រ៉ូម 3:10-22
រ៉ូម 3:10-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូចមានសេចក្តីចែងទុកមកថា៖ «គ្មានអ្នកណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាម្នាក់ដែលយល់ គ្មានអ្នកណាម្នាក់ដែលស្វែងរកព្រះ។ គ្រប់គ្នាបានបែរចេញ ហើយទាំងអស់គ្នាត្រឡប់ជាឥតប្រយោជន៍ គ្មានអ្នកណាម្នាក់ដែលប្រព្រឹត្តសប្បុរសឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ «បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតរបស់គេដើម្បីបញ្ឆោត បបូរមាត់របស់គេបង្កប់ដោយពិសពស់វែក»។ «មាត់របស់គេមានពេញដោយពាក្យបណ្តាសា និងពាក្យជូរចត់ »។ «ជើងរបស់គេរហ័សតែនឹងបង្ហូរឈាម ផ្លូវរបស់គេមានសុទ្ធតែសេចក្តីវិនាស និងសេចក្តីវេទនា គេមិនបានស្គាល់ផ្លូវសុខសាន្តទេ »។ «គ្មានការកោតខ្លាចព្រះ នៅចំពោះភ្នែកគេឡើយ »។ ឥឡូវនេះ យើងដឹងថា សេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យ គឺចែងសម្រាប់ពួកអ្នកដែលសិ្ថតនៅក្រោមក្រឹត្យវិន័យ ដើម្បីឲ្យមនុស្សទាំងអស់បិទមាត់ ហើយឲ្យពិភពលោកទាំងមូល ស្ថិតនៅក្រោមការជំនុំជម្រះរបស់ព្រះ។ ដូច្នេះ គ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ ដ្បិតតាមរយៈក្រឹត្យវិន័យ នោះសម្ដែងឲ្យស្គាល់អំពើបាប។ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតរបស់ព្រះបានសម្ដែងឲ្យឃើញ ហើយដែលមានទាំងគម្ពីរវិន័យ និងគម្ពីរហោរាធ្វើបន្ទាល់ផង គឺសេចក្តីសុចរិតរបស់ព្រះ តាមរយៈជំនឿដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ ដ្បិតគ្មានអ្វីខុសគ្នាឡើយ
រ៉ូម 3:10-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូចមានចែងទុកមកថា៖ «គ្មានមនុស្សណាសុចរិតឡើយ សូម្បីតែម្នាក់ក៏គ្មានផង គ្មាននរណាម្នាក់ដឹងខុសត្រូវ គ្មាននរណាម្នាក់ស្វែងរកព្រះជាម្ចាស់។ មនុស្សគ្រប់ៗរូបបានវង្វេង ចេញឆ្ងាយពីព្រះជាម្ចាស់ ហើយវិនាសបាត់បង់ជាមួយគ្នា គ្មាននរណាប្រព្រឹត្តអំពើសប្បុរសសោះឡើយ សូម្បីតែម្នាក់ក៏គ្មានផង» ។ «បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក» ។ «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់» ។ «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។ គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ» ។ «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ» ។ យើងដឹងថា គ្រប់សេចក្ដីដែលមានចែងទុកក្នុងក្រឹត្យវិន័យ* សុទ្ធតែចែងទុកសម្រាប់អស់អ្នកដែលចំណុះក្រឹត្យវិន័យ ដើម្បីកុំឲ្យមនុស្សណាម្នាក់រកពាក្យដោះសាបាន ហើយឲ្យពិភពលោកទាំងមូលទទួលទោស នៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ គ្មានមនុស្សណាបានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ព្រោះគម្ពីរវិន័យគ្រាន់តែនាំឲ្យគេស្គាល់អំពើបាបប៉ុណ្ណោះ។ ឥឡូវនេះ ព្រះជាម្ចាស់សម្តែងឲ្យយើងដឹងអំពីរបៀបព្រះអង្គប្រោសមនុស្សឲ្យសុចរិត គឺព្រះអង្គមិនគិតពីក្រឹត្យវិន័យ*ទេ ដូចគម្ពីរវិន័យ និងគម្ពីរព្យាការី* បានបញ្ជាក់ទុកស្រាប់។ ព្រះជាម្ចាស់ប្រោសអ្នកដែលមានជំនឿលើព្រះយេស៊ូគ្រិស្តឲ្យសុចរិត គឺព្រះអង្គធ្វើដូច្នេះចំពោះអស់អ្នកដែលជឿ។ មនុស្សទាំងអស់មិនខុសគ្នាត្រង់ណាឡើយ
រ៉ូម 3:10-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូចមានសេចក្ដីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ តែម្នាក់ក៏គ្មានផង បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា នឹងសេចក្ដីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្ដីវិនាស នឹងសេចក្ដីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» រីឯគ្រប់ទាំងសេចក្ដីដែលក្រិត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រិត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយទាំងមូលជាប់មានទោសនៅចំពោះព្រះ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រិត្យវិន័យនោះឡើយ ដ្បិតក្រិត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រិត្យវិន័យ សេចក្ដីសុចរិតផងព្រះដែលមានទាំងក្រិត្យវិន័យ នឹងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ គឺជាសេចក្ដីសុចរិតរបស់ព្រះ ដែលបាន ដោយសារសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