វិវរណៈ 18:1-20

វិវរណៈ 18:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុងរឿង​របស់​ទេវតា​នោះ​ភ្លឺ​ចាំង​មក​លើ​ផែនដី។ លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «រលំ​ហើយ! មហា​នគរ​បាប៊ី‌ឡូន​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​លំ‌នៅ​របស់​ពួក​អារក្ស ជា​ជម្រក​របស់​វិញ្ញាណ​អាក្រក់​ទាំង​អស់ ហើយ​ក៏​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ដែល​មិន​បរិសុទ្ធ គួរ​ឲ្យ​ខ្ពើម ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា​ ។ ពួក​ស្ដេច​នៅ​លើ​ផែនដី​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយ‌សារ​តែ​ឫទ្ធា‌នុភាព​នៃ​ទ្រព្យ‌សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​ក្រុង​នេះ​ដែរ»។ ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ​មក​ថា៖ «ប្រជា‌រាស្ត្រ​របស់​យើង​អើយ! ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ក្រុង​នេះ​ទៅ ដើម្បី​កុំ​ឲ្យ​ចូល​រួម​នឹង​អំពើ​បាប​របស់​គេ ហើយ​រង​គ្រោះ​កាច​ជា​មួយ​គេ​ឡើយ ដ្បិត​បាប​របស់​ក្រុង​នេះ​គរ​ឡើង​ខ្ពស់​ដល់​មេឃ ព្រះ‌ជា‌ម្ចាស់​នៅ​តែ​នឹក​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ។ ចូរ​សង​ទៅ​ក្រុង​នេះ​ឲ្យ​សម​នឹង​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត បើ​គេ​ប្រព្រឹត្ត​យ៉ាង​ណា ត្រូវ​តប​ស្នង​ទៅ​គេ​វិញ​មួយ​ជា​ពីរ ហើយ​ចាក់​បំពេញ​ពែង ដែល​គេ​បាន​ប្រុង​ប្រៀប​ស្រេច​ហើយ​នោះ មួយ​ជា​ពីរ​ដែរ! ក្រុង​នេះ​បាន​តម្កើង​ខ្លួន និង​រស់​នៅ​យ៉ាង​សម្បូណ៌​ហូរ‌ហៀរ​ដល់​កម្រិត​ណា ត្រូវ​ធ្វើ​ឲ្យ​គេ​វេទនា​ខ្លោច‌ផ្សា និង​កាន់​ទុក្ខ​ដល់​កម្រិត​នោះ​ដែរ ដ្បិត​គេ​បាន​និយាយ​ក្នុង​ចិត្ត​ថាៈ “អញ​អង្គុយ​សោយ​រាជ្យ​ក្នុង​ឋានៈ​ជា​មហា‌ក្សត្រិ‌យានី អញ​មិន​មែន​ជា​ស្ត្រី​មេម៉ាយ​ទេ ហើយ​អញ​នឹង​មិន​កាន់​ទុក្ខ​ឡើយ!” ។ ហេតុ​នេះ គ្រោះ​កាច​ផ្សេងៗ​នឹង​កើត​មាន​ដល់​ក្រុង​នេះ ក្នុង​ថ្ងៃ​តែ​មួយ គឺ​អ្នក​ក្រុង​នឹង​ត្រូវ​ស្លាប់ កាន់​ទុក្ខ ស្រេក​ឃ្លាន ហើយ​នឹង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ក្រុង​ថែម​ទៀត​ផង ដ្បិត​ព្រះ‌ជា‌អម្ចាស់​ដែល​វិនិច្ឆ័យ​ទោស​ក្រុង​នេះ ទ្រង់​ប្រកប​ដោយ​ឥទ្ធិ‌ឫទ្ធិ។ ពេល​ស្ដេច​នានា​នៅ​លើ​ផែនដី​ដែល​បាន​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ព្រម​ទាំង​ឈ្លក់​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​វា ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ មុខ​ជា​យំ​សោក​សង្រេង​អាណិត​ក្រុង​នេះ​មិន​ខាន។ ស្ដេច​ទាំង​នោះ​ឈរ​ពី​ចម្ងាយ ដោយ​តក់‌ស្លុត​នឹង​ទុក្ខ​ទោស ដែល​កើត​មាន​ដល់​ក្រុង​នេះ ហើយ​នាំ​គ្នា​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា‌នគរ​អើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ខ្លាំង​ពូកែ​អើយ! ក្នុង​រយៈ​ពេល​តែ​មួយ​ម៉ោង អ្នក​ត្រូវ​វិនាស​អន្តរាយ​អស់”។ ពេល​នោះ ពួក​ឈ្មួញ​នៅ​លើ​ផែនដី​ក៏​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ព្រោះ​តែ​ក្រុង​នេះ​ដែរ ដ្បិត​គ្មាន​នរណា​ទិញ​ទំនិញ​របស់​ខ្លួន​ទៀត​ឡើយ ទំនិញ​ទាំង​នោះ​គឺ​មាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់ ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​មុខ គ្រឿង​ភ្លុក គ្រឿង​ផ្សេងៗ​ដែល​ធ្វើ​ពី​ឈើ​ដ៏​មាន​តម្លៃ ធ្វើ​ពី​លង្ហិន ធ្វើ​ពី​ដែក និង​ធ្វើ​ពី​ថ្ម​កែវ សំបក​សម្បុរ​ល្វែង​ សំបក​ខ្លឹមចន្ទន៍ ទឹក​អប់ ជ័រ​ល្វីង‌ទេស គ្រឿង​ក្រអូប ស្រា ប្រេង ម្សៅ‌ម៉ដ្ដ ស្រូវ គោ ចៀម សេះ រទេះ អ្នក​ងារ និង​អ្នក​ជាប់​ឈ្លើយ​ ។ ពួក​ឈ្មួញ​ទាំង​នោះ​ពោល​ទៅ​កាន់​ក្រុង​បាប៊ី‌ឡូន​ថា: “ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រាថ្នា​ចង់​បាន​នោះ​រសាត់​បាត់​អស់​ទៅ​ហើយ វត្ថុ​ដ៏​មាន​តម្លៃ និង​មាន​លំអ​ដ៏​ប្រណីត​ទាំង​ប៉ុន្មាន​នោះ អ្នក​បាត់​បង់​ទាំង​អស់ គ្មាន​នរណា​រក​បាន​ទៀត​ឡើយ!”។ ពួក​ឈ្មួញ​ដែល​រក​ស៊ី​មាន​បាន​ដោយ​លក់​ទំនិញ​នៅ​ក្រុង​នេះ នាំ​គ្នា​ឈរ​ពី​ចម្ងាយ ដោយ​តក់‌ស្លុត​នឹង​ទុក្ខ​ទោស​ដែល​កើត​មាន​ដល់​ក្រុង ទាំង​យំ​សោក និង​កាន់​ទុក្ខ​ទៀត​ផង។ គេ​ពោល​ថា “វេទនា​ហើយ! វេទនា​ហើយ​មហា​នគរ​ដែល​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន‌ឆ្អៅ ព្រម​ទាំង​ពាក់​មាស ត្បូង និង​ពេជ្រ​តុប‌តែង​ខ្លួន! ភោគ​សម្បត្តិ​ដ៏​ច្រើន​នេះ​បាន​វិនាស​ហិន‌ហោច​អស់​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!”។ ពួក​អ្នក​បើក​សំពៅ ពួក​អ្នក​ជិះ​សំពៅ​តាម​នោះ កម្មករ​សំពៅ និង​អ្នក​រក​ស៊ី​តាម​ជើង​ទឹក​ទាំង​ប៉ុន្មាន នាំ​គ្នា​នៅ​ពី​ចម្ងាយ។ ពេល​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង ដែល​កំពុង​តែ​ឆេះ គេ​នាំ​គ្នា​ស្រែក​ថា “តើ​មាន​ក្រុង​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​មហា​នគរ​នេះ​បាន!”។ គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថាៈ“វេទនា​ហើយ! វេទនា​ហើយ! មហា​នគរ​ដែល​ធ្វើ​ឲ្យ​ពួក​ម្ចាស់​សំពៅ​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​តែ​ភោគ​សម្បត្តិ​របស់​ក្រុង​នេះ។ ក្នុង​ពេល​តែ​មួយ​ម៉ោង​ក្រុង​នេះ​ទៅ​ជា​ស្ងាត់​ជ្រងំ!”