កាឡាទី 5:1-15
ព្រះគ្រិស្ត*បានរំដោះយើងឲ្យមានសេរីភាពពិតប្រាកដ ហេតុនេះ ចូររក្សាសេរីភាពនេះឲ្យបានខ្ជាប់ខ្ជួន កុំបណ្ដោយខ្លួនធ្លាក់ទៅជាខ្ញុំបម្រើទៀតឡើយ។ រីឯខ្ញុំ ប៉ូល ខ្ញុំសូមជម្រាបបងប្អូនថា ប្រសិនបើបងប្អូនទទួលពិធីកាត់ស្បែក*នោះ ព្រះគ្រិស្តលែងមានប្រយោជន៍អ្វីដល់បងប្អូនទៀតហើយ។ ចំពោះអស់អ្នកដែលចង់ទទួលពិធីកាត់ស្បែក ខ្ញុំសូមបញ្ជាក់ប្រាប់ម្ដងទៀតថា ត្រូវតែកាន់តាមក្រឹត្យវិន័យទាំងស្រុងផងទៅ។ ប្រសិនបើបងប្អូនណាចង់បានសុចរិតដោយពឹងផ្អែកលើក្រឹត្យវិន័យ បងប្អូននោះបែកចេញពីព្រះគ្រិស្ត ហើយក៏ដាច់ចេញពីព្រះគុណរបស់ព្រះជាម្ចាស់ដែរ។ រីឯយើងវិញ ដោយយើងមានជំនឿ ព្រះវិញ្ញាណជួយយើងឲ្យទន្ទឹងរង់ចាំព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ស្របតាមសេចក្ដីសង្ឃឹមរបស់យើងជាមិនខាន។ ចំពោះអ្នកដែលរួមរស់ជាមួយព្រះគ្រិស្តយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកនោះ មិនសំខាន់អ្វីឡើយ គឺមានតែជំនឿដែលនាំឲ្យប្រព្រឹត្តអំពើផ្សេងៗដោយចិត្តស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។ បងប្អូនបានចាប់ផ្ដើមជឿល្អណាស់ តើនរណារារាំងបងប្អូនមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិតដូច្នេះ? ការបញ្ចុះបញ្ចូលបែបនេះមិនមែនមានប្រភពមកពីព្រះជាម្ចាស់ ដែលបានត្រាស់ហៅបងប្អូនទេ។ «មេម្សៅតែបន្តិចអាចធ្វើឲ្យម្សៅទាំងមូលដោរឡើងបាន» ។ ចំពោះខ្ញុំ ព្រះអម្ចាស់ធ្វើឲ្យខ្ញុំទុកចិត្តបងប្អូនថា បងប្អូនមុខជាមិនបែកគំនិតទៅរកអ្វីផ្សេងសោះឡើយ។ រីឯអ្នកដែលធ្វើឲ្យបងប្អូនកើតវឹកវរនោះវិញ ទោះបីនរណាក៏ដោយ គេត្រូវតែទទួលទោស។ បងប្អូនអើយ ចំពោះខ្ញុំវិញ ប្រសិនបើខ្ញុំប្រកាសឲ្យធ្វើពិធីកាត់ស្បែកទៀតនោះ ម្ដេចក៏គេនៅតែបៀតបៀនខ្ញុំទៀត? ប្រសិនបើខ្ញុំប្រកាសដូច្នេះ ដំណឹងល្អអំពីព្រះគ្រិស្តជាប់ឆ្កាងនឹងលែងធ្វើឲ្យគេរវាតចិត្ត ឃ្លាតចាកពីជំនឿទៀតហើយ។ អ្នកដែលនាំឲ្យបងប្អូនជ្រួលច្របល់បែបនេះ ត្រូវតែឲ្យគេក្រៀវខ្លួនឯងតែម្ដងទៅ។ បងប្អូនអើយ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យមានសេរីភាព ក៏ប៉ុន្តែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមនិស្ស័យលោកីយ៍សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្តស្រឡាញ់ ដ្បិតក្រឹត្យវិន័យទាំងមូលសរុបមកត្រឹមតែឃ្លាមួយនេះថា «អ្នកត្រូវស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯងដែរ» ។ បើបងប្អូនប្រខាំគ្នា និងហែកហួរគ្នាទៅវិញទៅមកដូច្នេះ ចូរប្រយ័ត្នក្រែងលោបងប្អូនត្រូវវិនាសអន្តរាយ ដោយសារតែគ្នាឯង។
កាឡាទី 5:1-15