រ៉ូម 9:1-33

រ៉ូម 9:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​និយាយ​សេចក្ដី​ពិត ដោយ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ខ្ញុំ​មិន​កុហក​ទេ គឺ​ខ្ញុំ​និយាយ​ដោយ​មាន​មន‌សិការ​របស់​ខ្ញុំ​ផ្ទាល់ ជា​សាក្សី និង​ដោយ​មាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​បំភ្លឺ​ថា ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ជានិច្ច​ផង ដ្បិត​ខ្ញុំ​បន់​ឲ្យ​តែ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្ដាសា បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ព្រោះ​តែ​បងប្អូន និង​ញាតិ‌សន្ដាន ដែល​ជា​សាច់​សា​លោហិត​របស់​ខ្ញុំ​ផ្ទាល់ គឺ​សាសន៍​អ៊ីស្រា‌អែល។ ព្រះ‌ជា‌ម្ចាស់​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ​របស់​ព្រះអង្គ ពួក​គេ​មាន​សិរី‌រុងរឿង មាន​សម្ពន្ធ‌មេត្រី*​នានា មាន​គម្ពីរ‌វិន័យ* ស្គាល់​របៀប​គោរព​បម្រើ​ព្រះអង្គ ទទួល​ព្រះ‌បន្ទូល​សន្យា​ផ្សេងៗ មាន​បុព្វបុរស ហើយ​ព្រះ‌គ្រិស្ត​ក៏​កើត​មក​ជា​មនុស្ស​ក្នុង​ពូជ‌ពង្ស​របស់​ពួក​គេ​ថែម​ទៀត​ផង ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើ​អ្វីៗ​ទាំង​អស់ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច អាម៉ែន! ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់​បែរ​ទៅ​ជា​អសារ​ឥត​ការ​នោះ​ទេ ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​ពូជ‌ពង្ស​លោក​អ៊ីស្រា‌អែល​ មិន​មែន​សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​ប្រាកដ​ឡើយ ហើយ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ ក៏​មិន​មែន​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​អប្រាហាំ​ទាំង​អស់​គ្នា​ដែរ ដូច​មាន​ថ្លែង​ទុក​មក​ថា «មាន​តែ​កូន​ចៅ​អ៊ីសាក​ប៉ុណ្ណោះ ដែល​មាន​ឈ្មោះ​ថា​ជា​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​មិន​មែន​កូន​ចៅ​ដែល​កើត​មក​តាម​សាច់​ឈាម​ធម្មតា​នោះ​ទេ ដែល​ត្រូវ​រាប់​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់ មាន​តែ​កូន​ចៅ​ដែល​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ប៉ុណ្ណោះ ទើប​រាប់​ជា​ពូជ‌ពង្ស​បាន ដ្បិត​ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ថា «ឆ្នាំ​ក្រោយ យើង​នឹង​មក​ក្នុង​ពេល​ដដែល​នេះ ហើយ​នាង​សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ» ។ មិន​តែ​ប៉ុណ្ណោះ​សោត នាង​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​បុរស​តែ​មួយ គឺ​លោក​អ៊ីសាក​ជា​បុព្វបុរស​របស់​យើង។ ព្រះ‌ជា‌ម្ចាស់​មាន​គម្រោង‌ការ​ជ្រើស​រើស​មនុស្ស ដោយ​មិន​គិត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ទេ គឺ​ជ្រើស​រើស​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែល​ត្រាស់​ហៅ។ ដើម្បី​ឲ្យ​បាន​ស្រប​តាម​គម្រោង‌ការ​នេះ នៅ​ពេល​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ ពុំ​ទាន់​បាន​ប្រព្រឹត្ត​អំពើ​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ផង​នោះ ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​នាង​រេបិកា​ថា «កូន​ច្បង​នឹង​បម្រើ​កូន​ប្អូន» ដូច​មាន​ចែង​ទុក​មក​ថា «យើង​ស្រឡាញ់​យ៉ាកុប​ជាង​អេសាវ» ។ ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? តើ​ព្រះ‌ជា‌ម្ចាស់​អយុត្ដិ‌ធម៌​ឬ? ទេ មិន​មែន​ទេ! ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​ម៉ូសេ​ថា: «យើង​នឹង​មាន​ចិត្ត​មេត្តា‌ករុណា​ដល់​នរណា ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​ក៏​នឹង​អាណិត​អាសូរ​នរណា ដែល​យើង​អាណិត​អាសូរ​ដែរ» ។ ដូច្នេះ មិន​មែន​ស្រេច​តាម​តែ​បំណង​ចិត្ត ឬ​ការ​ខំ​ប្រឹង‌ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​តាម​តែ​ព្រះ‌ជា‌ម្ចាស់ ដែល​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​នោះ​វិញ ដ្បិត​ក្នុង​គម្ពីរ ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ដេច​ផារ៉ោន​ថា «យើង​បាន​តាំង​អ្នក​ជា​ស្ដេច ដើម្បី​បង្ហាញ​ឫទ្ធា‌នុភាព​របស់​យើង​តាម​រយៈ​អ្នក ​ និង​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល» ។ ដូច្នេះ ព្រះអង្គ​មេត្តា‌ករុណា​ដល់​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ឲ្យ​ចិត្ត​នរណា​ទៅ​ជា​រឹង‌រូស​ក៏​បាន ស្រេច​តែ​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ដែរ។ អ្នក​ប្រហែល​ជា​សួរ​ខ្ញុំ​ថា «បើ​ដូច្នេះ ម្ដេច​ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​បន្ទោស​មនុស្ស​ទៀត? តើ​មាន​នរណា​អាច​ប្រឆាំង​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ?»។ ឱ​មនុស្ស​អើយ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​ជជែក​តវ៉ា​នឹង​ព្រះ‌ជា‌ម្ចាស់​បែប​នេះ? តើ​ដី​ឥដ្ឋ​មាន​ដែល​និយាយ​ទៅ​កាន់​ជាង​ស្មូន​ថា «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​យ៉ាង​នេះ»ដែរ​ឬ​ទេ? ។ ជាង​ស្មូន​យក​ដី​ទៅ​សូន​ធ្វើ​អ្វី​ក៏​បាន គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃ‌ថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។ រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​បង្ហាញ​ព្រះ‌ពិរោធ និង​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។ ដូច្នេះ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​យ៉ាង​ខ្លាំង