រ៉ូម 13:3-8

រ៉ូម 13:3-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​អ្នក​ប្រព្រឹត្ត​ល្អ មិន​ត្រូវ​ខ្លាច​អ្នក​គ្រប់​គ្រង​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អាក្រក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ខ្លាច។ តើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​មែន​ឬ? ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​សរសើរ​ដល់​អ្នក​មិន​ខាន ដ្បិត​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រពឹ្រត្ត​ល្អ។ ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ឡើយ! ព្រោះ​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ ដើម្បី​សម្ដែង​សេចក្តី‌ក្រោធ​របស់​ព្រះ‌អង្គ មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់។ ដូច្នេះ ត្រូវ​ចុះ​ចូល មិន​មែន​ដើម្បី​ឲ្យ​រួច​ផុត​ពី​សេចក្តី‌ក្រោធ​របស់​ព្រះ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​មនសិការ​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ព្រោះ​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ សម្រាប់​តែ​នឹង​បំពេញ​កិច្ច‌ការ​ដូច្នេះ​ឯង។ ដូច្នេះ ចូរ​បង់​ជូន​អស់​លោក​ទាំង​នោះ តាម​អ្វី​ដែល​អ្នក​ត្រូវ​បង់​ចុះ គឺ​បង់​ពន្ធ​ជូន​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ បង់​អាករ​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ ត្រូវ​កោត​ខ្លាច​ចំពោះ​លោក​ណា​ដែល​អ្នក​ត្រូវ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​គោរព។ មិន​ត្រូវ​ជំពាក់​អ្វី​ដល់​អ្នក​ណា ក្រៅ​ពី​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដទៃ នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:3-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញា‌ធរ​ទេ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ទៅ នោះ​អាជ្ញា‌ធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ត​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញា‌ធរ​មិន​មែន​កាន់​អំណាច​ ជា​អសា​ឥត​ការ​ទេ គឺ​គេ​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ធ្វើ​ទណ្ឌ‌កម្ម ដាក់​ទោស​ ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។ ដូច្នេះ ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ មិន​មែន​ដោយ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ដោយ​មាន​មន‌សិការ​ ​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​បងប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខងារ​ពី​ព្រះ‌ជា‌ម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់។ ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បងប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​លោក​ណា ដែល​បងប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​លោក​ណា ដែល​បងប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​លោក​ណា ដែល​បងប្អូន​ត្រូវ​កោត​ខ្លាច គោរព​លោក​ណា ដែល​បងប្អូន​ត្រូវ​គោរព។ មិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ពេញ​លក្ខណៈ

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:3-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ពួក​នាម៉ឺន​មិន​មែន​ជា​សេចក្ដី​ស្ញែង​ខ្លាច​ដល់​ការ​ល្អ​ទេ គឺ​ដល់​ការ​អាក្រក់​វិញ តើ​អ្នក​ចង់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​អំណាច​នោះ​ឬ​ទេ បើ​ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​ពោល​សរសើរ​ដល់​អ្នក​ហើយ ដ្បិត​លោក​ជា​អ្នក​បំរើ​របស់​ព្រះ សំរាប់​សេចក្ដី​ល្អ​ដល់​អ្នក ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ នោះ​ត្រូវ​ខ្លាច​វិញ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវ​ជា​ឥត​អំពើ​ទេ ពី​ព្រោះ​ជា​អ្នក​បំរើ​របស់​ព្រះ គឺ​ជា​អ្នក​សំរាប់​សង‌សឹក ដើម្បី​នឹង​នាំ​សេចក្ដី​ក្រោធ​របស់​ព្រះ មក​លើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់ ដូច្នេះ ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​បញ្ញា​ចិត្ត​ផង ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ពី​ព្រោះ​លោក​ទាំង​នោះ​ជា​ភ្នាក់‌ងារ​របស់​ព្រះ សំរាប់​នឹង​ត្រួត‌ត្រា​ការ​នោះ​ឯង​ជានិច្ច ដូច្នេះ ចូរ​សង​ដល់​លោក​ទាំង​នោះ តាម​ដែល​អ្នក​ជំពាក់​ចុះ គឺ​ឲ្យ​បង់​ពន្ធ​ខ្លួន ដល់​លោក​ណា​ដែល​ត្រូវ​ទទួល បង់​ពន្ធ‌គយ​ដល់​លោក​ណា​ដែល​ទទួល​ខាង​ពន្ធ‌គយ ត្រូវ​មាន​សេចក្ដី​កោត‌ខ្លាច ចំពោះ​លោក​ណា​ដែល​គួរ​កោត‌ខ្លាច ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ ដល់​លោក​ណា​ដែល​គួរ​គោរព​ដែរ។ កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ

ចែក​រំលែក
អាន រ៉ូម 13