សាការី 12:1-14

សាការី 12:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សេចក្ដី​ប្រកាស នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ថ្លែង​អំពី​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ជន‌ជាតិ​យូដា​ទាំង​មូល​ក៏​ព្រឺ​ខ្លាច​ដែរ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​ប៉ុន្មាន​របស់​គេ​ជ្រួល‌ច្របល់ ហើយ​ទាហាន​ដែល​ជិះ​វា​ក៏​វង្វេង​វង្វាន់​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ យើង​នឹង​តាម​ថែ‌រក្សា​កូន​ចៅ​យូដា ហើយ​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​របស់​ជាតិ​សាសន៍​នានា​មើល​អ្វី​លែង​ឃើញ។ ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​នឹង​គិត​គ្នា​ថា: ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មាន​កម្លាំង ព្រោះ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ជា​ព្រះ​របស់​ពួក​គេ។ នៅ​ថ្ងៃ​នោះ យើង​ធ្វើ​ឲ្យ​ពួក​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា​បាន​ដូច​ជា​គុក​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ នៅ​កណ្ដាល​ព្រៃ ឬ​ដូច​ភ្លើង​ចន្លុះ​ឆេះ​កណ្ដាប់​ស្រូវ។ ពួក​គេ​នឹង​កម្ទេច​ជាតិ​សាសន៍​នានា​ដែល​នៅ​ជិត​ខាង។ រីឯ​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម នឹង​រស់​នៅ​ក្នុង​ទីក្រុង​របស់​ខ្លួន​ដដែល»។ ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​អំបូរ​នានា​នៃ​ជន‌ជាតិ​យូដា​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ និង​ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​មើល‌ងាយ​ជន‌ជាតិ​យូដា​ឯ​ទៀតៗ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ការពារ​ប្រជា‌ជន នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ដូច​ព្រះ‌បាទ​ដាវីឌ ហើយ​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នឹង​ប្រៀប​ដូច​ជា​ព្រះ ឬ​ដូច​ជា​ទេវតា​របស់​ព្រះ‌អម្ចាស់ នៅ​មុខ​ពួក​គេ។ នៅ​ថ្ងៃ​នោះ យើង​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​មក​វាយ​ប្រហារ​ក្រុង​យេរូ‌សាឡឹម។ យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។ នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​ព្រះ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដោ។ អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្រះ‌ញាតិ​វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។ អំបូរ​របស់​លោក​លេវី ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​លោក​ស៊ី‌ម៉ៃ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។ រីឯ​អំបូរ​ឯ​ទៀតៗ​ក៏​ដូច្នោះ​ដែរ ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។

ចែក​រំលែក
អាន សាការី 12

សាការី 12:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ថ្លែង​ពី​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​ដាំ​ឫស​ផែនដី ព្រម​ទាំង​បង្ក​បង្កើត​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ផង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ពែង ដែល​នាំ​ឲ្យ​វិល​ក្រឡាប់​ដល់​ជន​ជាតិ​នៅ​ព័ទ្ធ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ហើយ​ដល់​ពួក​យូដា​ដែរ ក្នុង​កាល​ដែល​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិមធ្ងន់​ដូច​ជា​ថ្ម សម្រាប់​មនុស្ស​ទាំង​អស់ អ្នក​ណា​ដែល​លើក​ថ្ម​នោះ នឹង​ត្រូវ​របួស​ធ្ងន់ ហើយ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី នឹង​មូល​គ្នា​ទាស់​នឹង​ទី​ក្រុង​នោះ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​វាយ​សេះ​ឲ្យជ្រួល​ច្របល់ ហើយ​ឲ្យ​ពួក​អ្នក​ជិះត្រូវ​វិល​ខួរ​ដែរ យើង​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​ខ្វាក់​ភ្នែក។ ឯ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា គេ​នឹង​គិត​ក្នុង​ចិត្ត​ថា "ពួក​ក្រុង​យេរូ‌សាឡិម​មាន​កម្លាំង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​របស់​គេ"។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា ដូច​ជា​ជើង‌ក្រាន មាន​ភ្លើង​ឆេះ​នៅ​កណ្ដាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្ដាល​កណ្ដាប់​ស្រូវ គេ​នឹង​បន្សុស​អស់​ទាំង​សាសន៍​នៅ​ព័ទ្ធ​ជុំ‌វិញ ទោះ​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ​ផង រួច​ពួក​ក្រុង​យេរូ‌សាឡិម​នឹង​អាស្រ័យ​នៅ​ក្នុង​កន្លែង​របស់​គេ​ម្តង​ទៀត គឺ​នៅ​ក្រុង​យេរូ‌សាឡិម​នោះ។ ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​ជា​មុន​សិន ដើម្បី​មិន​ឲ្យ​សិរី‌ល្អ​នៃ​ពួក​វង្ស​ដាវីឌ និង​សិរី‌ល្អ​របស់​ពួក​ក្រុង​យេរូ‌សាឡិម បាន​តម្កើង​ឡើង​លើស​ជាង​ពួក​យូដា។ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​នឹង​ការពារ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នឹង​បាន​ដូច​ជា​ដាវីឌ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​គេ។ នៅ​ថ្ងៃ​នោះ យើង​នឹង​តាំង​ចិត្ត ដើម្បី​បំផ្លាញ​សាសន៍ទាំង​ប៉ុន្មាន ដែល​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម»។ «យើង​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន។ នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ។ ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​រៀងៗ​ខ្លួន គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ។ ឯ​គ្រួសារ​ឯ​ទៀត គ្រប់​ទាំង​គ្រួ​ដោយ​ខ្លួន និង​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ»។

