នាងរស់ 1:11-21
នាងរស់ 1:11-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
តែនាងណាអូមីប្រកែកថា៖ «កូនទាំងពីរត្រូវតែត្រឡប់ទៅវិញ ហេតុអ្វីបានជាកូនចង់ទៅជាមួយម្ដាយ? ម៉ែហួសអាយុនឹងមានកូនប្រុស ដែលអាចរៀបការជាមួយនាងហើយ។ ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយ មិនអាចមានប្ដីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថានឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះ ហើយបង្កើតបានកូនប្រុសៗ តើនាងអាចទ្រាំចាំរហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្ដីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ព្រះអម្ចាស់ងាកមកប្រឆាំងនឹងម៉ែ ធ្វើឲ្យវាសនារបស់ម៉ែ ល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។ ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្ដាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្ដាយក្មេក។ នាងណាអូមីនិយាយទៅកាន់នាងរស់ថា៖ «មើល៍! ប្អូនថ្លៃកូនបានវិលត្រឡប់ទៅរកជនជាតិរបស់នាង និងទៅបម្រើព្រះរបស់នាងវិញហើយ ចូរកូនទៅតាមប្អូនថ្លៃរបស់កូនចុះ!»។ ប៉ុន្តែ នាងរស់ឆ្លើយថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយធ្វើអ្វី! អ្នកម្ដាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្ដាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្ដាយជាជនជាតិរបស់កូន ហើយព្រះរបស់អ្នកម្ដាយក៏ជាព្រះរបស់កូនដែរ។ អ្នកម្ដាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្ដីស្លាប់ទេដែលអាចបំបែកកូនចេញពីអ្នកម្ដាយបាន បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។ ដោយឃើញថាកូនប្រសាប្ដេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។ ម្ដាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែន ឬមិនមែន?»។ នាងណាអូមីឆ្លើយថា៖ «កុំហៅខ្ញុំថា“ណាអូមី”ទៀត ត្រូវហៅខ្ញុំថា“ម៉ារ៉ា”វិញ ដ្បិតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យជីវិតខ្ញុំល្វីងជូរចត់ក្រៃលែង។ ខ្ញុំចាកចេញពីទីនេះទៅ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែ ព្រះអម្ចាស់បានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា “ណាអូមី” ទៀត ដ្បិតព្រះអម្ចាស់បានប្រឆាំងនឹងខ្ញុំ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យខ្ញុំរងទុក្ខលំបាក!»។
នាងរស់ 1:11-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ណាអូមីឃាត់ថា៖ «ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់ទៅតាមម្តាយ? តើម្តាយនៅមានកូនក្នុងពោះទៀត ដែលនឹងធ្វើជាប្តីដល់ឯងបានឬ? ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតម្តាយចាស់ហួសកំណត់នឹងយកប្តីហើយ ប្រសិនបើម្តាយនិយាយថា ម្តាយមានសង្ឃឹមហើយ បើម្តាយមានប្តីនៅយប់នេះ ហើយបង្កើតបានកូនប្រុស នោះតើកូននឹងនៅចាំទាល់តែវាធំឡើងឬ? បើយ៉ាងនោះ តើកូននឹងបង្អង់នៅឥតមានប្តីឬ? កុំអី កូនស្រីអើយ ម្តាយព្រួយចិត្តខ្លាំងណាស់ ដោយព្រោះកូន ព្រោះព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកទាស់នឹងម្តាយហើយ»។ នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់។ រួចគាត់និយាយទៅនាងរស់ថា៖ «មើល៍! ប្អូនថ្លៃឯងបានត្រឡប់ទៅរកសាសន៍ និងព្រះរបស់គេវិញហើយ ដូច្នេះ ចូរឲ្យកូនវិលទៅតាមប្អូនថ្លៃកូនចុះ»។ ប៉ុន្តែ នាងឆ្លើយថា៖ «សូមកុំបង្ខំឲ្យខ្ញុំទៅចោលអ្នកម្តាយឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយ នឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយ នឹងបានជាព្រះរបស់ខ្ញុំដែរ។ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។ ពេលណាអូមីឃើញថា នាងតាំងចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។ រួចទាំងពីរនាក់ក៏នាំគ្នាទៅដល់បេថ្លេហិម កាលបានចូលទៅក្នុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នាក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា៖ «តើនេះជាណាអូមីមែនឬ?» គាត់ឆ្លើយថា៖ «កុំហៅខ្ញុំថាណាអូមី ឡើយ ត្រូវហៅថាម៉ារ៉ា វិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ព្រះអង្គបានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់។ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំ ឲ្យត្រឡប់វិលមកដោយទទេ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ណាអូមី ជាអ្នកដែលព្រះយេហូវ៉ា បានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បានធ្វើទុក្ខខ្ញុំដូច្នេះ?»
នាងរស់ 1:11-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតអញចាស់ហួសកំណត់នឹងយកប្ដីហើយ បើសិនជាអញនិយាយថា អញមានសង្ឃឹមហើយ បើអញមានប្ដីនៅយប់នេះឯង ហើយនឹងបង្កើតបានកូនប្រុស នោះតើឯងនឹងនៅចាំទាល់តែវាធំឡើងឬអី បើយ៉ាងនោះ តើឯងនឹងបង្អង់នៅឥតមានប្ដីឬអី កុំឡើយ កូនស្រីអើយ អញមានចិត្តព្រួយជាខ្លាំង ដោយព្រោះឯង ពីព្រោះព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកទាស់នឹងអញហើយ នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់វិញ រួចគាត់និយាយទៅនាងរស់ថា មើល ប្អូនថ្លៃឯងបានត្រឡប់ទៅឯសាសន៍ ហើយនឹងព្រះរបស់វាវិញហើយ ដូច្នេះ ចូរឲ្យឯងវិលទៅតាមប្អូនថ្លៃឯងចុះ តែនាងឆ្លើយថា សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ នឹងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង បើសិនជាខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វី ក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ាប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង កាលគាត់ឃើញថា នាងផ្តាច់ចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។ រួចទាំង២នាក់ក៏នាំគ្នាទៅដល់ក្រុងបេថ្លេហិម កាលបានចូលទៅក្នុងក្រុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នា ក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា នេះតើជាន៉ាអូមីមែនឬអី គាត់ឆ្លើយថា កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ន៉ាអូមី ជាអ្នកដែលព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានធ្វើទុកខ្ញុំដូច្នេះ