។ ស្ថាន​បរម‌សុខ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! អ្នក​រាល់​គ្នា​ដែល​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* សាវ័ក* និង​ព្យាការី* ចូរ​អរ​សប្បាយ​ដែរ ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ដាក់​ទោស​ក្រុង​នេះ​ហើយ»។

ចែក​រំលែក
អាន វិវរណៈ 18

វិវរណៈ 18:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​ជា​ខ្លាំង ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​ភ្លឺ​ចាំង​មក​លើ​ផែនដី។ ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា៖ «រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ជា​លំនៅ​របស់​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោច ជា​កន្លែង​របស់​អស់​ទាំង​សត្វ​ស្លាប​អសោ​ច និង​ជា​កន្លែង​របស់​អស់​ទាំង​សត្វ​សាហាវ​អសោច ហើយ​គួរ​ឲ្យ​ខ្ពើម។ ដ្បិត​អស់​ទាំង​ជាតិ​សាសន៍​បាន​ផឹក​ស្រា​នៃ​កាម‌គុណ​ដ៏​ស្មោក‌គ្រោក​របស់​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ឈ្មួញ​នៅ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយសារ​តែ​អំណាច​នៃ​ភាព​ឆើត‌ឆាយ​របស់​វា​ដែរ»។ បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ ពោល​ថា៖ «ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ចំណែក​ក្នុង​អំពើ​បាប​របស់​គេ​ឡើយ ក្រែង​ត្រូវ​រង​គ្រោះ​កាច​ជា​មួយ​គេ​ដែរ ដ្បិត​អំពើ​បាប​របស់​ក្រុង​នេះ​បាន​គរ​ឡើង​ខ្ពស់​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​គេ។ ចូរ​សង​ទៅ​ក្រុង​នេះ​តាម​ការ​ដែល​គេ​បាន​ធ្វើ​ដល់​អ្នក​ចុះ ទាំង​ទ្វេ​មួយ​ជា​ពីរ​ផង ចូរ​ចាក់​មួយ​ជា​ពីរ​ទៅ​ក្នុង​ពែង ដែល​គេ​បាន​ចាក់​ឲ្យ​អ្នក។ ក្រុង​នោះ​បាន​តម្កើង​ខ្លួន ហើយ​រស់​ដោយ​ឆើត‌ឆាយ​យ៉ាង​ណា នោះ​គេ​ក៏​ត្រូវ​វេទនា និង​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​គេ​គិត​ក្នុង​ចិត្ត​ថា "យើង​អង្គុយ​ជា​មហា‌ក្សត្រិយានី មិន​មែន​ជា​មេម៉ាយ​ទេ ហើយ​យើង​នឹង​មិន​ត្រូវ​សោក​សង្រេង​ឡើយ" ។ ដោយ​ហេតុ​នោះ​បាន​ជា​គ្រោះ​កាច​របស់​ក្រុង​នេះ នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​មួយ គឺ​ជា​សេចក្ដី​ស្លាប់ សោក​សង្រេង និង​អំណត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជម្រះ​ក្រុង​នេះ ទ្រង់​ខ្លាំង​ពូកែ»។ ពួក​ស្តេច​នៅ​លើ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ឆើត‌ឆាយ​ជា​មួយ​ក្រុង​នេះ នឹង​យំ ហើយ​សោក​សង្រេង ពេល​គេ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ។ គេ​នឹង​ឈរ​ពី​ចម្ងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​ក្រុង​នេះ ហើយ​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ​អើយ! ដ្បិត​សេចក្ដី​ជំនុំ‌ជម្រះ​បាន​ធ្លាក់​មក​លើ​អ្នក​តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ»។ ឯ​ពួក​ឈ្មួញ​នៅ​ផែនដីនាំ​គ្នា​យំ ហើយ​សោក​សង្រេង​នឹង​ក្រុង​នេះ ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទិញ​ទំនិញ​របស់​គេ​ទៀត ទំនិញ​ទាំង​នោះ គឺ​មាស ប្រាក់ ត្បូង​មាន​តម្លៃ កែវ​មុក្តា សំពត់​ទេស​ឯក សំពត់​ពណ៌​ស្វាយ សំពត់​សូត្រ សំពត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​តម្លៃ ពី​លង្ហិន ពី​ដែក និង​ពី​ថ្ម​កែវ សម្បុរ​ល្វែង គ្រឿង​ក្រអូប ទឹក​អប់ ជ័រ​ល្វីង‌ទេស កំញាន ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ​ម៉ដ្ដ ស្រូវ​សាលី គោ ចៀម សេះ រទេះ ទាំង​ទាសករ ដែល​ជា​ព្រលឹង​មនុស្ស។ ពួក​ឈ្មួញ​ពោល​ទៅ​ក្រុង​នោះ​ថា៖ «អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​អ្នក​ប្រាថ្នា​ចង់​បាននោះ បាន​ចេញ​ពី​អ្នក​ហើយ ឯ​អស់​ទាំង​របស់​មាន​តម្លៃ និង​របស់​ដ៏​រុងរឿង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បាត់​បង់​អស់ រក​មិន​ឃើញ​ទៀត​ឡើយ!»។ ពួក​ឈ្មួញ​ដែល​រក​ស៊ី​មាន​បាន​ដោយ​ទំនិញ​ទាំង​នេះ នាំ​គ្នា​យំ ហើយ​សោក​សង្រេង ដោយ​ឈរ​ពី​ចម្ងាយ ខ្លាច​សេចក្ដី​វេទនា​របស់​គេ គេ​ពោល​ថា «វេទនា​ហើយ! វេទនា​ហើយ! ដ្បិត​ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀក​ពាក់​សំពត់​ទេស ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ព្រម​ទាំង​តែង​ខ្លួន​ដោយ​មាស និង​ត្បូង​មាន​តម្លៃ ហើយ​កែវ​មុក្តា! ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​បាត់​ទៅ តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!»។ ពួក​អ្នក​បើក​សំពៅ និង​ពួក​អ្នក​ជិះ​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​តាម​ជើង​ទឹក បាន​ឈរ​ពី​ចម្ងាយ ហើយ​ពេល​គេ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​ឆេះ​នោះ គេ​ស្រែក​ឡើង​ថា «តើ​មាន​ទី​ក្រុង​ណា​ឲ្យ​ដូច​ជា​ក្រុង​ធំ​នេះ?» គេ​បាច​ធូលី​ដី​លើ​ក្បាល ហើយ​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថា៖ «វេទនា​ហើយ! វេទនា​ហើយ! ទី​ក្រុង​ដ៏​ធំ ដែល​ពួក​អ្នក​មាន​នាវា​ទាំង​អស់​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​ទ្រព្យ‌សម្បត្តិ​របស់​ក្រុង​នេះ ដ្បិត​ក្រុង​នេះ​បាន​វិនាស​បាត់​ទៅ តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ។ ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! ដ្បិត​ព្រះ​បាន​ជំនុំ‌ជម្រះ​ក្រុង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ»។

ចែក​រំលែក
អាន វិវរណៈ 18

វិវរណៈ 18:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​យ៉ាង​ធំ ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​បំភ្លឺ​ផែនដី ទេវតា​នោះ​បន្លឺ​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ​បាន​រលំ​ហើយ បាន​រលំ​ហើយ ក៏​ត្រឡប់​ជា​លំនៅ​នៃ​ពួក​អារក្ស ជា​កន្លែង​របស់​អស់​ទាំង​វិញ្ញាណ​អសោចិ៍ នឹង​អស់​ទាំង​សត្វ​ស្លាប​អសោចិ៍​គួរ​ខ្ពើម ពី​ព្រោះ​គ្រប់​ទាំង​សាសន៍​បាន​ផឹក​ស្រា​របស់​សេចក្ដី​ឃោរ‌ឃៅ​ផង​សេចក្ដី​កំផិត​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ជំនួញ​នៅ​ផែនដី​បាន​ត្រឡប់​ជា​មាន​ឡើង ដោយ​អំណាច​នៃ​ការ​ហ៊ឺ‌ហារ​របស់​វា​ដែរ។ ខ្ញុំ​ក៏​ឮ​សំឡេង​១​ទៀត​ពី​លើ​មេឃ ពោល​ថា រាស្ត្រ​អញ​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើ​បាប​វា​ឡើយ ក្រែង​ត្រូវ​វេទនា​ដូច​ជា​វា​ដែរ ដ្បិត​អំពើ​បាប​វា​បាន​គរ​ជា​គំនរ​ឡើង​ដល់​ផ្ទៃ​មេឃ ហើយ​ព្រះ‌ទ្រង់​បាន​នឹក​ចាំ​ពី​ការ​ទុច្ចរិត​របស់​វា ចូរ​សង​វា​តាម​ការ​ដែល​វា​បាន​ធ្វើ​ដល់​ឯង​ចុះ ទាំង​ទ្វេ​១​ជា​២​ឲ្យ​វា​ផង ចូរ​ចាក់​១​ជា​២​ទៅ​ក្នុង​ពែង ដែល​វា​បាន​ចាក់​ឲ្យ​ឯង ដែល​វា​បាន​ដំកើង​ខ្លួន ហើយ​រស់​ដោយ​ហ៊ឺ‌ហា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​វា​មាន​សេចក្ដី​ទុក្ខ​លំបាក នឹង​សេចក្ដី​សោក​សង្រេង​យ៉ាង​នោះ​ដែរ ដ្បិត​វា​គិត​ក្នុង​ចិត្ត​ថា អញ​អង្គុយ​ជា​មហា‌ក្សត្រី មិន​មែន​ជា​មេម៉ាយ​ទេ ក៏​មិន​ត្រូវ​មាន​សេចក្ដី​សោក​សង្រេង​ឡើយ ដោយ​ហេតុ​នោះ​បាន​ជា​សេចក្ដី​ទេវនា​របស់​វា នឹង​មក​ដល់​ក្នុង​ថ្ងៃ​តែ​១​វិញ គឺ​ជា​សេចក្ដី​ស្លាប់ សោក​សង្រេង នឹង​អំណត់​អត់ ហើយ​វា​នឹង​ត្រូវ​ភ្លើង​ឆេះ​ទៅ ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​ជំនុំ‌ជំរះ​វា ទ្រង់​ខ្លាំង​ពូកែ​ណាស់ នោះ​ពួក​ស្តេច​នៅ​ផែនដី ដែល​សហាយ‌ស្មន់ ហើយ​រស់​ដោយ​ហ៊ឺហា​ជា​មួយ​នឹង​វា គេ​នឹង​យំ​ទួញ ហើយ​សោក​សង្រេង ក្នុង​កាល​ដែល​ឃើញ​ផ្សែង​ហុយ​ឡើង ពី​ភ្លើង​ដែល​កំពុង​តែ​ឆេះ​វា​នោះ គេ​នឹង​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា ទាំង​និយាយ​ថា វេទនាៗ​ហើយ ក្រុង​បាប៊ីឡូន​ដ៏​ជា​ធំ ហើយ​ខ្លាំង​ពូកែ​អើយ ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​ឯង​បាន​សំរេច​ក្នុង​ខណ​តែ​១​ម៉ោង​ទេ។ ឯ​ពួក​ជំនួញ​នៅ​ផែនដី គេ​យំ​ទួញ ហើយ​សោក​សង្រេង​នឹង​វា ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទិញ​ទំនិញ​របស់​គេ​ទៀត​ឡើយ ឯ​ទំនិញ​នោះ គឺ​ជា​មាស ប្រាក់ ត្បូង​មាន​ដំឡៃ កែវ‌មុក្តា សំពត់​ទេស ព្រែ ល័ខ​ពណ៌​ស្វាយ ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​យ៉ាង អស់​ទាំង​គ្រឿង​ធ្វើ​ពី​ភ្លុក ហើយ​ពី​ឈើ​មាន​ដំឡៃ ពី​លង្ហិន ពី​ដែក ហើយ​ពី​ថ្ម​កែវ សម្បុរ​ល្វែង ជ័រ​ល្វីង‌ទេស ទឹក​អប់ កំញាន គ្រឿង​ក្រអូប ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ម្សៅ​ម៉ដ្ត ស្រូវ‌សាលី គោ ចៀម សេះ រទេះ ហើយ​ទាំង​ខ្លួន​ប្រាណ នឹង​ព្រលឹង​មនុស្ស​ផង ឯ​អស់​ទាំង​ផល​ផ្លែ ដែល​ចិត្ត​ឯង​ប្រាថ្នា​ចង់​បាន នោះ​បាន​ថយ​ចេញ​ពី​ឯង​ហើយ ព្រម​ទាំង​របស់​ថ្លៃ​វិសេស នឹង​របស់​ភ្លឺ​រុងរឿង​ដែរ ឯង​នឹង​មិន​ឃើញ​ទៀត​ឡើយ ពួក​ជំនួញ​ដែល​ជួញ​របស់​ទាំង​នោះ ហើយ​បាន​ត្រឡប់​ជា​មាន ដោយ‌សារ​ក្រុង​នោះ គេ​យំ​ទួញ ទាំង​សោក​សង្រេង ហើយ​ឈរ​ពី​ចំងាយ ដោយ​ខ្លាច​សេចក្ដី​វេទនា​របស់​វា ក៏​និយាយ​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ​ដែល​បាន​ស្លៀក‌ពាក់ ដោយ​សំពត់​ទេស ពណ៌​ស្វាយ នឹង​ពណ៌​ក្រហម ទាំង​តែង​ខ្លួន​ដោយ​មាស នឹង​ត្បូង​មាន​ដំឡៃ ហើយ​កែវ‌មុក្តា​ផង ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​ម៉្លេះ​នេះ បាន​វិនាស​បាត់​ទៅ​ក្នុង​ខណ​តែ​១​ម៉ោង​ប៉ុណ្ណោះ អស់​ទាំង​តៃកុង នឹង​ពួក​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល នឹង​អស់​អ្នក​ដែល​រក​ស៊ី​ខាង​ជើង​ទឹក គេ​ក៏​ឈរ​ពី​ចំងាយ ទាំង​ស្រែក​ឡើង ដោយ​ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ភ្លើង​ដែល​ឆេះ​វា​នោះ​ថា តើ​មាន​ទី​ក្រុង​ណា​ឲ្យ​ដូច​ជា​ក្រុង​ធំ​នេះ ហើយ​គេ​បាច​ធូលី​ដី​ទៅ​លើ​ក្បាល​ខ្លួន​គេ ទាំង​ស្រែក​ឡើង ដោយ​យំ​ទួញ ហើយ​សោក​សង្រេង​ថា វេទនាៗ​ហើយ ទី​ក្រុង​ដ៏​ធំ ដែល​អស់​ពួក​អ្នក​មាន​នាវា​ដើរ​សមុទ្រ​បាន​មាន​ឡើង ដោយ‌សារ​សេចក្ដី​ប្រសើរ​រុងរឿង​របស់​វា ពី​ព្រោះ​វា​ត្រូវ​ចោល​ស្ងាត់​ទៅ ក្នុង​ខណ​តែ​១​ម៉ោង។ ឱ​ស្ថាន‌សួគ៌ ពួក​សាវក នឹង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ទី​ក្រុង​នោះ​ឡើង ដ្បិត​ព្រះ‌ទ្រង់​បាន​កាត់​ទោស តាម​សេចក្ដី​ជំនុំ‌ជំរះ​របស់​ឯង​រាល់​គ្នា​ហើយ

ចែក​រំលែក
អាន វិវរណៈ 18