រ៉ូម 16:1-27
រ៉ូម 16:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសូមផ្ដែផ្ដាំមកបងប្អូនអំពីនាងភីបេ ដែលជាបងប្អូនរបស់យើង គាត់បម្រើក្រុមជំនុំនៅក្រុងកេងគ្រា សូមបងប្អូនទទួលគាត់ ក្នុងព្រះនាមព្រះអម្ចាស់ឲ្យសមជាប្រជាជនដ៏វិសុទ្ធ។ សូមបងប្អូនជួយគាត់ក្នុងករណីណា ដែលគាត់ត្រូវការឲ្យបងប្អូនជួយ ដ្បិតគាត់បានជួយរ៉ាប់រងបងប្អូនជាច្រើននាក់ ហើយក៏បានជួយខ្ញុំផងដែរ។ សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡាឲ្យខ្ញុំផង។ គាត់ទាំងពីរនាក់បានធ្វើការបម្រើព្រះគ្រិស្ត រួមជាមួយខ្ញុំ គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំនុំទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។ សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នាក្នុងផ្ទះគាត់ឲ្យខ្ញុំផង។ សូមជម្រាបសួរលោកអេប៉ៃណែតដ៏ជាទីស្រឡាញ់របស់ខ្ញុំ ដែលបានថ្វាយខ្លួនចំពោះព្រះគ្រិស្តមុនគេបង្អស់ នៅស្រុកអាស៊ី។ សូមជម្រាបសួរនាងម៉ារីដែលបាននឿយហត់យ៉ាងច្រើន ដើម្បីបងប្អូន។ សូមជម្រាបសួរលោកអាន់ត្រូនីក និងនាងយូនាស ជាសាច់ញាតិរបស់ខ្ញុំ ដែលបានជាប់ឃុំឃាំងជាមួយខ្ញុំនោះដែរ អ្នកទាំងពីរជាសាវ័ក*ដែលគេគោរពរាប់អានខ្លាំងណាស់ ហើយគាត់ក៏បានជឿព្រះគ្រិស្តមុនខ្ញុំផង។ សូមជម្រាបសួរលោកអាំភ្លាសដ៏ជាទីស្រឡាញ់របស់ខ្ញុំ ក្នុងព្រះអម្ចាស់។ សូមជម្រាបសួរលោកអ៊ើបាន់ដែលធ្វើការបម្រើព្រះគ្រិស្តរួមជាមួយយើង និងជម្រាបសួរលោកស័តាឃីសដ៏ជាទីស្រឡាញ់របស់ខ្ញុំផង។ សូមជម្រាបសួរលោកអពេលេស ដែលបង្ហាញជំនឿរឹងប៉ឹងលើព្រះគ្រិស្ត។ សូមជម្រាបសួរបងប្អូនដែលជាក្រុមញាតិរបស់លោកអើរិស្ដូប៊ូល។ សូមជម្រាបសួរលោកហេរ៉ូឌានជាសាច់ញាតិរបស់ខ្ញុំ។ សូមជម្រាបសួរបងប្អូនដែលជឿព្រះអម្ចាស់ និងជាក្រុមញាតិលោកណើគីស។ សូមជម្រាបសួរនាងទ្រីភែន និងនាងទ្រីផូស នាងទាំងពីរបានបម្រើព្រះអម្ចាស់យ៉ាងនឿយហត់។ សូមជម្រាបសួរនាងពើស៊ីសដ៏ជាទីស្រឡាញ់ ដែលបានបម្រើព្រះអម្ចាស់យ៉ាងនឿយហត់។ សូមជម្រាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងជម្រាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។ សូមជម្រាបសួរលោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយគេ។ សូមជម្រាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និងប្អូនស្រីគាត់ ព្រមទាំងជម្រាបសួរលោកអូលីមប៉ាស និងប្រជាជនដ៏វិសុទ្ធទាំងអស់ដែលនៅជាមួយគេផងដែរ។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង ។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្តសូមជម្រាបសួរមកបងប្អូន។ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា និងនាំឲ្យបងប្អូនរវាតចិត្តចេញពីជំនឿ ដោយគេប្រព្រឹត្តផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួល សូមបងប្អូនចៀសចេញឲ្យឆ្ងាយពីអ្នកទាំងនោះទៅ ដ្បិតមនុស្សប្រភេទនេះមិនបម្រើព្រះគ្រិស្តជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្តស្លូតត្រង់ ដោយប្រើពាក្យសម្ដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។ រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថា បងប្អូនស្ដាប់បង្គាប់ព្រះអម្ចាស់។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត នឹងកម្ទេចមារ*សាតាំងឲ្យនៅក្រោមបាតជើងរបស់បងប្អូន ក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង។ លោកធីម៉ូថេដែលធ្វើការរួមជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកលូគាស លោកយ៉ាសូន និងលោកសូសិប៉ាត្រុស ដែលជាសាច់ញាតិរបស់ខ្ញុំ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ ខ្ញុំទើទាសជាអ្នកសរសេរលិខិតនេះ សូមជម្រាបសួរមកបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ដែរ។ លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំនុំទាំងមូល ឲ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ [សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង! អាម៉ែន!]។ ព្រះជាម្ចាស់មានឫទ្ធានុភាពនឹងធ្វើឲ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រិស្ត តាមតែព្រះជាម្ចាស់បានសម្តែងអំពីគម្រោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក តែព្រះអង្គបានសម្តែងឲ្យយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យជាតិសាសន៍ទាំងអស់ស្គាល់ ហើយឲ្យគេជឿ និងស្ដាប់តាម។ មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្តអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។
រ៉ូម 16:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសូមទុកដាក់នាងភីបេ ជាបងប្អូនរបស់យើងនឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ក្រុមជំនុំនៅក្រុងកេងគ្រា ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ ឲ្យសមជាពួកបរិសុទ្ធ ហើយជួយនាង តាមអ្វីដែលនាងត្រូវការឲ្យអ្នករាល់គ្នាជួយ ដ្បិតនាងបានជួយមនុស្សជាច្រើន រួមទាំងខ្ញុំផងដែរ។ សូមជម្រាបសួរនាងព្រីស៊ីល និងលោកអ័គីឡា ជាអ្នករួមការងារជាមួយខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ ហើយជាអ្នកដែលបានប្រថុយជីវិតដោយព្រោះខ្ញុំ។ មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណពួកគាត់ តែក្រុមជំនុំសាសន៍ដទៃទាំងប៉ុន្មានក៏អរគុណពួកគាត់ដែរ។ សូមជម្រាបសួរក្រុមជំនុំ ដែលជួបជុំគ្នានៅផ្ទះពួកគាត់ផង។ សូមជម្រាបសួរលោកអេប៉ាយនេត ជាស្ងួនភ្ងារបស់ខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទនៅស្រុកអាស៊ី