នាងរស់ 1:1-21
នាងរស់ 1:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រាដែលពួកចៅហ្វាយកំពុងត្រួតត្រា កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះ មានបុរសម្នាក់ជាអ្នកនៅភូមិបេថ្លេហិម ស្រុកយូដា គាត់បាននាំទាំងប្រពន្ធ និងកូនប្រុសទាំងពីរនាក់ ទៅស្នាក់នៅស្រុកម៉ូអាប់។ បុរសនោះឈ្មោះអេលីម៉ាលេច ប្រពន្ធឈ្មោះណាអូមី ហើយកូនទាំងពីរ គឺម៉ាឡូន និងគីលីយ៉ុន សុទ្ធតែជាពួកអេប្រាតា ដែលនៅភូមិបេថ្លេហិម ស្រុកយូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំងទីលំនៅនៅស្រុកនោះ។ ឯអេលីម៉ាលេច ជាប្តីណាអូមី គាត់ស្លាប់ទៅ នៅសល់តែនាង និងកូនទាំងពីរនាក់ កូនទាំងពីរក៏យកប្រពន្ធ ពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាងមួយឈ្មោះអ័រប៉ា ហើយមួយទៀតឈ្មោះនាងរស់។ គេរស់នៅស្រុកនោះប្រហែលជាដប់ឆ្នាំ ហើយម៉ាឡូន និងគីលីយ៉ូនក៏ស្លាប់ទាំងពីរនាក់ទៅ នៅសល់តែណាអូមីម្នាក់ឯង បាត់កូនទាំងពីរ ទាំងប្តី។ ណាអូមី និងកូនប្រសាទាំងពីរក៏ប្រុងប្រៀប ដើម្បីចេញពីស្រុកម៉ូអាប់ត្រឡប់ទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាបានប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គមានអាហារ។ ដូច្នេះ គាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំងពីរ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅស្រុកយូដាវិញ។ គាត់និយាយទៅកូនប្រសាទាំងពីរថា៖ «ចូរកូនត្រឡប់ទៅរកផ្ទះម្តាយរៀងខ្លួនវិញចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់កូន ដូចជាកូនបានប្រព្រឹត្តនឹងខ្មោចប្តី ហើយនឹងម្តាយដែរ។ សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តា ឲ្យកូនបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្តីមួយទៀតរៀងខ្លួនចុះ» រួចគាត់ក៏ថើបនាងទាំងពីរ ហើយគេឡើងសំឡេងយំទាំងអស់គ្នា។ ប៉ុន្តែ នាងទាំងពីរប្រកែកថា៖ «ទេ យើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយអ្នកម្តាយដែរ»។ ប៉ុន្តែ ណាអូមីឃាត់ថា៖ «ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់ទៅតាមម្តាយ? តើម្តាយនៅមានកូនក្នុងពោះទៀត ដែលនឹងធ្វើជាប្តីដល់ឯងបានឬ? ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតម្តាយចាស់ហួសកំណត់នឹងយកប្តីហើយ ប្រសិនបើម្តាយនិយាយថា ម្តាយមានសង្ឃឹមហើយ បើម្តាយមានប្តីនៅយប់នេះ ហើយបង្កើតបានកូនប្រុស នោះតើកូននឹងនៅចាំទាល់តែវាធំឡើងឬ? បើយ៉ាងនោះ តើកូននឹងបង្អង់នៅឥតមានប្តីឬ? កុំអី កូនស្រីអើយ ម្តាយព្រួយចិត្តខ្លាំងណាស់ ដោយព្រោះកូន ព្រោះព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកទាស់នឹងម្តាយហើយ»។ នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់។ រួចគាត់និយាយទៅនាងរស់ថា៖ «មើល៍! ប្អូនថ្លៃឯងបានត្រឡប់ទៅរកសាសន៍ និងព្រះរបស់គេវិញហើយ ដូច្នេះ ចូរឲ្យកូនវិលទៅតាមប្អូនថ្លៃកូនចុះ»។ ប៉ុន្តែ នាងឆ្លើយថា៖ «សូមកុំបង្ខំឲ្យខ្ញុំទៅចោលអ្នកម្តាយឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយ នឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយ នឹងបានជាព្រះរបស់ខ្ញុំដែរ។ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង ប្រសិនបើខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វីក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ា ប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង»។ ពេលណាអូមីឃើញថា នាងតាំងចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។ រួចទាំងពីរនាក់ក៏នាំគ្នាទៅដល់បេថ្លេហិម កាលបានចូលទៅក្នុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នាក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា៖ «តើនេះជាណាអូមីមែនឬ?» គាត់ឆ្លើយថា៖ «កុំហៅខ្ញុំថាណាអូមី ឡើយ ត្រូវហៅថាម៉ារ៉ា វិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ព្រះអង្គបានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់។ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំ ឲ្យត្រឡប់វិលមកដោយទទេ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ណាអូមី ជាអ្នកដែលព្រះយេហូវ៉ា បានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តា បានធ្វើទុក្ខខ្ញុំដូច្នេះ?»