ចែក​រំលែក
អាន សាការី 12

សាការី 12:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​អ៊ីស្រាអែល។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​ដាំ​ឫស​នៃ​ផែនដី ព្រម​ទាំង​បង្ក‌បង្កើត​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ផង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ពែង ដែល​នាំ​ឲ្យ​វិល​ក្រឡាប់​ដល់​ជន‌ជាតិ​នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ហើយ​ដល់​ពួក​យូដា​ដែរ ក្នុង​កាល​ដែល​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ថ្ម ដែល​សង្កត់​លើ​អស់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​យក​ជា​បន្ទុក​លើ​ខ្លួន នោះ​នឹង​ត្រូវ​របួស​ជា​ធ្ងន់ ហើយ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី នឹង​មូល​គ្នា​ទាស់​នឹង​ទី​ក្រុង​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​វាយ​អស់​ទាំង​សេះ​ឲ្យ​ស្លុត‌ស្លាំង ហើយ​ឲ្យ​ពួក​អ្នក​ដែល​ជិះ​វា​បាន​វិល​ខួរ​ដែរ អញ​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​អស់​ទាំង​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ខ្វាក់​ភ្នែក ឯ​ពួក​ចៅហ្វាយ​នៃ​សាសន៍​យូដា គេ​នឹង​គិត​ក្នុង​ចិត្ត​ថា ពួក​ក្រុង​យេរូ‌សាឡិម​ជា​កំឡាំង​របស់​គេ ដោយ​នូវ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​គេ នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ពួក​ចៅហ្វាយ​នៃ​សាសន៍​យូដា បាន​ដូច​ជា​ជើង‌ក្រាន មាន​ភ្លើង​ឆេះ​នៅ​កណ្តាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្តាល​កណ្តាប់​ស្រូវ គេ​នឹង​បន្សុស​អស់​ទាំង​សាសន៍​នៅ​ព័ទ្ធ​ជុំវិញ ទោះ​ទាំង​ខាង​ឆ្វេង នឹង​ខាង​ស្តាំ​ផង រួច​ពួក​ក្រុង​យេរូ‌សាឡិម​នឹង​អាស្រ័យ​នៅ​ក្នុង​កន្លែង​របស់​គេ​ម្តង​ទៀត គឺ​នៅ​ក្រុង​យេរូ‌សាឡិម​នោះ​ឯង ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ជួយ​សង្គ្រោះ​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​ពួក​យូដា​ជា​មុន ដើម្បី​មិន​ឲ្យ​សិរី‌ល្អ​នៃ​ពួក​វង្ស​ដាវីឌ នឹង​សិរី‌ល្អ​របស់​ពួក​ក្រុង​យេរូ‌សាឡិម បាន​ដំកើង​ឡើង​លើស​ជាង​ពួក​យូដា​ឡើយ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ការ‌ពារ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ថ្ងៃ​នោះ អ្នក​ណា​ក្នុង​ពួក​គេ​ដែល​ខ្សោយ នោះ​នឹង​បាន​ដូច​ជា​ដាវីឌ​វិញ ហើយ​ពួក​វង្ស​របស់​ដាវីឌ​នឹង​បាន​ដូច​ជា​ព្រះ គឺ​ដូច​ជា​ទេវតា​នៃ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​គេ។ នៅ​ថ្ងៃ​នោះ អញ​នឹង​តាំង​ចិត្ត ដើម្បី​បំផ្លាញ​អស់​ទាំង​សាសន៍ ដែល​មក​ទាស់​នឹង​ក្រុង​យេរូ‌សាឡិម។ អញ​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ នឹង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ​ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ ស្រុក​ទាំង​មូល​នឹង​យំ​សោក គ្រប់​ទាំង​គ្រួសារ​ដោយ​ខ្លួនៗ គឺ​វង្ស​របស់​ដាវីឌ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ណាថាន់​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​លេវី​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន គ្រួ​ពួក​វង្ស​ស៊ីម៉ាយ​ដោយ​ខ្លួន ហើយ​ប្រពន្ធ​គេ​ដោយ​ខ្លួន ឯ​អស់​គ្រួសារ​ឯ​ទៀត នោះ​គ្រប់​ទាំង​គ្រួ​ដោយ​ខ្លួន នឹង​ប្រពន្ធ​គេ​ដោយ​ខ្លួន​ដែរ។

ចែក​រំលែក
អាន សាការី 12