ព្រះអង្គ​ស៊ូ​ទ្រាំ​នឹង​អស់​អ្នក​ដែល​ត្រូវ​រង​ព្រះ‌ពិរោធ​ ហើយ​ត្រូវ​វិនាស​អន្តរាយ។ ព្រះអង្គ​ក៏​ចង់​បង្ហាញ​សិរី‌រុងរឿង​ដ៏​ប្រសើរ​លើស‌លុប​របស់​ព្រះអង្គ ចំពោះ​អស់​អ្នក​ដែល​ព្រះអង្គ​មេត្តា‌ករុណា​ដែរ​ ជា​អ្នក​ដែល​ព្រះអង្គ​បាន​តម្រូវ​ទុក​ជា​មុន​ឲ្យ​ទទួល​សិរី‌រុងរឿង ពោល​គឺ​យើង​ទាំង​អស់​គ្នា​ដែល​ព្រះអង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​ក្នុង​ចំណោម​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ គឺ​ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ដទៃ​ថែម​ទៀត​ផង ដូច​មាន​ថ្លែង​ទុក​ក្នុង​គម្ពីរ​ព្យាការី*​ហូសេ​ថា: «អ្នក​ដែល​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​នឹង​ហៅ​គេ​ថា​ជា​ប្រជា‌រាស្ត្រ​របស់​យើង រីឯ​ជាតិ​សាសន៍​ដែល​យើង​មិន​បាន​ស្រឡាញ់ យើង​នឹង​ហៅ​គេ​ថា​ជា​ជាតិ​សាសន៍ ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ហើយ​ត្រង់​ណា​ដែល​មាន​ពោល​ទៅ អ្នក​ទាំង​នោះ​ថា “អ្នក​រាល់​គ្នា​មិន​មែន​ជា ប្រជា‌រាស្ដ្រ​របស់​យើង​ទេ!” ត្រង់​នោះ គេ​នឹង​មាន​ឈ្មោះ​ថា​ជា​បុត្រ របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់» ​ ។ រីឯ​ព្យាការី​អេសាយ​វិញ លោក​បាន​ប្រកាស​អំពី​សាសន៍​អ៊ីស្រា‌អែល​ថា: ទោះ​បី​សាសន៍​អ៊ីស្រា‌អែល​បាន​កើន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ​ហើយ​ក៏​ដោយ មាន​តែ​មួយ​ចំនួន​តូច សល់​ពី​ស្លាប់​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ការ​សង្គ្រោះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ‌បន្ទូល របស់​ព្រះអង្គ​គ្រប់​ប្រការ​ទាំង​អស់ យ៉ាង​ឆាប់ៗ​នៅ​ផែនដី​នេះ ។ មួយ​វិញ​ទៀត ព្យាការី​អេសាយ​ក៏​បាន​ថ្លែង​ទុក​ជា​មុន​មក​ថា: ប្រសិន​បើ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ​ មិន​បាន​ទុក​កូន​ចៅ​យើង​មួយ​ចំនួន ឲ្យ​នៅ​សល់​ទេ នោះ​យើង​នឹង​វិនាស​ទៅ​ដូច​ជា​អ្នក​ក្រុង​សូដុម ហើយ​យើង​ក៏​ប្រៀប​បី​ដូច​ជា​អ្នក​ក្រុង កូម៉ូរ៉ា​ដែរ ​ ។ ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? សាសន៍​ដទៃ​ដែល​ពុំ​បាន​ស្វះ‌ស្វែង​រក​សេចក្ដី​សុចរិត បែរ​ជា​បាន​ទទួល​សេចក្ដី​សុចរិត​ទៅ​វិញ គឺ​សេចក្ដី​សុចរិត​មក​ពី​ជំនឿ។ រីឯ​សាសន៍​អ៊ីស្រា‌អែល គេ​ខំ​ប្រឹង​ធ្វើ​តាម​ក្រឹត្យ‌វិន័យ*​ដែល​ផ្ដល់​សេចក្ដី​សុចរិត តែ​ពួក​គេ​ពុំ​បាន​សុចរិត​តាម​ក្រឹត្យ‌វិន័យ​នោះ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? គឺ​មក​ពី​ពួក​គេ​ពឹង​លើ​ការ​ប្រព្រឹត្ត​តាម​វិន័យ មិន​ពឹង​លើ​ជំនឿ​ទេ។ ពួក​គេ​ជំពប់​ដួល​នឹង «ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់» ដូច​មាន​ចែង​ទុក​មក​ថា: យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ អ្នក​ណា​ជឿ​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ ​ ។

