រ៉ូម 12:14-21

រ៉ូម 12:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​បៀត​បៀន​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​ចុះ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ ចូរ​អរ​សប្បាយ​ជា​មួយ​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​ជា​មួយ​អ្នក​ណា​ដែល​យំ ចូរ​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក មិន​ត្រូវ​មាន​គំនិត​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​រាប់​អាន​មនុស្ស​ទន់​ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ។ កុំ​តប​ស្នង​ការ​អាក្រក់​ដោយ​ការ​អាក្រក់​ឡើយ តែ​ត្រូវ​តាំង​ចិត្ត​ធ្វើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ។ ចំណែក​ខាង​ឯ​អ្នក​រាល់​គ្នា​វិញ ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន នោះ​ចូរ​រស់​នៅ​ដោយ​សុខ​សាន្ត​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ។ បង‌ប្អូន​ស្ងួន‌ភ្ងា​អើយ មិន​ត្រូវ​សង​សឹក​ដោយ​ខ្លួន​ឯង​ឡើយ តែ​ចូរ​ទុក​ឲ្យ​ព្រះ​សម្ដែង​សេចក្ដី​ក្រោធ​វិញ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ​បន្ទូល​ថា ការ​សង​សឹក​នោះ​ស្រេច​លើ​យើង យើង​នឹង​សង​ដល់​គេ» ។ ផ្ទុយ​ទៅ​វិញ «បើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​បរិ‌ភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ ដ្បិត​ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ »។ មិន​ត្រូវ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ត្រូវ​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សេចក្តី​ល្អ​វិញ។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀត‌បៀន​បងប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។ ចូរ​អរ​សប្បាយ​ជា​មួយ​អស់​អ្នក​ដែល​អរ​សប្បាយ ចូរ​យំ​សោក​ជា​មួយ​អស់​អ្នក​ដែល​យំ​សោក។ ត្រូវ​មាន​ចិត្ត​គំនិត​ចុះ​សំរុង​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​ត្រូវ​មាន​គំនិត​លើក​ខ្លួន​ឡើយ តែ​ត្រូវ​ចាប់​ចិត្ត​នឹង​អ្វីៗ​ដែល​ទន់‌ទាប​វិញ។ មិន​ត្រូវ​អួត​ខ្លួន​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ ។ កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់​តប​នឹង​អំពើ​អាក្រក់ ត្រូវ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ល្អ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ​ ។ ផ្នែក​ឯ​ខាង​បងប្អូន ប្រសិន​បើ​បងប្អូន​អាច​ធ្វើ​បាន ត្រូវ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជា​មួយ​មនុស្ស​ទាំង​អស់​ទៅ។ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថា: «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ទៅ​គេ” ។ ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​ឲ្យ​ទឹក​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”» ។ មិន​ត្រូវ​ចាញ់​ការ​អាក្រក់​ឡើយ គឺ​ត្រូវ​ឈ្នះ​ការ​អាក្រក់ ដោយ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​សូម​ពរ​ឲ្យ​ដល់​អ្នក​ណា​ដែល​បៀត‌បៀន​អ្នក ចូរ​សូម​ពរ​ចុះ កុំ​ឲ្យ​ប្រទេច​ផ្តាសា​ឡើយ ចូរ​អរ​សប្បាយ ជា​មួយ​នឹង​អ្នក​ណា​ដែល​អរ​សប្បាយ ហើយ​យំ ជា​មួយ​នឹង​អ្នក​ណា​ដែល​យំ​ផង ចូរ​ឲ្យ​មាន​គំនិត​ព្រម​ព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក កុំ​ឲ្យ​មាន​គំនិត​ឆ្មើង‌ឆ្មៃ​សោះ​ឡើយ គឺ​ត្រូវ​ភប់‌ប្រសព្វ​នឹង​មនុស្ស​រាប​សា​វិញ កុំ​ឲ្យ​ទុក​ចិត្ត​នឹង​ខ្លួន ថា​មាន​ប្រាជ្ញា​ឲ្យ​សោះ។ កុំ​ឲ្យ​ធ្វើ​ការ​អាក្រក់​ស្នង​នឹង​ការ​អាក្រក់​ឡើយ ត្រូវ​តែ​ខំ​សំដែង​កិរិយា​ល្អ នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​វិញ ខាង​ឯ​ពួក​អ្នក​រាល់​គ្នា នោះ​ឲ្យ​ខំ​នៅ​ជា​មេត្រី​នឹង​មនុស្ស​ទាំង​អស់​ចុះ បើ​សិន​ជា​បាន ឱ​ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​សង‌សឹក​ឡើយ ចូរ​ថយ​ចេញ​ពី​សេចក្ដី​កំហឹង​ទៅ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌អម្ចាស់ ទ្រង់​មាន​បន្ទូល​ថា ការ​សង‌សឹក នោះ​ស្រេច​នឹង​អញ អញ​នឹង​សង​ដល់​គេ» ដូច្នេះ បើ​សិន​ណា​ជា​ខ្មាំង​សត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ដូច​ជា​អ្នក​បាន​ប្រមូល​រងើក​ភ្លើង ដាក់​លើ​ក្បាល​គេ​វិញ កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈ្នះ​សេចក្ដី​អាក្រក់ ដោយ‌សារ​សេចក្ដី​ល្អ​វិញ។

ចែក​រំលែក
អាន រ៉ូម 12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