រ៉ូម 5:1-21

រ៉ូម 5:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ តាម‌រយៈ​ព្រះ‌អង្គ និង​ដោយ​សារ​ជំនឿ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌គុណ​នេះ ដែល​យើង​កំពុង​ឈរ ហើយ​យើង​អួត​ដោយ​សង្ឃឹម​ថា​នឹង​មាន​សិរី​ល្អ​របស់​ព្រះ។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​អួត​នៅ​ពេល​យើង​រង​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ ការ​ស៊ូ​ទ្រាំ បង្កើត​ឲ្យ​មាន​ការ​ស៊ាំថ្នឹក ការ​ស៊ាំថ្នឹក បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម សេចក្តី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​បង្ហូរ​មក​ក្នុង​ចិត្ត​យើង តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង។ កាល​យើង​នៅ​ខ្សោយ​នៅ​ឡើយ លុះ​ដល់​កំណត់​ហើយ ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​មនុស្ស​ទមិឡ​ល្មើស។ កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង! រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។ ដូច្នេះ លើស​ជាង​នេះ​ទៅ​ទៀត បើ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​បាន​រួច​ពី​សេចក្តី‌ក្រោធ ដោយ​សារ​ព្រះ‌អង្គ​ជា​មិន​ខាន។ ដ្បិត​ប្រសិន‌បើ​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ យើង​បាន​ជានា​ជាមួយ​ព្រះ តាម​រយៈ​ការ​សុគត​របស់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ទៅ​ហើយ ចុះ​ចំណង់​បើ​ឥឡូវ​នេះ ដែល​យើង​បាន​ជានា​ហើយ នោះ​យើង​ប្រាកដ​ជា​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​ថែម​ទាំង​អួត​នៅ​ក្នុង​ព្រះ​ផង តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ឥឡូវ​នេះ យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាម​រយៈ​ព្រះ‌អង្គ​ហើយ។ ដូច្នេះ ដូច​ដែល​បាប បាន​ចូល​មក​ក្នុង​ពិភព‌លោក តាម​រយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្តី​ស្លាប់​ចូល​មក​តាម​រយៈ​បាប​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​ក៏​រាល​ដាល​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប។ មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​ពិភព‌លោក​រួច​ទៅ​ហើយ តែ​ពេល​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ បាប​មិន​ទាន់​រាប់​ជា​មាន​ទោស​ទេ។ ប៉ុន្តែ ចាប់​តាំង​ពី​លោក​អ័ដាម រហូត​មក​ដល់​លោក​ម៉ូសេ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ​លើ​មនុស្ស​ទាំង​អស់ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​បាប ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ក៏​ដោយ ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក។ ប៉ុន្តែ អំណោយ‌ទាន​មិន​ដូច​ជា​អំពើ​រំលង​ទេ ដ្បិត​បើ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ នោះ​ចំណង់​បើ​ព្រះ‌គុណ​របស់​ព្រះ និង​អំណោយ‌ទាន​នៃ​ព្រះ‌គុណ​នេះ ដែល​មក​ដោយ​សារ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រាកដ​ជា​នឹង​បាន​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន លើល​ជាង​ទៅ​ទៀត​មិន​ខាន។ ឯ​អំណោយ‌ទាន​នោះ ក៏​មិន​ដូច​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​មនុស្ស​ម្នាក់​នោះ​ដែរ ដ្បិត​ការ​ជំនុំ‌ជម្រះ ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​ជាប់​ទោស តែ​អំណោយ‌ទាន ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​ជា​ច្រើន នោះ​នាំ​ឲ្យ​បាន​សុចរិត​វិញ។ បើ​ព្រោះ​តែ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​នោះ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ទៅ​ហើយ នោះ​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ និង​អំណោយ‌ទាន​នៃ​សេចក្តី​សុចរិត ប្រាកដ​ជា​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ដែរ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ ដូច្នេះ ដូច​ដែល​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ទោស​យ៉ាង​ណា នោះ​អំពើ​សុចរិត​របស់​មនុស្ស​ម្នាក់ ក៏​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សុចរិត និង​បាន​ជីវិត​យ៉ាង​នោះ​ដែរ។ ដ្បិត ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ការ​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​នោះ​ដែរ។ ក្រឹត្យ‌វិន័យ​បាន​ចូល​មក ធ្វើ​ឲ្យ​អំពើ​រំលង​នោះ​កាន់​តែ​កើន​ឡើង តែ​នៅ​ទី​ណា​ដែល​បាប​កើន​ឡើង នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​ចម្រើន​ជា​បរិបូរ​ឡើង​ដែរ។ ដូច​ដែល​បាប​បាន​សោយ​រាជ្យ​លើ​សេចក្ដី​ស្លាប់​យ៉ាង​ណា នោះ​ព្រះ‌គុណ​បាន​សោយ​រាជ្យ ដោយ​សារ​សេចក្តី​សុចរិត ដែល​នាំ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ដោយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្តិ‌ភាព​ជា​មួយ​នឹង​ព្រះអង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង​ដែរ។ ដោយ​សារ​ព្រះ‌គ្រិស្ត និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី​ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។ មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់ ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​មក​ក្នុង​ចិត្ត​យើង ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មក​យើង។ កាល​យើង​មិន​ទាន់​មាន​កម្លាំង​នៅ​ឡើយ លុះ​ដល់​ពេល​កំណត់ ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ។ កម្រ​មាន​នរណា​ម្នាក់​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​សុចរិត​ណាស់ ប្រហែល​ជា​មាន​ម្នាក់​ហ៊ាន​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មនុស្ស​ល្អ​ដែរ​មើល​ទៅ! រីឯ​ព្រះ‌ជា‌ម្ចាស់​វិញ ព្រះអង្គ​បាន​បង្ហាញ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ចំពោះ​យើង គឺ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​ជាប់​បាប​នៅ​ឡើយ។ ឥឡូវ​នេះ បើ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រិស្ត​យ៉ាង​ហ្នឹង​ទៅ​ហើយ ព្រះអង្គ​រឹត​តែ​សង្គ្រោះ​យើង​ឲ្យ​រួច​ពី​ព្រះ‌ពិរោធ ដោយ‌សារ​ព្រះ‌គ្រិស្ត​ថែម​ទៀត​ជា​ពុំ‌ខាន។ បើ​ព្រះ‌ជា‌ម្ចាស់​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ​ព្រះ‌បុត្រា​របស់​ព្រះអង្គ​សោយ​ទិវង្គត ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ព្រះអង្គ​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ព្រះអង្គ​ហើយ ព្រះអង្គ​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ព្រះ‌ជន្ម​របស់​ព្រះ‌បុត្រា​ថែម​ទៀត​ជា​ពុំ‌ខាន។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​នឹង​បាន​ខ្ពស់​មុខ​ដោយ​ពឹង​លើ​ព្រះ‌ជា‌ម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង ដែល​ព្រះអង្គ​បាន​សម្រុះ‌សម្រួល​ឲ្យ​យើង​ជា​នា​នឹង​ព្រះ‌ជា‌ម្ចាស់​វិញ​នៅ​ពេល​នេះ។ តាម​រយៈ​មនុស្ស​តែ​ម្នាក់ បាប*​បាន​ចូល​មក​ក្នុង​ពិភព​លោក ហើយ​តាម​រយៈ​បាប សេចក្ដី​ស្លាប់​ក៏​ចូល​មក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​ស្លាប់​រាល‌ដាល​ដល់​មនុស្ស​គ្រប់ៗ​រូប ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប។ មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ​នៅ​ឡើយ។ ប៉ុន្តែ តាំង​ពី​សម័យ​លោក​អដាំ​មក​ទល់​នឹង​សម័យ​លោក​ម៉ូសេ មច្ចុរាជ​បាន​សោយ​រាជ្យ​លើ​មនុស្ស​លោក​រួច​ស្រេច​ទៅ​ហើយ ទោះ​បី​គេ​ពុំ​បាន​ប្រព្រឹត្ត​បទ​ល្មើស ដូច​លោក​អដាំ​ជា​និមិត្ត‌រូប​នៃ​ព្រះ‌គ្រិស្ត​ដែល​ត្រូវ​យាង​មក​នោះ​ក៏​ដោយ។ ប៉ុន្តែ កំហុស​របស់​លោក​អដាំ និង​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទួទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រះ‌អំណោយ​ទាន​ដែល​បាន​មក​ពី​ព្រះ‌គុណ​នេះ ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម​រយៈ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត​យ៉ាង​នោះ​ដែរ។ រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​អំពើ​បាប​របស់​មនុស្ស​តែ​ម្នាក់​វិញ ក៏​មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង​ដែរ គឺ​ដោយ‌សារ​ទោស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស។ រីឯ​ព្រះ‌អំណោយ​ទាន​វិញ ធ្វើ​ឲ្យ​មនុស្ស​សុចរិត ទោះ​បី​គេ​ប្រព្រឹត្ត​ខុស​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ដោយ​សារ​តែ​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ត​ខុស ហើយ​ដោយ‌សារ​កំហុស​របស់​មនុស្ស​ម្នាក់ សេចក្ដី​ស្លាប់​បាន​សោយ​រាជ្យ​តាម​រយៈ​មនុស្ស​ម្នាក់​នេះ​ដែរ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ‌គុណ និង​ព្រះ‌អំណោយ​ទាន​នៃ​សេចក្ដី​សុចរិត​ដ៏​បរិបូណ៌​នោះ​វិញ តាម​រយៈ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូ​គ្រិស្ត គេ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត​ និង​រឹត​តែ​ប្រសើរ​ថែម​ទៀត។ សរុប​មក ដោយ‌សារ​កំហុស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស​យ៉ាង​ណា ដោយ‌សារ​អំពើ​សុចរិត​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ក៏​បាន​សុចរិត និង​បាន​ទទួល​ជីវិត​យ៉ាង​នោះ​ដែរ ហើយ​មនុស្ស​ទាំង​អស់​ជាប់​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់​មិន​ស្ដាប់​បង្គាប់​យ៉ាង​ណា ព្រះ‌ជា‌ម្ចាស់​ក៏​នឹង​ប្រោស​មនុស្ស​ទាំង​អស់​ឲ្យ​សុចរិត ដោយ‌សារ​មនុស្ស​តែ​ម្នាក់​បាន​ស្ដាប់​បង្គាប់​យ៉ាង​នោះ​ដែរ។ ក្រឹត្យ‌វិន័យ​កើត​មាន​ឡើង ដើម្បី​ធ្វើ​ឲ្យ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប*​កាន់​តែ​ច្រើន ទី​នោះ​ព្រះ‌គុណ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។ បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ព្រះ‌គុណ​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់‌កល្ប​ជានិច្ច តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ក៏​ដោយ‌សារ​ទ្រង់ យើង​មាន​ផ្លូវ​ចូល​ក្នុង​ព្រះ‌គុណ​នេះ ជា​ទី​ដែល​យើង​កំពុង​ឈរ​នៅ​ដោយ​សេចក្ដី​ជំនឿ ហើយ​យើង​អួត​ពី​សេចក្ដី​សង្ឃឹម​ដល់​សិរី‌ល្អ​នៃ​ព្រះ​ផង មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំ‌ទ្រ សេចក្ដី​ទ្រាំ‌ទ្រ​បង្កើត​ឲ្យ​មាន​សេចក្ដី​ស៊ាំ‌ថ្នឹក សេចក្ដី​ស៊ាំ‌ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ឯ​សេចក្ដី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅ​ឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះ‌គ្រីស្ទ​ទ្រង់​បាន​សុគត ជំនួស​មនុស្ស​ទមិល​ល្មើស កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង ដូច្នេះ ដែល​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌លោហិត​ទ្រង់ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​រួច​ចេញ​ពី​សេចក្ដី​ក្រោធ ដោយ‌សារ​ទ្រង់​ជា​មិន​ខាន​លើស​ទៅ​ទៀត ដ្បិត​កាល​យើង​ជា​ខ្មាំង​សត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះ‌រាជ‌បុត្រា​ទ្រង់​សុគត ដូច្នេះ ដែល​យើង​បាន​ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅ​ទៀត ដោយ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ព្រះ​ផង ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ឥឡូវ​នេះ យើង​បាន​ជា​មេត្រី​ដោយ‌សារ​ទ្រង់​ហើយ។ ដូច្នេះ ដែល​បាប​បាន​ចូល​មក​ក្នុង​លោកីយ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ហើយ​ក៏​មាន​សេចក្ដី​ស្លាប់​ចូល​មក​ដែរ ដោយ‌សារ​អំពើ​បាប​នោះ​ជា​យ៉ាង​ណា នោះ​សេចក្ដី​ស្លាប់​បាន​ឆ្លង​រាល‌ដាល ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប​ហើយ (ព្រោះ​រមែង​មាន​បាប​នៅ​ក្នុង​លោកីយ ដរាប​ដល់​ក្រិត្យ‌វិន័យ តែ​កាល​មិន​ទាន់​មាន​ក្រិត្យ‌វិន័យ​នៅ​ឡើយ នោះ​មិន​បាន​រាប់​ជា​ទោស​ដល់​គេ​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​លោក​អ័ដាម ដរាប​ដល់​លោក​ម៉ូសេ នោះ​សេចក្ដី​ស្លាប់​បាន​សោយ‌រាជ្យ លើ​ទាំង​ពួក​អ្នក​ដែល​ធ្វើ​បាប មិន​មែន​ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ផង ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក ប៉ុន្តែ ព្រះ‌គុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះ‌គុណ​នៃ​ព្រះ ហើយ​នឹង​អំណោយ​ទាន​នៃ​ព្រះ‌គុណ​នោះ ដែល​មក​ដោយ‌សារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​បាន​ចំរើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ ហើយ​អំណោយ​ទាន​នោះ ក៏​មិន​មែន​ដូច​ជា​អំពើ​បាប ដែល​មនុស្ស​តែ​ម្នាក់​បាន​ធ្វើ​នោះ​ទៀត ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ ដែល​កើត​មក​ដោយ​ព្រោះ​ម្នាក់​នោះ​ឯង នោះ​បាន​កាត់​ទោស​ហើយ តែ​ព្រះ‌គុណ ដែល​កើត​មក​ដោយ​ព្រោះ​ការ​រំលង​ជា​ច្រើន នោះ​បាន​រាប់​យើង​ទុក​ជា​សុចរិត​វិញ ដ្បិត​បើ​សិន​ជា​សេចក្ដី​ស្លាប់​បាន​សោយ‌រាជ្យ ដោយ‌សារ​មនុស្ស​តែ​ម្នាក់ ដោយ​ព្រោះ​ម្នាក់​នោះ​ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​រំលង ដូច្នេះ ប្រាកដ​ជា​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ នឹង​អំណោយ​ទាន​ជា​សេចក្ដី​សុចរិត នោះ​នឹង​បាន​សោយ‌រាជ្យ​ក្នុង​ជីវិត​លើស​ទៅ​ទៀត ដោយ‌សារ​តែ​ម្នាក់​ដែរ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ) ដូច្នេះ ដែល​មនុស្ស​ទាំង​អស់​ត្រូវ​ទោស ដោយ​ព្រោះ​អំពើ​រំលង​តែ​១ នោះ​មនុស្ស​ទាំង​អស់​ក៏​បាន​រាប់​ជា​សុចរិត​ឲ្យ​បាន​ជីវិត​វិញ ដោយ‌សារ​អំពើ​សុចរិត​តែ​១​បែប​ដូច្នោះ​ដែរ ដ្បិត​ដូច​ជា​មនុស្ស​ជា​ច្រើន បាន​ត្រឡប់​ជា​មាន​បាប ដោយ‌សារ​មនុស្ស​តែ​ម្នាក់ មិន​បាន​ស្តាប់​បង្គាប់​ជា​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ‌សារ​ម្នាក់​បាន​ស្តាប់​បង្គាប់​វិញ​យ៉ាង​នោះ​ដែរ តែ​ក្រិត្យ‌វិន័យ​បាន​ចូល​មក​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​រំលង​នោះ​បាន​រឹត‌តែ​ធ្ងន់​ឡើង ប៉ុន្តែ កន្លែង​ណា​ដែល​មាន​បាប​ចំរើន​ជា​បរិបូរ​ឡើង នោះ​ព្រះ‌គុណ​ក៏​ចំរើន​ជា​បរិបូរ​លើស​ទៅ​ទៀត ដើម្បី​ឲ្យ​ព្រះ‌គុណ​បាន​សោយ‌រាជ្យ ដោយ‌សារ​សេចក្ដី​សុចរិត សំរាប់​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដូច​ជា​បាប​បាន​សោយ‌រាជ្យ ឲ្យ​ត្រូវ​ស្លាប់​ពី​ដើម​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:1-21

រ៉ូម 5:1-21 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