វិវរណៈ 5:1-14

វិវរណៈ 5:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក នោះ​ខ្ញុំ​ឃើញ​មាន​ក្រំាង ដែល​សរសេរ​ទាំង​ខាង​ក្នុង នឹង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​៧​ផង រួច​ឃើញ​ទេវតា​១​ដ៏​ខ្លាំង​ពូកែ ប្រកាស​សួរ​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា តើ​អ្នក​ណា​គួរ​នឹង​បក​ត្រា ហើយ​បើក​ក្រាំង​នោះ តែ​គ្មាន​អ្នក​ណា​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី ដែល​អាច​នឹង​បើក​ក្រាំង​នោះ​បាន​ឡើយ សូម្បី​តែ​ក្រឡេក​មើល​ក៏​ពុំ​បាន​ផង នោះ​ខ្ញុំ​យំ​ជា​ខ្លាំង ដោយ​ព្រោះ​គ្មាន​អ្នក​ណា​គួរ​នឹង​បើក ឬ​ក្រឡេក​មើល​ក្រាំង​នោះ​ទេ រួច​មាន​ចាស់‌ទុំ​ម្នាក់​និយាយ​មក​ខ្ញុំ​ថា កុំ​យំ​ថ្វី មើល​ន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជ​អំបូរ​យូដា គឺ​ជា​ឫស‌កែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បក​ត្រា​ទាំង​៧ បើក​ក្រាំង​នោះ​បាន។ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មាន​កូន​ចៀម​១ ដែល​មើល​ទៅ​ដូច​ជា​បាន​សំឡាប់​ហើយ មាន​ទាំង​ស្នែង​៧ នឹង​ភ្នែក​៧ កំពុង​តែ​ឈរ​នៅ​កណ្តាល​បល្ល័ង្ក នឹង​តួ​មាន​ជីវិត​ទាំង​៤ ហើយ​នៅ​កណ្តាល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន ឯ​ភ្នែក​ទាំង​នោះ គឺ​ជា​វិញ្ញាណ​ទាំង​៧​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី កូន​ចៀម​នោះ​ក៏​មក​យក​ក្រាំង ពី​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក​ទៅ លុះ​បាន​យក​ក្រាំង​ទៅ​ហើយ នោះ​តួ​មាន​ជីវិត​ទាំង​៤ នឹង​ពួក​ចាស់‌ទុំ​២៤​នាក់ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ស៊ុង នឹង​ពាន​មាស ដែល​ពេញ​ដោយ​គ្រឿង​ក្រអូប​រៀង​ខ្លួន ឯ​គ្រឿង​ក្រអូប នោះ​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ពួក​ទាំង​នោះ​ក៏​ច្រៀង​ទំនុក​១​ថ្មី​ថា ទ្រង់​គួរ​នឹង​យក​ក្រាំង​នេះ ហើយ​នឹង​បក​ត្រា​ផង ដ្បិត​ទ្រង់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​ទ្រង់​បាន​លោះ​យើង​រាល់​គ្នា ដោយ​ព្រះ‌លោហិត​ទ្រង់ ចេញ​ពី​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា គ្រប់​នគរ ហើយ​ពី​គ្រប់​ទាំង​សាសន៍ ថ្វាយ​ដល់​ព្រះ ក៏​តាំង​យើង​រាល់​គ្នា​ឡើង​ជា​នគរ ហើយ​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​យើង​បាន​សោយ‌រាជ្យ​លើ​ផែនដី។ នោះ​ខ្ញុំ​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ព្រម​ទាំង​តួ​មាន​ជីវិត នឹង​ពួក​ចាស់‌ទុំ​ផង ឯ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ហើយ​ទាំង​ពាន់​រាប់​ជា​ពាន់ គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា កូន​ចៀម​ដែល​គេ​បាន​សំឡាប់ នោះ​គួរ​នឹង​បាន​ព្រះ‌ចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិ‌ឫទ្ធិ កិត្តិ‌នាម សិរី‌ល្អ នឹង​ព្រះ‌ពរ នោះ​ខ្ញុំ​ក៏​ឮ​គ្រប់​ទាំង​អស់ ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌​នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ នឹង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ​និយាយ​ថា សូម​ថ្វាយ​ព្រះ‌ពរ កិត្តិ‌នាម សិរី‌ល្អ នឹង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ រួច​តួ​មាន​ជីវិត​ទាំង​៤​ក៏​ទទួល​ថា អាម៉ែន ហើយ​ពួក​ចាស់‌ទុំ​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ។

