រ៉ូម 1:1-6

រ៉ូម 1:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​ ​របស់​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌ជា‌ម្ចាស់*​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាវ័ក* និង​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះអង្គ។ ដំណឹង‌ល្អ​នេះ ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះ‌គម្ពីរ តាម​រយៈ​ពួក​ព្យាការី*​របស់​ព្រះអង្គ ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ បើ​គិត​តាម​មនុស្ស ព្រះ‌បុត្រា​ប្រសូត​មក​ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ តែ​បើ​គិត​តាម​ព្រះ‌វិញ្ញាណ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​វិសុទ្ធ*​វិញ​ ព្រះ‌ជា‌ម្ចាស់​បាន​តែង‌តាំង​ព្រះអង្គ ជា​ព្រះ‌បុត្រា​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដោយ​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ តាម​រយៈ​ព្រះ‌បុត្រា គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ។ បងប្អូន​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​អ្នក​បម្រើ របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​សន្យា​ពី​មុន តាម​រយៈ​ពួក​ហោរា​ព្រះ‌អង្គ នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ ជា​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដែល​ខាង​សាច់​ឈាម ព្រះ‌អង្គ​បាន​ចាប់​កំណើត​ក្នុង​រាជ​វង្ស​ព្រះបាទ​ដាវីឌ តែ​ខាង​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ ត្រូវ​បាន​តែង​តាំង​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ប្រកប​ដោយ​ព្រះ‌ចេស្តា ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​តាម​រយៈ​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខ​ងារ​ជា​សាវក ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ជា​អ្នក​ដែល​ទទួល​ការ​ត្រាស់​ហៅ​មក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ (ជា​ដំណឹង​ល្អ​ដែល​ទ្រង់​បាន​សន្យា​ពី​ដើម ដោយ‌សារ​ពួក​ហោរា​ទ្រង់ ទុក​ក្នុង​គម្ពីរ​បរិសុទ្ធ គឺ​ពី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ខាង​ឯ​សាច់​ឈាម ទ្រង់​បាន​ចាប់​កំណើត​ក្នុង​ព្រះ‌វង្សា​ហ្លួង​ដាវីឌ តែ​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ នោះ​បាន​សំដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះ‌ចេស្តា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ នឹង​ងារ​ជា​សាវក ដោយ‌សារ​ទ្រង់ សំរាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះ‌នាម​ទ្រង់ ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ពួក​អ្នក​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ហៅ​ដែរ)

ចែក​រំលែក
អាន រ៉ូម 1