វិវរណៈ 9:13-21

វិវរណៈ 9:13-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទេវតា​ទី​ប្រាំមួយ​ផ្លុំ​ត្រែ​របស់​ខ្លួន​ឡើង ខ្ញុំ​ក៏​ឮ​សំឡេង​មួយ ចេញ​ពី​ស្នែង​ទាំង​បួន​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ។ សំឡេង​នោះ​ពោល​ទៅ​កាន់​ទេវតា​ទី​ប្រាំមួយ ដែល​កាន់​ត្រែ​ថា៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន ដែល​ចង​ទុក​នៅ​ទន្លេ​អ៊ើប្រាត​ដ៏​ធំ​នោះ​ទៅ!»។ ពេល​នោះ ទេវតា​ទាំង​បួន ដែល​ប្រុង​ប្រៀប​សម្រាប់​ពេល​កំណត់ ថ្ងៃ ខែ និង​ឆ្នាំ ក៏​ត្រូវ​បាន​ដោះ​លែង ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​ចោល។ ចំនួន​ពល​សេះ មាន​ពីរ​រយ​លាន​នាក់ ដ្បិត​ខ្ញុំ​បាន​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ។ នៅ​ក្នុង​និមិត្ត​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ និង​អស់​អ្នក​ដែល​ជិះ​លើ​វា គេ​ពាក់​អាវ​ក្រោះ​ពណ៌​ភ្លើង ពណ៌​ស្វាយ​ខ្ចី និង​ពណ៌​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​ទាំង​នោះ​ដូច​ជា​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ​ចេញ​ពី​មាត់​វា​មក។ មនុស្ស​លោក​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ​សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង និង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​សេះ​ទាំង​នោះ។ ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ គឺ​នៅ​ក្នុង​មាត់ និង​នៅ​ក្នុង​កន្ទុយ​របស់​វា ដ្បិត​កន្ទុយ​របស់​វា​ដូច​ជា​ពស់​ដែល​មាន​ក្បាល ហើយ​វា​ធ្វើ​ទុក្ខ​ដោយ‌សារ​កន្ទុយ​នោះ។ រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។ ពួក​គេ​ក៏​មិន​បាន​ប្រែ​ចិត្ត​ពី​ការ​កាប់​សម្លាប់ អំពើ​មន្ត​អាគម អំពើ​សហាយ​ស្មន់ និង​អំពើ​លួច​ប្លន់ ដែល​គេ​ប្រព្រឹត្ត​នោះ​សោះ។

ចែក​រំលែក
អាន វិវរណៈ 9

វិវរណៈ 9:13-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទេវតា​ទី​ប្រាំ​មួយ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​បាន​ឮ​សំឡេង​មួយ​ចេញ​ពី​ស្នែង​នៅ​ជ្រុង​ទាំង​បួន​របស់​អាសនៈ​មាស ដែល​ស្ថិត​នៅ​ខាង​មុខ​ព្រះ‌ជា‌ម្ចាស់។ សំឡេង​នោះ​ពោល​មក​កាន់​ទេវតា​ទី​ប្រាំ​មួយ ដែល​មាន​ត្រែ​នៅ​ដៃ​ថា៖ «ចូរ​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​ជាប់​ចំណង​នៅ​លើ​ទន្លេ​ធំ គឺ​ទន្លេ​អឺប្រាត​នោះ​ទៅ!»។ គេ​ក៏​ស្រាយ​ទេវតា​ទាំង​បួន​រូប ដែល​បាន​ប្រុង​ប្រៀប​ខ្លួន​ប្រហារ​ជីវិត​មនុស្ស​មួយ​ភាគ​បី ត្រូវ​តាម​ម៉ោង​ថ្ងៃ ខែ និង​ឆ្នាំ។ ខ្ញុំ​បាន​ឮ​ថា ចំនួន​ទាហាន​ទ័ព​សេះ​នោះ​មាន​ទាំង​អស់​ពីរ​រយ​លាន​នាក់។ ក្នុង​និមិត្ត​ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ មាន​សេះ និង​ពល​ទាហាន​ដែល​ជិះ​ពី​លើ​វា ពាក់​អាវ‌ក្រោះ​ពណ៌​ក្រហម​ដូច​ភ្លើង ពណ៌​បៃតង​ខ្ចី និង​ពណ៌​លឿង​ដូច​ស្ពាន់ធ័រ។ រីឯ​ក្បាល​សេះ​វិញ មាន​រាង​ដូច​ជា​ក្បាល​សិង្ហ ហើយ​មាន​ភ្លើង ផ្សែង និង​ស្ពាន់ធ័រ​ចេញ​ពី​មាត់​វា​មក​ផង។ មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់ ដោយ‌សារ​គ្រោះ​កាច​ទាំង​បី​មុខ​នេះ គឺ​ស្លាប់​ដោយ​ភ្លើង ដោយ​ផ្សែង និង​ដោយ​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​សេះ ដ្បិត​អំណាច​របស់​សេះ​ទាំង​នោះ​ស្ថិត​នៅ​លើ​មាត់ និង​កន្ទុយ។ កន្ទុយ​របស់​វា​ប្រៀប​បាន​ទៅ​នឹង​ពស់ គឺ​មាន​ក្បាល ហើយ​វា​ធ្វើ​ឲ្យ​មនុស្ស​វេទនា​ដោយ‌សារ​តែ​ក្បាល​ហ្នឹង​ឯង។ រីឯ​មនុស្ស​ឯ​ទៀតៗ ដែល​មិន​បាន​ស្លាប់​ដោយ​គ្រោះ​កាច​ទាំង​នោះ ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​របស់​ខ្លួន​ទេ គឺ​គេ​ពុំ​ព្រម​ឈប់​ថ្វាយ‌បង្គំ​អារក្ស ថ្វាយ‌បង្គំ​រូប​សំណាក​របស់​ព្រះ​ក្លែងក្លាយ​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​លង្ហិន ពី​ថ្ម និង​ធ្វើ​ពី​ឈើ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​ក៏​មិន​ចេះ​ដើរ​នោះ​ឡើយ។ គេ​ក៏​ពុំ​ព្រម​កែ​ប្រែ​ចិត្ត​គំនិត​ឈប់​ប្រព្រឹត្ត​អំពើ​ឃាត‌កម្ម វិជ្ជា​ធ្មប់ អំពើ​ប្រាស‌ចាក​សីលធម៌ និង​អំពើ​លួច​ប្លន់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​ដែរ។