ចែក​រំលែក
អាន វិវរណៈ 5

វិវរណៈ 5:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​ឃើញ​មាន​ក្រាំង​មួយ​នៅ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ព្រម​ទាំង​មាន​បិទ​ត្រា​ប្រាំពីរ​ផង ហើយ​ខ្ញុំ​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប ប្រកាស​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «តើ​អ្នក​ណា​គួរ​នឹង​បក​ត្រា ហើយ​បើក​ក្រាំង​នោះ​បាន?» តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​នឹង​បើក​ក្រាំង​នោះ ឬ​ក្រឡេក​មើល​បាន​ឡើយ សូម្បី​នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី ឬ​នៅ​ក្រោម​ដី​ក៏​ពុំ​បាន​ដែរ ហើយ​ខ្ញុំ​ក៏​ចាប់​ផ្តើម​យំ​ជា​ខ្លាំង ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ស័ក្តិសម​នឹង​បើក ឬ​ក្រឡេក​មើល​ក្រាំង​នោះ​បាន​ទេ។ ពេល​នោះ មាន​ចាស់​ទុំ​ម្នាក់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី មើល៍! សិង្ហ​ដែល​កើត​ពី​កុល‌សម្ព័ន្ធ​យូដា ជា​ឫស‌កែវ​ព្រះបាទ​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។ បន្ទាប់​មក នៅ​រវាង​បល្ល័ង្ក​នឹង​សត្វ​មាន​ជីវិត​ទាំង​បួន និង​ក្នុង​ចំណោម​ពួក​ចាស់​ទុំ ខ្ញុំ​ឃើញ​កូន​ចៀមមួយ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ភ្នែក​ទាំង​នោះ​គឺ​ជា​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី។ កូន​ចៀម​នោះ​ក៏​មក​យក​ក្រាំង ពី​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​បល្ល័ង្ក។ ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ហើយ​គេ​ក៏​ច្រៀង​ទំនុក​មួយ​ថ្មី​ថា៖ «ព្រះ‌អង្គ​សម​នឹង​ទទួល​ក្រាំង​នេះ ហើយ​បក​ត្រា​ផង ដ្បិត​ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត ហើយ​បាន​លោះ​មនុស្ស​ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ ពី​គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា គ្រប់​ជនជាតិ និង​គ្រប់​សាសន៍ ថ្វាយ​ដល់​ព្រះ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​រាជា‌ណា‌ចក្រ​មួយ និង​ជា​ពួក​សង្ឃ ថ្វាយ​ដល់​ព្រះ​នៃ​យើង ហើយ​ពួក​គេ​នឹង​សោយ​រាជ្យ​លើ​ផែនដី»។ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក ព្រម​ទាំង​សត្វ​មាន​ជីវិត និង​ពួក​ចាស់​ទុំ​ផង ហើយ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ច្រើន​អនេកអនន្ត។ គ្រប់​គ្នា​ក៏​បន្លឺ​សំឡេង​ថា៖ «កូន​ចៀម​ដែល​គេ​បាន​សម្លាប់ នោះ​គួរ​នឹង​បាន​ព្រះ‌ចេស្តា ទ្រព្យ​សម្បត្តិ ប្រាជ្ញា ឥទ្ធិ‌ឫទ្ធិ កិត្តិនាម សិរី‌ល្អ និង​ព្រះ‌ពរ»។ ពេល​នោះ ខ្ញុំ​ឮ​គ្រប់​ទាំង​អស់​ដែល​មាន​ជីវិត នៅ​ស្ថាន‌សួគ៌ នៅ​ផែនដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ និង​គ្រប់​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ ពោល​ថា៖ «សូម​ថ្វាយ​ព្រះ‌ពរ កិត្តិនាម សិរី‌ល្អ និង​ព្រះ‌ចេស្តា ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ដល់​កូន​ចៀម នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ»។ បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ទទួល​ថា៖ «អាម៉ែន» ហើយ​ពួក​ចាស់​ទុំ​ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ។