សូមជម្រាបសួរនាងម៉ារា ដែលបាននឿយហត់យ៉ាងច្រើន ដើម្បីអ្នករាល់គ្នា។ សូមជម្រាបសួរលោកអាន់ត្រូនីក និងនាងយូនាស ជាសាច់ញាតិខ្ញុំ ដែលបានជាប់គុកជាមួយខ្ញុំ អ្នកទាំងពីរមានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំទៀតផង។ សូមជម្រាបសួរលោកអាំភ្លាស ជាស្ងួនភ្ងារបស់ខ្ញុំក្នុងព្រះអម្ចាស់។ សូមជម្រាបសួរលោកអ៊ើបាន់ ជាអ្នករួមការងារជាមួយយើង ក្នុងព្រះគ្រីស្ទ និងលោកស័តាឃីស ជាស្ងួនភ្ងារបស់ខ្ញុំ។ សូមជម្រាបសួរលោកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ។ សូមជម្រាបសួរបងប្អូនជាក្រុមគ្រួសាររបស់លោកអើរិស្តូប៊ូល។ សូមជម្រាបសួរលោកហេរ៉ូឌាន ជាញាតិខ្ញុំ។ សូមជម្រាបសួរបងប្អូននៅក្នុងព្រះម្ចាស់ ដែលជាក្រុមគ្រួសាររបស់លោកណើគីស។ សូមជម្រាបសួរនាងទ្រីភេន និងនាងទ្រីផូស ដែលបាននឿយហត់ក្នុងព្រះអម្ចាស់។ សូមជម្រាបសួរនាងពើស៊ីស ជាស្ងួនភ្ងា ដែលបាននឿយហត់ជាច្រើនក្នុងព្រះអម្ចាស់។ សូមជម្រាបសួរលោករូភូស ដែលព្រះអម្ចាស់បានជ្រើសរើស និងសូមជម្រាបសួរម្តាយរបស់គាត់ ហើយជាម្តាយដល់ខ្ញុំដែរ។ សូមជម្រាបសួរលោកអ័ស៊ីងគ្រីត លោកភ្លេកូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយអ្នកទាំងនោះ។ សូមជម្រាបសួរលោកភីឡូឡូក នាងយូលាស លោកនេរើស និងប្អូនស្រីរបស់គាត់ ព្រមទាំងលោកអូលីមប៉ាស និងពួកបរិសុទ្ធទាំងអស់ ដែលនៅជាមួយអ្នកទាំងនោះផងដែរ។ សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយការថើបបរិសុទ្ធ ក្រុមជំនុំរបស់ព្រះគ្រីស្ទទាំងអស់ សូមជម្រាបសួរមកអ្នករាល់គ្នា។ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបង្កឲ្យមានការបាក់បែក ហើយរវាតចិត្ត ទាស់នឹងសេចក្តីបង្រៀនដែលអ្នករាល់គ្នាបានទទួល នោះត្រូវបែរចេញពីអ្នកទាំងនោះទៅ។ ដ្បិតមនុស្សបែបនោះ មិនបម្រើព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់យើងទេ គឺគេបម្រើតែក្រពះរបស់ខ្លួនគេប៉ុណ្ណោះ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ និងពាក្យបញ្ចើចបញ្ចើ។ ដ្បិតកាលមនុស្សទាំងអស់ដឹងពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា ហើយខ្ញុំក៏ត្រេកអរនឹងអ្នករាល់គ្នា នោះខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងការអ្វីដែលល្អ ហើយល្ងង់ខាងការអ្វីដែលអាក្រក់។ ព្រះនៃសេចក្តីសុខសាន្តនឹងកម្ទេចអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ។ សូមឲ្យអ្នកបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ លោកធីម៉ូថេ ជាអ្នករួមការជាមួយខ្ញុំ សូមជម្រាបសួរមកអ្នករាល់គ្នា ហើយលោកលូគាស លោកយ៉ាសុន និងលោកសូសិប៉ាត្រុស ជាញាតិខ្ញុំ ក៏សូមជម្រាបសួរអ្នករាល់គ្នាដែរ។ ខ្ញុំ ទើទាស ជាអ្នកសរសេរសំបុត្រនេះ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ។ លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំនុំទាំងមូល សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអេរ៉ាស្ទុស ជាអ្នកកាន់ឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាពួកបងប្អូនយើង ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ [សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង! អាម៉ែន!] ។ រីឯព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងសេចក្ដីប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ស្របតាមការបើកសម្ដែងអំពីអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីដើមរៀងមក តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ ដល់ព្រះតែមួយព្រះអង្គគត់ដែលប្រកបដោយប្រាជ្ញា តាមរយៈព្រះយេស៊ូវគ្រីស្ទ សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ អស់កល្បតរៀងទៅ។ អាម៉ែន។:៚
រ៉ូម 16:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំទុកដាក់នាងភីបេ ជាបងប្អូនយើង នឹងអ្នករាល់គ្នា នាងជាអ្នកជំនួយដល់ពួកជំនុំ នៅក្រុងកេងគ្រា ដើម្បីឲ្យអ្នករាល់គ្នាបានទទួលនាងក្នុងព្រះអម្ចាស់ តាមបែបដែលគួរឲ្យពួកបរិសុទ្ធធ្វើ ហើយឲ្យអ្នករាល់គ្នាបានជួយនាង ក្នុងការអ្វីដែលនាងត្រូវការនឹងអ្នករាល់គ្នាដែរ ដ្បិតនាងបានជួយគេជាច្រើន ព្រមទាំងខ្ញុំផង។ សូមជំរាបសួរដល់នាងព្រីស៊ីល នឹងអ្នកអ័គីឡា ជាអ្នកដែលធ្វើការជាមួយនឹងខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវ គេបានប្រថុយជីវិតដោយព្រោះខ្ញុំ មិនមែនតែខ្ញុំដែលអរគុណដល់គេប៉ុណ្ណោះ គឺទាំងពួកជំនុំសាសន៍ដទៃទាំងប៉ុន្មានថែមទៀត សូមជំរាបសួរពួកជំនុំ ដែលប្រជុំនៅផ្ទះគេដែរ សូមជំរាបសួរអ្នកអេប៉ាយនេត ជាស្ងួនភ្ងាខ្ញុំ ដែលជាផលដំបូងថ្វាយព្រះគ្រីស្ទពីស្រុកអាស៊ី សូមជំរាបសួរនាងម៉ារា ដែលបាននឿយហត់ជាច្រើន ប្រយោជន៍នឹងជួយយើង សូមជំរាបសួរអ្នកអាន់ត្រូនីក នឹងអ្នកយូនាស ជាញាតិខ្ញុំ គឺជាអ្នកជាប់គុកជាមួយនឹងខ្ញុំ ដែលមានកេរ្តិ៍ឈ្មោះក្នុងពួកសាវក ក៏ជឿដល់ព្រះគ្រីស្ទមុនខ្ញុំដែរ សូមជំរាបសួរអ្នកអាំភ្លាស ជាស្ងួនភ្ងាខ្ញុំក្នុងព្រះអម្ចាស់ សូមជំរាបសួរអ្នកអ៊ើបាន់ ដែលធ្វើការជាមួយនឹងយើង ក្នុងព្រះគ្រីស្ទ នឹងអ្នកស័តាឃីស ជាស្ងួនភ្ងាខ្ញុំដែរ សូមជំរាបសួរអ្នកអ័ពេលេស ដែលជាអ្នកខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ហើយសូមជំរាបសួរពួកផ្ទះអើរិស្តូប៊ូល សូមជំរាបសួរអ្នកហេរ៉ូឌាន ជាញាតិខ្ញុំ សូមជំរាបសួរពួកផ្ទះណើគីស ដែលនៅក្នុងព្រះអម្ចាស់ សូមជំរាបសួរនាងទ្រីភេន នឹងនាងទ្រីផូស ដែលធ្វើការក្នុងព្រះអម្ចាស់ សូមជំរាបសួរនាងពើស៊ីស ជាអ្នកស្ងួនភ្ងា ដែលធ្វើការនឿយហត់ជាច្រើនក្នុងព្រះអម្ចាស់ សូមជំរាបសួរអ្នករូភូស ដែលព្រះអម្ចាស់បានរើសតាំង