រ៉ូម 2:25-29

រ៉ូម 2:25-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ការ​កាត់​ស្បែក​មាន​ប្រយោជន៍​មែន ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​វិញ នោះ​ការ​កាត់​ស្បែក​របស់​អ្នក ក៏​ត្រឡប់​ដូច​ជា​មិន​កាត់​ដែរ។ ដូច្នេះ បើ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បទ​បញ្ញត្តិ​របស់​ក្រឹត្យ‌វិន័យ នោះ​តើ​ការ​ដែល​មិន​កាត់​ស្បែក រាប់​ដូច​ជា​បាន​កាត់​ស្បែក​វិញ​ទេ​ឬ? ដូច្នេះ ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​ខាង​រូប​កាយ តែ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ នឹង​កាត់​ទោស​អ្នក​ដែល​មាន​ទាំង​គម្ពីរ​វិន័យ និង​ការ​កាត់​ស្បែក តែ​បែរ​ជា​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ។ ដ្បិត​អ្នក​ដែល​ជា​សាសន៍​យូដា មិន​សំដៅ​លើ​សម្បក​ក្រៅ​ទេ ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​មិន​សំដៅ​លើ​រូប​កាយ​ខាង​ក្រៅ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ជា​សាសន៍​យូដា គឺ​សំដៅ​លើ​ចិត្ត​ខាង​ក្នុង ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​ខាង​វិញ្ញាណ មិន​មែន​តាម​ន័យ​របស់​ពាក្យ​នោះ​ទេ។ មនុស្ស​បែប​នោះ ទទួល​ការ​សរសើរ​ពី​ព្រះ មិន​មែន​ពី​មនុស្ស​ឡើយ។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:25-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ការ​កាត់​ស្បែក*​មាន​ប្រយោជន៍ លុះ​ត្រា​តែ​អ្នក​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ ការ​កាត់​ស្បែក​របស់​អ្នក​ទុក​ដូច​ជា​មិន​កាត់​ទៅ​វិញ។ ប្រសិន​បើ​មនុស្ស​មិន​កាត់​ស្បែក​កាន់​តាម​បទ​បញ្ជា​របស់​ក្រឹត្យ‌វិន័យ ព្រះ‌ជា‌ម្ចាស់​ក៏​ចាត់​ទុក​គេ​ដូច​ជា​បាន​កាត់​ស្បែក​ដែរ!។ ជន​ដែល​មិន​កាត់​ស្បែក​ផ្នែក​ខាង​រូប​កាយ តែ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ គេ​មុខ​ជា​ដាក់​ទោស​អ្នក​មិន​ខាន ព្រោះ​អ្នក​មាន​វិន័យ​សរសេរ​ជា​លាយ‌លក្ខណ៍​អក្សរ ហើយ​បាន​ទទួល​ពិធី​កាត់​ស្បែក តែ​អ្នក​បែរ​ជា​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ។ សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​មិន​ស្ថិត​នៅ​ត្រង់​សំបក​ក្រៅ​ទេ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ត្រង់​សញ្ញា​លើ​រូប​កាយ​នោះ​ដែរ សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ត​ឯ‌ណោះ​វិញ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ត​ដែរ គឺ​ជា​ការ​កាត់​ស្បែក​ស្រប​តាម​ព្រះ‌វិញ្ញាណ មិន​មែន​តាម​គម្ពីរ‌វិន័យ​ជា​លាយ‌លក្ខណ៍​អក្សរ​នោះ​ឡើយ។ សាសន៍​យូដា​ប្រភេទ​នេះ​ទទួល​ការ​កោត​សរសើរ​ពី​ព្រះ‌ជា‌ម្ចាស់ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ។

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:25-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ការ​កាត់​ស្បែក នោះ​មាន​ប្រយោជន៍​មែន បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​វិញ នោះ​ការ​ដែល​ទទួល​កាត់​ស្បែក បាន​ត្រឡប់​ដូច​ជា​មិន​កាត់​វិញ ដូច្នេះ បើ​សិន​ជា​ពួក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បញ្ញត្ត​ក្រិត្យ‌វិន័យ​ទៅ នោះ​ការ​ដែល​មិន​បាន​កាត់​ស្បែក តើ​មិន​រាប់​ដូច​ជា​បាន​កាត់​វិញ​ទេ​ឬ​អី ហើយ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​តាម​បវេណី បើ​គេ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​សព្វ​គ្រប់ តើ​គេ​មិន​ជំនុំ‌ជំរះ​អ្នក​ទេ​ឬ​អី ដែល​អ្នក​មាន​ទាំង​គម្ពីរ នឹង​ការ​កាត់​ស្បែក​ផង តែ​ចេះ​តែ​ប្រព្រឹត្ត​រំលង​ក្រិត្យ‌វិន័យ​វិញ ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នក​ណា​ដែល​មាន​ទី​សំគាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ មនុស្ស​យ៉ាង​នោះ​តែង​មាន​សេចក្ដី​សរសើរ មិន​មែន​មក​ពី​មនុស្ស គឺ​ពី​ព្រះ​វិញ។

ចែក​រំលែក
អាន រ៉ូម 2