វិវរណៈ 12:1-17
វិវរណៈ 12:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ មានទីសម្គាល់មួយយ៉ាងធំលេចចេញមក នៅលើមេឃ គឺមានស្ត្រីមួយរូបស្លៀកពាក់ព្រះអាទិត្យបិទបាំងកាយ មានព្រះច័ន្ទនៅក្រោមជើង ព្រមទាំងមានពាក់ផ្កាយដប់ពីរជាមកុដនៅលើក្បាលផង។ ស្ត្រីនោះមានផ្ទៃពោះ ហើយកំពុងស្រែកឈឺចុកចាប់ ហៀបនឹងសម្រាលបុត្រ។ មានទីសម្គាល់មួយទៀតលេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វាមានមកុដប្រាំពីរដែរ។ កន្ទុយវាកៀរប្រមូលផ្កាយនៅលើមេឃមួយភាគបីទម្លាក់មកផែនដី។ នាគមកពេននៅមុខស្ត្រីដែលហៀបនឹងសម្រាលបុត្រ ចាំត្របាក់លេបបុត្រ នៅពេលបុត្រនោះកើតមក។ នាងសម្រាលបានបុត្រមួយដែលត្រូវកាន់ ដំបងដែក ដឹកនាំជាតិសាសន៍ទាំងអស់ ។ ប៉ុន្តែ ព្រះជាម្ចាស់បានឆក់យកបុត្រនោះឡើងទៅជាមួយព្រះអង្គ គឺនៅជិតបល្ល័ង្ករបស់ព្រះអង្គ។ រីឯស្ត្រីវិញ នាងរត់ភៀសខ្លួនទៅនៅវាលរហោស្ថាន ត្រង់កន្លែងដែលព្រះជាម្ចាស់បានរៀបចំទុក ដើម្បីឲ្យគេទំនុកបម្រុងនាងក្នុងអំឡុងពេលមួយពាន់ពីររយហុកសិបថ្ងៃ។ ពេលនោះ ក៏មានចម្បាំងផ្ទុះឡើង នៅលើមេឃ គឺមហាទេវតាមីកែល និងពួកទេវតារបស់លោកនាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ ក៏ប៉ុន្តែ វាច្បាំងមិនឈ្នះ ហើយរកកន្លែងស្នាក់នៅលើមេឃមិនបានទៀតឡើយ។ នាគធំនោះក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯងជាពស់ពីបុរាណ ឈ្មោះមារ* ឬសាតាំង ដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។ ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យ*ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រិស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភ័ក្ត្រនៃព្រះរបស់យើង។ បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ ហេតុនេះ ស្ថានបរមសុខ* និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតមារ*បានចុះទៅរកអ្នករាល់គ្នា ទាំងមានកំរោលចូលយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្តិចប៉ុណ្ណោះ»។ កាលនាគឃើញថាខ្លួនត្រូវគេទម្លាក់ចុះមកលើផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលបានសម្រាលបុត្រ។ នាងបានទទួលស្លាបទាំងពីររបស់ឥន្ទ្រីដ៏ធំនោះ ដើម្បីហោះទៅកាន់វាលរហោស្ថាន គឺនៅកន្លែងរបស់នាង។ នៅទីនោះ ព្រះជាម្ចាស់នឹងទំនុកបម្រុងនាង ក្នុងរយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា ឲ្យឆ្ងាយពីមុខពស់។ ពស់បានព្រួសទឹកចេញពីមាត់វាដូចទឹកទន្លេ តាមពីក្រោយនាង ដើម្បីឲ្យទឹកហូរនាំយកនាងទៅ ក៏ប៉ុន្តែ ព្រះធរណីបានជួយនាង ដោយស្រូបទឹកទន្លេដែលនាគបានព្រួសចេញពីមាត់វានោះអស់។ នាគក្ដៅក្រហាយនឹងស្ត្រីនោះយ៉ាងខ្លាំង វាក៏ចេញទៅធ្វើសឹកនឹងកូនចៅរបស់នាងដែលនៅសល់ គឺធ្វើសឹកនឹងអស់អ្នកដែលប្រតិបត្តិតាមបទបញ្ជា*ទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ និងអស់អ្នកដែលបានជឿសក្ខីភាពរបស់ព្រះយេស៊ូ។
