វិវរណៈ 21:1-4

វិវរណៈ 21:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​ពី​មុន និង​ផែនដី​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ដែរ។ បន្ទាប់​មក ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ*​ជា​ក្រុង​យេរូ‌សាឡឹម​ថ្មី ចុះ​ពី​ស្ថាន​បរម‌សុខ* គឺ​ចុះ​មក​ពី​ព្រះ‌ជា‌ម្ចាស់ ទាំង​តែង​ខ្លួន​ដូច​ភរិយា​ថ្មោង​ថ្មី​តុប‌តែង​ខ្លួន​ទទួល​ស្វាមី។ ខ្ញុំ​ឮ​សំឡេង​បន្លឺ​យ៉ាង​ខ្លាំងៗ​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «មើល​ហ្ន៎ ព្រះ‌ពន្លា​ ​របស់​ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជា​មួយ​មនុស្ស​លោក​ហើយ! ព្រះអង្គ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ព្រះ‌ជា‌ម្ចាស់​ផ្ទាល់​នឹង​គង់​ជា​មួយ​ពួក​គេ។ ព្រះអង្គ​នឹង​ជូត​ទឹក​ភ្នែក​ចេញ​អស់​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​សោក​សង្រេង និង​ទុក្ខ​លំបាក ក៏​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ដែល​កើត​មាន​កាល​ពី​មុន​នោះ បាត់​អស់​ទៅ​ហើយ»។

ចែក​រំលែក
អាន វិវរណៈ 21

វិវរណៈ 21:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ។ ពេល​នោះ ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​ពី​ព្រះ តាក់​តែង​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្តី។ ខ្ញុំ​ឮ​សំឡេង​មួយ​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា៖ «មើល៍! រោង​ឧបោសថ​របស់​ព្រះ​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ហើយ ព្រះ‌អង្គ​នឹង​គង់​នៅ​ជា​មួយ​គេ គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ផ្ទាល់​គង់​នៅ​ជា​ព្រះ​ដល់​គេ។ ព្រះ‌អង្គ​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ចេញ​ពី​ភ្នែក​របស់​គេ សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​ហើយ ការ​កាន់​ទុក្ខ ការ​យំ​សោក ឬ​ការ​ឈឺ​ចាប់ ក៏​នឹង​លែង​មាន​ទៀត​ដែរ ដ្បិត​អ្វីៗ​ពី​មុន​ទាំង​ប៉ុន្មាន​បាន​កន្លង​បាត់​ទៅ​ហើយ»។

ចែក​រំលែក
អាន វិវរណៈ 21

វិវរណៈ 21:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី នឹង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន នឹង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ ហើយ​យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទី​ក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​អំពី​ព្រះ តាក់‌តែង​ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​តែង​ខ្លួន​ទទួល​ប្ដី ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថាន‌សួគ៌​មក​ថា មើល រោង​ឧបោសថ​របស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ព្រះ‌ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ នឹង​គ្មាន​សេចក្ដី​ស្លាប់ ឬ​សេចក្ដី​សោក​សង្រេង ឬ​សេចក្ដី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្ដី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។

ចែក​រំលែក
អាន វិវរណៈ 21