វិវរណៈ 19:1-21

វិវរណៈ 19:1-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​មក ខ្ញុំ​បាន​ឮ​ហាក់​ដូច​ជា​សំឡេង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ច្រើន​កុះករ នៅ​ស្ថាន‌សួគ៌​ថា៖ «ហាលេ‌លូយ៉ា! ការ​សង្គ្រោះ សិរី‌ល្អ និង​ព្រះ‌ចេស្តា ជា​របស់​ព្រះ​នៃ​យើង ដ្បិត​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត ព្រោះ​ព្រះ‌អង្គ​បាន​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ធំ ដែល​បង្ខូច​ផែនដី ដោយ​អំពើ​សហាយ​ស្មន់​របស់​នាង ហើយ​ព្រះ‌អង្គ​ក៏​បាន​សង​សឹក ដោយ​ព្រោះ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នាង​បាន​កម្ចាយ​នោះ​ដែរ»។ ពួក​គេ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា៖ «ហាលេ‌លូយ៉ា! ផ្សែង​នៃ​ក្រុង​នេះ​ហុយ​ឡើង​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ»។ ពួក​ចាស់​ទុំ​ទាំង​ម្ភៃបួន​នាក់ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​ថ្វាយ​បង្គំ​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖ «អាម៉ែន! ហាលេ‌លូយ៉ា!»។ មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អស់​ទាំង​អ្នក​បម្រើ និង​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ព្រះ​នៃ​យើង!»។ បន្ទាប់​មក ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​មនុស្ស​ច្រើន​កុះករ ដូច​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​សូរ​ផ្គរ​លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ។ ចូរ​យើង​អរ​សប្បាយ ហើយ​រីក​រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ​ចុះ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គលរបស់​កូន​ចៀម​ហើយ ឯ​កូន​ក្រមុំ​របស់​ព្រះ‌អង្គ​ក៏​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ហើយ​ដែរ។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក​ពាក់​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ ស្អាត ហើយ​ភ្លឺ»។ ដ្បិត​សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ដ គឺ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​សរសេរ​ដូច្នេះ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិ‌ភោគ​ការ​កូន​ចៀម»។ ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ»។ ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ​បង្គំ តែ​លោក​ពោល​មក​កាន់​ខ្ញុំ​ថា៖ «កុំ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​អ្នក​បម្រើ​រួម​ការងារ​ជា​មួយ​អ្នក និង​ជា​បង‌ប្អូន​អ្នក ដែល​មាន​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ​ដែរ។ ចូរ​ថ្វាយ​បង្គំ​ព្រះ​វិញ»។ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេ‌ស៊ូវ គឺ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ស្ថានសួគ៌​បើក​ចំហ ហើយ​មើល៍ មាន​សេះ​ស​មួយ! ព្រះ‌អង្គ​ដែល​គង់​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ហើយ​ពិត​ប្រាកដ» ព្រះ‌អង្គ​ជំនុំ‌ជម្រះ និង​ច្បាំង​ដោយ​សុចរិត។ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ដូច​ជា​អណ្ដាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ព្រះ‌អង្គ​មាន​ព្រះ‌នាម​មួយ​ចារ​ទុក ដែល​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ។ ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ»។ ពល​ទ័ព​នៅ​ស្ថាន‌សួគ៌ ជិះ​សេះ​ស​ដង្ហែ​ព្រះ‌អង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស​ឯក​ពណ៌​ស​ស្អាត។ មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​អស់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង​គេ ដោយ​ដំបង​ដែក។ ព្រះ‌អង្គ​នឹង​ជាន់​ក្នុង​ធុង​ឃ្នាប​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។ ព្រះ‌អង្គ​មាន​ព្រះ‌នាម​ចារ​នៅ​ព្រះ‌ពស្ត្រ និង​នៅ​ភ្លៅ​របស់​ព្រះ‌អង្គ​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច និង​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។ បន្ទាប់​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​រូប​ឈរ​នៅ​លើ​ព្រះ‌អាទិត្យ បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ហៅ​អស់​ទាំង​សត្វ​ដែល​ហើរ​ក្នុង​លំហ​អាកាស​ថា៖ «ចូល​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ពិធី​ជប់​លៀង​ដ៏​ធំ​របស់​ព្រះ ដើម្បី​ស៊ី​សាច់​ពួក​ស្តេច សាច់​ពួក​មេ​ទ័ព សាច់​ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សាច់​សេះ និង​ពួក​អ្នក​ដែល​ជិះ​សេះ គឺ​ជា​សាច់​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា អ្នក​ខ្ញុំ​គេ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។ ខ្ញុំ​ក៏​ឃើញ​សត្វ​នោះ និង​ពួក​ស្តេច​នៅ​លើ​ផែនដី ព្រម​ទាំង​ពល​ទ័ព​របស់​គេ បាន​ប្រមូល​គ្នា មក​ច្បាំង​នឹង​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ និង​ពល​ទ័ព​របស់​ព្រះ‌អង្គ។ សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង​ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សម្គាល់​នៅ​មុខ​វា ដើម្បី​បញ្ឆោត​អស់​អ្នក ដែល​ទទួល​ទី​សម្គាល់​របស់​សត្វ​នោះ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​របស់​វា ហើយ​ទាំង​ពីរ​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ។ រីឯ​អ្នក​ដែល​នៅ​សល់ ក៏​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​ព្រះ‌អង្គ​ដែល​គង់​លើ​សេះ ជា​ដាវ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សត្វ​ស្លាប​បាន​ឆ្អែត ដោយ​សាច់​របស់​ពួក​អ្នក​ទាំង​នោះ។

ចែក​រំលែក
អាន វិវរណៈ 19

វិវរណៈ 19:1-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហា‌ជន​ច្រើន​កុះ‌ករ​នៅ​លើ​មេឃ​ថា៖ «ហាលេ‌លូយ៉ា!​ សូម​លើក​តម្កើង​ព្រះ‌ជា‌ម្ចាស់​នៃ​យើង ព្រះអង្គ​សង្គ្រោះ​យើង ព្រះអង្គ​ប្រកប​ដោយ​សិរី‌រុងរឿង និង​ឫទ្ធា‌នុភាព ដ្បិត​ព្រះអង្គ​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្តិធម៌។ ព្រះអង្គ​បាន​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម‌គុណ​របស់​នាង ព្រះអង្គ​បាន​ដាក់​ទោស​ស្ត្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះអង្គ»។ មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «ហាលេ‌លូយ៉ា! ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។ ពួក​ព្រឹទ្ធា‌ចារ្យ​ទាំង​ម្ភៃ​បួន​រូប និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​នាំ​គ្នា​ក្រាប​ចុះ ហើយ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​ដែល​គង់​នៅ​លើ​បល្ល័ង្ក ទាំង​ពោល​ថា៖ «អាម៉ែន! ហាលេ​លូយ៉ា!»។ មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ​ទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់​នៃ​យើង!»។ ពេល​នោះ ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា! ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ហើយ យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះអង្គ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយា​ ថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។ ព្រះអង្គ​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុងរឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុងរឿង​នោះ​គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ ដែល​ប្រជា‌ជន​ដ៏វិសុទ្ធ​បាន​ប្រព្រឹត្ត»។ ទេវតា*​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល*​ហើយ!»។ បន្ទាប់​មក ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់​មែន»។ ខ្ញុំ​ក៏​ក្រាប​ចុះ​នៅ​ទៀប​ជើង​ទេវតា​នោះ បម្រុង​នឹង​ថ្វាយ‌បង្គំ​លោក ប៉ុន្តែ លោក​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​លោក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បងប្អូន​លោក ដែល​ជឿ​លើ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌ជា‌ម្ចាស់​វិញ! ដ្បិត​សក្ខីភាព​របស់​ព្រះ‌យេស៊ូ គឺ​វិញ្ញាណ​ដែល​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​នាម​ព្រះ‌ជា‌ម្ចាស់»​ ។ បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ​នោះ មាន​ព្រះ‌នាម​ថា «ព្រះ​ដ៏​ស្មោះ​ត្រង់ ព្រះ​ដ៏​ពិត​ប្រាកដ» ព្រះអង្គ​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្តិធម៌។ ព្រះអង្គ​មាន​ព្រះ‌នេត្រ​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន​នៅ​លើ​ព្រះ‌សិរសា​ផង។ នៅ​លើ​ព្រះ‌កាយ​ព្រះអង្គ​មាន​សរសេរ​ព្រះ‌នាម​មួយ ក្រៅ​ពី​ព្រះអង្គ គ្មាន​នរណា​ស្គាល់​ព្រះ‌នាម​នោះ​ឡើយ ព្រះអង្គ​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ ព្រះអង្គ​មាន​ព្រះ‌នាម​ថា «ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់»។ កង‌ទ័ព​នៅ​ស្ថាន​សួគ៌​នាំ​គ្នា​ជិះ​សេះ​ស​មក​តាម​ព្រះអង្គ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ*។ មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយ ព្រះអង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះអង្គ​ជាន់​ទំពាំង‌បាយជូរ​នៅ​ក្នុង​ធុង ឲ្យ​ចេញ​ជា​ស្រា​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់។ នៅ​លើ​ព្រះ‌ភូសា និង​លើ​ភ្លៅ​របស់​ព្រះអង្គ មាន​សរសេរ​ព្រះ‌នាម​ថា «ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា និង​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា»។ ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ឈរ​នៅ​ក្នុង​ព្រះ‌អាទិត្យ។ ទេវតា​នោះ​បន្លឺ​សំឡេង​ខ្លាំងៗ​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់ ដែល​ហើរ​នៅ​កណ្ដាល​អាកាស‌វេហាស៍​ថា៖ «ចូរ​នាំ​គ្នា​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដ៏​មហោ‌ឡារិក​របស់​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេ‌ទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ជិះ​សេះ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់ គឺ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។ ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន និង​ពួក​ស្ដេច​នានា​នៅ​លើ​ផែនដី ព្រម​ទាំង​កង‌ទ័ព​របស់​គេ ប្រមូល​គ្នា​មក​ច្បាំង​នឹង​ព្រះអង្គ ដែល​គង់​នៅ​លើ​សេះ និង​កង‌ទ័ព​របស់​ព្រះអង្គ។ សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ព្យាការី​ក្លែង‌ក្លាយ​ដែល​បាន​សម្តែង​ទី​សម្គាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ព្យាការី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សម្គាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។ រីឯ​អ្នក​ឯ​ទៀតៗ​ក៏​បាន​ស្លាប់​ដោយ​ដាវ ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​នៅ​លើ​សេះ ហើយ​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ក៏​បាន​ស៊ី​សាច់​ពួក​គេ​ឆ្អែត​រៀងៗ​ខ្លួន។

ចែក​រំលែក
អាន វិវរណៈ 19

វិវរណៈ 19:1-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ខ្ញុំ​ឮ​សំឡេង​យ៉ាង​ខ្លាំង របស់​មនុស្ស​១​ហ្វូង​ដ៏​ធំ នៅ​លើ​ស្ថាន‌សួគ៌​ថា ហាលេ‌លូយ៉ា សេចក្ដី​សង្គ្រោះ សិរី‌ល្អ នឹង​ព្រះ‌ចេស្តា នោះ​ជា​របស់​ផង​ព្រះ​នៃ​យើង​រាល់​គ្នា​ហើយ ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់ ពី​ព្រោះ​ទ្រង់​បាន​កាត់​ទោស​ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា ទ្រង់​ក៏​សង‌សឹក ដោយ​ព្រោះ​ឈាម​ពួក​បាវ​បំរើ​របស់​ទ្រង់ ដែល​វា​បាន​កំចាយ ពួក​នោះ​ក៏​ពោល​ពាក្យ​ម្តង​ទៀត​ថា ហាលេ‌លូយ៉ា ហើយ​ផ្សែង​វា​ក៏​ហុយ​ឡើង​នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ ពួក​ចាស់‌ទុំ​ទាំង​២៤​នាក់ នឹង​តួ​មាន​ជីវិត​ទាំង​៤ ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ថ្វាយ‌បង្គំ​ចំពោះ​ព្រះ ដែល​គង់​លើ​បល្ល័ង្ក ដោយ​និយាយ​ថា អាម៉ែន ហាលេ‌លូយ៉ា រួច​មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា អស់​ទាំង​បាវ​បំរើ​ទ្រង់ នឹង​ពួក​អ្នក​ដែល​កោត‌ខ្លាច​ទ្រង់ ទាំង​ធំ​ទាំង​តូច​អើយ ចូរ​សរសើរ​ដល់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ នោះ​ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​នៃ​មនុស្ស​១​ហ្វូង​យ៉ាង​ធំ ដូច​សូរ​ទឹក​ច្រើន ហើយ​ដូច​សូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ‌រាជ្យ​ឡើង​ហើយ ចូរ​ឲ្យ​យើង​អរ​សប្បាយ ហើយ​រីក‌រាយ​ឡើង ទាំង​ថ្វាយ​សិរី‌ល្អ​ដល់​ទ្រង់​ចុះ ដ្បិត​បាន​ដល់​ពេល​រៀប​វិវាហ‌មង្គល​នៃ​កូន​ចៀម​ហើយ ភរិយា​ទ្រង់​បាន​រៀប​ខ្លួន​ជា​ស្រេច ទ្រង់​ប្រទាន​ឲ្យ​នាង​បាន​ស្លៀក‌ពាក់​សំពត់​ទេស​យ៉ាង​ម៉ដ្ត ស្អាត ហើយ​ភ្លឺ ដ្បិត​សំពត់​ទេស​យ៉ាង​ម៉ដ្ត នោះ​ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ ទេវតា​ក៏​ប្រាប់​មក​ខ្ញុំ​ថា ចូរ​សរសេរ​ថា មាន​ពរ​ហើយ អស់​អ្នក​ដែល​ព្រះ​បាន​ហៅ​មក​បរិភោគ​ការ​កូន​ចៀម ក៏​និយាយ​មក​ខ្ញុំ​ទៀត​ថា នេះ​ជា​ព្រះ‌បន្ទូល​ពិត​របស់​ព្រះ នោះ​ខ្ញុំ​ទំលាក់​ខ្លួន​ចុះ នៅ​ទៀប​ជើង​ទេវតា​នោះ ដើម្បី​ថ្វាយ‌បង្គំ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ដ្បិត​ខ្ញុំ​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក ហើយ​នឹង​បង​ប្អូន​អ្នក ដែល​មាន​សេចក្ដី​បន្ទាល់​ពី​ព្រះ‌យេស៊ូវ​ដែរ ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ដ្បិត​ការ​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ នោះ​ហើយ​ជា​វិញ្ញាណ​នៃ​សេចក្ដី​ទំនាយ។ ខ្ញុំ​ក៏​ឃើញ​មេឃ​បើក​ចំហ​ឡើង នោះ​ឃើញ​មាន​សេះ​ស​១ នឹង​ព្រះ‌អង្គ​ដែល​គង់​លើ​វា ទ្រង់​មាន​ព្រះ‌នាម​ថា «ស្មោះ‌ត្រង់ ហើយ​ពិត​ប្រាកដ» ទ្រង់​ជំនុំ‌ជំរះ ហើយ​ច្បាំង​ដោយ​សុចរិត ព្រះ‌នេត្រ​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ហើយ​នៅ​លើ​ព្រះ‌សិរសា មាន​មកុដ​ជា​ច្រើន ទ្រង់​មាន​ព្រះ‌នាម​កត់​ទុក ដែល​គ្មាន​អ្នក​ណា​ស្គាល់​ឡើយ លើក​តែ​អង្គ​ទ្រង់​ប៉ុណ្ណោះ ទ្រង់​ក៏​ទ្រង់​ព្រះ‌ពស្ត្រ​ជ្រលក់​ដោយ​ឈាម ហើយ​ព្រះ‌នាម​ទ្រង់​ហៅ​ថា «ព្រះ‌បន្ទូល​នៃ​ព្រះ» អស់​ទាំង​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ក៏​ជិះ​សេះ​ស​ដង្ហែ​ទ្រង់ ទាំង​ស្លៀក‌ពាក់​សំពត់​ទេស ហើយ​ស្អាត​ផង មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​មាន​ព្រះ‌នាម​កត់​នៅ​ព្រះ‌ពស្ត្រ ហើយ​នៅ​ព្រះ‌ឧរូ​ទ្រង់​ថា «ស្តេច​លើ​អស់​ទាំង​ស្តេច ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់»។ ខ្ញុំ​ក៏​ឃើញ​ទេវតា​១​ឈរ​នៅ​លើ​ព្រះ‌អាទិត្យ បន្លឺ​ដោយ​សំឡេង​យ៉ាង​ខ្លាំង ដល់​គ្រប់​ទាំង​សត្វ​ដែល​ហើរ​លើ​អាកាស​ថា ចូរ​មក​ប្រជុំ​គ្នា នឹង​ស៊ី​លៀង​ដ៏​ធំ​របស់​ព្រះ​ចុះ ដើម្បី​នឹង​ស៊ី​សាច់​នៃ​ពួក​ស្តេច ពួក​មេ​ទ័ព ពួក​មនុស្ស​ខ្លាំង​ពូកែ ព្រម​ទាំង​សេះ ហើយ​នឹង​ពួក​អ្នក​ដែល​ជិះ​ដែរ គឺ​ជា​សាច់​នៃ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​ជា នឹង​ខ្ញុំ​គេ ទាំង​អ្នក​ធំ នឹង​អ្នក​តូច​ផង។ ខ្ញុំ​ក៏​ឃើញ​សត្វ​នោះ នឹង​ពួក​ស្តេច​នៅ​ផែនដី ព្រម​ទាំង​ពល​ទ័ព​គេ បាន​ប្រមូល​គ្នា ដើម្បី​ច្បាំង​នឹង​ព្រះ‌អង្គ​ដែល​គង់​នៅ​លើ​សេះ​ស​នោះ នឹង​ពួក​ពល​ទ័ព​របស់​ទ្រង់​ផង សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង‌ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា ដើម្បី​នឹង​បញ្ឆោត​ពួក​អ្នក ដែល​ទទួល​ទី​សំគាល់​របស់​សត្វ នឹង​ពួក​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​វា ហើយ​វា​ទាំង​២​ក៏​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ ហើយ​ពួក​ដែល​សល់​នៅ ក៏​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​ព្រះ‌អង្គ ដែល​គង់​លើ​សេះ ជា​ដាវ​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក នោះ​អស់​ទាំង​សត្វ​ស្លាប​បាន​ឆ្អែត ដោយ​សាច់​នៃ​ពួក​ទាំង​នោះ។

ចែក​រំលែក
អាន វិវរណៈ 19