិញក៏មិនដែលឲ្យផ្លែល្អដែរ ដ្បិតគេស្គាល់ដើមឈើបានដោយសារផ្លែវា។ ពុំដែលមាននរណាបេះផ្លែឧទុម្ពរ* ឬផ្លែទំពាំងបាយជូរពីគុម្ពបន្លាឡើយ។ មនុស្សល្អតែងប្រព្រឹត្តអំពើល្អ ព្រោះចិត្តរបស់គេល្អ រីឯមនុស្សអាក្រក់តែងប្រព្រឹត្តអំពើអាក្រក់ ព្រោះចិត្តរបស់គេអាក្រក់ ដ្បិតមាត់របស់មនុស្សតែងស្រដីចេញមកនូវសេចក្ដីណា ដែលមានពេញហូរហៀរនៅក្នុងដួងចិត្តរបស់ខ្លួន»។
លូកា 6:37-45