រ៉ូម 3:25-28
រ៉ូម 3:25-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបានប្រគល់ព្រះអង្គជាយញ្ញបូជាប្រោសលោះ ដោយសារព្រះលោហិតព្រះអង្គ តាមរយៈជំនឿ។ ព្រះអង្គធ្វើដូច្នេះ ដើម្បីបង្ហាញឲ្យឃើញសេចក្តីសុចរិតរបស់ព្រះអង្គ ហើយចំពោះការដែលព្រះអង្គបានទតរំលងអំពើបាបដែលគេបានប្រព្រឹត្តពីមុន ព្រោះព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ដើម្បីសម្ដែងឲ្យឃើញនៅគ្រានេះថា ព្រះអង្គសុចរិត ហើយថា ព្រះអង្គរាប់អ្នកដែលមានជំនឿដល់ព្រះយេស៊ូវ ជាសុចរិតផងដែរ។ ដូច្នេះ តើយើងមានអ្វីនឹងអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើពឹងលើច្បាប់អ្វី? លើច្បាប់នៃការប្រព្រឹត្តឬ? ទេ គឺពឹងលើច្បាប់ខាងជំនឿវិញ។ ដ្បិតយើងយល់ថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ មិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
រ៉ូម 3:25-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់បានតម្រូវឲ្យព្រះយេស៊ូធ្វើជាយញ្ញបូជា សម្រាប់លោះអស់អ្នកដែលមានជំនឿ ឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ។ ធ្វើដូច្នេះ ព្រះអង្គបង្ហាញរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺពីដើម ព្រះអង្គពុំបានដាក់ទោសមនុស្សលោកដែលប្រព្រឹត្តអំពើបាប ក្នុងគ្រាដែលព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញអំពីរបៀបដែលព្រះអង្គប្រោសមនុស្សឲ្យសុចរិត ដើម្បីសម្តែងថាព្រះអង្គសុចរិត ហើយព្រះអង្គប្រោសអ្នកដែលជឿលើព្រះយេស៊ូឲ្យសុចរិតផងដែរ។ ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្តអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ ដ្បិតយើងយល់ថា ព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិត មកពីគេមានជំនឿ មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។
រ៉ូម 3:25-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្ដីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដើម្បីនឹងសំដែងឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្ដីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។ ដូច្នេះ តើសេចក្ដីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្ដីជំនឿវិញទេតើ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្ដីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រិត្យវិន័យទេ