វិវរណៈ 19:1-5

វិវរណៈ 19:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ខ្ញុំ​បាន​ឮ​ហាក់​ដូច​ជា​សំឡេង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ច្រើន​កុះករ នៅ​ស្ថាន‌សួគ៌​ថា៖ «ហាលេ‌លូយ៉ា! ការ​សង្គ្រោះ សិរី‌ល្អ និង​ព្រះ‌ចេស្តា ជា​របស់​ព្រះ​នៃ​យើង ដ្បិត​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត ព្រោះ​ព្រះ‌អង្គ​បាន​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ធំ ដែល​បង្ខូច​ផែនដី ដោយ​អំពើ​សហាយ​ស្មន់​របស់​នាង ហើយ​ព្រះ‌អង្គ​ក៏​បាន​សង​សឹក ដោយ​ព្រោះ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នាង​បាន​កម្ចាយ​នោះ​ដែរ»។ ពួក​គេ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា៖ «ហាលេ‌លូយ៉ា! ផ្សែង​នៃ​ក្រុង​នេះ​ហុយ​ឡើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ»។ ពួក​ចាស់​ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​ថ្វាយ​បង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖ «អាម៉ែន! ហាលេ‌លូយ៉ា!»។ មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អស់​ទាំង​អ្នក​បម្រើ និង​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ព្រះ​នៃ​យើង!»។

ចែក​រំលែក
អាន វិវរណៈ 19

វិវរណៈ 19:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហា‌ជន​ច្រើន​កុះ‌ករ​នៅ​លើ​មេឃ​ថា៖ «ហាលេ‌លូយ៉ា!​ សូម​លើក​តម្កើង​ព្រះ‌ជា‌ម្ចាស់​នៃ​យើង ព្រះអង្គ​សង្គ្រោះ​យើង ព្រះអង្គ​ប្រកប​ដោយ​សិរី‌រុងរឿង និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះអង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។ ព្រះអង្គ​បាន​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម‌គុណ​របស់​នាង ព្រះអង្គ​បាន​ដាក់​ទោស​ស្ត្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ»។ មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «ហាលេ‌លូយ៉ា! ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។ ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូប និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​នាំ​គ្នា​ក្រាប​ចុះ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖ «អាម៉ែន! ហាលេ​លូយ៉ា!»។ មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ​ទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់​នៃ​យើង!»។

ចែក​រំលែក
អាន វិវរណៈ 19

វិវរណៈ 19:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ខ្ញុំ​ឮ​សំឡេង​យ៉ាង​ខ្លាំង របស់​មនុស្ស​១​ហ្វូង​ដ៏​ធំ នៅ​លើ​ស្ថាន‌សួគ៌​ថា ហាលេ‌លូយ៉ា សេចក្ដី​សង្គ្រោះ សិរី‌ល្អ នឹង​ព្រះ‌ចេស្តា នោះ​ជា​របស់​ផង​ព្រះ​នៃ​យើង​រាល់​គ្នា​ហើយ ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់ ពី​ព្រោះ​ទ្រង់​បាន​កាត់​ទោស​ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា ទ្រង់​ក៏​សង‌សឹក ដោយ​ព្រោះ​ឈាម​ពួក​បាវ​បំរើ​របស់​ទ្រង់ ដែល​វា​បាន​កំចាយ ពួក​នោះ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា ហាលេ‌លូយ៉ា ហើយ​ផ្សែង​វា​ក៏​ហុយ​ឡើង​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់ នឹង​តួ​មាន​ជីវិត​ទាំង​៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ចំពោះ​ព្រះ ដែល​គង់​លើ​បល្ល័ង្ក ដោយ​និយាយ​ថា អាម៉ែន ហាលេ‌លូយ៉ា រួច​មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា អស់​ទាំង​បាវ​បំរើ​ទ្រង់ នឹង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ

ចែក​រំលែក
អាន វិវរណៈ 19