វិវរណៈ 20:7-10

វិវរណៈ 20:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លុះ​ផុត​ពី​មួយ​ពាន់​ឆ្នាំ​នោះ​ហើយ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​រួច​ពី​គុក ហើយ​វា​នឹង​ចេញ​ទៅ បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ជ្រុង​ទាំង​បួន​នៃ​ផែនដី​ឲ្យ​វង្វេង គឺ​សាសន៍​កុក និង​សាសន៍​ម៉ាកុក ដើម្បី​ប្រមូល​គេ​មក​ច្បាំង។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​មាត់​សមុទ្រ។ ពួក​គេ​ឡើង​ទៅ​ពាស​ពេញ​លើ​ផែនដី ហើយ​ឡោម​ព័ទ្ធ​ជំរំ​របស់​ពួក​បរិសុទ្ធ ជា​ទី​ក្រុង​សំណព្វ​របស់​ព្រះ តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​គេ​អស់​ទៅ។ អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ ជា​កន្លែង​ដែល​សត្វ​សាហាវ និង​ហោរា​ក្លែង‌ក្លាយ​នៅ។ គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។

ចែក​រំលែក
អាន វិវរណៈ 20

វិវរណៈ 20:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លុះ​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ​នោះ​កន្លង​ផុត​ទៅ មារ​សាតាំង​នឹង​រួច​ពី​គុក ហើយ​វា​ចេញ​ទៅ​បញ្ឆោត​ជាតិ​សាសន៍​នានា នៅ​ទិស​ទាំង​បួន​ឲ្យ​វង្វេង គឺ​វា​នាំ​ទាំង​សាសន៍​កុក ទាំង​សាសន៍​ម៉ាកុក​ ឲ្យ​វង្វេង​ដែរ ដើម្បី​ប្រមូល​គេ​មក​ធ្វើ​សឹក​សង្គ្រាម។ ពួក​គេ​មាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ពួក​គេ​បាន​ឡើង​ទៅ​ច្បាំង​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល ហើយ​ឡោម‌ព័ទ្ធ​ទី​បោះ​ជំរំ​របស់​ប្រជា‌រាស្ដ្រ​ព្រះ‌ជា‌ម្ចាស់ ព្រម​ទាំង​ឡោម‌ព័ទ្ធ​ក្រុង​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ថែម​ទៀត​ផង។ ប៉ុន្តែ មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​លេប​ពួក​គេ​អស់​ទៅ។ រីឯ​មារ​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​ឲ្យ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រង‌ទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

ចែក​រំលែក
អាន វិវរណៈ 20

វិវរណៈ 20:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​ផុត​ពី​១​ពាន់​ឆ្នាំ​នោះ​ហើយ ទើប​ទ្រង់​នឹង​ស្រាយ​អារក្ស​សាតាំង​លែង​ពី​គុក​ចេញ នោះ​វា​នឹង​ចេញ​ទៅ ខំ​នាំ​អស់​ទាំង​សាសន៍ ដែល​នៅ​ផែនដី​ទាំង​៤​ទិស ឲ្យ​វង្វេង គឺ​ទាំង​សាសន៍​កុក នឹង​សាសន៍​ម៉ាកុក ដើម្បី​នឹង​ប្រមូល​គេ​មក​ច្បាំង ចំនួន​គេ​ដូច​ជា​ខ្សាច់​នៃ​សមុទ្រ នោះ​គេ​ក៏​ឡើង​ទៅ​ពេញ‌ពាស​លើ​ផែនដី ទាំង​ឡោម‌ព័ទ្ធ​ទី​ដំឡើង​ត្រសាល​របស់​ពួក​បរិសុទ្ធ ហើយ​នឹង​ទី​ក្រុង​ស្ងួន‌ភ្ងា​ដែរ តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​អំពី​ព្រះ បញ្ឆេះ​គេ​ទាំង​អស់​ទៅ រួច​អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង បាន​ត្រូវ​បោះ​ទៅ​ក្នុង​បឹង ដែល​ឆេះ​ជា​ភ្លើង នឹង​ស្ពាន់‌ធ័រ ជា​កន្លែង​ដែល​សត្វ​នោះ នឹង​ហោរា​ក្លែង‌ក្លាយ​នៅ​ហើយ នោះ​វា​រាល់​គ្នា​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។

ចែក​រំលែក
អាន វិវរណៈ 20