វិវរណៈ 22:1-21

វិវរណៈ 22:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ទេវតា​ក៏​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ជីវិត ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ និង​បល្ល័ង្ក​របស់​កូន​ចៀម កាត់​តាម​កណ្ដាល​ផ្លូវ​ក្រុង ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង មាន​ដើម​ឈើ​ជីវិត​ដែល​មាន​ផ្លែ​ដប់ពីរ​ដង គឺ​មួយ​ខែ​ម្តងៗ ឯ​ស្លឹក​ឈើ​នោះ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជាតិ​សាសន៍​នានា​ឲ្យ​ជា ។ ក្រុង​នោះ​លែង​មាន​បណ្ដាសា​ទៀត​ហើយ បល្ល័ង្ក​របស់​ព្រះ និង​បល្ល័ង្ក​របស់​កូន​ចៀម​នឹង​ស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នឹង​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ និង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​លើ​ថ្ងាស​របស់​គេ ក្រុង​នោះនឹង​លែង​មាន​យប់​ទៀត​ហើយ គេ​មិន​ត្រូវ​ការ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទេ ដ្បិត​ព្រះ​ជា​ព្រះ‌អម្ចាស់ ទ្រង់​ជា​ពន្លឺ​របស់​គេ ហើយ​គេ​នឹង​សោយ​រាជ្យ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត ហើយ​គួរ​ជឿ ព្រះ‌អម្ចាស់ គឺ​ជា​ព្រះ​នៃ​វិញ្ញាណ​របស់​ពួក​ហោរា ទ្រង់​បាន​ចាត់​ទេវតា​មក​បង្ហាញ​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ឲ្យ​ដឹង​ពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មក​នៅ​ពេល​ឆាប់ៗ​ខាង​មុខ។ "មើល៍! យើង​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ពាក្យ​ទំនាយ​ក្នុង​គម្ពីរ​នេះ"»។ ខ្ញុំ យ៉ូហាន ជា​អ្នក​ដែល​បាន​ឮ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​ឃើញ​ដូច្នោះ ខ្ញុំ​ក៏​ក្រាប​ចុះ​ថ្វាយ​បង្គំ នៅ​ទៀប​ជើង​ទេវតា ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ តែ​ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «មិន​ត្រូវ​ធ្វើ​ដូច្នេះ​ឡើយ! ខ្ញុំ​ក៏​ជា​អ្នក​បម្រើ​ជា​មួយ​អ្នក ហើយ​ជា​មួយ​ពួក​ហោរា ជា​បង‌ប្អូនរបស់​អ្នក និង​ជាមួយ​អស់​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ!»។ ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «កុំ​បំបិទ​ពាក្យ​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ដ្បិត​ពេល​កំណត់​ជិត​ដល់​ហើយ។ អ្នក​ណា​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ទៅ អ្នក​ណា​ស្មោក‌គ្រោក ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោក‌គ្រោក​ទៅ តែ​អ្នក​ណា​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​សុចរិត ហើយ​អ្នក​ណា​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ទៀត​ចុះ។ មើល៍! យើង​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​ចែក​ឲ្យ​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ យើង​ជា​អាល‌ផា និង​អូ‌មេកា គឺ​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម​ដំបូង ហើយ​ជា​ចុង​បង្អស់។ មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​មាន​សិទ្ធិ​ចូល​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ។ ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។ យើង យេស៊ូវ បាន​ចាត់​ទេវតា​របស់​យើង​មក​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្ដី​ទាំង​នេះ​ដល់​ក្រុម​ជំនុំ។ យើង​ជា​ឫស និង​ជា​ពូជ​ពង្ស​របស់​ព្រះបាទ​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។ ព្រះ‌វិញ្ញាណ និង​កូន​ក្រមុំ​ពោល​ថា៖ «សូម​យាង​មក!» សូម​ឲ្យ​អ្នក​ណា​ដែល​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​យាង​មក!»