រ៉ូម 14:19-23

រ៉ូម 14:19-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​បំផ្លាញ​កិច្ច‌ការ​របស់​ព្រះ ព្រោះ​តែ​រឿង​អាហារ​ណា​នោះ​ឡើយ។ តាម​ពិត អ្វីៗ​សុទ្ធ​តែ​ស្អាត​ទាំង​អស់ តែ​ចំពោះ​អ្នក​ណា​ដែល​បរិ‌ភោគ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល អ្នក​នោះ​បែរ​ជា​អាក្រក់​វិញ។ គួរ​កុំ​បរិ‌ភោគ​សាច់ ឬ​ស្រា​ទំពាំង​បាយ​ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង‌ប្អូន​អ្នក​ជំពប់​ដួល​ឡើយ។ អ្នក​មាន​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ។ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ។ តែ​បើ​អ្នក​ណា​បរិ‌ភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ព្រោះ​គេ​មិន​បាន​បរិ‌ភោគ​ដោយ​ជំនឿ ដ្បិត​ការ​ណា​ដែល​មិន​ចេញ​ពី​ជំនឿ នោះ​ជា​អំពើ​បាប។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:19-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​បំផ្លាញ​កិច្ចការ​របស់​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​រឿង​អាហារ​នោះ​ឡើយ។ តាម​ពិត អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​បរិសុទ្ធ ក៏​ប៉ុន្តែ បើ​យើង​បរិភោគ​អ្វី​មួយ​ដែល​បណ្ដាល​ឲ្យ​អ្នក​ផ្សេង​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ គឺ​យើង​បែរ​ជា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ​វិញ។ ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះ‌ពាល់​របស់​ណា​ដែល​ធ្វើ​ឲ្យ​បងប្អូន​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។ អ្វីៗ​ដែល​អ្នក​ជឿ​ថា​ត្រឹម​ត្រូវ ចូរ​រក្សា​ទុក​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់​ទៅ។ អ្នក​ណា​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​ការ​យល់​ឃើញ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ! ផ្ទុយ​ទៅ​វិញ អ្នក​ណា​មាន​ចិត្ត​សង្ស័យ​ពី​អាហារ​ដែល​ខ្លួន​បរិភោគ អ្នក​នោះ​មាន​ទោស​ហើយ ព្រោះ​ការ​យល់​ឃើញ​របស់​គេ​នោះ​មិន​មែន​មក​ពី​ជំនឿ​ទេ។ ការ​អ្វី​ដែល​មិន​មែន​មក​ពី​ជំនឿ សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:19-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្ដី ដែល​នាំ​ឲ្យ​មេត្រី​គ្នា នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ កុំ​ឲ្យ​បំផ្លាញ​ការ​ព្រះ ដោយ​ព្រោះ​តែ​ម្ហូប​ណា​នោះ​ឡើយ គ្រប់​របស់​ទាំង​អស់​ឈ្មោះ​ថា​ស្អាត​មែន តែ​រមែង​ជា​អាក្រក់​ដល់​អ្នក​ណា​ដែល​បរិភោគ​ដោយ​ប្រទាំង​វិញ គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ អ្នក​ឯង​មាន​សេចក្ដី​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​កាត់​ទោស​ខ្លួន​ឯង ក្នុង​ការ​ដែល​ខ្លួន​រាប់​ថា​ធ្វើ​បាន តែ​បើ​អ្នក​ណា​បរិភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​បរិភោគ​ដោយ​សេចក្ដី​ជំនឿ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ដោយ​ឥត​មាន​សេចក្ដី​ជំនឿ នោះ​សុទ្ធ​តែ​ជា​បាប​ទាំង​អស់​ហើយ។

ចែក​រំលែក
អាន រ៉ូម 14