នាងរស់ 1:1-17

នាងរស់ 1:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​គ្រា​ដែល​ពួក​ចៅ‌ហ្វាយ​កំពុង​ត្រួត‌ត្រា កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ទៅ​ស្នាក់​នៅ​ស្រុក​ម៉ូអាប់។ បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ណា‌អូមី ហើយ​កូន​ទាំង​ពីរ គឺ​ម៉ាឡូន និង​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រា‌តា ដែល​នៅ​ភូមិ​បេថ្លេ‌ហិម ស្រុក​យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ។ ឯ​អេលី‌ម៉ាលេច ជា​ប្តី​ណា‌អូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង និង​កូន​ទាំង​ពីរ​នាក់ កូន​ទាំង​ពីរ​ក៏​យក​ប្រពន្ធ ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​មួយ​ឈ្មោះ​អ័រប៉ា ហើយ​មួយ​ទៀត​ឈ្មោះ​នាង​រស់។ គេ​រស់​នៅ​ស្រុក​នោះ​ប្រហែល​ជា​ដប់​ឆ្នាំ ហើ​យ​ម៉ាឡូន និង​គីលីយ៉ូន​ក៏​ស្លាប់​ទាំង​ពីរ​នាក់​ទៅ នៅ​សល់​តែ​ណា‌អូមី​ម្នាក់​ឯង បាត់​កូន​ទាំង​ពីរ ទាំង​ប្តី។ ណា‌អូមី និង​កូន​ប្រសា​ទាំង​ពីរ​ក៏​ប្រុង‌ប្រៀប ដើម្បី​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​ទៅ​វិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​បាន​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​មាន​អាហារ។ ដូច្នេះ គាត់​ក៏​ចេញ​ពី​លំនៅ​ខ្លួន នាំ​ទាំង​កូន​ប្រសា​ស្រី​ទាំង​ពីរ ដើរ​ទៅ​តាម​ផ្លូវ ដើម្បី​នឹង​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ។ គាត់​និយាយ​ទៅ​កូន​ប្រសា​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​រក​ផ្ទះ​ម្តាយ​រៀង​ខ្លួន​វិញ​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ផ្តល់​សេចក្ដី​សប្បុរស​ដល់​កូន ដូច​ជា​កូន​បាន​ប្រព្រឹត្ត​នឹង​ខ្មោច​ប្តី ហើយ​នឹង​ម្តាយ​ដែរ។ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រោស​មេត្តា ឲ្យ​កូន​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្តី​មួយ​ទៀត​រៀង​ខ្លួន​ចុះ» រួច​គាត់​ក៏​ថើប​នាង​ទាំង​ពីរ ហើយ​គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា។ ប៉ុន្តែ នាង​ទាំង​ពីរ​ប្រកែក​ថា៖ «ទេ យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្តាយ ជា​មួយ​អ្នក​ម្តាយ​ដែរ»។ ប៉ុន្តែ ណា‌អូមី​ឃាត់​ថា៖ «ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​តាម​ម្តាយ? តើ​ម្តាយ​នៅ​មាន​កូន​ក្នុង​ពោះ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្តី​ដល់​ឯង​បាន​ឬ? ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​ម្តាយ​ចាស់​ហួស​កំណត់​នឹង​យក​ប្តី​ហើយ ប្រសិន‌បើ​ម្តាយ​និយាយ​ថា ម្តាយ​មាន​សង្ឃឹម​ហើយ បើ​ម្តាយ​មាន​ប្តី​នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុស នោះ​តើ​កូន​នឹង​នៅ​ចាំ​ទាល់​តែ​វា​ធំ​ឡើង​ឬ? បើ​យ៉ាង​នោះ តើ​កូន​នឹង​បង្អង់​នៅ​ឥត​មាន​ប្តី​ឬ? កុំ​អី កូន​ស្រី​អើយ ម្តាយ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​ព្រោះ​កូន ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​លូក​មក​ទាស់​នឹង​ម្តាយ​ហើយ»។ នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាង​រស់​នៅ​ជាប់​នឹង​គាត់។ រួច​គាត់​និយាយ​ទៅ​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​ឯង​បាន​ត្រឡប់​ទៅ​រក​សាសន៍ និង​ព្រះ​របស់​គេ​វិញ​ហើយ ដូច្នេះ ចូរ​ឲ្យ​កូន​វិល​ទៅ​តាម​ប្អូន​ថ្លៃ​កូន​ចុះ»។ ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង ប្រសិន‌បើ​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី​ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។

ចែក​រំលែក
អាន នាងរស់ 1

នាងរស់ 1:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នៅ​ជំនាន់​អស់​លោក​ចៅហ្វាយ មាន​កើត​ទុរ្ភិក្ស​ពេញ​ក្នុង​ស្រុក។ ពេល​នោះ មាន​បុរស​ម្នាក់​នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា បាន​នាំ​ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​នាក់ ចេញ​ទៅ​រស់​នៅ​ក្នុង​ស្រុក​ម៉ូអាប់។ បុរស​នោះ​ឈ្មោះ​អេលី‌ម៉ាឡេក ភរិយា​របស់​គាត់​ឈ្មោះ​ណាអូមី ហើយ​កូន​គាត់​ទាំង​ពីរ​ឈ្មោះ​ម៉ាឡូន និង​គីលី‌យ៉ូន។ គ្រួសារ​នេះ​ជា​អ្នក​នៅ​ក្នុង​អំបូរ​អេប្រា‌តា នៅ​ភូមិ​បេថ្លេ‌ហិម ក្នុង​ស្រុក​យូដា។ គេ​បាន​ទៅ​ដល់​ស្រុក​ម៉ូអាប់ ហើយ​ក៏​រស់​នៅ​ទី​នោះ។ ក្រោយ​មក លោក​អេលី‌ម៉ាឡេក​បាន​ទទួល​មរណ‌ភាព ទុក​ឲ្យ​នាង​ណាអូមី​នៅ​ជា​មួយ​កូន​ប្រុស​ទាំង​ពីរ។ កូន​ទាំង​ពីរ​បាន​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ម៉ូអាប់ ម្នាក់​ឈ្មោះ​អ៊រប៉ា និង​ម្នាក់​ទៀត​ឈ្មោះ​រស់។ គេ​រស់​នៅ​ក្នុង​ស្រុក​នោះ​អស់​រយៈ​ពេល​ប្រហែល​ដប់​ឆ្នាំ។ បន្ទាប់​មក ម៉ាឡូន និង​គីលី‌យ៉ូន ក៏​ស្លាប់​ទៅ​ដែរ ទុក​នាង​ណាអូមី​ជា​ម្ដាយ​ឲ្យ​នៅ​តែ​ម្នាក់​ឯង បាត់​ទាំង​ប្ដី​បាត់​ទាំង​កូន។ នៅ​ស្រុក​ម៉ូអាប់ នាង​ណាអូមី​បាន​ឮ​គេ​និយាយ​ថា ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ដល់​ប្រជា‌ជន​ព្រះអង្គ ដោយ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ នាង​ក៏​រៀបចំ​ខ្លួន​ចាក​ចេញ​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​កូន​ប្រសា​ស្រី​ទាំង​ពីរ​នាក់។ នាង​ណាអូមី និង​កូន​ប្រសា​ទាំង​ពីរ នាំ​គ្នា​ចេញ​ដំណើរ​ពី​ស្រុក​ដែល​នាង​ធ្លាប់​រស់​នៅ វិល​ត្រឡប់​មក​ស្រុក​យូដា​វិញ។ ពេល​នោះ នាង​ណាអូមី​ពោល​ទៅ​កាន់​កូន​ប្រសា​ស្រី​ទាំង​ពីរ​ថា៖ «ចូរ​កូន​ត្រឡប់​ទៅ​នៅ​ជា​មួយ​ម្ដាយ​រៀងៗ​ខ្លួន​វិញ​ទៅ! សូម​ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​នាង ដូច​នាង​ធ្លាប់​មាន​ចិត្ត​សប្បុរស​ចំពោះ​កូន​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​ហើយ និង​ចំពោះ​រូប​ខ្ញុំ​ដែរ។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​នាង​ទាំង​ពីរ​បាន​ប្ដី​ថ្មី និង​មាន​សុភមង្គល​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន​ផង»។ បន្ទាប់​មក នាង​ណាអូមី​ថើប​លា​កូន​ប្រសា​ទាំង​ពីរ​នាក់ ហើយ​គេ​ទ្រហោ​យំ​ទាំង​អស់​គ្នា។ កូន​ប្រសា​ទាំង​ពីរ​ពោល​ទៅ​ម្ដាយ​ក្មេក​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​ទៅ​ជា​មួយ​អ្នក​ម្ដាយ ជា​មួយ​ជន‌ជាតិ​របស់​អ្នក​ម្ដាយ​ដែរ»។ តែ​នាង​ណាអូមី​ប្រកែក​ថា៖ «កូន​ទាំង​ពីរ​ត្រូវ​តែ​ត្រឡប់​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​កូន​ចង់​ទៅ​ជា​មួយ​ម្ដាយ? ម៉ែ​ហួស​អាយុ​នឹង​មាន​កូន​ប្រុស ដែល​អាច​រៀបការ​ជា​មួយ​នាង​ហើយ។ ចូរ​ត្រឡប់​ទៅ​វិញ​ចុះ! ម៉ែ​ចាស់​ណាស់​ហើយ មិន​អាច​មាន​ប្ដី​ទៀត​ទេ។ បើ​សិន​ជា​ម៉ែ​មាន​សង្ឃឹម​ថា​នឹង​បាន​រួម​រស់​ជា​មួយ​បុរស​ណា​ម្នាក់ នៅ​យប់​នេះ ហើយ​បង្កើត​បាន​កូន​ប្រុសៗ តើ​នាង​អាច​ទ្រាំ​ចាំ​រហូត​ដល់​កូន​នោះ​ពេញ​វ័យ​បាន​ឬ? តើ​សុខ​ចិត្ត​រស់​នៅ​ដោយ​ឥត​មាន​ប្ដី​ដូច្នេះ​ឬ? ទេ​កូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។ ព្រះ‌អម្ចាស់​ងាក​មក​ប្រឆាំង​នឹង​ម៉ែ ធ្វើ​ឲ្យ​វាសនា​របស់​ម៉ែ ល្វីង​ជូរ​ចត់​ជាង​វាសនា​កូន​ទាំង​ពីរ​ទៅ​ទៀត»។ ពេល​នោះ កូន​ប្រសា​ទាំង​ពីរ​នាក់​ទ្រហោ​យំ​សា​ជា​ថ្មី។ នាង​អ៊រប៉ា​ក៏​ថើប​លា​ម្ដាយ​ក្មេក​ទៅ រីឯ​នាង​រស់​វិញ នាង​សម្រេច​ចិត្ត​នៅ​ជា​មួយ​ម្ដាយ​ក្មេក។ នាង​ណាអូមី​និយាយ​ទៅ​កាន់​នាង​រស់​ថា៖ «មើល៍! ប្អូន​ថ្លៃ​កូន​បាន​វិល​ត្រឡប់​ទៅ​រក​ជន‌ជាតិ​របស់​នាង និង​ទៅ​បម្រើ​ព្រះ​របស់​នាង​វិញ​ហើយ ចូរ​កូន​ទៅ​តាម​ប្អូន​ថ្លៃ​របស់​កូន​ចុះ!»។ ប៉ុន្តែ នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន​ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន‌ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន‌ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​ក៏​ជា​ព្រះ​របស់​កូន​ដែរ។ អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។

ចែក​រំលែក
អាន នាងរស់ 1

នាងរស់ 1:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ក្នុង​គ្រា ដែល​ពួក​ចៅហ្វាយ​កំពុង​កាន់‌កាប់​ត្រួត‌ត្រា នោះ​ក៏​កើត​មាន​អំណត់​អត់​នៅ​ក្នុង​ស្រុក ពេល​នោះ​មាន​បុរស​ម្នាក់​ជា​អ្នក​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គាត់​បាន​នាំ​ទាំង​ប្រពន្ធ នឹង​កូន​ប្រុស​ទាំង​២​នាក់ ទៅ​ស្នាក់​នៅ​ឯ​ស្រុក​ម៉ូអាប់ មនុស្ស​នោះ​ឈ្មោះ​អេលី‌ម៉ាលេច ប្រពន្ធ​ឈ្មោះ​ន៉ាអូមី ឯ​កូន​ទាំង​២ មួយ​ឈ្មោះ​ម៉ាឡូន ហើយ​១​ឈ្មោះ​គីលី‌យ៉ុន សុទ្ធ​តែ​ជា​ពួក​អេប្រាតា ដែល​នៅ​ក្រុង​បេថ្លេ‌ហិម-យូដា គេ​ក៏​ទៅ​ដល់​ស្រុក​ម៉ូអាប់ តាំង​ទី​លំនៅ​នៅ​ស្រុក​នោះ ឯ​អេលី‌ម៉ាលេច ជា​ប្ដី​ន៉ាអូមី គាត់​ស្លាប់​ទៅ នៅ​សល់​តែ​នាង ហើយ​នឹង​កូន​ទាំង​២​នាក់ កូន​ទាំង​២​ក៏​យក​ប្រពន្ធ​ពី​ពួក​ក្រមុំ​ស្រី​សាសន៍​ម៉ូអាប់​នោះ នាង​១​ឈ្មោះ​អ័រប៉ា ហើយ​១​ទៀត​ឈ្មោះ​នាង​រស់ ម៉ាឡូន នឹង​គីលី‌យ៉ុន​ក៏​នៅ​ស្រុក​នោះ​ប្រហែល​ជា​១០​ឆ្នាំ រួច​គេ​ស្លាប់​ទៅ​ទាំង​២​នាក់ នៅ​សល់​តែ​ន៉ាអូមី​ម្នាក់​ឯង ឥត​ទាំង​កូន​ទាំង​ប្ដី​ផង។ ន៉ាអូមី នឹង​កូន​ប្រសា​ទាំង​២​ក៏​ប្រុង‌ប្រៀប ដើម្បី​នឹង​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅ​វិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ ដូច្នេះ​គាត់​ក៏​ចេញ​ពី​លំនៅ​ខ្លួន នាំ​ទាំង​កូន​ប្រសា​ស្រី​ទាំង​២ ដើរ​ទៅ​តាម​ផ្លូវ ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ គាត់​និយាយ​ទៅ​កូន​ប្រសា​ទាំង​២​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ផ្ទះ​ម្តាយ​ឯង​វិញ​រៀង​ខ្លួន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នឹង​ខ្មោច​ប្ដី​ឯង ហើយ​នឹង​អញ​ដែរ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រោស​មេត្តា​ឲ្យ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​១​ទៀត​រៀង​ខ្លួន​ចុះ រួច​គាត់​ក៏​ថើប​នាង​ទាំង​២ ហើយ​គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា តែ​នាង​ទាំង​២​ប្រកែក​ថា ទេ​យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្តាយ ជា​មួយ​នឹង​អ្នក​ម្តាយ​ដែរ នោះ​ន៉ាអូមី​នាង​ឃាត់​ថា ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​តាម​អញ​ទៅ​ធ្វើ​អី តើ​នៅ​មាន​កូន​ក្នុង​ពោះ​អញ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្ដី​ដល់​ឯង​បាន​ឬ​អី ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​អញ​ចាស់​ហួស​កំណត់​នឹង​យក​ប្ដី​ហើយ បើ​សិន​ជា​អញ​និយាយ​ថា អញ​មាន​សង្ឃឹម​ហើយ បើ​អញ​មាន​ប្ដី​នៅ​យប់​នេះ​ឯង ហើយ​នឹង​បង្កើត​បាន​កូន​ប្រុស នោះ​តើ​ឯង​នឹង​នៅ​ចាំ​ទាល់​តែ​វា​ធំ​ឡើង​ឬ​អី បើ​យ៉ាង​នោះ តើ​ឯង​នឹង​បង្អង់​នៅ​ឥត​មាន​ប្ដី​ឬ​អី កុំ​ឡើយ កូន​ស្រី​អើយ អញ​មាន​ចិត្ត​ព្រួយ​ជា​ខ្លាំង ដោយ​ព្រោះ​ឯង ពី​ព្រោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​លូក​មក​ទាស់​នឹង​អញ​ហើយ នោះ​គេ​ក៏​ឡើង​សំឡេង​យំ​ម្តង​ទៀត រួច​អ័រប៉ា​នាង​ថើប​លា​ម្តាយ​ទៅ តែ​នាង​រស់​នៅ​ជាប់​នឹង​គាត់​វិញ រួច​គាត់​និយាយ​ទៅ​នាង​រស់​ថា មើល ប្អូន​ថ្លៃ​ឯង​បាន​ត្រឡប់​ទៅ​ឯ​សាសន៍ ហើយ​នឹង​ព្រះ​របស់​វា​វិញ​ហើយ ដូច្នេះ ចូរ​ឲ្យ​ឯង​វិល​ទៅ​តាម​ប្អូន​ថ្លៃ​ឯង​ចុះ តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ នឹង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង បើ​សិន​ជា​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង

ចែក​រំលែក
អាន នាងរស់ 1