យ៉ាកុប 1:1-27
ខ្ញុំ យ៉ាកុប ជាអ្នកបម្រើព្រះជាម្ចាស់ និងជាអ្នកបម្រើព្រះអម្ចាស់យេស៊ូគ្រិស្ត* សូមជម្រាបមកកុលសម្ព័ន្ធ*ទាំងដប់ពីរ ដែលបែកខ្ញែកគ្នាក្នុងពិភពលោកទាំងមូល សូមជ្រាប។ បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាង ដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថាជាការដែលធ្វើឲ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់បងប្អូននឹងនាំឲ្យបងប្អូនចេះស៊ូទ្រាំ។ ប៉ុន្តែ ត្រូវឲ្យការស៊ូទ្រាំនេះបង្កើតចេញជាផលផ្លែដ៏ល្អគ្រប់លក្ខណៈ ដើម្បីឲ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់ខ្វះប្រាជ្ញា អ្នកនោះត្រូវតែទូលសូមពីព្រះជាម្ចាស់។ ព្រះអង្គនឹងប្រទានឲ្យជាមិនខាន ដ្បិតព្រះអង្គប្រទានឲ្យមនុស្សទាំងអស់ដោយព្រះហឫទ័យទូលាយ ឥតបន្ទោសឡើយ ក៏ប៉ុន្តែ អ្នកនោះត្រូវទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកដែលមានចិត្តសង្ស័យ ប្រៀបបាននឹងរលកសមុទ្រត្រូវបក់បោកចុះឡើងទៅតាមខ្យល់។ មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ព្រោះគេជាមនុស្សមានចិត្តពីរ មិនដែលនឹងនក្នុងកិច្ចការទាំងប៉ុន្មានដែលខ្លួនប្រព្រឹត្តទេ។ សូមឲ្យបងប្អូនដែលក្រីក្របានខ្ពស់មុខឡើង ដោយព្រះជាម្ចាស់លើកតម្កើងគេហើយ។ រីឯបងប្អូនដែលជាអ្នកមានវិញ ក៏ត្រូវខ្ពស់មុខឡើងដែរ ដោយព្រះជាម្ចាស់បន្ទាបគេចុះ ដ្បិតអ្នកមាននឹងត្រូវរុះរោយទៅដូចផ្កា។ លុះដល់ថ្ងៃរះពេញកម្ដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ ដែលខ្លួនប្រព្រឹត្តដែរ។ អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលព្រះជាម្ចាស់បានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលព្រះអង្គបានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។ ពេលនរណាម្នាក់ជួបនឹងការល្បួង មិនត្រូវពោលថា «ព្រះជាម្ចាស់ល្បួងខ្ញុំ»ឡើយ ដ្បិតគ្មានអ្វីអាចល្បួងព្រះជាម្ចាស់ឲ្យធ្វើអំពើអាក្រក់ឡើយ ហើយព្រះអង្គផ្ទាល់ក៏មិនល្បួងនរណាដែរ។ ម្នាក់ៗជួបនឹងការល្បួង មកតែពីចិត្តលោភលន់របស់ខ្លួនឯងផ្ទាល់ទាក់ទាញ និងលួងលោមបញ្ឆោតប៉ុណ្ណោះ។ ចិត្តលោភលន់តែងតែបង្កើតអំពើបាប