វិវរណៈ 17:1-5

វិវរណៈ 17:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បន្ទាប់​មក ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ ដែល​កាន់​ពែង​ទាំង​ប្រាំពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «ចូល​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ពី​ការ​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ល្បី​អសោច ដែល​អង្គុយ​នៅ​លើ​មហា​សាគរ ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​ជា​មួយ​ស្ត្រី​នោះ ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​នៃ​អំពើ​សហាយ‌ស្មន់​របស់​នាង»។ ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​កាន់​ទី​រហោ‌ស្ថាន នៅ​ទីនោះ​ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់ អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិនឆ្អៅ ដែល​មាន​ឈ្មោះ​ជា​ពាក្យ​ប្រមាថ​ព្រះ​ពេញ​ខ្លួន ហើយ​វា​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់។ ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ហើយ​តុប​តែង​ខ្លួន​ដោយ​មាស ត្បូង​ដ៏​មាន​តម្លៃ និង​កែវ​មុក្ដា ទាំង​កាន់​ពែង​មាស​មួយ​នៅ​នឹង​ដៃ ពេញ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​សេចក្ដី​ស្មោក‌គ្រោកនៃ​អំពើ​សហាយ​ស្មន់​របស់​នាង។ នៅ​លើ​ថ្ងាស​របស់​នាង​មាន​ចា​ឈ្មោះ​អាថ៌‌កំបាំង​មួយ គឺ «ក្រុង​បាប៊ី‌ឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្ត្រី​ពេស្យា និង​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​ផែនដី»។

ចែក​រំលែក
អាន វិវរណៈ 17

វិវរណៈ 17:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​អង្គុយ​លើ​មហា​សមុទ្រ។ ស្ដេច​នៅ​ផែនដី​បាន​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ស្ត្រី​នោះ ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី​ក៏​បាន​នាំ​គ្នា​ស្រវឹង​នឹង​កាម‌គុណ​ជា​មួយ​នាង​ដែរ»។ ទេវតា​នោះ​បាន​លើក​វិញ្ញាណ​ខ្ញុំ​ឡើង​នាំ​ទៅ​កាន់​វាល​រហោ‌ស្ថាន*។ នៅ​ទី​នោះ ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​អង្គុយ​លើ​សត្វ​មួយ​សម្បុរ​ក្រហម​ឆ្អិន‌ឆ្អៅ ដែល​មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ពេញ​ខ្លួន​វា ជា​ឈ្មោះ​ប្រមាថ​ព្រះ‌ជាម្ចាស់។ សត្វ​នោះ​មាន​ក្បាល​ប្រាំ‌ពីរ និង​មាន​ស្នែង​ដប់។ ស្ត្រី​នោះ​ស្លៀក​ពាក់​ពណ៌​ស្វាយ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ ព្រម​ទាំង​តុប‌តែង​ខ្លួន​ដោយ​ពាក់​មាស ត្បូង និង​ពេជ្រ​ទៀត​ផង។ នាង​កាន់​ពែង​មាស​មួយ​នៅ​ដៃ ពោរ‌ពេញ​ទៅ​ដោយ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម និង​កាម‌គុណ​ដ៏​ថោក​ទាប​របស់​នាង។ នៅ​លើ​ថ្ងាស​នាង​មាន​ចារ​ឈ្មោះ​មួយ​ដ៏​អាថ៌‌កំបាំង គឺ «មហា​នគរ​បាប៊ី‌ឡូន​ជា​ម្ដាយ​របស់​ពួក​ស្ត្រី​ពេស្យា និង​ជា​ប្រភព​នៃ​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​នៅ​លើ​ផែនដី»។

ចែក​រំលែក
អាន វិវរណៈ 17

វិវរណៈ 17:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទេវតា​១​ក្នុង​ពួក​ទាំង​៧​នោះ ដែល​កាន់​ចាន​កន្ទោង​៧ ក៏​មក​និយាយ​មក​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ទោស​នៃ​ស្រី​សំផឹង​ដ៏​ធំ ដែល​ស្ថិត​នៅ​លើ​ទឹក​ច្រើន ដែល​ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​អស់​អ្នក​នៅ​ផែនដី​បាន​ស្រវឹង ដោយ​ស្រា​របស់​សេចក្ដី​កំផិត​នៃ​វា ទេវតា​នោះ​ក៏​នាំ​វិញ្ញាណ​ខ្ញុំ​ទៅ​ឯ​ទី​រហោ‌ស្ថាន នោះ​ខ្ញុំ​ឃើញ​មាន​ស្ត្រី​ម្នាក់ ជិះ​នៅ​លើ​សត្វ​សម្បុរ​ក្រហម ដែល​ពេញ​ជា​ឈ្មោះ​ប្រមាថ មាន​ក្បាល​៧ ហើយ​ស្នែង​១០ សំលៀក‌បំពាក់​របស់​ស្ត្រី​នោះ​មាន​ពណ៌​ស្វាយ ហើយ​ក្រហម ក៏​តែង​ដោយ​មាស ត្បូង​មាន​ដំឡៃ ហើយ​នឹង​កែវ‌មុក្តា ព្រម​ទាំង​កាន់​ពែង​មាស ដែល​ពេញ​ដោយ​សេចក្ដី​ស្មោក‌គ្រោក របស់​ការ​កំផិត​ដ៏​គួរ​ខ្ពើម​របស់​វា​ផង ហើយ​នៅ​ថ្ងាស​វា​មាន​កត់​ឈ្មោះ​ថា «សេចក្ដី​អាថ៌‌កំបាំង ក្រុង​បាប៊ីឡូន​ដ៏​ធំ ជា​ម្តាយ​នៃ​ពួក​ស្រី​សំផឹង នឹង​អស់​ទាំង​សេចក្ដី​គួរ​ខ្ពើម​នៅ​ផែនដី»

ចែក​រំលែក
អាន វិវរណៈ 17