១ យ៉ូហាន 4:11-21
កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ពុំដែលមាននរណាបានឃើញព្រះជាម្ចាស់ឡើយ។ ប្រសិនបើយើងស្រឡាញ់គ្នាទៅវិញទៅមក ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើង ហើយព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គនឹងបានគ្រប់លក្ខណៈនៅក្នុងយើងដែរ។ យើងដឹងថា យើងស្ថិតនៅជាប់នឹងព្រះអង្គ ហើយព្រះអង្គស្ថិតនៅជាប់នឹងយើង ដោយព្រះអង្គបានចែកព្រះវិញ្ញាណរបស់ព្រះអង្គមកយើង។ រីឯយើងវិញ យើងបានឃើញ ហើយយើងផ្ដល់សក្ខីភាពថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យយាងមកសង្គ្រោះមនុស្សលោក។ អ្នកណាប្រកាសជំនឿថាព្រះយេស៊ូពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងអ្នកនោះ ហើយអ្នកនោះក៏ស្ថិតនៅជាប់នឹងព្រះអង្គដែរ។ រីឯយើងវិញ យើងបានស្គាល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ ក្នុងចំណោមយើង ហើយយើងក៏បានជឿ។ ព្រះជាម្ចាស់ជាសេចក្ដីស្រឡាញ់ អ្នកណាស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ បើសេចក្ដីស្រឡាញ់ពិតជាបានគ្រប់លក្ខណៈនៅក្នុងយើងមែន នោះយើងនឹងមានចិត្តរឹងប៉ឹង នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោសមនុស្សលោក ដ្បិតក្នុងលោកនេះ យើងមានរបៀបរស់នៅដូចព្រះយេស៊ូដែរ។ បើយើងមានសេចក្ដីស្រឡាញ់ក្នុងខ្លួន យើងឥតមានភ័យខ្លាចទេ តែសេចក្ដីស្រឡាញ់ដ៏គ្រប់លក្ខណៈ បណ្ដេញការភ័យខ្លាចឲ្យចេញផុតទៅបានថែមទៀតផង។ អ្នកណានៅភ័យខ្លាច អ្នកនោះតែងតែខ្លាចទទួលទណ្ឌកម្ម ដូច្នេះ សេចក្ដីស្រឡាញ់ពុំទាន់បានគ្រប់លក្ខណៈនៅក្នុងខ្លួនគេឡើយ។ រីឯយើងវិញ យើងមានចិត្តស្រឡាញ់ ព្រោះព្រះអង្គបានស្រឡាញ់យើងជាមុន។ បើនរណាម្នាក់ពោលថា “ខ្ញុំស្រឡាញ់ព្រះជាម្ចាស់” តែស្អប់បងប្អូនរបស់ខ្លួន អ្នកនោះនិយាយកុហកហើយ។ អ្នកណាមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ ក៏ពុំអាចស្រឡាញ់ព្រះជាម្ចាស់ដែលខ្លួនមើលពុំឃើញនោះដែរ។ យើងបានទទួលបទបញ្ជានេះពីព្រះអង្គថា «អ្នកណាស្រឡាញ់ព្រះជាម្ចាស់ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។
១ យ៉ូហាន 4:11-21