រ៉ូម 1:1-32

រ៉ូម 1:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​អ្នក​បម្រើ របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​សន្យា​ពី​មុន តាម​រយៈ​ពួក​ហោរា​ព្រះ‌អង្គ នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ ជា​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដែល​ខាង​សាច់​ឈាម ព្រះ‌អង្គ​បាន​ចាប់​កំណើត​ក្នុង​រាជ​វង្ស​ព្រះបាទ​ដាវីឌ តែ​ខាង​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ ត្រូវ​បាន​តែង​តាំង​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ប្រកប​ដោយ​ព្រះ‌ចេស្តា ដោយ​ព្រះ‌អង្គ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​រាល់​គ្នា ដែល​តាម​រយៈ​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខ​ងារ​ជា​សាវក ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ជា​អ្នក​ដែល​ទទួល​ការ​ត្រាស់​ហៅ​មក​ជា​កម្មសិទ្ធិ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ជូន​ចំពោះ​បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ​ទាំង​អស់​នៅ​ក្រុង​រ៉ូម ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត​មក​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ សម្រាប់​អ្នក​ទាំង​អស់​គ្នា ព្រោះ​មាន​គេ​ប្រកាស​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា នៅ​ពាស​ពេញ​ពិភព‌លោក។ ព្រះ​ដែល​ខ្ញុំ​បម្រើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ទ្រង់​ជា​ស្មរ​បន្ទាល់​របស់​ខ្ញុំ​ថា ខ្ញុំ​តែង​តែ​នឹក​ចាំ​ពី​អ្នក​រាល់​គ្នា​ជានិច្ច នៅ​ក្នុង​សេចក្តី​អធិស្ឋាន​របស់​ខ្ញុំ ទាំង​សូម​អង្វរ​ឲ្យ​ម្តង​នេះ បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​ខ្ញុំ​មាន​ឱកាស​ល្អ​ដើម្បី​មក​ជួប​អ្នក​រាល់​គ្នា ព្រោះ​ខ្ញុំ​មាន​បំណង​ចង់​ឃើញ​អ្នក​រាល់​គ្នា​ជា​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចែក​អំណោយ‌ទាន​ខាង​វិញ្ញាណ​ខ្លះ​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រឹង​មាំ គឺ​ថា ឲ្យ​យើង​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សារ​ជំនឿ​របស់​យើង​ម្នាក់ៗ ទាំង​ជំនឿ​របស់​អ្នក​រាល់​គ្នា ទាំង​ជំនឿ​របស់​ខ្ញុំ។ បង‌ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មាន​បំណង​ចង់​មក​ជួប​អ្នក​រាល់​គ្នា​ជា​ញឹក​ញាប់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ដទៃ​ឯ​ទៀត​ដែរ ប៉ុន្តែ ចេះ​តែ​មាន​អ្វី​រាំងរា​រហូត​មក​ទល់​ពេល​នេះ។ ខ្ញុំ​មាន​ការ​ជាប់​ជំពាក់​ទាំង​សាសន៍​ក្រិក និង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ និង​អ្នក​ខ្លៅ។ ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​ចង់​ប្រកាស​ដំណឹង​ល្អ​ប្រាប់​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​នេះ​ដែរ។ ដ្បិត​ខ្ញុំ​មិន​ខ្មាស​អំពី​ដំណឹង​ល្អ​ទេ ព្រោះ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​ដំបូង​ដល់​សាសន៍​យូដា និង​ដល់​សាសន៍​ក្រិក​ផង។ ដ្បិត​នៅ​ក្នុង​ដំណឹង​ល្អ​នេះ សេចក្តី​សុចរិត​របស់​ព្រះ​បាន​សម្ដែង​មក តាម​រយៈ​ជំនឿ សម្រាប់​ជំនឿ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។ ដ្បិត​សេចក្តី‌ក្រោធ​របស់​ព្រះ បាន​សម្ដែង​ពី​ស្ថាន‌សួគ៌​មក ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិឡ​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ ដ្បិត​អ្វី​ដែល​គេ​អាច​ស្គាល់​ពី​ព្រះ​បាន នោះ​ជាក់​ច្បាស់​ដល់​ពួក​គេ​ហើយ ព្រោះ​ព្រះ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ។ តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ ដ្បិត​ទោះ​ជា​គេ​បាន​ស្គាល់​ព្រះ ក៏​គេ​មិន​បាន​តម្កើង​ព្រះ‌អង្គ​ជា​ព្រះ ឬ​អរ​ព្រះ​គុណ​ព្រះ‌អង្គ​ដែរ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​មាន​គំនិត​ឥត​ប្រយោជន៍ ហើយ​ចិត្ត​ល្ងង់​ខ្លៅ​របស់​គេ ក៏​ត្រឡប់​ជា​ងងឹត។ គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ទៅ​ក្នុង​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ដែល​បន្ថោក​រូប‌កាយ​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​គេ ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ឲ្យ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​របស់​គេ បាន​ប្ដូរ​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ឲ្យ​ខុស​ពី​ធម្មតា ឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​លះ​ចោល​ការ​រួម​បវេណី​ជាមួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​នឹង​តណ្ហា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស​ជាមួយ​ប្រុស​ដូច​គ្នា ហើយ​ក៏​ទទួល​ទោស​ចំពោះ​ខ្លួន​គេ ដែល​សម​នឹង​កំហុស​របស់​ខ្លួន។ ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ព្រះ​សោះ ព្រះ‌អង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ចោល​ម្សៀត និង​ទៅ​តាម​ការ​ដែល​មិន​គួរ​គប្បី​នឹង​ប្រព្រឹត្ត។ ពួកគេ​មាន​ពេញ​ដោយ​សេចក្តី​ទុច្ចរិត​គ្រប់​យ៉ាង សេចក្ដី​អាក្រក់ សេចក្តី​លោភ​លន់ និង​សេចក្តី​ព្យាបាទ ក៏​មាន​ពេញ​ដោយ​សេចក្តី​ឈ្នានីស ការ​កាប់​សម្លាប់ ឈ្លោះ​ប្រកែក បោក​បញ្ឆោត កិច្ច‌កល ពួក​គេ​ចូល​ចិត្ត​និយាយ​ដើម និយាយ​បង្កាច់​បង្ខូច ស្អប់​ព្រះ ព្រហើន​ឆ្មើង​ឆ្មៃ អួត​អាង បង្កើត​ការ​អាក្រក់ មិន​ស្តាប់​បង្គាប់​ឪពុក‌ម្តាយ ជា​មនុស្ស​ល្ងី​ល្ងើ មិន​ស្មោះ​ត្រង់ ជា​មនុស្ស​គ្មាន​ចិត្ត គ្មាន​សេចក្ដី​មេត្តា។ គេ​ស្គាល់​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​ដូច្នោះ សម​នឹង​ស្លាប់ ប៉ុន្តែ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ការ​ទាំង​នោះ​ប៉ុណ្ណោះ​ទេ គឺ​គេ​ថែម​ទាំង​យល់​ព្រម​ជា​មួយ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ​ទៀត​ផង។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​ ​របស់​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌ជា‌ម្ចាស់*​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាវ័ក* និង​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះអង្គ។ ដំណឹង‌ល្អ​នេះ ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ទុក​ជា​មុន​ក្នុង​ព្រះ‌គម្ពីរ តាម​រយៈ​ពួក​ព្យាការី*​របស់​ព្រះអង្គ ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។ បើ​គិត​តាម​មនុស្ស ព្រះ‌បុត្រា​ប្រសូត​មក​ក្នុង​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ តែ​បើ​គិត​តាម​ព្រះ‌វិញ្ញាណ ដែល​ផ្ដល់​ឲ្យ​មនុស្ស​បាន​វិសុទ្ធ*​វិញ​ ព្រះ‌ជា‌ម្ចាស់​បាន​តែង‌តាំង​ព្រះអង្គ ជា​ព្រះ‌បុត្រា​ប្រកប​ដោយ​ឫទ្ធា‌នុភាព ដោយ​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ តាម​រយៈ​ព្រះ‌បុត្រា គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ និង​មុខងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្តិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ។ បងប្អូន​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​បាន​ត្រាស់​ហៅ ក៏​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​នោះ​ដែរ។ សូម​ជម្រាប​មក​បងប្អូន​ទាំង​អស់​នៅ​ក្រុង​រ៉ូម ជា​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ស្រឡាញ់ និង​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌យេស៊ូ​គ្រិស្ត​ជា‌អម្ចាស់ ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។ ជា​បឋម ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​របស់​ខ្ញុំ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត* ព្រោះ​តែ​បងប្អូន​ទាំង​អស់​គ្នា ដ្បិត​គេ​តំណាល​អំពី​ជំនឿ​របស់​បងប្អូន​ក្នុង​សកល​លោក​ទាំង​មូល។ ព្រះ‌ជា‌ម្ចាស់​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ*​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ ព្រះអង្គ​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បងប្អូន​ជានិច្ច គ្រប់​ពេល​ខ្ញុំ​អធិស្ឋាន* សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ឱកាស​មក​សួរ​សុខ​ទុក្ខ​បងប្អូន បើ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ។ ខ្ញុំ​មាន​បំណង​ចង់​ជួប​មុខ​បងប្អូន​យ៉ាង​ខ្លាំង ដើម្បី​ចែក​ព្រះ‌អំណោយ​ទាន​ណា​មួយ​របស់​ព្រះ‌វិញ្ញាណ​ជូន​បងប្អូន ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឡើង គឺ​ថា ពេល​យើង​នៅ​ជា​មួយ​គ្នា យើង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ជំនឿ​ដែល​យើង​មាន​រួម​គ្នា ទាំង​បងប្អូន​ទាំង​ខ្ញុំ។ បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​បាន​ជ្រាប​យ៉ាង​ច្បាស់​ថា ខ្ញុំ​មាន​គម្រោង‌ការ​ចង់​មក​ជួប​បងប្អូន​ច្រើន​លើក​ច្រើន​សា​ហើយ ដើម្បី​ទទួល​ផល​ខ្លះ​ក្នុង​ចំណោម​បងប្អូន ដូច​ខ្ញុំ​ធ្លាប់​បាន​ទទួល​ក្នុង​ចំណោម​សាសន៍​ឯ​ទៀតៗ​ដែរ ក៏​ប៉ុន្តែ មក​ទល់​ពេល​នេះ ខ្ញុំ​ចេះ​តែ​ខក​ខាន​មិន​បាន​មក។ ខ្ញុំ​ត្រូវ​តែ​បំពេញ​កិច្ចការ​ក្នុង​ចំណោម​សាសន៍​ក្រិក​ និង​ក្នុង​ចំណោម​សាសន៍​ដទៃ​ទៀត ក្នុង​ចំណោម​អ្នក​ប្រាជ្ញ និង​ក្នុង​ចំណោម​អ្នក​ល្ងង់។ ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ​មក​ជូន​បងប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។ ដំណឹង‌ល្អ​នេះ​សម្តែង​ឲ្យ​ដឹង​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ​ ដូច​មាន​ចែង​ទុក​មក​ថា: «មនុស្ស​សុចរិត​មាន​ជីវិត​រស់ ដោយ‌សារ​ជំនឿ» ​ ។ ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ ​ពី​ស្ថាន​បរម‌សុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះ‌ជា‌ម្ចាស់ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។ លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ​ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។ គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។ គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ត​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។ ពួក​គេ​និយម​ព្រះ‌ក្លែង‌ក្លាយ​ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត មក​ជំនួស​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច! អាម៉ែន!។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះ‌បង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្ម‌ជាតិ​វិញ រីឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​បាន​លះ‌បង់​ការ​រួម​បវេណី​ជា​មួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​ស្រើប‌ស្រាល​តែ​នឹង​ប្រុសៗ​គ្នា​ឯង។ គេ​ប្រព្រឹត្ត​អំពើ​ដែល​គួរ​ឲ្យ​អៀន​ខ្មាស រវាង​ប្រុស​និង​ប្រុស។ ពួក​គេ​ទទួល​ទណ្ឌ‌កម្ម​ក្នុង​រូប​កាយ​គេ​ផ្ទាល់ សម​នឹង​ការ​វង្វេង​របស់​គេ។ ដោយ​ពួក​គេ​យល់​ថា មិន​បាច់​ស្គាល់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់ ព្រះអង្គ​ក៏​បណ្ដោយ​គេ​ទៅ​តាម​គំនិត​ឥត​ពិចារណា​របស់​ខ្លួន គឺ​ឲ្យ​គេ​ប្រព្រឹត្ត​អំពើ​ដែល​មិន​ត្រូវ​ប្រព្រឹត្ត។ ចិត្ត​របស់​ពួក​គេ​ពោរ‌ពេញ​ដោយ​គំនិត​ទុច្ចរិត​គ្រប់​យ៉ាង គំនិត​អាក្រក់ គំនិត​លោភ‌លន់ គំនិត​ពាល ពេញ​ទៅ​ដោយ​ចិត្ត​ច្រណែន‌ឈ្នានីស ចង់​សម្លាប់​គេ ឈ្លោះ​ប្រកែក ល្បិច​កិច្ចកល និង​អបាយ‌មុខ។ ពួក​គេ​ចូល​ចិត្ត​បរិហារ​កេរ្តិ៍​គ្នា និយាយ​ដើម​គ្នា តាំង​ខ្លួន​ជា​សត្រូវ​នឹង​ព្រះ‌ជា‌ម្ចាស់ មាន​ចិត្ត​កំរោល​ឃោរ‌ឃៅ មាន​អំនួត​អួត​បំប៉ោង ប្រសប់​ខាង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ ពួក​គេ​ជា​មនុស្ស​ល្ងី‌ល្ងើ​មាន​ចិត្ត​មិន​ទៀង ជា​មនុស្ស​អត់​ចិត្ត មិន​ចេះ​អាណិត​អាសូរ។ ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​ព្រះ‌ជា‌ម្ចាស់​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ត​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នោះ​ផង​ដែរ។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ (ជា​ដំណឹង​ល្អ​ដែល​ទ្រង់​បាន​សន្យា​ពី​ដើម ដោយ‌សារ​ពួក​ហោរា​ទ្រង់ ទុក​ក្នុង​គម្ពីរ​បរិសុទ្ធ គឺ​ពី​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ខាង​ឯ​សាច់​ឈាម ទ្រង់​បាន​ចាប់​កំណើត​ក្នុង​ព្រះ‌វង្សា​ហ្លួង​ដាវីឌ តែ​ខាង​ឯ​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ នោះ​បាន​សំដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះ‌ចេស្តា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​យើង​ខ្ញុំ​បាន​ទទួល​ព្រះ‌គុណ នឹង​ងារ​ជា​សាវក ដោយ‌សារ​ទ្រង់ សំរាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ទុក​ជា​ប្រយោជន៍​ដល់​ព្រះ‌នាម​ទ្រង់ ដែល​អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ពួក​អ្នក​ទាំង​នោះ ជា​ពួក​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ហៅ​ដែរ) ខ្ញុំ​ផ្ញើ​មក​អស់​អ្នក នៅ​ក្រុង​រ៉ូម ជា​ពួក​ស្ងួន‌ភ្ងា​នៃ​ព្រះ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា ហើយ​អំពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ មុន​ដំបូង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ដំណើរ​អ្នក​រាល់​គ្នា ដោយ​ឮ​គេ​ថ្លែង​ប្រាប់ នៅ​គ្រប់​ក្នុង​លោកីយ​ទាំង​មូល ពី​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ​ដែល​ខ្ញុំ​បំរើ​ដោយ​វិញ្ញាណ​ខ្ញុំ ក្នុង​ដំណឹង​ល្អ​ពី​ព្រះ‌រាជ‌បុត្រា​ទ្រង់ នោះ​ជា​ស្មរ​បន្ទាល់​ពី​ខ្ញុំ​ថា ខ្ញុំ​ទូល​ដំណាល​ពី​អ្នក​រាល់​គ្នា ក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ជានិច្ច ព្រម​ទាំង​សូម​អង្វរ​ជា​ដរាប ឲ្យ​ខ្ញុំ​បាន​ឱកាស​ស្រួល​តាម​ព្រះ‌ហឫទ័យ​ម្តង​ណេះ ដើម្បី​នឹង​មក​ឯ​អ្នក​រាល់​គ្នា បើ​សិន​ជា​បាន ដោយ​ព្រោះ​ខ្ញុំ​រឭក​ចង់​ឃើញ​អ្នក​រាល់​គ្នា ដើម្បី​នឹង​ចែក​អំណោយ​ទាន​ណា​មួយ ខាង​វិញ្ញាណ​មក​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​តាំង​នៅ​យ៉ាង​ខ្ជាប់‌ខ្ជួន គឺ​ថា ឲ្យ​យើង​បាន​សេចក្ដី​កំសាន្ត​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ពួក​អ្នក​រាល់​គ្នា ដោយ‌សារ​សេចក្ដី​ជំនឿ​របស់​យើង​និមួយៗ គឺ​របស់​អ្នក​រាល់​គ្នា នឹង​របស់​ខ្ញុំ​ផង តែ​បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​គិត​មក​ឯ​អ្នក​រាល់​គ្នា​ជា​រឿយៗ ដើម្បី​ឲ្យ​បាន​ផល​ខ្លះ ក្នុង​ពួក​អ្នក​រាល់​គ្នា ដូច​ជា​ក្នុង​ពួក​សាសន៍​ឯ​ទៀត​ដែរ តែ​ខ្ញុំ​មាន​សេចក្ដី​ឃាត់‌ឃាំង ដរាប​មក​ដល់​ឥឡូវ​នេះ ខ្ញុំ​មាន​សេចក្ដី​ជំពាក់​ទាំង​សាសន៍​ក្រេក នឹង​សាសន៍​ដទៃ ទាំង​អ្នក​ប្រាជ្ញ នឹង​អ្នក​ខ្លៅ​ផង ដូច្នេះ ឯ​ខ្ញុំៗ​ប្រុង​ប្រៀប​តែ​នឹង​ប្រាប់​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា ដែល​នៅ​ក្រុង​រ៉ូម​ដែរ ដ្បិត​ខ្ញុំ​គ្មាន​សេចក្ដី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះ‌គ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម នឹង​សាសន៍​ក្រេក​ផង ដ្បិត​សេចក្ដី​សុចរិត​នៃ​ព្រះ បាន​សំដែង​មក​ក្នុង​ដំណឹង​ល្អ​នោះ ដោយ‌សារ​សេចក្ដី​ជំនឿ ហើយ​ឲ្យ​បាន​សេចក្ដី​ជំនឿ​ចំរើន​ច្រើន​ឡើង​ផង ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ​អាង​សេចក្ដី​ជំនឿ»។ ពី​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ បាន​សំដែង​មក​ពី​ស្ថាន‌សួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្ដី​ពិត