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​និយាយ​សេចក្តី​ពិត​ក្នុង​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​កុហក​ទេ មន​សិកា​របស់​ខ្ញុំ​ធ្វើ​បន្ទាល់​ជា​មួយ​ខ្ញុំ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ថា ខ្ញុំ​មាន​ទុក្ខ​ព្រួយ​ជា​ខ្លាំង ហើយ​ឈឺ​ចាប់​នៅ​ក្នុង​ចិត្ត​ជា‌និច្ច។ ដ្បិត​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​ខ្លួន​ខ្ញុំ​ត្រូវ​បណ្តាសា ហើយ​កាត់​ចេញ​ពី​ព្រះ​គ្រីស្ទ ជំនួស​បង‌ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​សាច់​ឈាម គឺ​សាសន៍​អ៊ីស្រា‌អែល ព្រះ​បាន​រើស​គេ​ធ្វើ​ជា​កូន គេ​មាន​សិរី‌ល្អ មាន​សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យ‌វិន័យ របៀប​ថ្វាយ​បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ខ្លួន គេ​មាន​ពួក​បុព្វបុរស ហើយ​ព្រះ‌គ្រីស្ទ​បាន​កើត​ពី​ពួក​គេ​ខាង​សាច់​ឈាម។ សូម​ឲ្យ​ព្រះ​ដែល​ខ្ពស់​លើស​ទាំង​អស់ មាន​ព្រះ​ពរ​អស់​កល្ប​ជា‌និច្ច។ អាម៉ែន។ ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ព្រះ‌បន្ទូល​របស់​ព្រះ​មិន​បាន​សម្រេច​នោះ​ទេ ដ្បិត​មិន​មែន​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​ប្រាកដ​ឡើយ ហើយ​ក៏​មិន​មែន​កូន​លោក​អ័ប្រា‌ហាំ​ទាំង​អស់ សុទ្ធ​តែ​ជា​ពូជ​ពង្ស​ពិត​ប្រាកដ​របស់​លោក​ដែរ តែ​មាន​សេចក្តី​ចែង​ទុក​មក​ថា «អស់​អ្នក​ដែល​មាន​ឈ្មោះ​ជា​ពូជ​ពង្ស​របស់​អ្នក នឹង​រាប់​ពី​អ៊ីសាក» ។ នេះ​មាន​ន័យ​ថា មិនមែន​កូន​ដែល​កើត​ពី​សាច់​ឈាម​ទេ ដែល​ជា​កូន​របស់​ព្រះ គឺ​កូន​ដែល​កើត​ពី​សេចក្តី​សន្យា​វិញ ទើប​រាប់​ជា​ពូជ​ពង្ស។ ដ្បិត​ព្រះ​បាន​សន្យា​ដូច្នេះ​ថា៖ «យើង​នឹង​មក​វិញ​ក្នុង​ពេល​ដដែល​នេះ ហើយ​សារ៉ា​នឹង​មាន​កូន» ។ មិន​តែ​ប៉ុណ្ណោះ​សោត នាង​រេបិ‌កា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​បុរស​តែ​មួយ​ដូច្នោះ​ដែរ គឺ​លោក​អ៊ីសាក ជា​បុព្វបុរស​របស់​យើង ទោះ​ជា​កូន​ទាំង​ពីរ​មិន​ទាន់​កើត ហើយ​មិន​ទាន់​បាន​ធ្វើ​អ្វី​ល្អ ឬ​អាក្រក់​នៅ​ឡើយ​ក៏​ដោយ (ដើម្បី​ឲ្យ​គម្រោង​ការ​ជ្រើស​រើស​របស់​ព្រះ​បាន​ជាប់​នៅ មិន​មែន​ដោយ​ការ​ប្រព្រឹត្ត គឺ​ដោយ​សារ​ការ​ត្រាស់​ហៅ​របស់​ព្រះ‌អង្គ) ដ្បិត​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​នាង​ថា៖ «កូន​ច្បង​នឹង​ត្រូវ​បម្រើ​កូន​ប្អូន» ។ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «យើង​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ» ។ ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? តើ​ព្រះ​អយុត្តិធម៌​ឬ? មិន​មែន​ដូច្នោះ​ទេ! ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​លោក​ម៉ូសេ​ថា៖ «យើង​នឹង​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​យើង​មេត្តា‌ករុណា ហើយ​យើង​នឹង​ក្តួល​អាណិត ដល់​អ្នក​ណា​ដែល​យើង​ក្តួល​អាណិត» ។ ដូច្នេះ មិន​មែន​ស្រេច​លើ​បំណង ឬ​ការ​ខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​លើ​ព្រះ ដែល​ទ្រង់​មេត្តា‌ករុណា​វិញ។ ដ្បិត​មាន​បទ​គម្ពីរ​ថ្លែង​ទៅ​កាន់​ផារ៉ោន​ថា៖ «យើង​បាន​តាំង​អ្នក​ឡើង​សម្រាប់​ការ​នេះ​ឯង គឺ​ដើម្បី​បង្ហាញ​ចេស្ដា​របស់​យើង​តាម​រយៈ​អ្នក ដើម្បី​ឲ្យ​កិត្តិនាម​របស់​យើង​បាន​ឮ​ខ្ចរខ្ចាយ​ពាស​ពេញ​ផែនដី​ទាំង​មូល» ។ ដូច្នេះ ព្រះ‌អង្គ​មេត្តា‌ករុណា​ដល់​អ្នក​ណា​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ណា​មាន​ចិត្ត​រឹង​ទទឹង ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែរ។ ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នៅ​តែ​ប្រកាន់​ទោស​ទៀត? ដ្បិត​តើ​អ្នក​ណា​អាច​តតាំង​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​បាន?» ប៉ុន្តែ ឱ​មនុស្ស​អើយ! តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ? តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន និយាយ​ទៅ​ជាង​ស្មូន​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​រូប​រាង​ដូច្នេះ» ដែរ​ឬ? តើ​ជាង​ស្មូន​គ្មាន​សិទ្ធិ​លើ​ដី​ឥដ្ឋ ដើម្បី​យក​ដុំ​ដី​ដដែល​ទៅ​សូន មួយ​ធ្វើ​ជា​វត្ថុ​ថ្លៃ​ថ្នូរ ហើយ​មួយ​ទៀត​ជា​វត្ថុ​ធម្មតា​ទេ​ឬ? ចុះ​បើ​ព្រះ​ចង់​បង្ហាញ​សេចក្តី‌ក្រោធ ហើយ​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្ដី​ក្រោធ ដែល​រៀប​ចំ​ឡើង​សម្រាប់​បំផ្លាញ តែ​ទ្រង់​បាន​អត់​ធ្មត់​ជា​ខ្លាំង ហើយ​ចុះ​បើ​ព្រះ‌អង្គ​ចង់​សម្ដែង​សិរី​ល្អ​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ចំពោះ​វត្ថុ​ដែល​គួរ​ទទួល​សេចក្តី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀប​ចំ​ជា​មុន​សម្រាប់​សិរី​ល្អ គឺ​យើង​រាល់​គ្នា​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ មិន​ត្រឹម​តែ​ពី​សាសន៍​យូដា​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ថែម​ទៀត​ផង នោះ​តើ​ដូច​ម្តេច​ទៅ​វិញ? ដូច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ក្នុង​គម្ពីរ​ហូសេ​ថា៖ «យើង​នឹង​ហៅ​អស់​អ្នក​ដែល​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង ថា​ជា​ប្រជា​រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ហៅ​សាសន៍​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា ឯ​ត្រង់​កន្លែង​ណា​ដែល​បាន​ពោល​ទៅ​គេ​ថា "អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា​រាស្ត្រ​របស់​យើង​ទេ" កន្លែង​នោះ​នឹង​ត្រូវ​បាន​គេ​ហៅ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​វិញ »។ ឯ​ហោរា​អេសាយ​ស្រែក​ប្រកាស​ពី​សាសន៍​អ៊ីស្រា‌អែល​ថា៖ «ទោះ​ជា​កូន​ចៅ​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ ក៏​មាន​តែ​អ្នក​នៅ​សល់​ប៉ុណ្ណោះ​ដែល​នឹង​បាន​សង្គ្រោះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​សម្រេច​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ​យ៉ាង​ឆាប់​នៅ​លើ​ផែនដី ឥត​បង្អង់​ឡើយ »។ ដូច​លោក​អេសាយ​បាន​ថ្លែង​ទុក​ជា​មុន​ថា៖ «ប្រសិន‌បើ​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ មិន​បាន​បន្សល់​ពូជ​ទុក​ឲ្យ​យើង​ទេ នោះ​យើង​នឹង​វិនាស​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ជា​ក្រុង​កូម៉ូ‌រ៉ា​មិន​ខាន» ។ ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? សាសន៍​ដទៃ​ដែល​មិន​បាន​ស្វះ​ស្វែង​រក​សេចក្តី​សុចរិត បាន​ទទួល​សេចក្តី​សុចរិត ជា​សេចក្តី​សុចរិត​ដោយ​សារ​ជំនឿ តែ​សាសន៍​អ៊ីស្រា‌អែល​វិញ ដែល​ស្វះ​ស្វែង​រក​សេចក្ដី​សុចរិត​ដោយ​អាង​ក្រឹត្យ​វិន័យ មិន​បាន​សម្រច​តាម​ក្រឹត្យ‌វិន័យ​ឡើយ។ ហេតុ​អ្វី? ព្រោះ​គេ​អាង​លើការ​ប្រព្រឹត្ត មិន​មែន​អាង​លើ​ជំនឿ។ គេ​បាន​ជំពប់​នឹង​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​នោះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ដែល​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល ជា​ថ្មដា​ដែល​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។

ចែក​រំលែក
អាន រ៉ូម 9

រ៉ូម 9:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​និយាយ​សេចក្ដី​ពិត ដោយ​នូវ​ព្រះ‌គ្រីស្ទ ខ្ញុំ​មិន​ភូត‌កុហក​ទេ បញ្ញា​ចិត្ត​ខ្ញុំ​ក៏​ធ្វើ​បន្ទាល់​ជា​មួយ​នឹង​ខ្ញុំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង ថា ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​សោក​ជា​ខ្លាំង នឹង​សេចក្ដី​ព្រួយ​លំបាក​ក្នុង​ចិត្ត​ជានិច្ច ដ្បិត​ខ្ញុំ​ស្ទើរ​តែ​នឹង​សូម​ឲ្យ​ព្រះ‌គ្រីស្ទ​ដាក់​បណ្តាសា​ខ្ញុំ​វិញ ជំនួស​បង​ប្អូន​ជា​ញាតិ​សន្តាន​របស់​ខ្ញុំ ខាង​ឯ​សាច់​ឈាម គឺ​ជា​សាសន៍​អ៊ីស្រាអែល ដែល​គេ​មាន​ការ​ចិញ្ចឹម​ជា​កូន​ព្រះ នឹង​សិរី‌ល្អ សេចក្ដី​សញ្ញា ការ​ប្រទាន​ក្រិត្យ‌វិន័យ របៀប​ថ្វាយ‌បង្គំ នឹង​សេចក្ដី​សន្យា​ជា​របស់​ផង​ខ្លួន ព្រម​ទាំង​ពួក​ឰយុកោ​ផង ហើយ​ព្រះ‌គ្រីស្ទ​ក៏​បាន​កើត​ពី​ពួក​គេ ខាង​ឯ​សាច់​ឈាម​ដែរ ដែល​ទ្រង់​ខ្ពស់​លើស​ទាំង​អស់ ជា​ព្រះ​ដ៏​មាន​ពរ​អស់​‌កល្ប​ជានិច្ច