។ អ្នក​ណា​ដែល​ស្រេក សូម​ចូល​មក! ហើយ​អ្នក​ណា​ដែល​ចង់​បាន សូម​មក​យក​ទឹក​ជីវិត​នេះ​ចុះ ឥត​បង់​ថ្លៃ​ទេ។ ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​ឮ​ពាក្យ​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បន្ថែម​អ្វី​ទៅ​ក្នុង​សេចក្ដី​ទាំង​នេះ ព្រះ​នឹង​បន្ថែម​គ្រោះ​កាច ដែល​មាន​រៀប​រាប់​នៅ​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ ហើយ​បើ​អ្នក​ណា​ដក​អ្វី​ចេញ​ពី​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ​ទំនាយ​នេះ ព្រះ​ក៏​នឹង​ដក​ចំណែក​របស់​អ្នក​នោះ ចេញ​ពី​ដើម​ជីវិត និង​ពី​ទី​ក្រុង​បរិសុទ្ធ ដូច​បាន​រៀប​រាប់​ក្នុង​គម្ពីរ​នេះ​ដែរ។ ព្រះ‌អង្គ​ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ជា​ឆាប់»។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក!។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូវ។ អាម៉ែន។:៚

ចែក​រំលែក
អាន វិវរណៈ 22

វិវរណៈ 22:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទេវតា*​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ផ្ដល់​ជីវិត​ថ្លា​ដូច​កែវ‌ចរណៃ ហូរ​ចេញ​មក​ពី​បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម។ នៅ​ចំ​កណ្ដាល​លាន​ក្រុង និង​នៅ​មាត់​ច្រាំង​ទាំង​សង​ខាង​របស់​ទន្លេ​នោះ មាន​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ផ្លែ​ដប់‌ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​មាន​ផ្លែ​រៀង​រាល់​ខែ។ រីឯ​ស្លឹក​ឈើ​នោះ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ប្រជា‌ជាតិ​នានា​ឲ្យ​ជា ។ ក្នុង​ក្រុង​នោះ អ្វីៗ​ទាំង​អស់​នឹង​លែង​ត្រូវ​បណ្ដាសា​ទៀត​ហើយ។ បល្ល័ង្ក​របស់​ព្រះ‌ជា‌ម្ចាស់ និង​បល្ល័ង្ក​របស់​កូន​ចៀម ស្ថិត​នៅ​ក្នុង​ក្រុង​នោះ ហើយ​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះអង្គ​ គេ​នឹង​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ហើយ​នៅ​លើ​ថ្ងាស​គេ​ក៏​មាន​ដៅ​ព្រះ‌នាម​ព្រះអង្គ​ដែរ។ នៅ​ក្រុង​នោះ គ្មាន​យប់​ទៀត​ទេ គេ​ក៏​លែង​ត្រូវ​ការ​ពន្លឺ​ចង្កៀង ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទៀត​ដែរ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ទ្រង់​ជា​ពន្លឺ​បំភ្លឺ​គេ ហើយ​គេ​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ។ ព្រះ‌ជា‌អម្ចាស់​ដែល​ប្រទាន​ព្រះ‌វិញ្ញាណ​ដល់​ពួក​ព្យាការី* ព្រះអង្គ​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ ឲ្យ​មក​ប្រាប់​ពួក​អ្នក​បម្រើ​ព្រះអង្គ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា: “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្នក​ណា​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ!”»។ ខ្ញុំ យ៉ូហាន ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ។ ពេល​ខ្ញុំ​បាន​ឮ និង​បាន​ឃើញ​ដូច្នេះ​ហើយ ខ្ញុំ​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា ដែល​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​លោក ក៏​ប៉ុន្តែ ទេវតា​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​ពួក​ព្យាការី ដែល​ជា​បងប្អូន​របស់​លោក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ!»។ ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «សូម​កុំ​លាក់​ ​សេចក្ដី​ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ឲ្យ​សោះ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។ អ្នក​ណា​ទុច្ចរិត ឲ្យ​អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ត​ទៅ​មុខ​ទៀត​ទៅ! អ្នក​ណា​សៅ‌ហ្មង ឲ្យ​អ្នក​នោះ​បន្ត​ភាព​សៅ‌ហ្មង​ត​ទៅ​មុខ​ទៀត​ទៅ! រីឯ​អ្នក​សុចរិត​វិញ ត្រូវ​ប្រព្រឹត្ត​អំពើ​សុចរិត​ថែម​ទៀត​ចុះ! រីឯ​អ្នក​វិសុទ្ធ​ហើយ ត្រូវ​រក្សា​ខ្លួន​ឲ្យ​កាន់​តែ​វិសុទ្ធ​ថែម​ទៀត​ចុះ!។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ “ចូរ​ស្ដាប់ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ ទាំង​យក​រង្វាន់​មក​ចែក​ឲ្យ​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ យើង​ជា​អាល់ផា និង​ជា​អូមេ‌កា នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត ជា​ដើម​ដំបូង និង​ជា​ចុង​បង្អស់។ អ្នក​ណា​បោក​អាវ​វែង​របស់​ខ្លួន​បាន​ស្អាត អ្នក​នោះ​មាន​សុភមង្គល​ហើយ គេ​នឹង​មាន​សិទ្ធិ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ព្រម​ទាំង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ​ផង!។ រីឯ​ពួក​ឆ្កែ ពួក​គ្រូ​ធ្មប់ ពួក​ប្រាស‌ចាក​សីលធម៌ ពួក​សម្លាប់​គេ ពួក​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ និង​អស់​អ្នក​ដែល​ចូល​ចិត្ត​កុហក និង​អនុវត្ត​តាម​ពាក្យ​កុហក​នោះ​វិញ ត្រូវ​ចេញ​ទៅ​ក្រៅ​ទៅ! យើង យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង​ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ ប្រាប់​អ្នក​រាល់​គ្នា​អំពី​ ក្រុម‌ជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។ ព្រះ‌វិញ្ញាណ និង​ភរិយា​ថ្មោង​ថ្មី​ពោល​ឡើង​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ សូម​ឲ្យ​អស់​អ្នក​ដែល​បាន​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​ព្រះអង្គ​យាង​មក!»។ អ្នក​ណា​ស្រេក សុំ​អញ្ជើញ​មក! អ្នក​ណា​ចង់​បាន សុំ​អញ្ជើញ​មក​ទទួល​ទឹក​ដែល​ផ្ដល់​ជីវិត ដោយ​មិន​បាច់​បង់​ថ្លៃ!។ ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ថា បើ​នរណា​ម្នាក់​បន្ថែម​អ្វី​មួយ​ពី​លើ ព្រះ‌ជា‌ម្ចាស់​នឹង​យក​គ្រោះ​កាច ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ មក​ដាក់​លើ​អ្នក​នោះ​ថែម​ទៀត​ផង ហើយ​ប្រសិន​បើ​មាន​នរណា​ម្នាក់​ដក​ហូត​សេចក្ដី​ណា​មួយ​ពី​ព្រះ‌បន្ទូល ដែល​មាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ ព្រះ‌ជា‌ម្ចាស់​ក៏​នឹង​ដក​ហូត​ចំណែក​ផ្លែ​របស់​ដើម​ឈើ ដែល​ផ្ដល់​ជីវិត​ពី​អ្នក​នោះ​ដែរ ហើយ​មិន​ឲ្យ​គេ​ចូល​ទៅ​ក្នុង​ក្រុង​ដែល​មាន​រៀប​រាប់​ក្នុង​សៀវភៅ​នេះ​ឡើយ។ ព្រះអង្គ​ដែល​បាន​បញ្ជាក់​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ពិត​មែន​ហើយ យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ!»។ អាម៉ែន! ព្រះ‌អម្ចាស់‌យេស៊ូ​អើយ សូម​យាង​មក!​ ។ សូម​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូ!។៚

ចែក​រំលែក
អាន វិវរណៈ 22

វិវរណៈ 22:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទេវតា​ក៏​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ នឹង​កូន​ចៀម ឯ​នៅ​កណ្តាល​ផ្លូវ​ក្រុង​នោះ ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដើម​ជីវិត ដែល​បង្កើត​ផ្លែ​១២​ដង គឺ​១​ខែ​ម្តងៗ ហើយ​ស្លឹក​ឈើ​នោះ ក៏​សំរាប់​នឹង​មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា គ្រា​នោះ នឹង​គ្មាន​សេចក្ដី​បណ្តាសា​ទៀត​ឡើយ ហើយ​បល្ល័ង្ក​នៃ​ព្រះ នឹង​កូន​ចៀម ក៏​នឹង​នៅ​ក្នុង​ក្រុង​នោះ ឯ​ពួក​បាវ​របស់​ទ្រង់ គេ​នឹង​បំរើ​ទ្រង់ គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ទ្រង់ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​នៅ​លើ​ថ្ងាស​គេ ក៏​នឹង​ឥត​មាន​យប់​ទៀត​ឡើយ ហើយ​គេ​មិន​ត្រូវ​ការ​នឹង​ចង្កៀង​ណា ឬ​ពន្លឺ​ព្រះ‌អាទិត្យ​ទេ ពី​ព្រោះ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ‌ទ្រង់​នឹង​បំភ្លឺ​គេ ហើយ​គេ​នឹង​សោយ‌រាជ្យ នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ឯ​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​ពួក​ហោរា ទ្រង់​ក៏​ចាត់​ទេវតា​ទ្រង់​មក បង្ហាញ​ឲ្យ​ពួក​បាវ​បំរើ​ទ្រង់​ឃើញ​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មក មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ អ្នក​ណា​ដែល​កាន់​តាម​សេចក្ដី​ទំនាយ​ក្នុង​គម្ពីរ​នេះ។ គឺ​យ៉ូហាន​ខ្ញុំ ដែល​បាន​ឃើញ ហើយ​ឮ​សេចក្ដី​ទាំង​នេះ លុះ​ខ្ញុំ​ឮ ហើយ​ឃើញ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​រៀប​នឹង​ថ្វាយ‌បង្គំ នៅ​ទៀប​ជើង​នៃ​ទេវតា ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​សេចក្ដី​ទាំង​នេះ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក នឹង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នេះ​ផង ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ​ចុះ។ រួច​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា កុំ​ឲ្យ​បំបិទ​សេចក្ដី​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ពី​ព្រោះ​ពេល​កំណត់​ជិត​ដល់​ហើយ អ្នក​ណា​ដែល​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ទុច្ចរិត អ្នក​ដែល​ស្មោក‌គ្រោក ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោក‌គ្រោក​ចុះ តែ​អ្នក​ណា​ដែល​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ចេះ​តែ​ប្រព្រឹត្ត​ផ្លូវ​សុចរិត​ទៅ ហើយ​អ្នក​ណា​ដែល​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល មើល អញ​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​នឹង​ចែក​ឲ្យ​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ អញ​ជា​អាលផា នឹង​អូមេកា គឺ​ជា​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម ហើយ​ជា​ចុង មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត‌អាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ‌បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​កំភូត។ អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង ព្រះ‌វិញ្ញាណ នឹង​ប្រពន្ធ​ថ្មោង‌ថ្មី​ពោល​ថា អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ។ ខ្ញុំ​ធ្វើ​បន្ទាល់ ដល់​អស់​អ្នក​ណា ដែល​ឮ​សេចក្ដី​ទំនាយ ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បញ្ចូល​អ្វី​ក្នុង​សេចក្ដី​ទាំង​នេះ នោះ​ព្រះ‌ទ្រង់​នឹង​បន្ថែម​អស់​ទាំង​សេចក្ដី​វេទនា ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ​ផង ហើយ​បើ​អ្នក​ណា​ដក​អ្វី ពី​ព្រះ‌បន្ទូល​ក្នុង​គម្ពីរ​នៃ​សេចក្ដី​ទំនាយ​នេះ​ចេញ នោះ​ព្រះ‌ទ្រង់​នឹង​ដក​ចំណែក ដែល​អ្នក​នោះ​មាន​ដល់​ដើម​ជីវិត នឹង​ទី​ក្រុង​បរិសុទ្ធ ហើយ​នឹង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ចេញ​ដែរ។ ព្រះ‌អង្គ ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ទ្រង់​មាន​បន្ទូល​ថា អើ អញ​មក​ជា​ឆាប់។ អាម៉ែន ព្រះ‌អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះ‌គុណ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚

ចែក​រំលែក
អាន វិវរណៈ 22