លុះដល់អំពើបាបចម្រើនដល់កម្រិត ហើយក៏បណ្ដាលឲ្យស្លាប់ ។ បងប្អូនជាទីស្រឡាញ់អើយ សូមកុំយល់ច្រឡំឡើយ។ គ្រប់អំណោយដ៏ល្អវិសេស និងអ្វីៗទាំងប៉ុន្មានដ៏គ្រប់លក្ខណៈដែលយើងបានទទួល សុទ្ធតែមកពីស្ថានលើទាំងអស់ គឺមកពីព្រះបិតាដែលបង្កើតពន្លឺ ។ ព្រះអង្គមិនចេះប្រែក្រឡាស់ទេ ហើយនៅក្នុងព្រះអង្គ សូម្បីតែស្រមោលនៃការប្រែប្រួលក៏គ្មានផង។ ព្រះអង្គសព្វព្រះហឫទ័យបង្កើតយើងមក ដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងបានទៅជាផលដំបូងម្យ៉ាងនៃអ្វីៗទាំងអស់ ដែលព្រះអង្គបង្កើតមក។ បងប្អូនជាទីស្រឡាញ់អើយ បងប្អូនសុទ្ធតែជាអ្នកចេះដឹងហើយ ក៏ប៉ុន្តែ ម្នាក់ៗត្រូវប្រុងប្រៀបស្ដាប់ តែកុំប្រញាប់និយាយ កុំប្រញាប់ខឹង ដ្បិតអ្នកមានកំហឹងពុំអាចធ្វើអ្វីស្របតាមសេចក្ដីសុចរិត*របស់ព្រះជាម្ចាស់ឡើយ។ ហេតុនេះ បងប្អូនត្រូវលះបង់ចិត្តសៅហ្មងគ្រប់យ៉ាង និងចិត្តកំរោលឃោរឃៅទាំងប៉ុន្មាននោះចោលទៅ ហើយកាន់ចិត្តស្លូតបូត ទទួលព្រះបន្ទូលដែលព្រះជាម្ចាស់បានបណ្ដុះក្នុងបងប្អូន ព្រោះព្រះបន្ទូលនេះអាចនឹងសង្គ្រោះព្រលឹងរបស់បងប្អូន។ ចូរប្រតិបត្តិតាមព្រះបន្ទូល កុំគ្រាន់តែស្ដាប់ទាំងបញ្ឆោតចិត្តខ្លួនឯងប៉ុណ្ណោះឡើយ។ អ្នកណាស្ដាប់ព្រះបន្ទូលហើយ មិនប្រតិបត្តិតាម អ្នកនោះប្រៀបបាននឹងមនុស្សម្នាក់ឆ្លុះកញ្ចក់មើលមុខខ្លួន លុះពិនិត្យមើលរួចហើយ ក៏ចេញទៅ ស្រាប់តែភ្លេចមិនដឹងថាមុខខ្លួនឯងដូចម្ដេចផង។ រីឯអ្នកដែលយកចិត្តទុកដាក់ពិនិត្យមើលក្រឹត្យវិន័យដ៏គ្រប់លក្ខណៈ ជាក្រឹត្យវិន័យដែលផ្ដល់សេរីភាព ហើយព្យាយាមប្រតិបត្តិតាមយ៉ាងដិតដល់ គឺមិនគ្រាន់តែស្ដាប់ រួចភ្លេចអស់ទៅ អ្នកនោះនឹងមានសុភមង្គល*ក្នុងកិច្ចការដែលខ្លួនធ្វើជាមិនខាន។ ប្រសិនបើនរណាម្នាក់នឹកស្មានថាខ្លួនជាអ្នកកាន់សាសនា តែមិនចេះទប់អណ្ដាតខ្លួន អ្នកនោះបញ្ឆោតខ្លួនឯងហើយ ហើយសាសនាដែលខ្លួនកាន់នោះ ក៏គ្មានប្រយោជន៍អ្វីដែរ។ រីឯសាសនាដ៏បរិសុទ្ធ ឥតខ្ចោះនៅចំពោះព្រះភ័ក្ត្រព្រះបិតាជាម្ចាស់វិញ គឺស្ថិតនៅលើការទៅសួរសុខទុក្ខក្មេងកំព្រា និងស្ត្រីមេម៉ាយដែលមានទុក្ខលំបាក ព្រមទាំងស្ថិតនៅលើការរក្សាខ្លួនឲ្យផុតពីអំពើសៅហ្មងរបស់លោកីយ៍នេះ។
យ៉ាកុប 1:1-27