រ៉ូម 14:1-23

រ៉ូម 14:1-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ទទួល​អ្នក​ណា​ដែល​ខ្សោយ​ខាង​ជំនឿ មិន​ត្រូវ​ជជែក​គ្នា​ពី​ការ​ប្រកាន់​ផ្សេងៗ​ឡើយ។ ដ្បិត​ម្នាក់​ជឿ​ថា ខ្លួន​បរិ‌ភោគ​អ្វី​ក៏​បាន ឯ​ម្នាក់​ទៀត​ដែល​ខ្សោយ បរិ‌ភោគ​តែ​បន្លែ។ អ្នក​ដែល​បរិ‌ភោគ មិន​ត្រូវ​មើល​ងាយ​អ្នក​ដែល​មិន​បរិ‌ភោគ​ឡើយ ហើយ​អ្នក​ដែល​មិន​បរិ‌ភោគ ក៏​មិន​ត្រូវ​ថ្កោល​ទោស​អ្នក​ដែល​បរិ‌ភោគ​ដែរ ដ្បិត​ព្រះ​បាន​ទទួល​អ្នក​នោះ​ដូច​គ្នា។ តើ​អ្នក​ជា​នរណា​បាន​ជា​ហ៊ាន​ថ្កោល​ទោស​អ្នក​បម្រើ​របស់​គេ​ដូច្នេះ? អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​លើ​ចៅ‌ហ្វាយ​របស់​គេ​ទេ​តើ! ហើយ​គេ​នឹង​ឈរ​បាន ដ្បិត​ព្រះ‌អម្ចាស់​អាច​ធ្វើ​ឲ្យ​គេ​ឈរ​បាន។ ម្នាក់​យល់​ថា ថ្ងៃ​មួយ​ល្អ​ជាង​ថ្ងៃ​មួយ ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា។ ចូរ​ឲ្យ​គ្រប់​គ្នា​ជឿ​ប្រាកដ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ។ អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​គេ​ប្រកាន់​ដូច្នោះ​ដោយ​គោរព​ព្រះ‌អម្ចាស់ ហើយ​អ្នក​ដែល​បរិ‌ភោគ នោះ​គេ​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិ‌ភោគ នោះ​គេ​មិន​បរិ‌ភោគ​ដោយ​គោរព​ព្រះ‌អម្ចាស់ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។ ដ្បិត​ក្នុង​ចំណោម​យើង គ្មាន​អ្នក​ណា​រស់​សម្រាប់​ខ្លួន​ឯង​ទេ ហើយ​ក៏​គ្មាន​អ្នក​ណា​ស្លាប់​សម្រាប់​ខ្លួន​ឯង​ដែរ ប្រសិន‌បើ​យើង​រស់ យើង​រស់​ដើម្បី​ព្រះ‌អម្ចាស់ ហើយ​ប្រសិន‌បើ​យើង​ស្លាប់ ក៏​ស្លាប់​ដើម្បី​ព្រះ‌អម្ចាស់។ ដូច្នេះ ទោះ​ជា​យើង​រស់ ឬ​ស្លាប់​ក្ដី ក៏​យើង​ជា​របស់​ព្រះ‌អម្ចាស់​ដែរ។ ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌គ្រីស្ទ​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ និង​មនុស្ស​រស់។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន? ឬ​ហេតុ​អ្វី​បាន​ជា​អ្នក​មើល​ងាយ​បង‌ប្អូន​របស់​ខ្លួន? ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​ទី​ជំនុំ‌ជម្រះ​របស់​ព្រះ។ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ដូច​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ​យ៉ាង​ណា នោះ​គ្រប់​ទាំង​ជង្គង់​នឹង​ត្រូវ​លុត​ចុះ​នៅ​មុខ​យើង ហើយ​គ្រប់​ទាំង​អណ្តាត​នឹង​ត្រូវ​សរសើរ​ដល់​ព្រះ​យ៉ាង​នោះ​ដែរ» ។ ដូច្នេះ យើង​ម្នាក់ៗ​នឹង​ត្រូវ​រៀប​រាប់​ទូល​ថ្វាយ​ព្រះ​ពី​គ្រប់​ទាំង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ហេតុ​នេះ យើង​មិន​ត្រូវ​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ឲ្យ​បង‌ប្អូន​ណា​ជំពប់​ដួល ឬ​រវាត​ចិត្ត​ឡើយ។ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ក្នុង​ព្រះ‌អម្ចាស់‌យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ស្មោក‌គ្រោក​សម្រាប់​តែ​អ្នក​ណា​ដែល​គិត​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ។ ប្រសិន‌បើ​អ្នក​ធ្វើ​ឲ្យ​បង‌ប្អូន​អ្នក​ព្រួយ​ចិត្ត​ដោយ​ព្រោះ​តែ​រឿង​អាហារ នោះ​អ្នក​មិន​រស់​នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ កុំ​ធ្វើ​ឲ្យ​អ្នក​ណា​ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយ​សារ​តែ​អាហារ​របស់​អ្នក​ឲ្យ​សោះ ក៏​កុំ​ឲ្យ​គេ​និយាយ​បង្ខូច​ពី​ការ​ល្អ​របស់​អ្នក​ឡើយ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​មិន​មែន​ជា​រឿង​ស៊ី​ផឹក​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត សេចក្តី​សុខសាន្ត និង​អំណរ នៅ​ក្នុង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។ អ្នក​ណា​ដែល​បម្រើ​ព្រះ‌គ្រីស្ទ​តាម​របៀប​នេះ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ ហើយ​មនុស្ស​ក៏​គោរព​រាប់​អាន​ដែរ។ ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​បំផ្លាញ​កិច្ច‌ការ​របស់​ព្រះ ព្រោះ​តែ​រឿង​អាហារ​ណា​នោះ​ឡើយ។ តាម​ពិត អ្វីៗ​សុទ្ធ​តែ​ស្អាត​ទាំង​អស់ តែ​ចំពោះ​អ្នក​ណា​ដែល​បរិ‌ភោគ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ជំពប់​ដួល អ្នក​នោះ​បែរ​ជា​អាក្រក់​វិញ។ គួរ​កុំ​បរិ‌ភោគ​សាច់ ឬ​ស្រា​ទំពាំង​បាយ​ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង‌ប្អូន​អ្នក​ជំពប់​ដួល​ឡើយ។ អ្នក​មាន​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ។ មាន​ពរ​ហើយ​អ្នក​ណា​ដែល​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​ខ្លួន​យល់​ឃើញ​ថា​ត្រឹម​ត្រូវ។ តែ​បើ​អ្នក​ណា​បរិ‌ភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ព្រោះ​គេ​មិន​បាន​បរិ‌ភោគ​ដោយ​ជំនឿ ដ្បិត​ការ​ណា​ដែល​មិន​ចេញ​ពី​ជំនឿ នោះ​ជា​អំពើ​បាប។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:1-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ទទួល​បងប្អូន​ណា​ដែល​មាន​ជំនឿ​ទន់​ខ្សោយ​ដោយ​រាក់‌ទាក់ មិន​ត្រូវ​រិះគន់​យោបល់​របស់​គេ​ឡើយ។ បើ​មាន​នរណា​ម្នាក់​ជឿ​ថា​ខ្លួន​មាន​សិទ្ធិ​បរិភោគ​អ្វី​ក៏​បាន ហើយ​មាន​ម្នាក់​ទៀត​ដែល​មាន​ជំនឿ​ទន់​ខ្សោយ បរិភោគ​តែ​បន្លែ មិន​ត្រូវ​ឲ្យ​អ្នក​បរិភោគ​អ្វី​ក៏​បាន មើល‌ងាយ​អ្នក​ដែល​មិន​បរិភោគ​នោះ​ឡើយ រីឯ​អ្នក​ដែល​មិន​បរិភោគ ក៏​មិន​ត្រូវ​វិនិច្ឆ័យ​អ្នក​បរិភោគ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ទទួល​អ្នក​នោះ​ដែរ។ តើ​អ្នក​មាន​ឋានៈ​អ្វី​បាន​ជា​ហ៊ាន​វិនិច្ឆ័យ​អ្នក​បម្រើ​របស់​គេ​ដូច្នេះ? អ្នក​បម្រើ​នោះ​ឈរ​ក្ដី ដួល​ក្ដី ស្រេច​តែ​នៅ​លើ​ម្ចាស់​របស់​គាត់​ទេ។ ប៉ុន្តែ អ្នក​បម្រើ​នោះ​មុខ​ជា​ឈរ​មាំ​មិន​ខាន ដ្បិត​ព្រះ‌អម្ចាស់​មាន​អំណាច​ជួយ​គាត់​ឲ្យ​ឈរ​បាន។ មាន​ម្នាក់​យល់​ថា ថ្ងៃ​មួយ​សំខាន់​ជាង​ថ្ងៃ​មួយ តែ​ម្នាក់​ទៀត​យល់​ថា ថ្ងៃ​ទាំង​អស់​សុទ្ធ​តែ​ដូច​គ្នា។ ម្នាក់ៗ​ត្រូវ​យល់​ឃើញ​តាម​គំនិត​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់​ទៅ!