នាងរស់ 1:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅជំនាន់អស់លោកចៅហ្វាយ មានកើតទុរ្ភិក្សពេញក្នុងស្រុក។ ពេលនោះ មានបុរសម្នាក់នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា បាននាំភរិយា និងកូនប្រុសទាំងពីរនាក់ ចេញទៅរស់នៅក្នុងស្រុកម៉ូអាប់។ បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតា នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ ហើយក៏រស់នៅទីនោះ។ ក្រោយមក លោកអេលីម៉ាឡេកបានទទួលមរណភាព ទុកឲ្យនាងណាអូមីនៅជាមួយកូនប្រុសទាំងពីរ។ កូនទាំងពីរបានរៀបការជាមួយស្ត្រីសាសន៍ម៉ូអាប់ ម្នាក់ឈ្មោះអ៊រប៉ា និងម្នាក់ទៀតឈ្មោះរស់។ គេរស់នៅក្នុងស្រុកនោះអស់រយៈពេលប្រហែលដប់ឆ្នាំ។ បន្ទាប់មក ម៉ាឡូន និងគីលីយ៉ូន ក៏ស្លាប់ទៅដែរ ទុកនាងណាអូមីជាម្ដាយឲ្យនៅតែម្នាក់ឯង បាត់ទាំងប្ដីបាត់ទាំងកូន។ នៅស្រុកម៉ូអាប់ នាងណាអូមីបានឮគេនិយាយថា ព្រះអម្ចាស់ប្រោសប្រណីដល់ប្រជាជនព្រះអង្គ ដោយប្រទានឲ្យពួកគេមានអាហារបរិភោគគ្រប់គ្រាន់។ នាងក៏រៀបចំខ្លួនចាកចេញពីស្រុកម៉ូអាប់ជាមួយកូនប្រសាស្រីទាំងពីរនាក់។ នាងណាអូមី និងកូនប្រសាទាំងពីរ នាំគ្នាចេញដំណើរពីស្រុកដែលនាងធ្លាប់រស់នៅ វិលត្រឡប់មកស្រុកយូដាវិញ។ ពេលនោះ នាងណាអូមីពោលទៅកាន់កូនប្រសាស្រីទាំងពីរថា៖ «ចូរកូនត្រឡប់ទៅនៅជាមួយម្ដាយរៀងៗខ្លួនវិញទៅ! សូមព្រះអម្ចាស់សម្តែងព្រះហឫទ័យសប្បុរសចំពោះនាង ដូចនាងធ្លាប់មានចិត្តសប្បុរសចំពោះកូនខ្ញុំដែលបានស្លាប់ទៅហើយ និងចំពោះរូបខ្ញុំដែរ។ សូមព្រះអម្ចាស់ប្រទានឲ្យនាងទាំងពីរបានប្ដីថ្មី និងមានសុភមង្គលក្នុងគ្រួសាររៀងៗខ្លួនផង»។ បន្ទាប់មក នាងណាអូមីថើបលាកូនប្រសាទាំងពីរនាក់ ហើយគេទ្រហោយំទាំងអស់គ្នា។ កូនប្រសាទាំងពីរពោលទៅម្ដាយក្មេកវិញថា៖ «ទេ! យើងខ្ញុំទៅជាមួយអ្នកម្ដាយ ជាមួយជនជាតិរបស់អ្នកម្ដាយដែរ»។ តែនាងណាអូមីប្រកែកថា៖ «កូនទាំងពីរត្រូវតែត្រឡប់ទៅវិញ ហេតុអ្វីបានជាកូនចង់ទៅជាមួយម្ដាយ? ម៉ែហួសអាយុនឹងមានកូនប្រុស ដែលអាចរៀបការជាមួយនាងហើយ។ ចូរត្រឡប់ទៅវិញចុះ! ម៉ែចាស់ណាស់ហើយ មិនអាចមានប្ដីទៀតទេ។ បើសិនជាម៉ែមានសង្ឃឹមថានឹងបានរួមរស់ជាមួយបុរសណាម្នាក់ នៅយប់នេះ ហើយបង្កើតបានកូនប្រុសៗ តើនាងអាចទ្រាំចាំរហូតដល់កូននោះពេញវ័យបានឬ? តើសុខចិត្តរស់នៅដោយឥតមានប្ដីដូច្នេះឬ? ទេកូនអើយ ធ្វើដូច្នេះមិនកើតទេ!។ ព្រះអម្ចាស់ងាកមកប្រឆាំងនឹងម៉ែ ធ្វើឲ្យវាសនារបស់ម៉ែ ល្វីងជូរចត់ជាងវាសនាកូនទាំងពីរទៅទៀត»។ ពេលនោះ កូនប្រសាទាំងពីរនាក់ទ្រហោយំសាជាថ្មី។ នាងអ៊រប៉ាក៏ថើបលាម្ដាយក្មេកទៅ រីឯនាងរស់វិញ នាងសម្រេចចិត្តនៅជាមួយម្ដាយក្មេក។ នាងណាអូមីនិយាយទៅកាន់នាងរស់ថា៖ «មើល៍! ប្អូនថ្លៃកូនបានវិលត្រឡប់ទៅរកជនជាតិរបស់នាង និងទៅបម្រើព្រះរបស់នាងវិញហើយ ចូរកូនទៅតាមប្អូនថ្លៃរបស់កូនចុះ!»