សាការី 1:1-6

សាការី 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ខែ​ទី​ប្រាំ​បី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះចៅ​ដារី‌យូស ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្យាការី​សាការី ជា​កូន​របស់​លោក​បេរេ‌គា និង​ជា​ចៅ​របស់​លោក​អ៊ីដោ​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ដូនតា​របស់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លាំង។ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​វិល​មក​រក​យើង នោះ​យើង​ក៏​នឹង​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ កុំ​ធ្វើ​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ។ ពួក​ព្យាការី​នៅ​ជំនាន់​ដើម​ធ្លាប់​ប្រកាស​ប្រាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ចូរ​នាំ​គ្នា​វិល​មក​វិញ ដោយ​ងាក​ចេញ​ពី​មាគ៌ា​អាក្រក់ ហើយ​ឈប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត​ទៅ!” ប៉ុន្តែ ដូនតា​របស់​អ្នក​រាល់​គ្នា​ពុំ​ព្រម​ស្ដាប់ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាត់​បង់​ជីវិត​អស់​ទៅ​ហើយ រីឯ​ពួក​ព្យាការី​ក៏​មិន​នៅ​រស់​រហូត​ដែរ។ ដូនតា​របស់​អ្នក​រាល់​គ្នា​ឮ​ពាក្យ​របស់​យើង និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ដល់​ពួក​ព្យាការី​ជា​អ្នក​បម្រើ​របស់​យើង។ ដូនតា​របស់​អ្នក​រាល់​គ្នា​បាន​វិល​មក​វិញ ហើយ​ពោល​ថា “ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រព្រឹត្ត​ចំពោះ​ពួក​យើង ដូច​ព្រះអង្គ​បាន​សម្រេច​ស្រប​តាម​មារយាទ និង​អំពើ​ដែល​ពួក​យើង​ប្រព្រឹត្ត”»។

ចែក​រំលែក
អាន សាការី 1

សាការី 1:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ខែ​ទី​ប្រាំបី ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រាជ្យ​ដារីយុស ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មកកាន់​ហោរា​សាការី កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ​ថា៖ «ព្រះ‌យេហូវ៉ា​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង​នឹង​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា។ ហេតុ​នោះ ចូរ​អ្នក​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​ឯយើង​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​យើង​នឹង​វិល​មក​ឯ​ឯង​រាល់​គ្នា​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ កុំ​ប្រព្រឹត្ត​ដូច​ជា​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ និង​ពី​ការប្រព្រឹត្ដ​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​យើង​ទេ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។ ឯ​បុព្វ‌បុរស​របស់​ឯង​រាល់​គ្នា តើ​ឥឡូវ​គេ​នៅ​ឯ​ណា ហើយតើ​ពួក​ហោរា​នៅ​ជា​ដរាប​ឬ? ប៉ុន្តែ ពាក្យ និង​បញ្ញត្តិ​ច្បាប់​ដែលយើង​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បម្រើ​យើង តើ​គេ​មិន​បានវិល​មកធ្វើ​តាម​បុព្វ‌បុរស​ឯង​រាល់​គ្នា​ទេ​ឬ? ដូច្នេះ គេ​បែរ​ជា​ពោល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត និង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង»។

ចែក​រំលែក
អាន សាការី 1

សាការី 1:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ខែ​កត្តិក ក្នុង​ឆ្នាំ​ទី​២​នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​សាការី ជា​កូន​បេរេគា ដែល​ជា​កូន​អ៊ីដោ ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ថ្នាំង‌ថ្នាក់​ជា​ខ្លាំង​នឹង​ពួក​ឰយុកោ​ឯង​រាល់​គ្នា ហេតុ​នោះ ចូរ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​វិល​មក​ឯ​អញ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​អញ​នឹង​វិល​មក​ឯ​ឯង​រាល់​គ្នា​ដែរ នេះ​ក៏​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ កុំ​ឲ្យ​ប្រព្រឹត្ត​ដូច​ជា​ពួក​ឰយុកោ​របស់​ឯង​រាល់​គ្នា ដែល​ពួក​ហោរា​ពី​ដើម​បាន​ស្រែក​ប្រាប់​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​វិល​ត្រឡប់​ពី​ផ្លូវ​អាក្រក់ នឹង​ពី​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ឯង​រាល់​គ្នា​មក​វិញ​ឥឡូវ តែ​គេ​មិន​បាន​ឮ ឬ​ស្តាប់​តាម​អញ​ទេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ឯ​ពួក​ឰយុកោ​របស់​ឯង​រាល់​គ្នា ឥឡូវ​តើ​គេ​នៅ​ឯ​ណា ហើយ​ពួក​ហោរា​តើ​គេ​នៅ​ជា​ដរាប​ឬ​អី តែ​ចំណែក​ពាក្យ នឹង​បញ្ញត្ត​ច្បាប់ ដែល​អញ​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បំរើ​អញ តើ​មិន​បាន​តាម​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ទាន់​ទេ​ឬ រួច​គេ​បែរ​ជា​ទទួល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត នឹង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ទ្រង់​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង។

ចែក​រំលែក
អាន សាការី 1