ទីតុស 1:1-16

ទីតុស 1:1-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ និង​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​គ្រិស្ត*។ ព្រះ‌ជាម្ចាស់​ចាត់​ខ្ញុំ​ឲ្យ​នាំ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច ដែល​ព្រះ‌ជាម្ចាស់​បាន​សន្យា​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ព្រះអង្គ​មិន​កុហក​ទេ។ នៅ​ពេល​កំណត់ ព្រះអង្គ​បាន​សម្តែង​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ហើយ​ប្រគល់​ព្រះ‌បន្ទូល​នេះ​មក​ឲ្យ​ខ្ញុំ​ប្រកាស តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ មក​ដល់​ទីតុស​ជា​កូន​ដ៏​ពិត​ប្រាកដ​ខាង​ជំនឿ ដែល​យើង​មាន​រួម​គ្នា។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត។ ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់​ឲ្យ​មាន​របៀប​រៀប​រយ និង​តែង‌តាំង​ព្រឹទ្ធា‌ចារ្យ* នៅ​តាម​ក្រុង​នីមួយៗ ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ គឺ​ត្រូវ​យក​អ្នក​ណា​ដែល​ឥត​មាន​កំហុស មាន​ភរិយា​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា​ជា​កូន​ខិល‌ខូច មិន​ចេះ​ស្ដាប់​បង្គាប់។ ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់ អ្នក​អភិបាល​ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺត‌ក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​ត្រូវ​ចេះ​ទទួល​ភ្ញៀវ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ សុចរិត ចិត្ត​បរិសុទ្ធ* ចេះ​ទប់​ចិត្ត ជាប់​ចិត្ត​នឹង​ព្រះ‌បន្ទូល​ជា​គ្រឹះ​នៃ​ជំនឿ ស្រប​តាម​សេចក្ដី​ដែល​គេ​បាន​រៀន ដើម្បី​ឲ្យ​មាន​សមត្ថ‌ភាព​ដាស់‌តឿន​អ្នក​ដទៃ តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ព្រម​ទាំង​ចេះ​រក​ខុស​ត្រូវ​តប​ត​នឹង​ពួក​អ្នក​ប្រឆាំង​ផង។ មាន​មនុស្ស​ជា​ច្រើន ជា​ពិសេស ក្នុង​ចំណោម​សាសន៍​យូដា ដែល​ជា​អ្នក​ជឿ មាន​ចិត្ត​រឹង‌រូស ព្រោក‌ប្រាជ្ញ​ឥត​បាន​ការ និង​បោក​ប្រាស់​គេ​ទៀត​ផង។ ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ​ក្នុង​ក្រុម​គ្រួសារ​ជា​ច្រើន ដោយ​បង្រៀន​អំពី​សេចក្ដី​ដែល​មិន​ត្រូវ​បង្រៀន ដើម្បី​បោក​យក​ប្រាក់​យ៉ាង​ថោក​ទាប។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ព្យាការី*​របស់​គេ​ផ្ទាល់ ពោល​ថា: «អ្នក​ស្រុក​ក្រែត​សុទ្ធ​តែ​ជា​មេ​កុហក ជា​សត្វ​តិរច្ឆាន​ដ៏​សាហាវ និង​ជា​មេ​កម្ជិល ដែល​គិត​តែ​ពី​ស៊ី​ផឹក!»។ ពាក្យ​នេះ​ពិត​ណាស់! ដូច្នេះ ត្រូវ​ស្ដី​បន្ទោស​គេ​យ៉ាង​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ កុំ​ឲ្យ​ជាប់​ចិត្ត​នឹង​រឿង​ព្រេង​របស់​សាសន៍​យូដា និង​ជាប់​ចិត្ត​ទៅ​លើ​បទ‌បញ្ជា​ផ្សេងៗ​របស់​ពួក​អ្នក ដែល​បាន​ងាក​ចេញ​ពី​សេចក្ដី​ពិត​បាន​តែង​នោះ​ឡើយ។ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​បរិសុទ្ធ រីឯ​អ្នក​ដែល​មាន​ចិត្ត​សៅ‌ហ្មង និង​មិន​ជឿ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មិន​បរិសុទ្ធ ព្រោះ​ប្រាជ្ញា និង​មន‌សិការ​របស់​គេ​សុទ្ធ​តែ​សៅ‌ហ្មង។ គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ‌ជាម្ចាស់​ហើយ ប៉ុន្តែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។