ដោយ​សេចក្ដី​ទុច្ចរិត ព្រោះ​ការ​អ្វី​ដែល​អាច​នឹង​ស្គាល់​ពី​ព្រះ​បាន នោះ​បាន​សំដែង​មក​ក្នុង​ពួក​គេ​ហើយ ដោយ​ព្រះ‌ទ្រង់​សំដែង​ការ​នោះ​ឲ្យ​គេ​ឃើញ​ជាក់ ដ្បិត​អ្វីៗ​របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក ទោះ​ទាំង​ព្រះ‌ចេស្តា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ គេ​អួត​ខ្លួន​ថា មាន​ប្រាជ្ញា បាន​ជា​គេ​ត្រឡប់​ទៅ​ជា​ល្ងង់‌ល្ងើ​វិញ គឺ​គេ​បំផ្លាស់​សិរី‌ល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច ឲ្យ​ទៅ​ជា​រូប មើល​ទៅ​ដូច​ជា​មនុស្ស ដែល​តែង‌តែ​ខូច​វិញ ហើយ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​៤ នឹង​សត្វ​លូន​វារ​ដែរ ហេតុ​នោះ​បាន​ជា​ព្រះ‌ទ្រង់​ប្រគល់​គេ​ទៅ​ឯ​សេចក្ដី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ឲ្យ​បាន​បង្អាប់​ដល់​រូប‌កាយ​គេ​ទៅ​វិញ​ទៅ​មក គេ​បាន​ផ្លាស់​សេចក្ដី​ពិត​នៃ​ព្រះ ឲ្យ​ទៅ​ជា​សេចក្ដី​ភូត‌ភរ​វិញ ក៏​កោត‌ខ្លាច ហើយ​គោរព​បូជា​ដល់​របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះ​មក ជា​ព្រះ​ដែល​មាន​ព្រះ‌ពរ​អស់​‌កល្ប​ជានិច្ច អាម៉ែន ហេតុ​នោះ​បាន​ជា​ព្រះ‌ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រីៗ​របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀម‌ទំលាប់​ពី​បវេណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា ហើយ​ពួក​ប្រុសៗ​ក៏​បែប​ដូច្នោះ​ដែរ គេ​បាន​លះ​ចោល​ទំនៀម‌ទំលាប់​របស់​ស្ត្រី​ពី​បវេណី​ចេញ ហើយ​បង្កើត​ឲ្យ​មាន​សេចក្ដី​សំរើប​រោល‌រាល ដល់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ប្រុស​ប្រព្រឹត្ត​នឹង​ប្រុសៗ ជា​ការ​ដ៏​អាក្រក់​ជួ‌ជាតិ នោះ​គេ​ក៏​ទទួល​រង្វាន់​ចំពោះ​ខ្លួន​គេ ដែល​សំណំ​នឹង​សេចក្ដី​កំហុស​របស់​ខ្លួន ហើយ​ដោយ​ព្រោះ​គេ​មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោល‌ម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សំរេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ ជា​មនុស្ស​មាន​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​យ៉ាង គឺ​សេចក្ដី​កំផិត សេចក្ដី​កំណាច សេចក្ដី​លោភ នឹង​សេចក្ដី​ព្យាបាទ ក៏​មាន​សេចក្ដី​ឈ្នានីស នឹង​ការ​កាប់​សំឡាប់ ឈ្លោះ​ប្រកែក កិច្ច‌កល គំនិត​ខិល‌ខូច​ដ៏​ពោរ‌ពេញ​ផង ជា​មនុស្ស​ចែ‌ចូវ បេះ‌បួយ ស្អប់​ព្រះ ព្រហើន​ឈ្លាន‌ពាន មានះ​កាន់​ខ្លួន អួត​អាង ជា​មេ​បង្កើត​ការ​អាក្រក់ ហើយ​មិន​ស្តាប់​បង្គាប់​តាម​ឪពុក​ម្តាយ ឥត​យោបល់ មាន​ចិត្ត​មិន​ទៀង មិន​ចេះ​ស្រឡាញ់​តាម​ធម្មតា ក៏​ឥត​មាន​សេចក្ដី​មេត្តា‌ករុណា​សោះ គេ​ក៏​ស្គាល់​សេចក្ដី​ជំនុំ‌ជំរះ​ដ៏​សុចរិត​របស់​ព្រះ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ នោះ​គួរ​នឹង​ស្លាប់​ហើយ ប៉ុន្តែ​គេ​មិន​គ្រាន់​តែ​ប្រព្រឹត្ត​យ៉ាង​នោះ​ប៉ុណ្ណោះ គឺ​គេ​ចូល​ចិត្ត​យល់​ព្រម​នឹង​អស់​អ្នក​ណា ដែល​ប្រព្រឹត្ត​ដូច្នោះ​ផង​ដែរ។

ចែក​រំលែក
អាន រ៉ូម 1

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