។ ចំពោះ​អ្នក​ដែល​ប្រកាន់​ថា​មាន​ថ្ងៃ​សំខាន់ ឬ​មិន​សំខាន់​នោះ គេ​ប្រកាន់​ដូច្នេះ ដើម្បី​គោរព​ព្រះ‌អម្ចាស់។ អ្នក​ដែល​បរិភោគ​អ្វី​ទាំង​អស់ គេ​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ព្រះអង្គ។ អ្នក​ដែល​មិន​បរិភោគ គេ​មិន​បរិភោគ ដើម្បី​គោរព​ព្រះ‌អម្ចាស់ ហើយ​គេ​ក៏​អរ​ព្រះ‌គុណ​ព្រះអង្គ​ដែរ ព្រោះ​ក្នុង​ចំណោម​បងប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្ដី ស្លាប់​ក្ដី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជានិច្ច ដ្បិត​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។ រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បងប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បងប្អូន​របស់​អ្នក? យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជា‌ម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា ​ មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយ‌បង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ជា‌ម្ចាស់ យ៉ាង​នោះ​ដែរ ​ ។ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជា‌ម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បងប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​បាត់​ជំនឿ​នោះ​ឡើយ។ ដោយ​ខ្ញុំ​រួម​ជា​មួយ​ព្រះ‌អម្ចាស់‌យេស៊ូ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ថា គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ*​ឯក​ឯង​នោះ​ទេ គឺ​ទាល់​តែ​មាន​នរណា​ម្នាក់​ចាត់​ទុក​ថា​មិន​បរិសុទ្ធ ទើប​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ចំពោះ​អ្នក​ដែល​ថា​នោះ។ ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បងប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា អ្នក​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​គេ​ហើយ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ មិន​ត្រូវ​ទុក​ឲ្យ​គេ​មាន​ឱកាស​និយាយ​និន្ទា​ឡើយ ដ្បិត​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជា‌ម្ចាស់​មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត សេចក្ដី​សុខ‌សាន្ត និង​អំណរ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ អ្នក​ណា​បម្រើ​ព្រះ‌គ្រិស្ត​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។ ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​បំផ្លាញ​កិច្ចការ​របស់​ព្រះ‌ជា‌ម្ចាស់ ព្រោះ​តែ​រឿង​អាហារ​នោះ​ឡើយ។ តាម​ពិត អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​បរិសុទ្ធ ក៏​ប៉ុន្តែ បើ​យើង​បរិភោគ​អ្វី​មួយ​ដែល​បណ្ដាល​ឲ្យ​អ្នក​ផ្សេង​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ គឺ​យើង​បែរ​ជា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ​វិញ។ ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះ‌ពាល់​របស់​ណា​ដែល​ធ្វើ​ឲ្យ​បងប្អូន​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។ អ្វីៗ​ដែល​អ្នក​ជឿ​ថា​ត្រឹម​ត្រូវ ចូរ​រក្សា​ទុក​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់​ទៅ។ អ្នក​ណា​មិន​ដាក់​ទោស​ខ្លួន​ឯង ចំពោះ​ការ​យល់​ឃើញ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ! ផ្ទុយ​ទៅ​វិញ អ្នក​ណា​មាន​ចិត្ត​សង្ស័យ​ពី​អាហារ​ដែល​ខ្លួន​បរិភោគ អ្នក​នោះ​មាន​ទោស​ហើយ ព្រោះ​ការ​យល់​ឃើញ​របស់​គេ​នោះ​មិន​មែន​មក​ពី​ជំនឿ​ទេ។ ការ​អ្វី​ដែល​មិន​មែន​មក​ពី​ជំនឿ សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់។

ចែក​រំលែក
អាន រ៉ូម 14

រ៉ូម 14:1-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ទទួល​អ្នក​ណា ដែល​ខ្សោយ​ខាង​ឯ​សេចក្ដី​ជំនឿ​ដែរ មិន​មែន​ឲ្យ​បាន​ជជែក​គ្នា​ពី​សេចក្ដី​ប្រកាន់​ផ្សេងៗ​ឡើយ ដ្បិត​ម្នាក់​ជឿ​ថា បរិភោគ​បាន​គ្រប់​មុខ​ទាំង​អស់ ម្នាក់​ទៀត ដែល​ខ្សោយ បរិភោគ​តែ​បន្លែ​ទេ កុំ​ឲ្យ​អ្នក​ដែល​បរិភោគ មើល‌ងាយ​ដល់​អ្នក​ដែល​មិន​បរិភោគ​ឡើយ ក៏​កុំ​ឲ្យ​អ្នក​ដែល​មិន​បរិភោគ និន្ទា​ចំពោះ​អ្នក​ដែល​បរិភោគ​ដែរ ដ្បិត​ព្រះ‌ទ្រង់​ទទួល​អ្នក​នោះ​ដូច​គ្នា តើ​អ្នក​ជា​អ្វី​ដែល​និន្ទា​បាវ​បំរើ​របស់​គេ អ្នក​នោះ​ឈរ​ឬ​ដួល​ក្តី នោះ​ស្រេច​នឹង​ចៅហ្វាយ​ទេ​តើ ហើយ​គេ​នឹង​បាន​ឈរ​មែន ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​តាំង​ឲ្យ​ឈរ​បាន ម្នាក់​រាប់​ថា ថ្ងៃ​១​ល្អ​ជាង​ថ្ងៃ​១ ម្នាក់​ទៀត​រាប់​ថា ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា ត្រូវ​ឲ្យ​គ្រប់​គ្នា​ជឿ​ពិត​ប្រាកដ​ក្នុង​ចិត្ត​ខ្លួន អ្នក​ណា​ដែល​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​ប្រកាន់​ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ហើយ​អ្នក​ណា​ដែល​មិន​ប្រកាន់​ថ្ងៃ​ណា នោះ​ក៏​មិន​ប្រកាន់ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ អ្នក​ណា​ដែល​បរិភោគ នោះ​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់ ដ្បិត​គេ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​អ្នក​ណា​ដែល​មិន​បរិភោគ នោះ​គឺ​មិន​បរិភោគ ដោយ​គោរព​ដល់​ព្រះ‌អម្ចាស់​ដែរ ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដូច​គ្នា។ ដ្បិត​គ្មាន​អ្នក​ណា​ក្នុង​ពួក​មនុស្ស​យើង ដែល​រស់​សំរាប់​ខ្លួន​ឯង​ទេ ក៏​គ្មាន​អ្នក​ណា​ស្លាប់​សំរាប់​ខ្លួន​ឯង​ដែរ ទោះ​បើ​យើង​រស់​ឬ​ស្លាប់​ក្តី គង់​តែ​យើង​ត្រូវ​រស់​ឬ​ស្លាប់​ថ្វាយ​ព្រះ‌អម្ចាស់​វិញ ដូច្នេះ បើ​រស់​ឬ​ស្លាប់​ក្តី នោះ​យើង​ក៏​ជា​របស់​ផង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ដោយ​ហេតុ​នោះ​ឯង បាន​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​សុគត ហើយ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ដើម្បី​នឹង​ធ្វើ​ជា​ម្ចាស់ លើ​ទាំង​មនុស្ស​ស្លាប់ នឹង​មនុស្ស​រស់​ផង ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​និន្ទា​ចំពោះ​បង​ប្អូន​ខ្លួន ឬ​មើល‌ងាយ​ដល់​បង​ប្អូន​ខ្លួន ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​មុខ​ទី​ជំនុំ‌ជំរះ​របស់​ផង​ព្រះ‌គ្រីស្ទ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌អម្ចាស់​ទ្រង់​ស្បថ​ដោយ​ព្រះ‌ជន្ម​ទ្រង់​ថា ត្រូវ​ឲ្យ​គ្រប់​ទាំង​ជង្គង់​លុត​ចុះ​នៅ​មុខ​អញ ហើយ​គ្រប់​ទាំង​អណ្តាត​ត្រូវ​សរសើរ​ដល់​ព្រះ​ផង» ដូច្នេះ យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​រាប់​រៀប​ទូល​ថ្វាយ​ព្រះ ពី​ដំណើរ​របស់​ខ្លួន​យើង​ជា​មិន​ខាន។ ហេតុ​នោះ កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ ខ្ញុំ​ដឹង ហើយ​ក៏​ជឿ​ពិត ដោយ​នូវ​ព្រះ‌អម្ចាស់​យេស៊ូវ​ថា គ្មាន​អ្វី​ស្មោក‌គ្រោក​ដោយ​ខ្លួន​ឯង​ទេ គឺ​ស្មោក‌គ្រោក​ដល់​តែ​អ្នក​ណា ដែល​ជឿ​ថា​របស់​នោះ​ស្មោក‌គ្រោក​ប៉ុណ្ណោះ ប៉ុន្តែ បើ​អ្នក​ធ្វើ​ឲ្យ​បង​ប្អូន​អ្នក​ព្រួយ​ចិត្ត ដោយ​ព្រោះ​ម្ហូប​ចំណី​អ្វី នោះ​អ្នក​ប្រព្រឹត្ត​មិន​មែន​ដោយ​ស្រឡាញ់​ទៀត​ទេ កុំ​ធ្វើ​ឲ្យ​អ្នក​ណា ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស ត្រូវ​វិនាស​ដោយ‌សារ​ម្ហូប​របស់​អ្នក​ឡើយ ក៏​កុំ​ឲ្យ​គេ​មាន​ឱកាស​នឹង​និយាយ​អាក្រក់ ពី​ការ​ល្អ​របស់​អ្នក​ដែរ ដ្បិត​នគរ​ព្រះ​មិន​សំរេច​នឹង​ការ​ស៊ី ឬ​ផឹក​នោះ​ទេ គឺ​ស្រេច​នឹង​សេចក្ដី​សុចរិត សេចក្ដី​មេត្រី នឹង​សេចក្ដី​អំណរ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ​ទេ​តើ ពី​ព្រោះ​អ្នក​ណា​ដែល​បំរើ​ព្រះ‌គ្រីស្ទ ដោយ‌សារ​សេចក្ដី​ទាំង​នោះ អ្នក​នោះ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​ហើយ ព្រម​ទាំង​មាន​មនុស្ស​រាប់​អាន​ដល់​ខ្លួន​ដែរ ហេតុ​ដូច្នេះ ត្រូវ​ឲ្យ​យើង​ដេញ​តាម​អស់​ទាំង​សេចក្ដី ដែល​នាំ​ឲ្យ​មេត្រី​គ្នា នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ជួយ​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​វិញ កុំ​ឲ្យ​បំផ្លាញ​ការ​ព្រះ ដោយ​ព្រោះ​តែ​ម្ហូប​ណា​នោះ​ឡើយ គ្រប់​របស់​ទាំង​អស់​ឈ្មោះ​ថា​ស្អាត​មែន តែ​រមែង​ជា​អាក្រក់​ដល់​អ្នក​ណា​ដែល​បរិភោគ​ដោយ​ប្រទាំង​វិញ គួរ​តែ​កុំ​ឲ្យ​បរិភោគ​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​អ្វី​ដែល​នាំ​ឲ្យ​បង​ប្អូន​អ្នក​ជំពប់ ឬ​រវាត​ចិត្ត ឬ​ធ្វើ​ឲ្យ​ខ្សោយ​នោះ​ឡើយ អ្នក​ឯង​មាន​សេចក្ដី​ជំនឿ​យ៉ាង​ណា ចូរ​ជឿ​យ៉ាង​នោះ​តែ​ម្នាក់​ឯង​នៅ​ចំពោះ​ព្រះ​ចុះ មាន​ពរ​ហើយ អ្នក​ណា​ដែល​មិន​កាត់​ទោស​ខ្លួន​ឯង ក្នុង​ការ​ដែល​ខ្លួន​រាប់​ថា​ធ្វើ​បាន តែ​បើ​អ្នក​ណា​បរិភោគ​ទាំង​សង្ស័យ នោះ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​បរិភោគ​ដោយ​សេចក្ដី​ជំនឿ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ដោយ​ឥត​មាន​សេចក្ដី​ជំនឿ នោះ​សុទ្ធ​តែ​ជា​បាប​ទាំង​អស់​ហើយ។

ចែក​រំលែក
អាន រ៉ូម 14