វិវរណៈ 2:20-23
វិវរណៈ 2:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ យើងប្រកាន់អ្នកត្រង់កន្លែងមួយ គឺអ្នកបណ្ដោយឲ្យនាងយេសិបិល ជាស្រីដែលតាំងខ្លួនជាព្យាការិនី* បង្រៀន និងបញ្ឆោតពួកអ្នកបម្រើរបស់យើងឲ្យវង្វេង ឲ្យប្រាសចាកសីលធម៌ និងបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ។ យើងបានទុកពេលឲ្យស្ត្រីនោះកែប្រែចិត្តគំនិត តែនាងពុំព្រមកែប្រែចិត្តគំនិតឡើយ នាងនៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដដែល។ ហេតុនេះ យើងនឹងធ្វើឲ្យនាងឈឺដេកលើគ្រែយ៉ាងសែនវេទនា ហើយធ្វើឲ្យពួកអ្នកដែលរួមផិតក្បត់ជាមួយនាង វេទនាដូចគ្នាដែរ លើកលែងតែគេកែប្រែចិត្ត ឈប់ប្រព្រឹត្តអំពើនោះជាមួយនាងទៀត។ យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះ ក្រុមជំនុំទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ត។
វិវរណៈ 2:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
តែយើងប្រកាន់សេចក្ដីខ្លះនឹងអ្នក ដ្បិតអ្នកបណ្តោយឲ្យយេសិបិល ជាស្ត្រីដែលហៅខ្លួនឯងថាជាហោរា ទៅបង្រៀន ហើយបញ្ឆោតពួកអ្នកបម្រើរបស់យើង ឲ្យវង្វេងទៅប្រព្រឹត្តសហាយស្មន់ ហើយបរិភោគតង្វាយដែលថ្វាយទៅរូបព្រះ។ យើងបានទុកឱកាសឲ្យនាងប្រែចិត្ត តែនាងមិនព្រមប្រែចិត្តពីអំពើសហាយស្មន់របស់នាងឡើយ។ មើល៍! យើងនឹងបោះនាងទៅលើគ្រែ ហើយបោះអស់អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង ទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែគេប្រែចិត្តពីអំពើដែលគេប្រព្រឹត្តជាមួយនាងនោះចេញ យើងនឹងសម្លាប់កូនចៅរបស់នាង ហើយក្រុមជំនុំទាំងអស់នឹងដឹងថា គឺយើងនេះហើយដែលស្ទង់មើលចិត្តគំនិត យើងនឹងសងអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
វិវរណៈ 2:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែអញប្រកាន់សេចក្ដីខ្លះនឹងឯង ដ្បិតឯងបណ្តោយឲ្យស្ត្រី ឈ្មោះយេសិបិល ដែលហៅខ្លួនជាហោរា បានទៅបង្ហាត់បង្រៀន ហើយនាំពួកបាវបំរើរបស់អញ ឲ្យវង្វេងទៅប្រព្រឹត្តសេចក្ដីកំផិត ហើយបរិភោគដង្វាយដែលថ្វាយទៅរូបព្រះផង អញបានឲ្យវាមានឱកាសនឹងប្រែចិត្ត ចេញពីការកំផិតរបស់វាដែរ តែវាមិនព្រមសោះ មើល អញនឹងបោះវាទៅលើគ្រែ ហើយបោះពួកអ្នក ដែលប្រព្រឹត្តសេចក្ដីកំផិតជាមួយនឹងវា ឲ្យទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកតែគេប្រែចិត្តលះបង់ការ ដែលគេប្រព្រឹត្តនោះចេញ ហើយអញនឹងសំឡាប់កូនចៅវាចោល នោះគ្រប់ទាំងពួកជំនុំនឹងដឹងថា គឺអញនេះហើយ ដែលស្ទង់មើលចិត្តនឹងថ្លើម រួចអញនឹងសងការដល់ឯងរាល់គ្នា តាមការដែលគ្រប់គ្នាបានប្រព្រឹត្ត