វិវរណៈ 12:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មានទីសម្គាល់មួយយ៉ាងធំលេចមកនៅលើមេឃ គឺស្ត្រីម្នាក់ស្លៀកពាក់ព្រះអាទិត្យ មានព្រះច័ន្ទនៅក្រោមជើង ហើយមានមកុដធ្វើពីផ្កាយដប់ពីរនៅលើក្បាលរបស់នាង។ នាងមានគភ៌ ហើយកំពុងស្រែកទាំងឈឺចាប់ ដោយហៀបនឹងសម្រាលកូន។ មានទីសម្គាល់មួយទៀតលេចមកនៅលើមេឃ គឺមាននាគមួយយ៉ាងធំសម្បុរក្រហម មានក្បាលប្រាំពីរ និងស្នែងដប់ ហើយនៅលើក្បាលរបស់វាមានមកុដប្រាំពីរ។ កន្ទុយវាទាញផ្កាយពីលើមេឃមួយភាគបី ហើយគ្រវែងទម្លាក់មកផែនដី។ បន្ទាប់មក នាគក៏ឈរនៅមុខស្ត្រីដែលហៀបនឹងសម្រាលកូននោះ ចាំលេបកូនរបស់នាង ពេលណាកូននោះសម្រាលចេញមក។ នាងសម្រាលបានកូនប្រុស ដែលត្រូវគ្រប់គ្រងលើ អស់ទាំងជាតិសាសន៍ ដោយដំបងដែក តែព្រះបានឆក់យកកូនរបស់នាងទៅដល់បល្ល័ង្ករបស់ព្រះអង្គ រួចស្ត្រីនោះក៏ភៀសខ្លួនទៅឯទីរហោស្ថាន ជាកន្លែងដែលព្រះបានរៀបចំទុកឲ្យនាង ដើម្បីចិញ្ចឹមនាង អស់រយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ។ ពេលនោះ មានចម្បាំងកើតឡើងនៅលើមេឃ គឺមីកែល និងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ និងទេវតារបស់វាក៏ច្បាំងតបវិញ តែមិនបានឈ្នះទេ ក៏គ្មានកន្លែងណាឲ្យវានៅស្ថានសួគ៌ទៀតដែរ។ នាគធំនោះត្រូវបានបោះទម្លាក់ចុះមក គឺពស់ពីបុរាណ ដែលហៅថាអារក្ស និងសាតាំង ជាមេបោកបញ្ឆោតពិភពលោកទាំងមូល វាត្រូវបានបោះទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានបោះទម្លាក់ចុះមកជាមួយវាដែរ។ បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។ ប៉ុន្តែ គេបានឈ្នះវា ដោយសារឈាមរបស់កូនចៀម និងដោយសារសេចក្ដីបន្ទាល់របស់គេ ដ្បិតគេមិនបានស្តាយជីវិតរបស់ខ្លួនឡើយ ទោះជាត្រូវស្លាប់ក៏ដោយ។ ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ដ្បិតអារក្សបានចុះមករកអ្នករាល់គ្នាទាំងក្រេវក្រោធជាខ្លាំង ព្រោះវាដឹងថា ពេលវេលាវានៅខ្លីណាស់!»។ លុះនាគឃើញថា វាត្រូវបានបោះទម្លាក់ចុះមកផែនដីដូច្នេះ វាក៏ដេញតាមស្ត្រីដែលសម្រាលកូនប្រុសនោះ។ ប៉ុន្តែ ព្រះប្រទានឲ្យស្ត្រីនោះមានស្លាបពីរ ដូចជាស្លាបសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរចេញពីសត្វពស់ ទៅកន្លែងរបស់នាងនៅទីរហោស្ថាន ជាកន្លែងដែលព្រះចិញ្ចឹមនាងអស់មួយខួប ពីរខួប និងកន្លះខួប ។ ពេលនោះ ពស់ព្រួសទឹកចេញពីមាត់វាដូចជាទឹកទន្លេ តាមពីក្រោយស្ត្រីនោះ ដើម្បីបន្សាត់នាងឲ្យបាត់ទៅតាមទន្លេនោះ។ ប៉ុន្តែ ផែនដីបានជួយនាង ដោយហាមាត់លេបទន្លេ ដែលនាគព្រួសចេញពីមាត់វានោះអស់ទៅ។ បន្ទាប់មក នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងកូនចៅរបស់នាងដែលនៅសល់ ជាអ្នកដែលកាន់តាមបទបញ្ជារបស់ព្រះ និងទីបន្ទាល់របស់ព្រះយេស៊ូវ។
