នាងរស់ 3:4-18
នាងរស់ 3:4-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដល់ពេលលោកចូលសម្រាន្ត កូនត្រូវចំណាំកន្លែងរបស់លោក រួចចូលទៅបើកផួយពីខាងចុងជើងលោកដេកទៅ នោះលោកនឹងប្រាប់ឲ្យកូនដឹងពីការដែលត្រូវធ្វើដូចម្តេចហើយ»។ នាងរស់និយាយទៅម្តាយថា៖ «ខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដីដែលអ្នកម្តាយមានប្រសាសន៍»។ ដូច្នេះ នាងបានចុះទៅទីលាន ធ្វើតាមគ្រប់ទាំងសេចក្ដីដែលម្តាយក្មេកបានបង្គាប់។ ពេលលោកបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្ដាប់ស្រូវ រួចនាងលបចូលទៅបើកផួយពីខាងចុងជើងលោកដេកទៅ។ នៅពេលដល់កណ្ដាលអធ្រាត្រ លោកក៏នឹកខ្លាច ហើយផ្ងារប្រែខ្លួនមក ឃើញមានស្ត្រីម្នាក់ដេកនៅត្រង់ចុងជើងរបស់ខ្លួន លោកសួរថា៖ «តើអ្នកណានេះ?» នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាស្រីបម្រើរបស់លោកម្ចាស់ សូមបណ្តោយផួយមកដណ្តប់ឲ្យស្រីបម្រើរបស់លោកម្ចាស់ផង ដ្បិតលោកម្ចាស់ជាអ្នកមានច្បាប់នឹងលោះបាន»។ លោកតបថា៖ «នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ ពេលនេះ នាងបានសម្ដែងទឹកចិត្តសប្បុរសវិសេសជាងមុន ដោយនាងមិនបានទៅតាមកំលោះៗ ទោះក្រ ឬមានក្ដី។ ឥឡូវនេះ សូមនាងកុំខ្លាចឡើយ ខ្ញុំនឹងធ្វើសម្រេចឲ្យនាងតាមគ្រប់ទាំងសេចក្ដីដែលនាងនិយាយនេះ ដ្បិតមនុស្សទាំងអស់នៅទីក្រុងខ្ញុំនេះដឹងហើយថា នាងជាស្ត្រីល្អត្រឹមត្រូវណាស់។ ខ្ញុំមានច្បាប់នឹងលោះមែន ប៉ុន្តែ មានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត ដូច្នេះ ចូរសម្រាកនៅយប់នេះសិន ចាំព្រឹកឡើង ប្រសិនបើគាត់ព្រមលោះនាង នោះល្អហើយ ចូរឲ្យគាត់សម្រេចកិច្ចការនេះចុះ តែបើគាត់មិនព្រមលោះនាងទេ នោះខ្ញុំនឹងលោះនាងវិញ ខ្ញុំសន្យានឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់។ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ»។ នាងរស់ក៏ដេកនៅត្រង់ចុងជើងលោក រហូតដល់ព្រឹក រួចក្រោកឡើងមុនពេលដែលមើលគ្នាស្គាល់ ដ្បិតលោកបានហាមថា «កុំឲ្យអ្នកណាដឹងថា មានមនុស្សស្រីមកក្នុងទីលាននេះឲ្យសោះ»។ លោកប្រាប់ថា៖ «ចូរយកអាវធំដែលនាងពាក់នោះ មកត្រដាងទៅ» នាងក៏ត្រដាង នោះលោកវាល់ស្រូវប្រាំមួយរង្វាល់ ដាក់ឲ្យនាងទូល រួចនាងក៏ចូលទៅក្នុងទីក្រុងវិញ។ ពេលបានមកដល់ម្តាយក្មេក នោះគាត់សួរថា៖ «តើយ៉ាងម៉េចទៅហើយកូន? » នាងក៏រៀបរាប់ប្រាប់ពីគ្រប់ទាំងសេចក្ដីដែលលោកបានប្រព្រឹត្តដល់នាង ហើយនាងនិយាយថា៖ «លោកបានឲ្យស្រូវមកខ្ញុំប្រាំមួយរង្វាល់នេះ ដោយនិយាយថា "នាងមិនត្រូវត្រឡប់ទៅម្តាយក្មេកវិញដោយដៃទទេឡើយ"»។ ណាអូមីប្រាប់ថា៖ «កូនអើយ ចូរនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិននៅស្ងៀមទេ លោកនឹងបង្ហើយការនេះជាមិនខាន»។
នាងរស់ 3:4-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលគាត់ចូលសម្រាន្ដ កូនត្រូវមើលចំណាំកន្លែងដែលគាត់សម្រាន្ដឲ្យបានច្បាស់។ បន្ទាប់មក កូនត្រូវទៅបើកភួយនៅចុងជើងគាត់ ហើយដេកត្រង់កន្លែងនោះទៅ គាត់នឹងប្រាប់កូននូវអ្វីៗដែលកូនត្រូវធ្វើ»។ នាងរស់ឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យរបស់អ្នកម្ដាយសព្វគ្រប់ទាំងអស់»។ នាងរស់ចេញទៅលានបោកបែនស្រូវ ហើយធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលម្ដាយក្មេកបានបង្គាប់។ លោកបូអូសពិសាម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត ទម្រេតខ្លួនសម្រាន្ដលក់នៅជិតគំនរកណ្ដាប់ស្រូវ។ នាងរស់ដើរលបៗចូលមក បើកភួយនៅចុងជើងរបស់គាត់ ហើយដេកត្រង់កន្លែងនោះទៅ។ នៅពាក់កណ្ដាលអធ្រាត្រ ដោយលោកបូអូសរងា គាត់ក៏ប្រែខ្លួន ហើយឃើញស្ត្រីម្នាក់ដេកនៅចុងជើងគាត់។ លោកបូអូសសួរថា៖ «នរណាហ្នឹង?»។ នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរស់ ជាអ្នកបម្រើរបស់លោកម្ចាស់។ សូមលោកម្ចាស់មេត្តាទទួលនាងខ្ញុំធ្វើជាភរិយាទៅ ដ្បិតលោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។ លោកបូអូសពោលថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬអ្នកក្រក្ដី មកធ្វើជាប្ដីទេ។ ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។ ខ្ញុំជាសាច់ញាតិដែលមានភារកិច្ចទទួលបន្ទុកថែរក្សានាងពិតមែន ក៏ប៉ុន្តែ នៅមានបុរសម្នាក់ ជាសាច់ញាតិនឹងនាង ជិតជាងខ្ញុំទៅទៀត។ យប់នេះ សូមនាងសម្រាកនៅទីនេះហើយ! ចាំព្រឹកស្អែក ខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យា ដោយយកព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ!»។ នាងរស់ដេកនៅចុងជើងលោកបូអូសរហូតដល់ព្រឹក ហើយនាងបានក្រោកពីព្រលឹមស្រាងៗ មុនពេលមើលគ្នាស្គាល់។ លោកបូអូសក៏មិនចង់ឲ្យនរណាម្នាក់ដឹងថា នាងបានចូលមកក្នុងលាននេះដែរ។ លោកមានប្រសាសន៍ថា៖ «ចូរដោះអាវធំរបស់នាង កាន់ឲ្យជាប់»។ នាងក៏ដោះអាវ ហើយលោកចាក់ស្រូវមួយតៅឲ្យនាង ព្រមទាំងជួយលើកដាក់ឲ្យនាងទូលទៀតផង។ នាងក៏ទូលស្រូវនោះចូលទៅក្នុងភូមិវិញ។ ពេលទៅដល់ផ្ទះ ម្ដាយក្មេកសួរថា៖ «យ៉ាងដូចម្ដេចទៅហើយកូន?»។ នាងរស់រៀបរាប់ប្រាប់ម្ដាយក្មេកនូវហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបូអូសបានប្រព្រឹត្តចំពោះនាង។ នាងបញ្ជាក់ថា៖ «លោកបានឲ្យស្រូវមួយតៅមកកូន ទាំងពោលថា នាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។ នាងណាអូមីនិយាយថា៖ «ចូរកូននៅរង់ចាំមើលសិន រហូតទាល់តែដឹងថាការនេះនឹងទៅជាយ៉ាងណា ដ្បិតលោកបូអូសនឹងមិននៅស្ងៀមទេ គឺគាត់នឹងគិតគូររហូតទាល់តែបានសម្រេចនៅថ្ងៃនេះជាពុំខាន»។
នាងរស់ 3:4-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់កាលណាលោកសំរាន្ត នោះត្រូវឲ្យឯងកំណត់ចំណាំកន្លែងរបស់លោក រួចចូលទៅបើកផួយពីខាងចុងជើងលោកចូលដេកទៅ នោះលោកនឹងប្រាប់ឲ្យឯងដឹងពីការដែលត្រូវធ្វើដូចម្តេច នាងក៏ជំរាបគាត់ថា ខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលអ្នកម្តាយមានប្រសាសន៍មកនោះ។ នាងក៏ចុះទៅឯទីលាន ធ្វើតាមគ្រប់ទាំងសេចក្ដីដែលម្តាយក្មេកបានបង្គាប់មក កាលបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្តាប់ស្រូវ រួចនាងលបចូលទៅ បើកផួយពីខាងចុងជើងលោកដេកទៅ លុះដល់ពេលកណ្តាលអធ្រាត្រ នោះលោកក៏នឹកខ្លាច ហើយភ្ងារប្រែខ្លួនមក ឃើញមានស្ត្រីម្នាក់ដេកនៅត្រង់ចុងជើងរបស់ខ្លួន លោកសួរថាអ្នកណានេះ នាងឆ្លើយថា ខ្ញុំឈ្មោះរស់ ជាបាវស្រីរបស់លោក សូមបណ្តោយផួយលោកមកដណ្តប់ឲ្យបាវស្រីផង ដ្បិតលោកជាអ្នកមានច្បាប់នឹងលោះបាន លោកតបថា នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ នាងបានសំដែងទឹកចិត្តដ៏សប្បុរស នៅជាន់ក្រោយនេះ វិសេសជាងមុនណាស់ ដោយនាងមិនបានទៅតាមកំឡោះៗ ទោះក្រ ឬមានផង ឥឡូវនេះ នាងអើយ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងធ្វើសំរេចឲ្យនាងតាមគ្រប់ទាំងសេចក្ដីដែលនាងនិយាយនេះ ដ្បិតមនុស្សទាំងអស់នៅទីក្រុងខ្ញុំនេះដឹងហើយថា នាងជាស្ត្រីល្អត្រឹមត្រូវណាស់ ឯខ្ញុំៗមានច្បាប់នឹងលោះមែន ប៉ុន្តែ មានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត ដូច្នេះ ចូរបង្អង់នៅយប់នេះសិន ចាំដល់ព្រឹកឡើង បើគេចង់សំរេចនឹងនាង តាមច្បាប់ជាសាច់ញាតិជិតដិតគ្នា នោះចូរឲ្យគេសំរេចចុះ តែបើអ្នកនោះមិនព្រមទេ នោះខ្ញុំនឹងសំរេចជាសាច់ញាតិជិតដិតនឹងនាងវិញ ខ្ញុំស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅដូច្នេះហើយ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ។ នាងក៏ដេកនៅត្រង់ចុងជើងលោក ទាល់តែព្រឹក រួចក្រោកឡើងមុនពេលដែលមើលគ្នាស្គាល់ ដ្បិតលោកបានហាមថា កុំឲ្យអ្នកណាដឹងថា មានស្ត្រីមកក្នុងទីលាននេះឲ្យសោះ រួចលោកប្រាប់ថា ចូរយកក្រមាដែលនាងបង់នោះ មកត្រដាងកាន់ទៅ នាងក៏ត្រដាង នោះលោកវាល់ស្រូវឱក៦រង្វាល់ ដាក់ឲ្យនាងទូល រួចនាងក៏ចូលទៅក្នុងទីក្រុងវិញ កាលបានមកដល់ម្តាយក្មេក នោះគាត់សួរថា តើឯងឬអី កូនអើយ នាងក៏រៀបរាប់ប្រាប់ពីគ្រប់ទាំងសេចក្ដី ដែលលោកបានប្រព្រឹត្តដល់នាង ហើយនាងនិយាយថា លោកឲ្យស្រូវឱកមកខ្ញុំ៦រង្វាល់នេះ ដោយពាក្យថា កុំឲ្យនាងត្រឡប់ទៅឯម្តាយក្មេកវិញដោយដៃទទេឡើយ ដូច្នេះន៉ាអូមីប្រាប់ថា កូនអើយ ចូរឯងនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិនឈប់ខានទេ ទាល់តែបានបង្ហើយការនោះជាស្រេច។