ចែក​រំលែក
អាន ទីតុស 1

ទីតុស 1:1-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​អ្នក​បម្រើ​របស់​ព្រះ និង​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដោយ​យល់​ដល់​ជំនឿ​នៃ​ពួក​រើស​តាំង​របស់​ព្រះ និង​ការ​ស្គាល់​សេចក្ដី​ពិត ដែល​ត្រូវ​នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដោយ​សង្ឃឹម​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ព្រះដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​តាំង​ពី​មុន​អស់​ទាំង​កល្ប លុះ​នៅ​ពេល​កំណត់ ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បញ្ជា​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ មក​ដល់​ទីតុស ជា​កូន​ពិត​ក្នុង​ជំនឿ ដែល​យើង​មាន​ជា​មួយ​គ្នា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត មក​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា និង​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង។ ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​រៀប‌ចំ​កិច្ច‌ការ​ដែល​នៅ​សល់ ឲ្យ​មាន​របៀប​រៀប​រយ និង​តាំង​ឲ្យ​មាន​ពួក​ចាស់​ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង គឺ​ជា​អ្នក​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​កូន​ចៅ​ជា​អ្នក​ជឿ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ថា​ជា​មនុស្ស​ខិល​ខូច ហើយ​រឹង​ចចេស។ ដ្បិត​ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​របស់​ព្រះ អ្នក​អភិបាល ត្រូវ​តែ​ជា​មនុស្ស​ដែល​រក​កន្លែង​បន្ទោស​មិន​បាន មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ គឺ​អ្នក​នោះ​ត្រូវ​មាន​ចិត្ត​ចៅ‌រ៉ៅ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ ហើយ​សុចរិត បរិសុទ្ធ ចេះ​គ្រប់​គ្រង​ចិត្ត។ អ្នក​នោះ​ត្រូវ​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​មាន​សមត្ថភាពដាស់​តឿន​គេ ដោយ​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ​ឲ្យ​ចេះ​បន្ទោស​ដល់​អស់​អ្នក​ដែល​ទាស់​ទទឹង។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក ដែល​មានចិត្ត​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បោក​ប្រាស់គេ ត្រូវ​បំបិទ​មាត់​អ្នក​ទាំង​នោះ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កម្រៃ​ដ៏​លាមក។ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ដែល​ជា​ហោរា​របស់​គេ​ផ្ទាល់ បាន​ពោល​ថា៖ «ពួក​សាសន៍​ក្រេតសុទ្ធ​តែ​ជា​មនុស្ស​កុហក ជា​សត្វ​ព្រៃ​កំណាច ជា​មនុស្ស​ល្មោភស៊ី​ដែល​ខ្ជិល​ច្រអូស»។ បន្ទាល់​នេះ​ត្រូវ​ណាស់! ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង‌រ៉ឹង ដើម្បី​ឲ្យ​គេ​មាន​ជំនឿ​ត្រឹម​ត្រូវ កុំ​ស្តាប់​តាម​រឿង​ព្រេង​របស់​សាសន៍​យូដា ឬ​តាមបទ​បញ្ជា​របស់​អស់​អ្នក​ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ។ គ្រប់​ទាំង​អស់ជា​ស្អាត​បរិសុទ្ធ ដល់​អ្នក​ណា​ដែល​ស្អាត​បរិសុទ្ធ តែ​ចំពោះ​ពួក​អ្នក​ដែល​ស្មោក‌គ្រោក ហើយ​មិន​ជឿ នោះ​គ្មាន​អ្វី​ស្អាត​បរិសុទ្ធ​ឡើយ គឺ​គេ​ស្មោក‌គ្រោក​ទាំង​គំនិត ទាំង​មនសិការ។ គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​រឹង​ចចេស ជា​មនុស្ស​មិន​សម​នឹងអំពើ​ល្អ​ឡើយ។

