រ៉ូម 5:18-21

រ៉ូម 5:18-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដូច​ដែល​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ទោស​យ៉ាង​ណា នោះ​អំពើ​សុចរិត​របស់​មនុស្ស​ម្នាក់ ក៏​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សុចរិត និង​បាន​ជីវិត​យ៉ាង​នោះ​ដែរ។ ដ្បិត ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ការ​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​នោះ​ដែរ។ ក្រឹត្យ‌វិន័យ​បាន​ចូល​មក ធ្វើ​ឲ្យ​អំពើ​រំលង​នោះ​កាន់​តែ​កើន​ឡើង តែ​នៅ​ទី​ណា​ដែល​បាប​កើន​ឡើង នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​ចម្រើន​ជា​បរិបូរ​ឡើង​ដែរ។ ដូច​ដែល​បាប​បាន​សោយ​រាជ្យ​លើ​សេចក្ដី​ស្លាប់​យ៉ាង​ណា នោះ​ព្រះ‌គុណ​បាន​សោយ​រាជ្យ ដោយ​សារ​សេចក្តី​សុចរិត ដែល​នាំ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:18-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សរុប​មក ដោយ‌សារ​កំហុស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស​យ៉ាង​ណា ដោយ‌សារ​អំពើ​សុចរិត​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ក៏​បាន​សុចរិត និង​បាន​ទទួល​ជីវិត​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ទាំង​អស់​ជាប់​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់​មិន​ស្ដាប់​បង្គាប់​យ៉ាង​ណា ព្រះ‌ជា‌ម្ចាស់​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​ឲ្យ​សុចរិត ដោយ‌សារ​មនុស្ស​តែ​ម្នាក់​បាន​ស្ដាប់​បង្គាប់​យ៉ាង​នោះ​ដែរ។ ក្រឹត្យ‌វិន័យ​កើត​មាន​ឡើង ដើម្បី​ធ្វើ​ឲ្យ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប*​កាន់​តែ​ច្រើន ទី​នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។ បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ព្រះ‌គុណ​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់‌កល្ប​ជានិច្ច តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:18-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយ‌សារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ‌សារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ តែ​ក្រិត្យ‌វិន័យ​បាន​ចូល​មក​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​រំលង​នោះ​បាន​រឹត‌តែ​ធ្ងន់​ឡើង ប៉ុន្តែ កន្លែង​ណា​ដែល​មាន​បាប​ចំរើន​ជា​បរិបូរ​ឡើង នោះ​ព្រះ‌គុណ​ក៏​ចំរើន​ជា​បរិបូរ​លើស​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​សោយ‌រាជ្យ ដោយ‌សារ​សេចក្ដី​សុចរិត សំរាប់​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច​ជា​បាប​បាន​សោយ‌រាជ្យ ឲ្យ​ត្រូវ​ស្លាប់​ពី​ដើម​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 5