នឹងម្តាយគាត់ដែលរាប់ជាម្តាយខ្ញុំដែរ សូមជំរាបសួរអ្នកអ័ស៊ីងគ្រីត អ្នកភ្លេកូន អ្នកហ៊ើម៉ាស អ្នកប៉ាត្រូបាស អ្នកហ៊ើមេស នឹងពួកបងប្អូនដែលនៅជាមួយនឹងអ្នកទាំងនោះ សូមជំរាបសួរអ្នកភីឡូឡូក នឹងនាងយូលាស អ្នកនេរើស នឹងប្អូនស្រីគាត់ ហើយអ្នកអូលីមប៉ាស នឹងពួកបរិសុទ្ធ ដែលនៅជាមួយនឹងអ្នកទាំងនោះ សូមអ្នករាល់គ្នាជំរាបសួរគ្នាទៅវិញទៅមក ដោយការថើបយ៉ាងបរិសុទ្ធ ពួកជំនុំនៃព្រះគ្រីស្ទទាំងអស់ សូមជំរាបសួរមកអ្នករាល់គ្នា។ ឱបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ឲ្យចំណាំមើលអស់អ្នកដែលបណ្តាលឲ្យបាក់បែកគ្នា ហើយនាំឲ្យមានសេចក្ដីរវាតចិត្ត ខុសនឹងសេចក្ដីដែលអ្នករាល់គ្នាបានរៀនមក ត្រូវឲ្យបែរចេញពីអ្នកទាំងនោះ ដ្បិតមនុស្សបែបយ៉ាងនោះ មិនមែនគោរពប្រតិបត្តិដល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទេ គេបំរើតែពោះខ្លួនគេវិញ ទាំងបញ្ឆោតចិត្តមនុស្សស្លូតត្រង់ ដោយពាក្យផ្អែមពីរោះ នឹងពាក្យបញ្ចើចផង ដ្បិតមនុស្សទាំងអស់បានដឹង ពីបែបដែលអ្នករាល់គ្នាស្តាប់បង្គាប់ហើយ ដូច្នេះ ខ្ញុំត្រេកអរពីដំណើរអ្នករាល់គ្នាណាស់ ប៉ុន្តែ ខ្ញុំចង់ឲ្យអ្នករាល់គ្នាមានប្រាជ្ញាខាងឯសេចក្ដីល្អ ហើយល្ងង់ខាងឯសេចក្ដីអាក្រក់វិញ ឯព្រះនៃសេចក្ដីសុខសាន្ត នៅបន្តិចទៀតទ្រង់នឹងកិនអារក្សសាតាំង នៅក្រោមជើងអ្នករាល់គ្នាហើយ សូមឲ្យអ្នកបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងចុះ។ អ្នកធីម៉ូថេ ជាអ្នកធ្វើការជាមួយនឹងខ្ញុំ ហើយអ្នកលូគាស អ្នកយ៉ាសុន នឹងអ្នកសូសិប៉ាត្រុស ជាញាតិខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នាដែរ ឯខ្ញុំ ឈ្មោះទើទាស ដែលសរសេរសំបុត្រនេះ ក៏សូមជំរាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ អ្នកកៃយុស ជាអ្នកដែលទទួលខ្ញុំ នឹងពួកជំនុំទាំងអស់ផង គាត់សូមជំរាបសួរមកអ្នករាល់គ្នា អ្នកអេរ៉ាស្ទុស ជាមេត្រួតត្រាក្នុងទីក្រុង នឹងអ្នកក្វើតុស ជាពួកបងប្អូន គេក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយនូវព្រះគុណនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទាំងអស់ អាម៉ែន។ រីឯព្រះ ដែលអាចនឹងតាំងអ្នករាល់គ្នា ឲ្យខ្ជាប់ខ្ជួនតាមដំណឹងល្អខ្ញុំ នឹងតាមខ្លឹមនៃលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវនឹងសេចក្ដីបើកសំដែង អំពីការអាថ៌កំបាំង ដែលបានលាក់ទុកនៅអស់ទាំងកល្បរៀងមក តែឥឡូវនេះបានបើកសំដែងមក ឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមបង្គាប់នៃព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច ដើម្បីឲ្យគេបានចុះចូលជឿ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏មានប្រាជ្ញាតែ១ព្រះអង្គ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បរៀងទៅ។ អាម៉ែន។:៚