វិវរណៈ 12:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រួចមានទីសំគាល់១យ៉ាងធំ នៅលើមេឃ គឺជាស្ត្រីម្នាក់ប្រដាប់ខ្លួនដោយព្រះអាទិត្យ មានព្រះចន្ទនៅក្រោមជើង ក៏មានមកុដធ្វើពីផ្កាយ១២នៅលើក្បាលដែរ នាងមានគភ៌ ក៏ស្រែកដោយរៀបនឹងសំរាលចេញ ទាំងឈឺចាប់នឹងបង្កើតកូនមក។ ឃើញមានទីសំគាល់១ទៀត នៅលើមេឃ គឺនាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល៧ នឹងស្នែង១០ ឯនៅលើក្បាលវាមានមកុដ៧ កន្ទុយវាក៏ទាញផ្កាយនៅលើមេឃ១ភាគក្នុង៣ គ្រវាត់ចោលទៅផែនដី នាគនោះក៏ស្ថិតនៅត្រង់មុខស្ត្រី ដែលរៀបនឹងសំរាលកូននោះ ដើម្បីនឹងលេបកូននាង ក្នុងកាលដែលសំរាលចេញមក នាងសំរាលបានកូនប្រុស ដែលត្រូវឃ្វាលគ្រប់អស់ទាំងសាសន៍ ដោយដំបងដែក តែព្រះទ្រង់លើកកូននាងទៅឯទ្រង់ នឹងដល់បល្ល័ង្កទ្រង់វិញ រួចស្ត្រីនោះក៏រត់ទៅឯទីរហោស្ថាន នៅទីនោះព្រះបានរៀបកន្លែងឲ្យនាង ដើម្បីនឹងចិញ្ចឹមនាងនៅទីនោះ អស់រវាង១២៦០ថ្ងៃ។ នោះមានចំបាំងនៅលើមេឃ គឺមីកែល នឹងពួកទេវតារបស់លោកច្បាំងនឹងនាគ ហើយនាគ នឹងទេវតាវាក៏ច្បាំងនឹងលោកដែរ តែមិនបានឈ្នះទេ ក៏មិនឃើញមានកន្លែងណាឲ្យវា នៅលើមេឃទៀតផង នោះនាគធំត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង។ នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្តា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ គេបានឈ្នះវា ដោយសារឈាមនៃកូនចៀម ហើយដោយសារសេចក្ដីបន្ទាល់របស់គេ ក៏មិនបានស្តាយជីវិតខ្លួនដរាបដល់ស្លាប់ ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។ លុះនាគឃើញថា វាត្រូវបោះទំលាក់ទៅផែនដីហើយ នោះវាក៏ធ្វើទុក្ខដល់ស្ត្រីដែលសំរាលកូនប្រុសនោះ តែព្រះទ្រង់ប្រទានឲ្យស្ត្រីនោះមានស្លាប២ ដូចជាស្លាបនៃសត្វឥន្ទ្រី ដើម្បីឲ្យនាងបានហើរទៅនៅកន្លែងរបស់នាង នៅទីរហោស្ថាន ជាកន្លែងដែលទ្រង់ចិញ្ចឹមនាងអស់១ខួប ២ខួប ហើយកន្លះខួបផង ឲ្យឃ្លាតពីមុខសត្វពស់នោះចេញ រួចពស់វាព្រួសទឹកចេញពីមាត់វាដូចជាទន្លេ ឲ្យហូរទៅតាមស្ត្រីនោះ ដើម្បីនឹងបន្សាត់នាងឲ្យបាត់តាមទន្លេនោះទៅ តែផែនដីបានជួយនាង ដោយហាឡើងលេបទន្លេ ដែលនាគព្រួសចេញពីមាត់វាទៅបាត់ នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តព្រះ ហើយមានសេចក្ដីបន្ទាល់ពីព្រះយេស៊ូវ។