អាម៉ែន ប៉ុន្តែ មិន​មែន​ថា​ព្រះ‌បន្ទូល​ទច់​អាក់​នោះ​ទេ ដ្បិត​មិន​មែន​អស់​អ្នក​ដែល​កើត​ក្នុង​សាសន៍​អ៊ីស្រាអែល ជា​សាសន៍​អ៊ីស្រាអែល​ពិត​នោះ​ឡើយ ក៏​មិន​មែន​ជា​កូន​លោក​អ័ប្រា‌ហាំ​ទាំង​អស់​គ្នា ដោយ​ព្រោះ​តែ​ជា​ពូជ​លោក​នោះ​ដែរ តែ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​រាប់​ពី​អ៊ីសាក​មក» គឺ​ថា មិន​មែន​កូន​ខាង​សាច់​ឈាម ដែល​ជា​កូន​របស់​ព្រះ​នោះ​ទេ ឯ​កូន​ខាង​ឯ​សេចក្ដី​សន្យា នោះ​ទើប​បាន​រាប់​ជា​ពូជ​វិញ ដ្បិត​សេចក្ដី​សន្យា​នោះ គឺ​ជា​ព្រះ‌បន្ទូល​នេះ​ដែល​ថា «អញ​នឹង​មក​វិញ​តាម​កំណត់​នេះ នោះ​សារ៉ា​នឹង​មាន​កូន» មិន​តែ​ប៉ុណ្ណោះ​សោត រេបិកា​ក៏​មាន​ផ្ទៃ​ពោះ​នឹង​មនុស្ស​ម្នាក់​ដែរ គឺ​អ៊ីសាក ជា​ឰយុកោ​នៃ​យើង​រាល់​គ្នា គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ​ឬ​អាក្រក់​អ្វី នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​ប្រាប់​នាង​ថា «កូន​ច្បង​នឹង​ត្រូវ​បំរើ​ប្អូន» ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​បាន​ស្រឡាញ់​យ៉ាកុប តែ​ស្អប់​អេសាវ​វិញ» គឺ​ដើម្បី​ឲ្យ​ព្រះ‌ដំរិះ​របស់​ព្រះ ខាង​ឯ​សេចក្ដី​រើស​តាំង​បាន​ជាប់​នៅ មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ។ ដូច្នេះ យើង​នឹង​ថា​ដូច​ម្តេច តើ​ព្រះ​មាន​សេចក្ដី​ទុច្ចរិត​ឬ​អី ទេ គ្មាន​សោះ ដ្បិត​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ម៉ូសេ​ថា «អញ​នឹង​ផ្សាយ​សេចក្ដី​មេត្តា‌ករុណា ដល់​អ្នក​ណា​ដែល​អញ​មេត្តា‌ករុណា ក៏​នឹង​មាន​សេចក្ដី​ក្តួល​អាណិត ដល់​អ្នក​ណា​ដែល​អញ​ក្តួល​អាណិត» ដូច្នេះ មិន​សំរេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ ដែល​មាន​សេចក្ដី​មេត្តា‌ករុណា​វិញ ដ្បិត​មាន​បទ​គម្ពីរ​សំដែង​ដល់​ផារ៉ោន​ថា «អញ​បាន​តាំង​ឯង​ឡើង​សំរាប់​ការ​នេះ​ឯង គឺ​ដើម្បី​សំដែង​ឫទ្ធិ‌បារមី​អញ​ក្នុង​ខ្លួន​ឯង ប្រយោជន៍​ឲ្យ​គេ​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទួទៅ​ពេញ​លើ​ផែនដី» ដូច្នេះ ទ្រង់​តែង​ផ្សាយ​មេត្តា‌ករុណា ដល់​អ្នក​ណា​តាម​ព្រះ‌ហឫទ័យ ហើយ​ទ្រង់​ធ្វើ​ឲ្យ​អ្នក​ណា​រឹង‌ទទឹង​ក៏​តាម​តែ​ព្រះ‌ហឫទ័យ​ដែរ។ ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​តែ​បន្ទោស​ទៀត ដ្បិត​តើ​អ្នក​ណា​បាន​ទទឹង​នឹង​ព្រះ‌ហឫទ័យ​ទ្រង់ ប៉ុន្តែ ឱ​មនុស្ស​អើយ តើ​អ្នក​ជា​អ្វី ដែល​ហ៊ាន​ឆ្លើយ​ទាស់​នឹង​ព្រះ​ដូច្នេះ តើ​របស់​ដែល​ជាង​ស្មូន​បាន​សូន​ធ្វើ​ហើយ នឹង​និយាយ​ទៅ​ជាង​នោះ​ថា ហេតុ​អ្វី​បាន​ជា​សូន​ធ្វើ​អញ​ដូច្នេះ​ឬ​អី តើ​ជាង​ស្មូន​គ្មាន​អំណាច​លើ​ដី​ឥដ្ឋ នឹង​យក​ដុំ​ដី​ដដែល​ធ្វើ​ជា​វត្ថុ​១​សំរាប់​ការ​ដ៏​ប្រសើរ ហើយ​១​ទៀត​សំរាប់​ការ​មិន​ប្រសើរ​ទេ​ឬ​អី