។ ប៉ុន្តែ នាងរស់ឆ្លើយថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយធ្វើអ្វី! អ្នកម្ដាយទៅទីណា កូនក៏ទៅទីនោះដែរ អ្នកម្ដាយស្នាក់នៅកន្លែងណា កូនក៏ស្នាក់នៅកន្លែងនោះដែរ។ ជនជាតិរបស់អ្នកម្ដាយជាជនជាតិរបស់កូន ហើយព្រះរបស់អ្នកម្ដាយក៏ជាព្រះរបស់កូនដែរ។ អ្នកម្ដាយស្លាប់កន្លែងណា កូនក៏ស្លាប់កន្លែងនោះដែរ ហើយគេនឹងបញ្ចុះសពកូននៅទីនោះ។ មានតែសេចក្ដីស្លាប់ទេដែលអាចបំបែកកូនចេញពីអ្នកម្ដាយបាន បើមិនពិតទេ សូមព្រះអម្ចាស់ដាក់ទោសមកលើរូបកូនចុះ!»។ ដោយឃើញថាកូនប្រសាប្ដេជ្ញាចិត្តទៅជាមួយដូច្នេះ នាងណាអូមីក៏នៅស្ងៀម។ ម្ដាយ និងកូនបានធ្វើដំណើរមកដល់ភូមិបេថ្លេហិម។ កាលអ្នកទាំងពីរមកដល់ភូមិនោះ អ្នកស្រុកទាំងអស់ក៏ភ្ញាក់ផ្អើល ហើយស្ត្រីៗនិយាយគ្នាថា៖ «អ្នកនេះជាណាអូមីមែន ឬមិនមែន?»។ នាងណាអូមីឆ្លើយថា៖ «កុំហៅខ្ញុំថា“ណាអូមី”ទៀត ត្រូវហៅខ្ញុំថា“ម៉ារ៉ា”វិញ ដ្បិតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យជីវិតខ្ញុំល្វីងជូរចត់ក្រៃលែង។ ខ្ញុំចាកចេញពីទីនេះទៅ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ប៉ុន្តែ ព្រះអម្ចាស់បានឲ្យខ្ញុំត្រឡប់មកវិញដោយដៃទទេ។ សូមកុំហៅខ្ញុំថា “ណាអូមី” ទៀត ដ្បិតព្រះអម្ចាស់បានប្រឆាំងនឹងខ្ញុំ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យខ្ញុំរងទុក្ខលំបាក!»។
នាងរស់ 1:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯនៅក្នុងគ្រា ដែលពួកចៅហ្វាយកំពុងកាន់កាប់ត្រួតត្រា នោះក៏កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះមានបុរសម្នាក់ជាអ្នកនៅក្រុងបេថ្លេហិម-យូដា គាត់បាននាំទាំងប្រពន្ធ នឹងកូនប្រុសទាំង២នាក់ ទៅស្នាក់នៅឯស្រុកម៉ូអាប់ មនុស្សនោះឈ្មោះអេលីម៉ាលេច ប្រពន្ធឈ្មោះន៉ាអូមី ឯកូនទាំង២ មួយឈ្មោះម៉ាឡូន ហើយ១ឈ្មោះគីលីយ៉ុន សុទ្ធតែជាពួកអេប្រាតា ដែលនៅក្រុងបេថ្លេហិម-យូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំងទីលំនៅនៅស្រុកនោះ ឯអេលីម៉ាលេច ជាប្ដីន៉ាអូមី គាត់ស្លាប់ទៅ នៅសល់តែនាង ហើយនឹងកូនទាំង២នាក់ កូនទាំង២ក៏យកប្រពន្ធពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាង១ឈ្មោះអ័រប៉ា ហើយ១ទៀតឈ្មោះនាងរស់ ម៉ាឡូន នឹងគីលីយ៉ុនក៏នៅស្រុកនោះប្រហែលជា១០ឆ្នាំ រួចគេស្លាប់ទៅទាំង២នាក់ នៅសល់តែន៉ាអូមីម្នាក់ឯង ឥតទាំងកូនទាំងប្ដីផង។ ន៉ាអូមី នឹងកូនប្រសាទាំង២ក៏ប្រុងប្រៀប