ចែក​រំលែក
អាន វិវរណៈ 9

វិវរណៈ 9:13-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទេវតា​ទី​៦​ក៏​ផ្លុំ​ឡើង នោះ​ខ្ញុំ​ឮ​សំឡេង​១ ចេញ​ពី​ស្នែង​ទាំង​៤​របស់​អាសនា​មាស ដែល​នៅ​ចំពោះ​ព្រះ ក៏​និយាយ​ទៅ​ទេវតា​ទី​៦ ដែល​កាន់​ត្រែ​ថា ចូរ​ស្រាយ​ទេវតា​ទាំង​៤ ដែល​ចង​ទុក​នៅ​ទន្លេ​អ៊ើប្រាត​ដ៏​ជា​ធំ​ទៅ នោះ​ក៏​ស្រាយ​ទេវតា​ទាំង​៤ ដែល​ប្រុង‌ប្រៀប​សំរាប់​ពេល​កំណត់​ថ្ងៃ ខែ នឹង​ឆ្នាំ ដើម្បី​នឹង​សំឡាប់​មនុស្ស​១​ភាគ​ក្នុង​៣​ចោល ឯ​ចំនួន​ពល​សេះ នោះ​មាន​២០​កោដិ ខ្ញុំ​ក៏​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ ហើយ​ក្នុង​ការ​ជាក់​ស្តែង​នេះ ខ្ញុំ​ឃើញ​សេះ​ទាំង​នោះ នឹង​អ្នក​ដែល​ជិះ​ដែរ គេ​មាន​ពាក់​អាវ​សឹក​សម្បុរ​ភ្លើង ស្វាយ​ខ្ចី នឹង​ស្ពាន់‌ធ័រ ឯ​ក្បាល​សេះ​នោះ​ដូច​ជា​ក្បាល​សិង្ហ មាន​ភ្លើង ផ្សែង ហើយ​ស្ពាន់‌ធ័រ​ដែល​ចេញ​ពី​មាត់​វា​មក មនុស្ស​លោក​១​ភាគ​ក្នុង​៣​បាន​ស្លាប់ ដោយ​សេចក្ដី​វេទនា​ទាំង​៣​មុខ​នេះ គឺ​ដោយ​ភ្លើង ផ្សែង នឹង​ស្ពាន់‌ធ័រ ដែល​ចេញ​ពី​មាត់​វា​មក​នោះ​ឯង ពី​ព្រោះ​អំណាច​របស់​សេះ​ទាំង​នោះ គឺ​មាន​នៅ​ក្នុង​មាត់ នឹង​ក្នុង​កន្ទុយ​វា ដ្បិត​កន្ទុយ​វា​ដូច​ជា​ពស់ ដែល​មាន​ក្បាល ហើយ​វា​ក៏​ធ្វើ​ទុក្ខ​ដោយ‌សារ​កន្ទុយ​នោះ រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់ ដោយ‌សារ​សេចក្ដី​វេទនា​ទាំង​នោះ ក៏​នៅ​តែ​មិន​ព្រម​ប្រែ​ចិត្ត ចេញ​ពី​ការ​ដែល​ស្នាដៃ​គេ​ធ្វើ ដើម្បី​នឹង​លះ​ចោល​ការ​គោរព​ដល់​អារក្ស នឹង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ​ក្តី ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ឡើយ ក៏​មិន​បាន​ប្រែ​ចិត្ត​ចោល​ការ​កាប់​សំឡាប់ មន្ត‌អាគម កំផិត នឹង​ការ​លួច​ប្លន់ ដែល​គេ​ប្រព្រឹត្ត​ផង​ដែរ។

ចែក​រំលែក
អាន វិវរណៈ 9