ចែក​រំលែក
អាន ទីតុស 1

ទីតុស 1:1-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​នៃ​ព្រះ ហើយ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ សំរាប់​ជា​សេចក្ដី​ជំនឿ​ដល់​ពួក​រើស​តាំង​នៃ​ព្រះ នឹង​សេចក្ដី​ចេះ​ដឹង​ខាង​ឯ​សេចក្ដី​ពិត ដែល​ត្រូវ​នឹង​សេចក្ដី​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដោយ​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដែល​ព្រះ​ដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​មុន​អស់​ទាំង​កល្ប តែ​នៅ​ពេល​កំណត់ នោះ​ទើប​បាន​សំដែង​ចេញ​ឲ្យ​ស្គាល់​ព្រះ‌បន្ទូល​ទ្រង់ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ខ្ញុំ​ផ្ញើ​មក​អ្នក​ទីតុស ជា​កូន​ពិត​តាម​សេចក្ដី​ជំនឿ ដែល​យើង​កាន់​ជា​មួយ​គ្នា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត មក​អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ហើយ​អំពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។ ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​នឹង​រៀបចំ​ការ​ដែល​នៅ​ខ្វះ ឲ្យ​ស្រួល‌បួល​ឡើង ហើយ​នឹង​តាំង​ឲ្យ​មាន​ពួក​ចាស់‌ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង គឺ​បើ​មាន​អ្នក​ណា​ដែល​រក​ចាប់​ទោស​មិន​បាន ដែល​មាន​ប្រពន្ធ​តែ​១ ហើយ​មាន​កូន​ចៅ​ជឿ​ដែរ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ ថា​ជា​មនុស្ស​ខូច​អាក្រក់ ឬ​រឹង‌ចចេស​អ្វី​ឡើយ នោះ​ត្រូវ​តាំង​គេ​ចុះ ដូច​ជា​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត‌ត្រា​បាន​ឥត​សៅ‌ហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ ត្រូវ​មាន​ចិត្ត​ចៅ‌រ៉ៅ ស្រឡាញ់​ការ​ល្អ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​សុចរិត បរិសុទ្ធ ដឹង​ខ្នាត​វិញ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​ព្រះ‌បន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​អាច​នឹង​កំសាន្ត​ចិត្ត​គេ ដោយ​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ ហើយ​ឲ្យ​បាន​ផ្ចាញ់​ដល់​ពួក​អ្នក​ដែល​ស្រដី​ទទឹង ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ពួក​អ្នក​កាត់​ស្បែក​ជា​ដើម ដែល​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បង្ខូច​គំនិត​មនុស្ស ត្រូវ​តែ​បំបាត់​មាត់​គេ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្ដី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កំរៃ​ដ៏​លាមក មាន​ពួក​គេ​ម្នាក់ គឺ​ជា​ហោរា​របស់​ផង​គេ​បាន​ថា ពួក​សាសន៍​ក្រេត​ចេះ​តែ​ភូត‌កុហក ជា​សត្វ​ព្រៃ​កំណាច ជា​ពួក​ល្មោភ​ហើយ​កំជិល សេចក្ដី​បន្ទាល់​នេះ​ត្រូវ​ណាស់ ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹង‌រុឹង ដើម្បី​ឲ្យ​គេ​មាន​សេចក្ដី​ជំនឿ​ត្រឹម‌ត្រូវ​វិញ ឥត​ស្តាប់​តាម​រឿង​ទំនៀម​នៃ​សាសន៍​យូដា ឬ​តាម​សេចក្ដី​បញ្ញត្ត​របស់​មនុស្ស ដែល​បែរ​ចេញ​ពី​សេចក្ដី​ពិត​នោះ​ឡើយ គ្រប់​ទាំង​អស់​ជា​ស្អាត​ដល់​អ្នក​ណា​ដែល​ស្អាត តែ​គ្មាន​អ្វី​ស្អាត​សោះ ដល់​ពួក​អ្នក​ដែល​ស្មោក‌គ្រោក ហើយ​មិន​ជឿ​វិញ​នោះ​ឡើយ គេ​ស្មោក‌គ្រោក​ទាំង​គំនិត ទាំង​បញ្ញា​ចិត្ត​ដែរ គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ខ្ពើម ហើយ​រឹង‌ចចេស គឺ​ជា​មនុស្ស​ឥត​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ល្អ​ទាំង​អស់។

ចែក​រំលែក
អាន ទីតុស 1