ចុះ​បើ​សិន​ជា​ព្រះ‌ទ្រង់​ចង់​សំដែង​សេចក្ដី​ក្រោធ ព្រម​ទាំង​បើក​ឲ្យ​ស្គាល់​ព្រះ‌ចេស្តា ដល់​គ្រឿង​ប្រដាប់​គួរ​នឹង​ក្រោធ ដែល​រៀបចំ​ឡើង​សំរាប់​តែ​ត្រូវ​បំផ្លាញ​ដូច្នេះ ដែល​ទ្រង់​ទ្រាំ‌ទ្រ​ដោយ​អំណត់​ជា​យូរ​មក​ហើយ ហើយ​បើ​ទ្រង់​ចង់​បើក​ឲ្យ​ពួក​គ្រឿង​ប្រដាប់ ដែល​គួរ​នឹង​សេចក្ដី​មេត្តា‌ករុណា ដែល​ទ្រង់​បាន​រៀបចំ​ជា​មុន បាន​ស្គាល់​សេចក្ដី​វិសេស​នៃ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​ទ្រង់​វិញ គឺ​យើង​រាល់​គ្នា​ដែល​ទ្រង់​បាន​ហៅ​មក មិន​មែន​ពី​សាសន៍​យូដា​តែ​ប៉ុណ្ណោះ គឺ​ពី​សាសន៍​ដទៃ​ផង នោះ​ធ្វើ​ដូច​ម្តេច​ទៅ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ហូសេ សំដែង​មក​ថា «អញ​នឹង​ហៅ​សាសន៍​នោះ ដែល​មិន​មែន​ជា​រាស្ត្រ​អញ ថា​ជា​រាស្ត្រ​អញ​វិញ ហើយ​អ្នក​នោះ​ដែល​មិន​មែន​ជា​ស្ងួន‌ភ្ងា ថា​ជា​ស្ងួន‌ភ្ងា​ដែរ» ដូច្នេះ នៅ​កន្លែង​ដែល​បាន​សំដែង​ថា «ឯង​រាល់​គ្នា​មិន​មែន​ជា​រាស្ត្រ​អញ​ទេ» ត្រង់​កន្លែង​នោះ​ឯង​នឹង​ហៅ​គេ​ថា ជា​កូន​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​វិញ ឯ​ហោរា​អេសាយ លោក​ក៏​បន្លឺ​ឡើង ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «ទោះ​បើ​ជន‌ជាតិ​អ៊ីស្រាអែល​មាន​ចំនួន​ច្រើន ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ​ក៏​ដោយ គង់​តែ​នឹង​បាន​សង្គ្រោះ​តែ​សំណល់​ដែល​សល់​ទេ ដ្បិត​ការ​នោះ​កំពុង​តែ​បង្ហើយ ហើយ​បង្រួម​ជា​ខ្លី ដោយ​សេចក្ដី​សុចរិត ពី​ព្រោះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​កាត់​ការ​នោះ​យ៉ាង​ខ្លី នៅ​លើ​ផែនដី» ដូច​ជា​លោក​អេសាយ​បាន​ទាយ​ទុក​មក​អំពី​មុន​ថា «បើ​សិន​ណា​ជា​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មិន​បាន​ទុក​ពូជ​ឲ្យ​យើង នោះ​យើង​នឹង​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម ហើយ​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ»។ ដូច្នេះ តើ​យើង​នឹង​ថា​ដូច​ម្តេច គឺ​ត្រូវ​ថា សាសន៍​ដទៃ ដែល​មិន​ដេញ​តាម​សេចក្ដី​សុចរិត នោះ​បាន​ទាន់​សេចក្ដី​សុចរិត​នោះ​ហើយ គឺ​ជា​សេចក្ដី​សុចរិត ដែល​មក​ដោយ‌សារ​សេចក្ដី​ជំនឿ តែ​ឯ​សាសន៍​អ៊ីស្រាអែល​វិញ ដែល​គេ​ដេញ​តាម​ក្រិត្យ‌វិន័យ​ដ៏​សុចរិត នោះ​គេ​មិន​បាន​ទាន់​ក្រិត្យ‌វិន័យ​ដ៏​សុចរិត​ទេ តើ​ដោយ​ហេតុ​អ្វី គឺ​ដោយ​ព្រោះ​តែ​គេ​រក ដោយ​អាង​ការ​គេ​ប្រព្រឹត្ត មិន​មែន​ដោយ​សេចក្ដី​ជំនឿ​ទេ ដ្បិត​គេ​បាន​ជំពប់​នឹង​ថ្ម​ជំពប់​នោះ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ដាក់​ថ្ម​ជំពប់​១ គឺ​ជា​ថ្មដា​បង្អាក់‌បង្អន់​ចិត្ត នៅ​ក្រុង​ស៊ីយ៉ូន អស់​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»។

ចែក​រំលែក
អាន រ៉ូម 9