រ៉ូម 12:1-11

រ៉ូម 12:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ បងប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បងប្អូន​ថា ដោយ​ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​បងប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះអង្គ ទុក​ជា​យញ្ញ‌បូជា​ដ៏​មាន​ជីវិត​ដ៏វិសុទ្ធ* ហើយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់។ បើ​បងប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បម្រើ​ព្រះអង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន​ ។ មិន​ត្រូវ​យក​តម្រាប់​តាម​និស្ស័យ​លោកីយ៍​នេះ​ឡើយ ត្រូវ​ទុក​ឲ្យ​ព្រះ‌ជា‌ម្ចាស់​កែ​ប្រែ​ចិត្ត​គំនិត​បងប្អូន ឲ្យ​ទៅ​ជា​ថ្មី​ទាំង​ស្រុង​វិញ ដើម្បី​ឲ្យ​បងប្អូន​ចេះ​ពិចារណា​មើល​ថា ព្រះ‌ជា‌ម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វី​ខ្លះ គឺ​អ្វី​ដែល​ល្អ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ និង​គ្រប់​លក្ខណៈ។ ខ្ញុំ​សូម​ជម្រាប​បងប្អូន តាម​ព្រះ‌អំណោយ​ទាន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កម្រិត​នៃ​ជំនឿ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​ម្នាក់ៗ។ រូប​កាយ​មនុស្ស​យើង​មាន​សរី‌រាង្គ​ច្រើន ហើយ​សរី‌រាង្គ​នីមួយៗ​មាន​មុខងារ​ខុសៗ​គ្នា​យ៉ាង​ណា យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​ព្រះ‌កាយ​តែ​មួយ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ យើង​មាន​ព្រះ‌អំណោយ​ទាន​ប្លែកៗ​ពី​គ្នា ស្រប​តាម​ព្រះ‌គុណ​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​មក​យើង។ ប្រសិន​បើ​បងប្អូន​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​ថ្លែង*​ព្រះ‌បន្ទូល ត្រូវ​ថ្លែង​ឲ្យ​ស្រប​តាម​ជំនឿ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ អ្នក​ដែល​លើក​ទឹក​ចិត្ត​បងប្អូន ចូរ​លើក​ទឹក​ចិត្ត​គេ​ទៅ អ្នក​ដែល​ចែក​ទ្រព្យ​របស់​ខ្លួន​ ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ​សរ អ្នក​ដែល​ដឹក​នាំ ចូរ​ដឹក​នាំ​ដោយ​ចិត្ត​ខ្នះ‌ខ្នែង អ្នក​ដែល​ចែក​ទាន​ដល់​ជន​ក្រីក្រ ចូរ​ចែក​ឲ្យ​គេ​ដោយ​ចិត្ត​ត្រេក​អរ។ ចូរ​មាន​ចិត្ត​ស្រឡាញ់ ដោយ​ឥត​លាក់​ពុត​ឡើយ។ ចូរ​ស្អប់​ខ្ពើម​អ្វីៗ​ដែល​អាក្រក់ ហើយ​ជាប់​ចិត្ត​តែ​នឹង​អ្វីៗ​ដែល​ល្អ​វិញ។ ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។ ត្រូវ​ឧស្សាហ៍​ខ្នះ‌ខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ក្លៀវ‌ក្លា។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា‌ករុណា​របស់​ព្រះ ឲ្យ​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ បរិសុទ្ធ ហើយ​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ។ នេះ​ហើយ​ជា​ការ​ថ្វាយ​បង្គំ​របស់​អ្នក​រាល់​គ្នា​តាម​របៀប​ត្រឹម​ត្រូវ។ មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។ ដ្បិត​ដោយ​ព្រះ‌គុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ខ្ញុំ​និយាយ​ទៅ​កាន់​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ថា មិន​ត្រូវ​គិត​ពី​ខ្លួន​ឯង​ឲ្យ​ខ្ពស់ លើស​ជាង​គំនិត​ដែល​គួរ​គិត​នោះ​ឡើយ តែ​ចូរ​គិត​ឲ្យ​មាន​គំនិត​នឹង​ធឹង តាម​ខ្នាត​នៃ​ជំនឿ​ដែល​ព្រះ​បាន​ចែក​ឲ្យ​រៀង​ខ្លួន​វិញ។ ដ្បិត​ដូច​ដែល​យើង​មាន​អវយវៈ​ជា​ច្រើន​នៅ​ក្នុង​រូប​កាយ​តែ​មួយ ហើយ​អវយវៈ​ទាំង​នោះ មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​យើង​ម្នាក់ៗ​ជា​អវយវៈ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នោះ​ដែរ។ យើង​មាន​អំណោយ‌ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​យើង បើ​ជា​អំណោយ‌ទាន​ថ្លែង​ទំនាយ នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​របស់​យើង​ចុះ បើ​ជា​ការ​បម្រើ នោះ​ចូរ​បម្រើ ជា​អ្នក​បង្រៀន ចូរ​បង្រៀន ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។ ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។ ខាង​សេចក្ដី​ឧស្សាហ៍ នោះ​មិន​ត្រូវ​ខ្ជិល​ច្រអូស​ឡើយ ខាង​វិញ្ញាណ នោះ​ត្រូវ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ឆេះ‌ឆួល។

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​សេចក្ដី​មេត្តា‌ករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូប‌កាយ​ទុក​ជា​យញ្ញ‌បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង កុំ​ឲ្យ​ត្រាប់​តាម​សម័យ​នេះ​ឡើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​វិញ ដោយ​គំនិត​បាន​កែ​ជា​ថ្មី​ឡើង ដើម្បី​នឹង​អាច​ល​មើល​ឲ្យ​បាន​ស្គាល់​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ ដែល​ល្អ ស្រួល​ទទួល ហើយ​គ្រប់​លក្ខណ៍​ផង ដ្បិត​ខ្ញុំ​និយាយ​នឹង​មនុស្ស​ទាំង​អស់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌គុណ​ដែល​ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ​ថា ចូរ​គិត​បែប​ឲ្យ​មាន​គំនិត​នឹង‌ធឹង តាម​ខ្នាត​នៃ​សេចក្ដី​ជំនឿ ដែល​ព្រះ​បាន​ចែក​មក​អ្នក​រាល់​គ្នា​និមួយៗ កុំ​ឲ្យ​មាន​គំនិត​ខ្ពស់ លើស​ជាង​គំនិត ដែល​គួរ​គប្បី​ឲ្យ​គិត​នោះ​ឡើយ ដ្បិត ដែល​យើង​រាល់​គ្នា​មាន​អវយវៈ​ជា​ច្រើន រួម​គ្នា​ជា​រូប‌កាយ​តែ​មួយ តែ​អវយវៈ​ទាំង​នោះ​មាន​ការ‌ងារ​ផ្សេងៗ​ពី​គ្នា​ជា​យ៉ាង​ណា នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូប‌កាយ​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែប​យ៉ាង​នោះ​ដែរ ដូច្នេះ ដែល​មាន​អំណោយ​ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ផ្តល់​មក​យើង ទោះ​បើ​ជា​សេចក្ដី​ទំនាយ នោះ​ក៏​ត្រូវ​ទាយ​តាម​ខ្នាត​នៃ​សេចក្ដី​ជំនឿ ឬ​បើ​ជា​ការ​បំរើ នោះ​ចូរ​បំរើ​ចុះ ឬ​ជា​ការ​បង្រៀន ចូរ​បង្រៀន​ទៅ ឬ​ជា​ការ​ទូន្មាន ចូរ​ទូន្មាន​ទៅ ឬ​ជា​ការ​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ឬ​ជា​ការ​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ឬ​ការ​មេត្តា‌ករុណា ក៏​ចូរ​ធ្វើ​ដោយ​រីក‌រាយ​ចុះ។ ចូរ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ឥត​ពុត​មាយា ទាំង​ខ្ពើម​សេចក្ដី​អាក្រក់ ហើយ​កាន់​ខ្ជាប់​ខាង​សេចក្ដី​ល្អ​វិញ ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន ខាង​ឯ​សេចក្ដី​ឧស្សាហ៍ នោះ​កុំ​ឲ្យ​ខ្ជិល​ឡើយ ខាង​ឯ​វិញ្ញាណ នោះ​ក៏​ចូរ​ព្យាយាម​ចុះ ដោយ​ខំ​ប្រឹង​បំរើ​ព្រះ‌អម្ចាស់

ចែក​រំលែក
អាន រ៉ូម 12

រ៉ូម 12:1-11

រ៉ូម 12:1-11 គខបរ៉ូម 12:1-11 គខបរ៉ូម 12:1-11 គខប