វិវរណៈ 5:11-14
វិវរណៈ 5:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បន្ទាប់មក ខ្ញុំបានឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងសត្វមានជីវិត និងពួកចាស់ទុំផង ហើយចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ច្រើនអនេកអនន្ត។ គ្រប់គ្នាក៏បន្លឺសំឡេងថា៖ «កូនចៀមដែលគេបានសម្លាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ»។ ពេលនោះ ខ្ញុំឮគ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះ ពោលថា៖ «សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ»។ បន្ទាប់មក សត្វមានជីវិតទាំងបួនក៏ទទួលថា៖ «អាម៉ែន» ហើយពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ។
វិវរណៈ 5:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ខ្ញុំមើលទៅ ហើយឮសូរសំឡេងទេវតា*យ៉ាងច្រើននៅជុំវិញបល្ល័ង្ក ជុំវិញសត្វមានជីវិត និងជុំវិញពួកព្រឹទ្ធាចារ្យ។ ទេវតាទាំងនោះមានចំនួនរាប់ម៉ឺនរាប់សែន ច្រើនអនេកអនន្ត នាំគ្នាបន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា: «កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គសមនឹងទទួលឫទ្ធានុភាព រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង»។ ពេលនោះ ខ្ញុំឮសត្វលោកទាំងប៉ុន្មាននៅស្ថានសួគ៌ នៅលើផែនដី នៅក្រោមដី នៅក្នុងសមុទ្រ ព្រមទាំងអ្វីៗទាំងអស់ដែលនៅស្ថានទាំងនោះ បន្លឺសំឡេងឡើងថា: «សូមព្រះអង្គដែលគង់លើបល្ល័ង្ក និងកូនចៀម ទទួលពាក្យសរសើរតម្កើង ព្រះកិត្តិនាម សិរីរុងរឿង និងព្រះចេស្ដា អស់កល្បជាអង្វែងតរៀងទៅ!»។ បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយបង្គំ។
វិវរណៈ 5:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះខ្ញុំឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងតួមានជីវិត នឹងពួកចាស់ទុំផង ឯចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់ គ្រប់គ្នាក៏បន្លឺសំឡេងថា កូនចៀមដែលគេបានសំឡាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ នឹងព្រះពរ នោះខ្ញុំក៏ឮគ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ នឹងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ នឹងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ រួចតួមានជីវិតទាំង៤ក៏ទទួលថា អាម៉ែន ហើយពួកចាស់ទុំក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំ។