រ៉ូម 12:6-13

រ៉ូម 12:6-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​មាន​អំណោយ‌ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​យើង បើ​ជា​អំណោយ‌ទាន​ថ្លែង​ទំនាយ នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​របស់​យើង​ចុះ បើ​ជា​ការ​បម្រើ នោះ​ចូរ​បម្រើ ជា​អ្នក​បង្រៀន ចូរ​បង្រៀន ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។ ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។ ខាង​សេចក្ដី​ឧស្សាហ៍ នោះ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ឡើយ ខាង​វិញ្ញាណ នោះ​ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ឆេះ‌ឆួល។ ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។ ចូរ​ជួយ​ផ្គត់‌ផ្គង់​ដល់​ពួក​បរិសុទ្ធ​ដែល​ខ្វះខាត ចូរ​ទទួល​ភ្ញៀវ​ដោយ​ចិត្ត​រាក់​ទាក់។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:6-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​មាន​ព្រះ‌អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បងប្អូន​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង*​ព្រះ‌បន្ទូល ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ អ្នក​ដែល​លើក​ទឹក​ចិត្ត​បងប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ត​ត្រេក​អរ។ ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។ ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។ ត្រូវ​ឧស្សាហ៍​ខ្នះ‌ខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ក្លៀវ‌ក្លា។ ចូរ​សប្បាយ​រីក‌រាយ​ដោយ​ចិត្ត​សង្ឃឹម។ ចូរ​កាន់​ចិត្ត​អត់‌ធ្មត់​ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ចូរ​ព្យាយាម​អធិស្ឋាន*។ ត្រូវ​ជួយ​ទំនុក​បម្រុង​ប្រជា‌ជន​ដ៏វិសុទ្ធ*​ដែល​ខ្វះ​ខាត ព្រម​ទាំង​ទទួល​ភ្ញៀវ​ដោយ​រាក់‌ទាក់​ផង។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:6-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ផ្តល់​មក​យើង ទោះ​បើ​ជា​សេចក្ដី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្ដី​ជំនឿ ឬ​បើ​ជា​ការ​បំរើ នោះ​ចូរ​បំរើ​ចុះ ឬ​ជា​ការ​បង្រៀន ចូរ​បង្រៀន​ទៅ ឬ​ជា​ការ​ទូន្មាន ចូរ​ទូន្មាន​ទៅ ឬ​ជា​ការ​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ឬ​ជា​ការ​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ឬ​ការ​មេត្តា‌ករុណា ក៏​ចូរ​ធ្វើ​ដោយ​រីក‌រាយ​ចុះ។ ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្ដី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្ដី​ល្អ​វិញ ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះ‌អម្ចាស់ ចូរ​អរ​សប្បាយ ដោយ​មាន​សង្ឃឹម ចូរ​អត់​ធន់​ក្នុង​សេចក្ដី​ទុក្ខ​លំបាក ចូរ​ឲ្យ​ខ្ជាប់‌ខ្ជួន​ក្នុង​សេចក្ដី​អធិស្ឋាន ខាង​សេចក្ដី​ខ្វះ​ខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់‌ផ្គង់​ឲ្យ ទាំង​ខំ​ប្រឹង​ឲ្យ​មាន​សេចក្ដី​ចៅរ៉ៅ​ផង​ចុះ

ចែក​រំលែក
អាន រ៉ូម 12