ចែក​រំលែក
អាន វិវរណៈ 5

វិវរណៈ 5:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក ក្រាំង​នោះ​មាន​សរសេរ​អក្សរ ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ ព្រម​ទាំង​មាន​បោះ​ត្រា​ប្រាំ‌ពីរ​បិទ​ភ្ជាប់​ពី​លើ​ផង។ បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា​ដ៏​ខ្លាំង​ពូកែ​មួយ​រូប​ប្រកាស​យ៉ាង​ខ្លាំង​ថា៖ «តើ​នរណា​មាន​ឋានៈ​សម​នឹង​បក​ត្រា​ចេញ ហើយ​បើក​ក្រាំង​នេះ​បាន?»។ ប៉ុន្តែ ទោះ​បី​នៅ​ស្ថាន​សួគ៌​ក្ដី នៅ​លើ​ផែនដី ឬ​នៅ​ក្រោម​ដី​ក្ដី គ្មាន​នរណា​ម្នាក់​អាច​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​ឡើយ។ ពេល​នោះ ខ្ញុំ​ស្រែក​យំ​យ៉ាង​ខ្លាំង ព្រោះ​គ្មាន​នរណា​ម្នាក់​មាន​ឋានៈ​សម​នឹង​បើក​ក្រាំង ឬ​មើល​ក្រាំង​នោះ​ទេ។ ស្រាប់​តែ​មាន​ព្រឹទ្ធា‌ចារ្យ​មួយ​រូប​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី! មើល​ហ្ន៎ សិង្ហ​ដែល​កើត​នៅ​ក្នុង​កុល‌សម្ព័ន្ធ​យូដា ជា​ពន្លក​ដុះ​ចេញ​ពី​ស្ដេច​ដាវីឌ ព្រះអង្គ​មាន​ជ័យ‌ជម្នះ​អាច​នឹង​បក​ត្រា​ទាំង​ប្រាំ‌ពីរ ហើយ​បើក​ក្រាំង​បាន»។ បន្ទាប់​មក ខ្ញុំ​ឃើញ​កូន​ចៀម​មួយ​ឈរ​នៅ​ចំ​កណ្ដាល​បល្ល័ង្ក នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​កណ្ដាល​ពួក​ព្រឹទ្ធា‌ចារ្យ។ កូន​ចៀម​ នោះ​មើល​ទៅ ដូច​ជា​គេ​បាន​សម្លាប់​ធ្វើ​យញ្ញ‌បូជា*​រួច​ហើយ មាន​ស្នែង​ប្រាំ‌ពីរ និង​ភ្នែក​ប្រាំ‌ពីរ ជា​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​ចាត់​ឲ្យ​យាង​ទៅ​ពាស‌ពេញ​លើ​ផែនដី។ កូន​ចៀម​នោះ​បាន​យាង​មក​ទទួល​យក​ក្រាំង​ពី​ព្រះ‌ហស្ដ​ស្ដាំ​របស់​ព្រះអង្គ ដែល​គង់​នៅ​លើ​បល្ល័ង្ក។ កាល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួន និង​ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​នាក់​នាំ​គ្នា​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ពិណ​មួយ និង​កាន់​ពែង​មាស​ពេញ​ទៅ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​ពាក្យ​អធិស្ឋាន*​របស់​ប្រជា‌ជន​ដ៏វិសុទ្ធ*។ គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មី​ថា: “ព្រះអង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ព្រះអង្គ​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​បូជា‌ចារ្យ* បម្រើ​ព្រះ‌ជា‌ម្ចាស់​របស់​យើង ហើយ​អ្នក​ទាំង​នោះ​នឹង​គ្រង​រាជ្យ​លើ​ផែនដី”។ ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ទេវតា*​យ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​សត្វ​មាន​ជីវិត និង​ជុំ‌វិញ​ពួក​ព្រឹទ្ធា‌ចារ្យ។ ទេវតា​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេក‌អនន្ត នាំ​គ្នា​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា: «កូន​ចៀម​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ព្រះអង្គ​សម​នឹង​ទទួល​ឫទ្ធា‌នុភាព រាជ​សម្បត្តិ ព្រះ‌ប្រាជ្ញា‌ញាណ ឥទ្ធិ‌ឫទ្ធិ ព្រះ‌កិត្តិនាម សិរី‌រុងរឿង និង​ការ​សរសើរ​តម្កើង»។ ពេល​នោះ ខ្ញុំ​ឮ​សត្វ​លោក​ទាំង​ប៉ុន្មាន​នៅ​ស្ថាន​សួគ៌ នៅ​លើ​ផែនដី នៅ​ក្រោម​ដី នៅ​ក្នុង​សមុទ្រ ព្រម​ទាំង​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​ទាំង​នោះ បន្លឺ​សំឡេង​ឡើង​ថា: «សូម​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​កូន​ចៀម ទទួល​ពាក្យ​សរសើរ​តម្កើង ព្រះ‌កិត្តិនាម សិរី‌រុងរឿង និង​ព្រះ‌ចេស្ដា អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។ បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ពោល​ឡើង​ថា «អាម៉ែន!» ហើយ​ព្រឹទ្ធា‌ចារ្យ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ។

ចែក​រំលែក
អាន វិវរណៈ 5