ដើម្បីនឹងចេញពីស្រុកម៉ូអាប់ត្រឡប់វិលទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាទ្រង់បានយាងមកប្រោសប្រទានឲ្យរាស្ត្រទ្រង់មានអាហារ ដូច្នេះគាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំង២ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅឯស្រុកយូដាវិញ គាត់និយាយទៅកូនប្រសាទាំង២ថា ចូរឯងត្រឡប់ទៅឯផ្ទះម្តាយឯងវិញរៀងខ្លួនចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់ឯង ដូចជាឯងបានប្រព្រឹត្តនឹងខ្មោចប្ដីឯង ហើយនឹងអញដែរ សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តាឲ្យឯងបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្ដី១ទៀតរៀងខ្លួនចុះ រួចគាត់ក៏ថើបនាងទាំង២ ហើយគេឡើងសំឡេងយំទាំងអស់គ្នា តែនាងទាំង២ប្រកែកថា ទេយើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយនឹងអ្នកម្តាយដែរ នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតអញចាស់ហួសកំណត់នឹងយកប្ដីហើយ បើសិនជាអញនិយាយថា អញមានសង្ឃឹមហើយ បើអញមានប្ដីនៅយប់នេះឯង ហើយនឹងបង្កើតបានកូនប្រុស នោះតើឯងនឹងនៅចាំទាល់តែវាធំឡើងឬអី បើយ៉ាងនោះ តើឯងនឹងបង្អង់នៅឥតមានប្ដីឬអី កុំឡើយ កូនស្រីអើយ អញមានចិត្តព្រួយជាខ្លាំង ដោយព្រោះឯង ពីព្រោះព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកទាស់នឹងអញហើយ នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់វិញ រួចគាត់និយាយទៅនាងរស់ថា មើល ប្អូនថ្លៃឯងបានត្រឡប់ទៅឯសាសន៍ ហើយនឹងព្រះរបស់វាវិញហើយ ដូច្នេះ ចូរឲ្យឯងវិលទៅតាមប្អូនថ្លៃឯងចុះ តែនាងឆ្លើយថា សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ នឹងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង បើសិនជាខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វី ក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ាប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង កាលគាត់ឃើញថា នាងផ្តាច់ចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។ រួចទាំង២នាក់ក៏នាំគ្នាទៅដល់ក្រុងបេថ្លេហិម កាលបានចូលទៅក្នុងក្រុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នា ក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា នេះតើជាន៉ាអូមីមែនឬអី គាត់ឆ្លើយថា កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់ ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ន៉ាអូមី ជាអ្នកដែលព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានធ្វើទុកខ្ញុំដូច្នេះ