១ កូរិនថូស 1:10-17
បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្តគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុង ដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។ បងប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រិស្ត!»។ តើព្រះគ្រិស្តបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹក*ក្នុងនាមប៉ូល? ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។ ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។ ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថា ខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។ ព្រះគ្រិស្តពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺព្រះអង្គចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អ*វិញ។ ប៉ុន្តែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការសោយទិវង្គតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។
១ កូរិនថូស 1:10-17